អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួប​កំពូល​វិសាមញ្ញ​របស់​បក្ស​សម្ព័ន្ធ​អូតង់​ផ្តោត​ពី​សង្រ្គាម​នៅ​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍​ ២៤​មីនា ឆ្នាំ២០២២​នេះ​ មេ​ដឹក​នាំ​លោក​ខាង​លិច​កំពុង​ត្រៀម​ជួប​ប្រជុំ​គ្នា​នៅ​ឯ​ជំនួប​កំពូល​វិសាមញ្ញ​​របស់​បក្ស​សម្ព័ន្ធ​អូតង់​ដើម្បី​ជជែក​ពិភាក្សា​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន​។ លោក ប្រធានាធិបតី​អាមេរិក​ចូ បៃដិន​ ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ទីក្រុង​ព្រុចសែល​ក៏​នឹង​ចូល​រួម​កិច្ច​ប្រជុំ​នេះ​ដែរ​ដើម្បី​កៀរគរ​សម្ព័ន្ធ​មិត្ត​ឲ្យ​ចាត់​វិធានការ​រួម​ប្រឆាំង​នឹង​រុស្ស៊ី​ដែល​បើក​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន​។

ប្រធានាធិបតីអាមេរិកលោកចូ បៃដិន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលវិសាមញ្ញរបស់អង្គការអូតង់នៅទីស្នាក់ការអូតង់ក្នុងទីក្រុងព្រុចសែលប្រទេសប៊ែលហ្ស៊ិកនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២នេះ។
ប្រធានាធិបតីអាមេរិកលោកចូ បៃដិន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលវិសាមញ្ញរបស់អង្គការអូតង់នៅទីស្នាក់ការអូតង់ក្នុងទីក្រុងព្រុចសែលប្រទេសប៊ែលហ្ស៊ិកនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២នេះ។ AP - Markus Schreiber
ផ្សាយពាណិជ្ជកម្ម

អង្គការ​អូតង់បើកជំនួបកំពូលវិសាមញ្ញដោយផ្តោតជាសំខាន់លើសង្គ្រាមអ៊ុយក្រែន

នៅថ្ងៃ​ព្រហស្បតិ៍​​នេះ​ ពិភពលោក​កំពុង​បើក​ភ្នែក​ធំៗ​រង់ចាំ​តាមដាន​មើល​កិច្ចប្រជុំ​កំពូល​វិសាមញ្ញ​របស់​បក្ស​សម្ព័ន្ធ​អូតង់​ដែល​ផ្តោត​ជា​សំខាន់​តែម្តង​លើ​សង្គ្រាម​នៅ​អ៊ុយក្រែន​។

លោក​ប្រធានាធិបតី​អាមេរិក​ ចូ បៃដិន​បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​ព្រុចសែល​ប្រទេស​ប៊ែលហ្ស៊ិក​ហើយ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​របស់​អង្គការ​អូតង់​ មុន​ជំនួប​កំពូល​ហ្សេ៧​ និង​ជំនួប​កំពូល​របស់​សហភាពអឺរ៉ុប​។ ជំនួបទាំងអស់​នេះ​សុទ្ធតែ​​ផ្តោត​ជាពិសេស​ពី​សង្រ្គាម​នៅ​អ៊ុយក្រែន​។

មកទល់នឹង​ពេល​នេះ​ សង្គ្រាម​អ៊ុយក្រែន​នៅ​មិន​ទាន់​នាំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិចគ្នា​ផ្នែក​យោធា​ដោយ​ផ្ទាល់​រវាង​រុស្ស៊ី និង​បក្សសម្ព័ន្ធអូតង់​នោះ​ទេ​។ ក៏ប៉ុន្តែ​ មាន​ការ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ថា​រុស្ស៊ី​អាចនឹង​វាយប្រហារ​ទៅលើ​អ៊ុយក្រែន​ដោយ​ប្រើ​អាវុធ​គីមី ឬអាវុធ​ជីវសាស្ត្រ​ ឬក៏​អាច​ឈាន​ដល់​ប្រើ​អាវុធនុយក្លេអ៊ែរ​ទៀត​ក៏ថាបាន​។

នៅក្នុង​កិច្ច​ប្រជុំ​របស់​បក្ស​សម្ព័ន្ធអូតង់​នៅថ្ងៃនេះ​មាន​ចំណុចពីរ​សំខាន់​ដែលប្រទេសសមាជិកអូតង់គ្រោងនឹង​សម្រេច​រួមគ្នា​ដែល​ទី១​ នោះ​គឺ​ការ​ផ្តល់​អាវុធ​យុទ្ធ​ភណ្ឌ​បន្ថែមទៀត​សម្រាប់​អ៊ុយក្រែន​ និង​ទី២​ ​បន្ថែម​ទណ្ឌកម្ម​ជាច្រើន​ទៀត​លើ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​។

ប្រតិបត្តិការ​សឹក​របស់​រុស្ស៊ីលើ​អ៊ុយក្រែន​បាន​ដាស់​ឲ្យ​អង្គការ​អូតង់​ភ្ញាក់​និង​មាន​កម្លាំង​ខ្លាំង​ឡើង​វិញ​។ នៅមុន​ជំនួប​កំពូល​ថ្ងៃនេះ​ ប្រមុខ​អង្គការអូតង់​ លោក យែន ស្តុលទែនប៊ែរ​ បាន​និយាយ​ថាប្រទេស​រុស្ស៊ី​របស់​លោក​ពូទីន​បាន​កសាង​កំហុសដ៏​ធំ​មួយ​ក្នុងការ​បញ្ជូនទ័ព​ទៅ​វាយ​ឈ្លាន​ពាន​អ៊ុយក្រែន​។ ហើយ​ដើម្បី​ការពារ​ប្រឆាំង​ទល់​នឹង​ប្រទេសរុស្ស៊ី​ដែល​កំពុង​ពង្រីក​ប្រតិបត្តិការសឹក​របស់ខ្លួន​ លោកស្តុលទែនប៊ែរ ថាអូតង់​នឹងបញ្ជូន​កម្លាំងទ័ព​របស់​ខ្លួន​បន្ថែមទៀត​ជាពិសេស​នៅទីតាំង​សំខាន់ៗ​ក្នុង​ប្រទេស​ចំនួន​៤ គឺ​ប៊ុលហ្គារី ហុងគ្រី រូម៉ានី និង​ស្លូវ៉ាគី​។

ក្រៅពីនេះ​ ក្រុមប្រទេសសមាជិក​អូតង់​ក៏គ្រោង​ផ្តល់​ការ​គាំទ្របន្ថែម​ដល់អ៊ុយក្រែន​ដែរ​ដើម្បី ប្រឆាំង​នឹង​ការ​គំរាមកំហែង​ដោយ​អាវុធនុយក្លេអ៊ែរ​ និងអាវុធគីមី​ពី​សំណាក់រុស្ស៊ី​។

វិបត្តិ​មនុស្សធម៌​

ក្រោយ​កិច្ច​ប្រជុំ​ជាមួយ​មេដឹកនាំអូតង់​ចប់​ ថ្ងៃសៅរ៍​ខាងមុខ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ បៃដិន នឹង​ធ្វើ​ដំណើរ​សំដៅ​ទៅ​កាន់​ទីក្រុង​វ៉ាសូវី​ប្រទេស​ប៉ូឡូញ​។ ប៉ូឡូញ​ដែល​មកទល់​នឹងពេលនេះ​គឺជា​ប្រទេស​ដែល​ទទួល​ជនភៀស​អ៊ុយក្រែន​ច្រើន​ជាង​គេ​បំផុត​។

ក្នុង​ចំណោម​ជនភៀស​ខ្លួន​អ៊ុយក្រែន​សរុប​ទាំង​ជាង​ ៣លាន ៦សែន​នាក់​ មាន​ជាង​ ២​លាន​នាក់​ឯណោះ​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​។ ក្រៅតែ​មាន​តួនាទី​ជា​តួអង្គ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន​ ទីក្រុងវ៉ាសូវី​ក៏ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​ក្រុងវ៉ាស៊ីតោន​ដែរ​ និង​កំពុង​ទទួល​កងទ័ព​អាមេរិក​រាប់ពាន់នាក់​។

ក្រោយ​ទៅដល់​ទីក្រុងវ៉ាសូវី​ លោកបៃដិននឹង​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី ប៉ូឡូញ លោក​ អាន់ដ្រេ ឌូដា​ (Andrzej Duda) ពី​វីធី​ដែល​អាមេរិក​រួម​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​ ព្រមទាំង​ដៃគូ​របស់​អាមេរិក​ធ្វើការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​មនុស្សធម៌​ និង​បញ្ហាសិទ្ធិមនុស្ស​ដែល​ជះ​ចេញ​មក​ពី​ទង្វើឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​។

នៅថ្ងៃ​ចន្ទដើម​សប្តាហ៍​នេះ​ លោក បៃដិន ក៏បាន​ពិភាក្សា​ដែរ​ជាមួយ​ប្រធានាធិបតី​បារាំង ម៉ាក្រុង​ មេដឹកនាំ​អាល្លឺម៉ង់​ អូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋ​អ៊ីតាលី​ ម៉ារីយ៉ូ ដ្រាហ្គី និង​ជាមួយ​លោក​បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស​។

មេដឹកនាំ​ប្រទេស​ធំៗទាំង៥​ បាន​ជជែក​ពិភាក្សាគ្នា​អំពី​កង្វល់ដ៏ធំ​របស់​ពួកគេ​ជុំវិញ​កល​ល្បិច​ដ៏ឃោរឃៅ​របស់​ក្រុង​មូស្គូ​នៅអ៊ុយក្រែន​ រួមមាន​ការ​វាយប្រហារ​របស់រុស្ស៊ី​លើ​ជនស៊ីវិល​ផង។ ក្រៅពីនេះ លោកបៃដិន​និង​សម្ព័ន្ធមិត្ត​ក៏បាន​ពិនិត្យ​មើល​ពី​បញ្ហា​សន្តិសុខ​ និង​ជំនួយ​មនុស្សធម៌​សម្រាប់​អ៊ុយក្រែន​ ព្រមទាំង​លទ្ធភាព​នៃបទឈប់បាញ់ដែរ​។

នៅ​ត្រង់ចំណុចនេះ​ គួរ​បញ្ជាក់​ជូន​ថា​ក្នុង​បរិបទ​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន​ កាលថ្ងៃទី​២១​មីនា​ សហភាពអឺរ៉ុប​បាន​អនុម័ត​យុទ្ធសាស្រ្ត​ការពារជាតិ​ថ្មី​មួយ​ដើម្បី​បង្កើន​សមត្ថភាព​ចេញ​ធ្វើ​អន្តរាគមន៍​របស់​ខ្លួន​ រួមទាំង​ការ​បង្កើន​កង​កម្លាំង​ប្រតិកម្ម​រហ័ស​ឲ្យ​ឡើងដ​ល់​ចំនួន​ ៥ពាន់​នាក់​ផង​។

លោក​ ហ្សេឡេនស្គី អំពាវនាវ​ឲ្យ​ពិភពលោក​រួមគ្នា​ប្រឆាំង​នឹង​សង្គ្រាម​របស់​រុស្ស៊ី​

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ ទី២៤ មីនានេះ​ រយៈពេល​មួយ​ខែ​ហើយ​ដែល​រុស្ស៊ី​បាន​ចាប់​ផ្តើម​ការ​វាយប្រហារ​ដ៏គួរ​ឲ្យ​តក់ស្លុត​ទៅលើ​អ៊ុយក្រែន​។

ក្នុង​ខណៈនេះ​ មេដឹកនាំ​អ៊ុយក្រែន​លោកវ៉ូឡូឌីមៀរ​ ហ្សេឡេនស្គី​ នៅ​តែ​បង្ហាញ​ពី​ភាព​អង់​អាច​ក្លាហាន​របស់​លោក​ និង​នៅតែ​តស៊ូ​បន្ត​រួម​សុខ​ទុក្ខ​ជាមួយ​ប្រជាជន​ហើយនិង​កងទ័ព​អ៊ុយក្រែន​ឯ​ក្នុង​ប្រទេស​។

មុន​ត្រូវ​ថ្លែង​សារ​តាម​វីដេអូ​នៅ​ក្នុង​ជំនួប​របស់​អូតង់​ តាមរយៈ​សុន្ទរកថា​ទូរទស្សន៍​ពី​រដ្ឋធាទីកៀវ​កាលពីយប់ថ្ងៃពុធម្សិលមិញ​ លោកហ្សេឡេនស្គីបានអំពាវនាវ​ឲ្យ​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​ ចុះ​ផ្លូវ​តវ៉ា​ប្រឆាំង​នឹង​សង្គ្រាម​ដែលបង្ក​​ឡើង​ដោយ​រុស្ស៊ី​។ ​ទន្ទឹមនេះ​ លោកក៏បានអំពាវនាផងដែរ​ដល់មេដឹកនាំលោក​ខាងលិច​ដែលនឹង​ជួប​ប្រជុំគ្នា​ក្នុង​កំពូល​របស់​អូតង់​ក្នុង​ទីក្រុង​ព្រុចសែល​នៅ​ថ្ងៃនេះ​ឲ្យបង្កើន​ការ​ផ្គត់ផ្គង់​អាវុធ​ទៅឲ្យ​អ៊ុយក្រែន​។

"ពិភព​លោក​ត្រូវតែ​បញ្ឈប់សង្រ្គាម​។ ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ មនុស្ស​គ្រប់រូប​ត្រូវ​ចេញ​ពី​ការិយាល័យ​ ផ្ទះសម្បែង​ និង​សាលារៀន​ក្នុង​បរិយាកាស​សន្តិភាព​។ សូម​ចូល​រួម​ជាមួយ​និមត្តិ​សញ្ញា​របស់​អ៊ុយក្រែន ដើម្បីគាំទ្រ​អ៊ុយក្រែន​ គាំទ្រ​សេរីភាព​ និង​គាំទ្រដល់​អាយុជីវិតមនុស្ស"។ នេះ​គឺជា​ការ​ប្រកាស​របស់​មេដឹកនាំ​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ