អានតួអត្ថបទ
ហ្វេសប៊ុក-សង្រ្គាមអ៊ុយក្រែន

សង្រ្គាមអ៊ុយក្រែន៖រុស្ស៊ីប្តឹងប្រឆាំង​ក្រុមហ៊ុនមេតាដែល​យោគយល់​ឲ្យ​មាន​សារស្អប់មេដឹកនាំ និងទាហានរុស្ស៊ី

រុស្ស៊ី​ខឹងឆេះដុំ និង​ប្រកាសបើកការស៊ើបអង្កេត ប្រឆាំង​ក្រុមហ៊ុនមេតា កាលពី​ថ្ងៃ​សុក្រទី ១១​មីនា នៅ​បន្ទាប់ ក្រុមហ៊ុន​អាមេរិកាំងដែល ជា​ម្ចាស់​បណ្តាញសង្គម​ហ្វេសប៊ុក អាំងស្តាក្រាម បាន​សម្រេច នៅថ្ងៃ​ព្រហស្បតិ៍​ថា អនុគ្រោះ មិន​លុបចោល​សារ ដែល​ជំរុញ ឲ្យ​មាន​ការស្អប់ និងការប្រព្រឹត្តអំពើហិង្សា​ទៅលើ​ទាហាន និងមេដឹកនាំ​រុស្ស៊ី។ នៅថ្ងៃ​សុក្រ ឧត្តមស្នងការសិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​សំដែង​ក្តីបារម្ភ និង​បានទាមទារ​ឲ្យ​ក្រុមហ៊ុន​មេតាផ្តល់ព័ត៌មានលម្អិត​ជុំវិញ​ការយោគយល់អនុគ្រោះ​របស់ខ្លួន​ទៅលើ​សារស្អប់ ប្រឆាំងរុស្ស៊ី។

ស្លាកសញ្ញា​ក្រុមហ៊ុនមេតា ក្រុមហ៊ុន​មេ​របស់​ហ្វេសប៊ុក និង​អាំងស្តាក្រាម​ត្រូវ​បាន​អាយ្យការរុស្ស៊ី​ប្តឹង​ចោទប្រកាន់​ពីបទ​ផ្សព្វផ្សាយ​សារញុះញង់​ស្អប់​ជនជាតិ​រុស្ស៊ី
ស្លាកសញ្ញា​ក្រុមហ៊ុនមេតា ក្រុមហ៊ុន​មេ​របស់​ហ្វេសប៊ុក និង​អាំងស្តាក្រាម​ត្រូវ​បាន​អាយ្យការរុស្ស៊ី​ប្តឹង​ចោទប្រកាន់​ពីបទ​ផ្សព្វផ្សាយ​សារញុះញង់​ស្អប់​ជនជាតិ​រុស្ស៊ី REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយរុស្ស៊ី​បាន​សម្រេច​បិទបណ្តាញអាំងស្តាក្រាម របស់​ក្រុមហ៊ុន​មេតា ទៅតាម​សំណើ​របស់​អយ្យការ​រុស្ស៊ី ដែលបាន​សម្រេច​ប្តឹង ចោទ​ប្រកាន់ ក្រុមហ៊ុន​មេតា ក្រុមហ៊ុន​មេ របស់​ហ្វេសប៊ុក និង​អាំងស្តាក្រាម ពីបទ​ផ្សព្វផ្សាយ​សារជំរុញ ឲ្យមានការស្អប់ សម្លាប់​ជនជាតិ​រុស្ស៊ី។

នៅថ្ងៃ​សុក្រ អយ្យការ​រុស្ស៊ី​បាន​ប្រកាស​បើកការស៊ើបអង្កេត​ប្រឆាំង​ក្រុមហ៊ុន​មេតា នៅក្នុង​បទចោទប្រកាន់ ញុះញង់​ជាសាធារណៈ​ឲ្យ​មានការធ្វើ​សកម្មភាព​ជ្រុលនិយម និង​ផ្តល់ជំនួយ​ដល់សកម្មភាពភេរវនិយម។ បទចោទប្រកាន់​របស់​អយ្យការរុស្ស៊ី​ផ្តោតសំខាន់​ទៅលើ​អ្នកទទួល​ខុសត្រូវ​លើ​ផ្នែកផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​មេតា Andy Stone ដែល​បាន​ប្រកាស​កាលពីថ្ងៃ​ព្រហស្បតិ៍ ពីការផ្លាស់ប្តូរ​ច្បាប់ទាក់ទង​នឹង​ការត្រួតពិនិត្យ​លើ​ខ្លឹមសារផ្សព្វផ្សាយ លើ​បណ្តាញសង្គមហ្វេសប៊ុក និង​អាំងស្តាក្រាម។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP កាល​ពី​ថ្ងៃ​សុក្រ អ្នកទទួល​ខុសត្រូវ​លើ​ការផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​មេ របស់​ហ្វេសប៊ុក​បាន​បញ្ជាក់​ថា ដោយ​យោង​ទៅលើ​សង្រ្គាម​ឈ្លានពាន​រុស្ស៊ី នៅអ៊ុយក្រែន ក្រុមហ៊ុន​មេតា នឹង​អនុគ្រោះ យោគយល់ ការបញ្ចេញមតិ​នយោបាយ ទាំងឡាយណា ដែល​សំដៅ ប្រឆាំង​មេដឹកនាំ និង​ទាហាន​រុស្ស៊ី ដែលកំពុងធ្វើសង្រ្គាម​នៅអ៊ុយក្រែន។ ជាក់ស្តែង ក្រុមហ៊ុន​ហ្វេសប៊ុក នឹង​មិន​លុបចោល សារ​ដែលអាច​ជំរុញ​ឲ្យ​មាន​អំពើហិង្សា ដូចជា​ថា ស្លាប់ទៅ អាពួកឈ្លានពាន​រុស្ស៊ី។ ផ្ទុយទៅវិញ សារ​អំពាវនាវ​ឲ្យ​មានការស្អប់ ប្រព្រឹត្ត​អំពើហិង្សា​លើ​ប្រជាជន​រុស្ស៊ី នៅតែ​ហាមឃាត់​ដាច់ខាត នៅលើ​បណ្តាញ​សង្គម​របស់​ក្រុមហ៊ុន​មេតា។

នៅរុស្ស៊ី បណ្តាញ​អាំងស្តាក្រាម​ល្បីល្បាញ និង​និយមប្រើខ្លាំងណាស់ ​ក្នុងចំណោម​យុវជន​រុស្ស៊ី។ ការបិទបណ្តាញ​អាំងស្តាក្រាម​នឹង​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​រុស្ស៊ី ដែល​មួយចំនួន​ប្រើបណ្តាញសង្គម​សម្រាប់​ជំនួញ​លក់ទំនិញអនឡាញ។ នៅមុន​អាំងស្តាក្រាម អាជ្ញាធរ​រុស្ស៊ី​បានប្រកាស​បិទ​ហ្វេសប៊ុក នៅថ្ងៃទី ៤​មីនា បន្ទាប់ពី​ហ្វេសប៊ុក សម្រេចឈប់​ឲ្យ​ប្រព័ន្ធផ្សព្វផ្សាយ​រុស្ស៊ី ប្រើប្រាស់​បណ្តាញ​សង្គម នៅក្រោយ រុស្ស៊ី​ចូលធ្វើសង្រ្គាម នៅអ៊ុយក្រែន។

ជុំវិញ ការសម្រេច​របស់​ក្រុមហ៊ុន​មេតា ដែល​ប្រកាស​លែង​រឹតបន្តឹង លុបចោល ខ្លឹមសារ ដែល​ជំរុញ ឲ្យ​មាន​ការស្អប់ ប្រឆាំងទាហាន​រុស្ស៊ី លោកស្រី Elizabeth Throssel អ្នកនាំពាក្យ របស់​ឧត្តមស្នងការសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ ដែលមានទីស្នាក់ការ​នៅទីក្រុង​ហ្សឺណែវ បាន​សំដែងក្តីបារម្ភ ព្រោះថា ជំហរ​មិន​ច្បាស់លាស់​របស់​ក្រុមហ៊ុន​មេតា នឹង​អាចជំរុញ​ឲ្យ​មានសារ ស្អប់ប្រឆាំងជនជាតិរុស្ស៊ីជាទូទៅ។

តាម​ អ្នកនាំពាក្យ​របស់​ឧត្តមស្នងការសិទ្ធិមនុស្ស ក្រុមហ៊ុន​មេតា​ត្រូវតាមដាន ការខូចខាត បង្កឡើង​ការផ្លាស់ប្តូរ​គោលនយោបាយ​របស់​ក្រុមហ៊ុន ប៉ុន្តែ ជាមួយ​គ្នានោះ គេ​ក៏​ទទួលស្គាល់ផងដែរ​ពី​ភាពស្មុគស្មាញ​ក្នុងផ្លូវច្បាប់ ទាក់ទង​នឹង​សិទ្ធិសេរីភាព​បញ្ចេញមតិ។ គេអាច​ថា នៅក្នុង​ជម្លោះប្រដាប់អាវុធ ដូចជា​​នៅអ៊ុយក្រែន ជាទីដែល​កងទ័ព​រុស្ស៊ី ធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន  ការអំពាវនាវ​ឲ្យ​មានការប្រព្រឹត្តអំពើហិង្សា​ទៅលើ​ភាគី​ដែល​ចូលរួម ផ្ទាល់​ក្នុង​សង្រ្គាម គឺជារឿង​ដែលគេ​មិនគួរ​ហាមឃាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ