អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្រ្គាមអ៊ុយក្រែនកំពុងរំលេចចេញនូវ​សង្រ្គាមព័ត៌មាន​របស់រុស្ស៊ី និងអ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅរុស្ស៊ី ស្រ្តី​សកម្មជន​ប្រឆាំង​សង្រ្គាមអ៊ុយក្រែន​ម្នាក់​បាន​សម្រុកចូល​ក្នុង​ស្ទូឌីយោផ្សាយ​របស់ទូរទស្សន៍​រដ្ឋរុស្ស៊ី​ដ៏ល្បីល្បាញជាងគេ កាលពី​យប់ថ្ងៃចន្ទ ទី​១៤​មីនា​ដោយ​បាន​លើក​បដា​ប្រឆាំង​សង្រ្គាម។ វា​ជា​រូបភាពដ៏កម្រ នៅរុស្ស៊ី ជាទីដែល​អាជ្ញាធរ​រុស្ស៊ី បាន​បិទបណ្តាញសង្គម រឹតបន្តឹង​រាល់ការផ្សព្វផ្សាយព័ត៌មាន​ទាក់ទង​នឹង​សង្រ្គាមអ៊ុយក្រែន។ នៅក្នុង​សង្រ្គាមអ៊ុយក្រែន ក្រៅតែពី​សង្រ្គាមប្រយុទ្ធគ្នា​លើ​សមរភូមិប្រយុទ្ធ ក៏មានដែរ សង្រ្គាមព័ត៌មាន​ដែល​កើតមានឡើង នៅ​ភាគី​ទាំងសងខាង អ៊ុយក្រែន និង​រុស្ស៊ី។

អ្នកកាសែត​ជាស្រ្តីសកម្មជនប្រឆាំង​សង្រ្គាមអ៊ុយក្រែន​បាន​សម្រុកចូល​ស្ទូឌីយោ​លើ​ក​បដា​ ប្រឆាំង​សង្រ្គាម​នៅក្នុង​កម្មវិធីផ្សាយ​ព័ត៌មា​ន​ផ្ទាល់​ដែលមានប្រជាជន​រុស្ស៊ី រាប់លាន​នាក់​កំពុងមើល​នៅ​រុស្ស៊ី នៅថ្ងៃទី ១៤​មីនា ២០២២
អ្នកកាសែត​ជាស្រ្តីសកម្មជនប្រឆាំង​សង្រ្គាមអ៊ុយក្រែន​បាន​សម្រុកចូល​ស្ទូឌីយោ​លើ​ក​បដា​ ប្រឆាំង​សង្រ្គាម​នៅក្នុង​កម្មវិធីផ្សាយ​ព័ត៌មា​ន​ផ្ទាល់​ដែលមានប្រជាជន​រុស្ស៊ី រាប់លាន​នាក់​កំពុងមើល​នៅ​រុស្ស៊ី នៅថ្ងៃទី ១៤​មីនា ២០២២ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិ និង​បណ្តាញសង្គម​បាន​ចុះផ្សព្វផ្សាយ​ព្រោងព្រាត រូបភាព​ស្រ្តីសកម្មជន រុស្ស៊ី​ម្នាក់ ដែល​បាន​សម្រុកចូល​ស្ទូឌីយោ ផ្សាយ​របស់​ទូរទស្សន៍រដ្ឋ​រុស្ស៊ី និង​លើក​បដា ប្រឆាំង​សង្រ្គាម នៅ​ក្នុង​កម្មវិធីផ្សាយ​ផ្ទាល់​តែម្តង។

ស្រ្តីសកម្មជន​រុស្ស៊ី​ដែល​សម្រុកចូល​ស្ទូឌីយោទូរទស្សន៍ រុស្ស៊ី កាលពី​យប់​ថ្ងៃ​ចន្ទ មាន​ឈ្មោះថា Marina Ovsiannikova អាយុ ៤៤ឆ្នាំ ដែលជា​កូនកាត់ រុស្ស៊ីនិង អ៊ុយក្រែន។ តាម​អង្គការ​ការពារ​សិទ្ធិបាតុករ រុស្ស៊ី ឈ្មោះ OVD Info Marina ជាអ្នកកាសែតម្នាក់​របស់​ទូរទស្សន៍ Pervy Kanal ជាទី​ដែលកើតមាន​ឧប្បតិ្តហេតុ កាលពី​យប់​ម្សិលមិញ។ នៅក្នុង​សារវីដេអូ ដែល​នាង Marina បានផលិតឡើង​នៅមុន​ត្រូវ​ប៉ូលិស​ចាប់ខ្លួន និង​ដែលត្រូវបាន​អង្គការ​OVD Info យកមកចុះផ្សាយ នាង Marina បាននិយាយ​ថា ក្នុងនាមជា​កូនដែលមាន​ឪពុកជាជនជាតិ​អ៊ុយក្រែន និង​ម្តាយរុស្ស៊ី នាង​មិនដែល​ធ្លាប់គិតថា នឹង​មាន​សង្រ្គាម​អ៊ុយក្រែន រុស្ស៊ី​នោះទេ។ នៅប៉ុន្មានឆ្នាំមកនេះ នាង​ធ្វើការ​ឲ្យទូរទស្សន៍ Pervy Kanal ដោយ​បានផ្សព្វផ្សាយ​ពាក្យ​ឃោសនា​ឲ្យ​ក្រេមឡាំង។ នាងខ្មាស់​ដែល​អនុញ្ញាត​ឲ្យពាក្យកុហក ភូតភ​ត្រូវ​បាន​ចេញតាមទូរទស្សន៍។ នាងខ្មាស់អៀន​ដែលបាន​ធ្វើ​ឲ្យប្រជាជន​រុស្ស៊ី​ក្លាយជា​ខ្មោចរស់​(Zombi)។

តាមរូបភាពចុះផ្សាយ​ព្រោងព្រាត​ដោយ​ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិ Marina​បាន​លួច​លើកបដា នៅ​ពីក្រោយ​ខ្នង​ពិធីការនីទូរទស្សន៍​ម្នាក់​ នៅក្នុង​កម្មវិធី​ម៉ោងផ្សាយ​ព័ត៌មាន​ដ៏ល្បីជាងគេ របស់​ទូរទស្សន៍ Pervy Kanal ដែល​មាន​អ្នកតាមដាន រាប់លាន​នាក់ នៅ​រុស្ស៊ី។ នៅលើ​បដា របស់​នាង​Marina មាន​សរសេរ​អក្សរ​អង់គ្លេស​ធំៗ​ថាទេ​ចំពោះ​សង្គ្រាម។ និងជា​ភាសា​រុស្ស៊ីថា សូមកុំជឿ ពាក្យឃោសនា។ នៅទីនេះ ពួកគេ​កំពុងកុហក អ្នករាល់គ្នា។ និង​ថា ប្រជាជន​រុស្ស៊ី ប្រឆាំង​នឹងសង្គ្រាម។

នៅប៉ុន្មាន​វិនាទីនៃ​ការផ្សាយព័ត៌មាន​ផ្ទាល់ ទស្សនិកជន​រុស្ស៊ី ប្រាកដជាបាន​ឃើញ សកម្មភាពប្រឆាំងសង្រ្គាម របស់​Marina នៅមុន​ពេល​ដែល​អ្នកចាត់ចែង​កម្មវិធី​របស់​ទូរទស្សន៍ បាន​កាត់ផ្តាច់​ការផ្សាយផ្ទាល់ ទៅជា​ការចាក់​បទយកការណ៍​ស្តីពី​មន្ទីរពេទ្យ​រុស្ស៊ី។

តាម​អង្គការ​ការពារ​សិទ្ធិ​បាតុករ​រុស្ស៊ី នាង Marina ត្រូវ​បាន​ប៉ូលិស​ចាប់ឃុំខ្លួន។ ទីភ្នាក់ងារព័ត៌មាន​រុស្ស៊ី ឈ្មោះ Tass បាន​ចុះផ្សាយ​ថា នាង Marina អាច​រង​ការចោទប្រកាន់ ពីបទបំផ្លាញមុខមាត់​កងទ័ព​រុស្ស៊ី ដែលធ្វើឲ្យនាង​អាច​ត្រូវផ្តន្ទាទោស​ជាប់ពន្ធនាគារ ១៥ឆ្នាំ។ នៅលើ​បណ្តាញ​សង្គម ទាំង​ភាសា​អង់គ្លេស អ៊ុយក្រែន និង​រុស្ស៊ី ស្រ្តីសកម្មជន​រុស្ស៊ី​បាន​ទទួលការស្ញប់ស្ញែង កោតសរសើរ​សម្រាប់​ភាពក្លាហាន​របស់​នាង ដែល​ហ៊ាន​លះបង់​ចោល​សិទ្ធិសេរីភាព​ផ្ទាល់ខ្លួន ដើម្បី បំភ្លឺ​ភ្នែក​ប្រជាជន​រុស្ស៊ី។ នៅ​រុស្ស៊ី ប្រជាជន​មួយចំនួនធំ នៅតែ​ជឿតាម​ការផ្សព្វផ្សាយ​របស់ទូរទស្សន៍រដ្ឋ​រុស្ស៊ី ដែល​មិនដែល​និយាយ​ពី​រឿង​ធ្វើ​សង្រ្គាម​នៅ អ៊ុយក្រែន​ម្តងឡើយ។ ផ្ទុយទៅវិញ ទូរទស្សន៍​រុស្ស៊ី​ផ្សាយតែ​ថា ​រុស្ស៊ី​កំពុង​បើកប្រតិបត្តិការ ទ័ពពិសេស ដើម្បី ទប់ស្កាត់​អំពើប្រល័យពូជសាសន៍ និង​លុបបំបាត់ចោល​របបណាហ្ស៊ី នៅ​អ៊ុយក្រែន តែប៉ុណ្ណោះ។

រុស្ស៊ីប្រកាស​សង្រ្គាមប្រឆាំងអ្នកកាសែត និងបុគ្គលដែលនិយាយពី​សង្រ្គាមអ៊ុយក្រែន

បន្ទាប់ពីបើកធ្វើ​សង្រ្គាម​នៅទឹកដី​អ៊ុយក្រែន នៅថ្ងៃទី ២៤ កុម្ភៈ រុស្ស៊ី​ក៏បាន​ប្រកាស​សង្រ្គាមផងដែរ ​ប្រឆាំង​នឹង​ប្រព័ន្ធផ្សព្វផ្សាយ​បរទេស បុគ្គល និង​បណ្តាញ​សង្គម​ទាំងឡាយណា​ដែល​ហ៊ាន​និយាយ​ពី​រុស្ស៊ីធ្វើ​សង្រ្គាម​នៅអ៊ុយក្រែន។ នៅថ្ងៃទី ៤​ខែ​មីនានេះ សភា​រុស្ស៊ី​បាន​បោះឆ្នោត​អនុម័តច្បាប់ថ្មីមួយ សម្រាប់​ប្រឆាំង​ព័ត៌មានកុហកបោកប្រាស់។ ច្បាប់ថ្មី​នេះ​សំដៅ ដាក់ទោស​ពន្ធនាគារ ១៥ឆ្នាំ​លើ​រាល់​បុគ្គល ទាំងឡាយណា ដែលផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ស្តីពីកងទ័ពរុស្ស៊ី ឬ​អ្នកដែលអំពាវនាវ​ឲ្យមានការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី។ ច្បាប់ថ្មីបាន​ទៅ​បិទសិទ្ធិសេរីភាព​បញ្ចេញមតិ នៅ​រុស្ស៊ី កាន់តែ​ខ្លាំងឡើង។ វា​មិនត្រឹមតែ​ធ្វើ​ឲ្យ​ប្រជាជន​រុស្ស៊ីផ្ទាល់​ដែលត្រូវ​បិទមាត់ មិនហ៊ាន​ចុះថ្នល់​ធ្វើ​បាតុកម្ម ប៉ុន្តែ អ្នកកាសែត​បរទេស និង​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​រុស្ស៊ី ជាច្រើន​បាន​ចាកចេញ​ពីទឹកដី​រុស្ស៊ី ដោយសារ​តែ​ខ្លាច​ត្រូវ​ចាប់ខ្លួន និងជាប់ពន្ធនាគារ​ដោយសារ​តែនិយាយ​ពាក្យ​សង្រ្គាម​រុស្ស៊ី នៅអ៊ុយក្រែន។

ក្រៅតែ​ពីបង្កើត​ច្បាប់​ប្រឆាំង​ព័ត៌មាន​មិនពិត អាជ្ញាធរ​រុស្ស៊ី​នៅបាន​បិទជាបន្តបន្ទាប់​បណ្តាញ​សង្គម ដូចជា​ហ្វេសប៊ុក ទ្វីតធ័រ អាំងស្តាក្រាម។ គោលដៅ គឺ​ដើម្បី​បិទខ្ទប់ព័ត៌មាន កុំ​ឲ្យ​ប្រជាជន​រុស្ស៊ី កុំ​ឲ្យ​ដឹងរឿង​ច្រើនទាក់ទង​នឹង​សកម្មភាព​យោធា​របស់​រុស្ស៊ី នៅ​ប្រទេស​អ៊ុយក្រែន។ ដូចនិយាយ​ខាងដើម ដោយសារ​តែ​គ្មានការផ្សព្វផ្សាយ​ទូលំទូលាយ​ស្តីពី​សង្រ្គាមនៅអ៊ុយក្រែន នៅរុស្ស៊ី ប្រជាជន​ភាគច្រើន​ដែល​មើល ស្តាប់តែ​ទូរទស្សន៍ វិទ្យុរដ្ឋ​រុស្ស៊ី នៅ​ជឿស្លុង តាម​ការឃោសនា​របស់​រដ្ឋាភិបាល​ដែល​ថា កងទ័ព​រុស្ស៊ី​កំពុង​ធ្វើប្រតិបត្តិការ​ពិសេស​ដើម្បីការពារ​ជនជាតិ​រុស្ស៊ី នៅ​អ៊ុយក្រែន។

សម្រាប់ប្រជាជនរុស្ស៊ី​មួយភាគតូច​ដែល​តាមដាន​ព័ត៌មាន​ពីបរទេស​បាន​ចុះថ្នល់​ធ្វើ​បាតុកម្ម​ប្រឆាំង​សង្រ្គាមអ៊ុយក្រែន។ ប៉ុន្តែ រហូតមកដល់ពេលនេះ ពួកគេ​ត្រូវ​អាជ្ញាធរ​រុស្ស៊ី បង្រ្កាប​យ៉ាងចាស់ដៃ។

តាម​អង្គការ​ការពារសិទ្ធិបាតុករ គិតចាប់តាំង​ពីមានសង្រ្គាម​នៅអ៊ុយក្រែន មាន​ជនជាតិ​រុស្ស៊ី ជាង ១៣០០០នាក់ នៅរុស្ស៊ី ត្រូវ​បាន​ប៉ូលិស​ចាប់ឃុំខ្លួន ដោយសារ​តែ​ធ្វើ​បាតុកម្ម​ប្រឆាំង​សង្រ្គាមរុស្ស៊ី​នៅអ៊ុយក្រែន។

អ៊ុយក្រែន​ប្រើ​សង្រ្គាមព័ត៌មាន​សម្រាប់​បង្អាប់មុខមាត់​មហាអំណាចយោធា​រុស្ស៊ី

ធម្មតា ទេ ប្រឈម​នឹង​សត្រូវ​ដែលជា​មហាអំណាច​មាន​សមត្ថភាពយោធខ្លាំងជាងខ្លួន ដូចជា​រុស្ស៊ី អ៊ុយក្រែន មានតែ​ប្រើ​សង្រ្គាម​ព័ត៌មាន​ប៉ុណ្ណោះ ដើម្បី​យកឈ្នះរុស្ស៊ី។ តាំង​ពី​ថ្ងៃ​ដែល​កងទ័ព​រុស្ស៊ី ចូលឈ្លានពាន ហើយ​រុស្ស៊ី​នៅ ស្ងៀម​មិន​ប្រកាស​អ្វីទាំងអស់ ភាគី​អ៊ុយក្រែន បានផ្តើម​សង្រ្គាមព័ត៌មាន​ដើម្បី បំបាក់មុខមាត់​រុស្ស៊ី។ សង្រ្គាម​ព័ត៌មានរបស់​រដ្ឋាភិបាល​អ៊ុយក្រែន ដែល​បង្ហាញ​ពីការបំផ្លិចបំផ្លាញ អ៊ុយក្រែន ដោយសារ​ស្នាដៃ​របស់​កងទ័ព​រុស្ស៊ី បាន​ទាក់ទាញ​សមានចិត្ត​មនុស្ស​ក្នុងពិភពលោក​ឲ្យ​ជួយស្តាយស្រណោះ និងគាំទ្រ​ប្រជាជន​អ៊ុយក្រែន នៅចំពោះមុខ​ការឈ្លានពាន​របស់រុស្ស៊ី។

នៅ​បរទេស ភាគី​រុស្ស៊ី ព្យាយាម​ការពារ​បុព្វហេតុ​ធ្វើ​សង្រ្គាម​របស់ខ្លួន​នៅអ៊ុយក្រែន តាមរយៈ​ការផ្សព្វផ្សាយ​ចោទប្រកាន់​អ៊ុយក្រែនថា ​ដឹកនាំ​ដោយ​ក្រុម​ណាហ្ស៊ី ឬ​មាន​អាវុធ​គីមី។ ប៉ុន្តែ ប្រទេស​លោកខាងលិច និង​អ៊ុយក្រែន បាន​ចោទប្រកាន់ ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត របស់​រុស្ស៊ី ដែលគ្មានគោលដៅ​អ្វីផ្សេង ក្រៅតែពី​យកលេស វាយប្រហារ​អ៊ុយក្រែននោះទេ។ នៅពេល​រុស្ស៊ី​បានលើកឡើង​ពីភស្តុតាងដើម្បី​ចោទប្រកាន់​អ៊ុយក្រែន អ៊ុយក្រែន​ឯណោះ វិញ មាន​ភស្តុតាងស្តែងបំផុត នោះគឺ​រូបភាព ផ្ទះសម្បែង ត្រូវ​ឆេះបំផ្លាញ ចំណែកប្រជាជន​ត្រូវរងរបួស រត់ភៀសខ្លួន ដោយសារ​មីស៊ីល​របស់​រុស្ស៊ី។ រូបភាព​ប្រជាជន​អ៊ុយក្រែន ដែលឈឺចាប់ខ្លោចផ្សារដោយសារ​សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី មិនអាច​ជា​រឿង​កុហកបោកប្រាស់​នោះទេ។ នេះជា​ចំណុចខ្លាំងមួយ ដែល​រដ្ឋាភិបាល​អ៊ុយក្រែន កំពុងប្រើ​សម្រាប់បញ្ចុះបញ្ចូល​មតិអន្តរជាតិ​ឲ្យស្អប់សង្រ្គាមរុស្ស៊ី និង​ស្អប់មិនទុកចិត្ត ​ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន ដែល​បើតាម​អ៊ុយក្រែន គឺ​ជាមនុស្សតែម្នាក់ដែល​បង្កហេតុ​រំលោភធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ