អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-អាមេរិក-រុស្ស៊ី

លោក ចូ បៃដិន ​លើកឡើង​ថា​មិនយូរទេ រុស្ស៊ី​អាច​នឹង​ប្រើ​​អាវុធ​គីមី អាវុធ​ជីវសាស្ត្រ​មកលើ​អ៊ុយក្រែន

កាលពីថ្ងៃចន្ទទី​២១មីនា លោកចូ បៃដិនបានលើកឡើងថា មានសញ្ញាដែលបញ្ជាក់ថា រុស្ស៊ីអាច​នឹងប្រើ​អាវុធ​គីមី និង​អាវុធជីវសាស្ត្រមកលើអ៊ុយក្រែន។ សញ្ញានោះ គឺថាទីមួយ​លោកពូទីន កំពុងតែ​ទ័លច្រកខ្លាំង។ ហើយ​មួយទៀត គឺ​រុស្ស៊ីបានចាប់ផ្តើម​បំផុសបំផុល​ពាក្យ​ចចាមអារ៉ាម ចោទអាមេរិក អូតង់ និង​ អ៊ុយក្រែន ថាមានអាវុធប្រភេទនេះ។

លោក​ប្រធានាធិបតី ចូ បៃដិន ក្នុង​ពេលនិយាយក្នុងវេទិកា Business Roundtable's CEO quarterly meeting ថ្ងៃទី ២១ មីនា ២០២២
លោក​ប្រធានាធិបតី ចូ បៃដិន ក្នុង​ពេលនិយាយក្នុងវេទិកា Business Roundtable's CEO quarterly meeting ថ្ងៃទី ២១ មីនា ២០២២ AP - Patrick Semansky
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅក្នុងកម្មវិធីជួបជុំមួយ ជាមួយក្រុមអ្នកជំនួញអាមេរិក កាលពីថ្ងៃចន្ទ លោក​ ចូ បៃដិន បាន​លើកឡើងថា វាច្បាស់ណាស់ហើយ ដែលរុស្ស៊ី កំពុងតែត្រៀមប្រើអាវុធគីមី និងអាវុធជីវសាស្ត្រ មកលើអ៊ុយក្រែន។

លោក​ ចូ បៃដិន បានពន្យល់ថា លោកពូទីន នាពេលនេះ គឺខ្នងកំពុងទល់ដល់ជញ្ជាំង ទ័លច្រកហើយ។ ជាងនេះទៀត ថ្មីៗនេះ រុស្ស៊ីបានចាប់ផ្តើម​បំផុសបំផុលពាក្យ​ចចាមអារ៉ាម ចោទប្រកាន់អាមេរិក និងអូតង់ ថាមានលាក់អាវុធគីមី អាវុធសរីរាង្គ នៅអឺរ៉ុប និងបានចោទថាអ៊ុយក្រែនមានអាវុធប្រភេទនេះថែមទៀតផង។ ដូច្នេះបើតាមការវិភាគរបស់លោក នេះគឺជាសញ្ញាបង្ហាញថា មិនយូរទេ រុស្ស៊ី ប្រាកដជាប្រើ​អាវុធកាចសាហាវ២ប្រភេទនេះ មកលើអ៊ុយក្រែន។

លោកស្រី ជែន សាគី អ្នកនាំពាក្យ​សេតវិមាន បានសរសេរ​លើ Twitter ថា រុស្ស៊ីកំពុងតែផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិតក្លែងក្លាយ ចោទអាមេរិកថាមានលាក់អាវុធគីមី និង អាវុធជីវសាស្ត្រនៅអឺរ៉ុប។ ហើយ​ចិន វិញ ក៏បាន​យក​ព័ត៌មាន​ក្លែងក្លាយ​ កុហក​បោក​ប្រាស់នេះ ទៅឃោសនាបន្តដែរ។​ ដូច្នេះ អាមេរិក ត្រូវតែ​តាមដានសង្កេត ឲ្យ​បានជាប់ស្អិត ព្រោះរុស្ស៊ីអាចនឹងប្រើ​ប្រាស់ អាវុធកាចសាហាវទាំង២ប្រភេទនេះ។

លោកចូ បៃដិន បានបញ្ជាក់ជាថ្មីថា ប្រសិនបើ​រុស្ស៊ី​ ហ៊ានប្រើអាវុធកាចសាហាវទាំង២ប្រភេទនេះ ទៅលើអ៊ុយក្រែន គឺអាមេរិក រួមទាំងអូតង់ និង​រួមគ្នា​ឆ្លើយតបទៅរុស្ស៊ីវិញឲ្យចាស់ដៃ។ តែយ៉ាងណា លោក​ ចូ បៃដិន មិន​បាន​បញ្ជាក់លំអិតទេ ថាការឆ្លើយតបវិញទៅលើរុស្ស៊ីនេះ គឺធ្វើទៅក្នុងរូបភាពបែបណា បែបទណ្ឌកម្មសេដ្ឋកិច្ច ឬតាមផ្លូវយោធា។ លោក ចូ បៃដិន គ្រាន់​តែ​លើកឡើងថា លោកពូទីន ដឹងច្បាស់ហើយ ថាអូតង់មានការសាមគ្គីគ្នា រឹងមាំកម្រិតណា ក្នុង​សំណុំរឿងនេះ។

គួរកត់សំគាល់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ កងទ័ពរុស្ស៊ី បានបន្ថែមការវាយ​ប្រហារខ្លាំងសម្បើមណាស់ ជាមួយ​នឹងអាវុធមីស៊ីលធុនធំ ដូចជាមីស៊ីលអ៊ីពែរសូនិក និងមីស៊ីលក្រ័រស្យែរជាដើម។ កាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ ទីតាំង​ផ្សារទំនើបដ៏ធំមួយ នៅទីក្រុងកៀវ ត្រូវបានកម្ទេច​ទាំងស្រុងដោយ​គ្រាប់មីស៊ីលរបស់រុស្ស៊ី។ យោងតាមលោកអភិបាល​ក្រុងកៀវ គិតមកត្រឹមពេលនេះ មានប្រជាជនស៊ីវីល នៅទីក្រុងកៀវ ចំនួន​៦៥នាក់បានស្លាប់ ដែលក្នុងនោះមានកុមារ៤នាក់។ ក្រៅពីនេះ មានរបួសជាង៣០០ផ្សេងទៀត។ នៅក្រុងម៉ារីយូប៉ូលវិញ រុស្ស៊ី​បន្តទំលាក់គ្រាប់បែក ព័ទ្ធទីក្រុងនេះជិតឈឹង បន្ទាប់ពី​ភាគីអ៊ុយក្រែន បាន​បដិសេធមិនព្រមលើកទង់ជ័យស ទៅតាមការទាមទាររបស់រុស្ស៊ី។ ប្រជាជនជាង៣សែននាក់ ដែលនៅជាប់គាំងក្នុងទីក្រុងនេះ កំពុងរស់នៅក្នុងលក្ខខណ្ឌដ៏លំបាក​បំផុត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ