អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​​បៃដិន​​និង​​លោក​​ម៉ូឌី​​ពិភាក្សា​​គ្នា​ត្រង់​​ទៅ​​ត្រង់​​មក​​ពី​​សង្គ្រាម​​នៅ​​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​​ជំនួប​តាម​វីដេអូ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១១​ មេសា​ម្សិលមិញ​ លោក​ប្រធានាធិបតី​អាមេរិក ​ចូ បៃដិន​ និង​នាយករដ្ឋមន្ត្រី​លោក​ ណារិនដ្រា ម៉ូឌី​ បាន​ផ្តោះប្តូរ​យោបល់​គ្នា​ត្រង់​ទៅ​ត្រង់​មក​ស្តីពី​សង្គ្រាម​អ៊ុយក្រែន​។ ភាគីអាមេរិក​បាន​ខិតខំ​បញ្ចុះបញ្ចូល​ឲ្យ​ឥណ្ឌា​ដើរ​ចេញ​ពី​ជំហរ​អព្យាក្រឹត​ និងបែរ​មក​ថ្កោលទោស​លើ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​។ ក៏ប៉ុន្តែ​ កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាមេរិកនេះ​ហាក់មិនសូវ​ទទួល​បាន​ផល​ប៉ុន្មាន​នោះទេ​។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងរដ្ឋមន្ត្រីការបរទេសអង់តូនី ប៊្លីងកិនក្នុងជំនួបតាមវីដេអូជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាណារិនដ្រា ម៉ូឌី នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងរដ្ឋមន្ត្រីការបរទេសអង់តូនី ប៊្លីងកិនក្នុងជំនួបតាមវីដេអូជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាណារិនដ្រា ម៉ូឌី នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ REUTERS - KEVIN LAMARQUE
ផ្សាយពាណិជ្ជកម្ម

ជំនួប​បៃដិន​-ម៉ូឌី​ផ្តោត​លើ​សង្គ្រាម​នៅ​អ៊ុយក្រែន

នៅ​ក្នុង​ជំនួប​តាម​វីដេអូ​កាល​ពី​ថ្ងៃចន្ទ​ ទី១១​ មេសា​ម្សិលមិញ​ ក្រៅពី​ផ្តោត​លើ​ទំនាក់​ទំនង​ទ្វេ​ភាគី​ សង្គ្រាមនៅ​អ៊ុយក្រែន​ក៏ជា​ប្រធាន​រឿងធំ​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ចូ បៃដិន​ បាន​លើក​យក​ទៅ​ពិភាក្សា​គ្នាជាមួយសមភាគី​ឥណ្ឌា​លោក​ ណារិនដ្រា ម៉ូឌី​ដែរ​។

ទីក្រុង​វ៉ាស៊ីនតោន​មើល​ឃើញ​ថា​ឥណ្ឌា​គឺ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​ក្នុង​ការ​រាំងខ្ទប់​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ប៉ុន្តែ​ សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ញូវដេលី​ជួប​ភាពតានតឹង​នឹង​គ្នា​នៅ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​។

ដើម្បី​លាង​ជម្រះ​នូវ​មន្ទិល​សង្ស័យ​រវាង​គ្នា​ លោកបៃដិន​ និង​លោកម៉ូឌី បាន​និយាយ​ផ្តោះ​ប្តូរ​យោបល់​គ្នា​ត្រង់ទៅត្រង់មក​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន​។ លោកបៃដិន​ បាន​ចាប់​ផ្តើម​កិច្ច​ប្រជុំ​ ដោយ​សាទរ​ចំពោះ​ទំនាក់ទំនង​យ៉ាងស៊ីជម្រៅ​រវាង​សរហដ្ឋអាមេរិក​និង​ឥណ្ឌា​ ហើយ​បាន​និយាយ​ថា​លោក​ចង់​បន្ត​ការ​ពិគ្រោះ​យោបល់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នាយករដ្ឋ​មន្ត្រី​ឥណ្ឌាពាក់ព័ន្ធ​សង្រ្គាម​នៅអ៊ុយក្រែន​។

បន្ទាប់មកទៀត​ លោក បៃដិនបាន​ស្នើយ​មេដឹកនាំ​ឥណ្ឌា​កុំឲ្យបង្កើនការ​ទិញ​ប្រេង​ពី​រុស្ស៊ី​នៅ​ខណៈដែល​អាមេរិក​និងប្រទេស​ជាច្រើនផ្សេងទៀត​កំពុង​តែព្យាយាម​យ៉ាងខ្លាំងកាត់​ផ្តាច់​ប្រភព​ចំណូល​របស់​ទីក្រុងមូស្គូ​បន្ទាប់ពី​ចូលឈ្លានពាន​អ៊ុយក្រែន​។

រឿង​ទិញ​ប្រេង​របស់​រុស្ស៊ី​គឺជា​ចំណុច​ដ៏សើប​ខ្លាំង​មួយ​។ ចាប់តាំងពី​ទីក្រុង​មូស្គូ​ចូល​ធ្វើ​សង្គ្រាម​វាយ​អ៊ុយក្រែន​មក​ អាមេរិកនិងប្រទេស​សម្ព័ន្ធមិត្ត​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាងចាស់ដៃ​លើ​រុស្ស៊ី​រហូតធ្វើឲ្យរុស្ស៊ី​ពិបាក​មិន​អាច​លក់​ប្រេង​បាន​ងាយ​ស្រួល​ដូច​មុន​ឡើយ​។ ក៏ប៉ុន្តែ ​ឥណ្ឌា​មិន​បាន​ខ្វល់​ពី​ទណ្ឌកម្មសេដ្ឋកិច្ច​ទាំងនោះ​ឯណា​ និង​បាន​បន្ត​ទិញ​ប្រេង​រុស្ស៊ីរហូតធ្វើ​ឲ្យ​អាមេរិក​ខឹង​អន់​ចិត្ត​និង​កើត​​ចិត្ត​បារម្ភ​មិន​តិច​ឡើយ​។

អាមេរិក​និង​ឥណ្ឌា​ពិបាក​និយាយ​ចុះ​សម្រុង​គ្នា​ទាក់ទិន​សង្រ្គាមអ៊ុយក្រែន​?

សហរដ្ឋ​អាមេរិក​ហាក់​មិន​អាច​សម្រេច​បាន​លទ្ធផល​ជា​ដុំ​កំភួន​ឡើយ​ក្នុងការ​អូសទាញ​ឥណ្ឌា​ឲ្យ​ដើរចេញ​ពី​ជំហរ​អព្យាក្រឹត​ និងបែរ​មក​ថ្កោល​ទោស​រុស្ស៊ី​វិញ​ជុំវិញ​រឿង​ដែល​រុស្ស៊ី​ចូល​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន​។

ក្រោយ​លោកបៃដិន​ស្នើសុំ​ឲ្យ​ឥណ្ឌា​ឈប់​បង្កើន​ការ​ទិញ​ប្រេងពី​រុស្ស៊ី​ លោក​ណារិនដ្រា ម៉ូឌី​ មិន​បាន​ធ្វើការ​ប្តេជ្ញាចិត្ត​ជា​សារធារណៈ​ឈប់​ទិញ​ប្រេង​របស់​រុស្ស៊ី​ដែល​ជា​ប្រភព​នៃភាព​តាន​តឹង​ជាមួយ​នឹងអាមេរិក​ឡើយ​។

ចំណែក​ឯលោក​ប្រធានាធិបតី​អាមេរិកបៃដិន​វិញ​ ក៏​មិន​បាន​បន្ថែម​ការ​ទាមទារ​ធំ​ដុំ​ណា​មួយ​ពី​ឥណ្ឌា​ដែលជា​សម្ព័ន្ធមិត្ត​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុងការ​ទប់ស្កាត់​ឥទ្ធិពល​របស់​ចិន​ដែល​កំពុង​កើន​ឡើងនៅ​ក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឡើយ​។

លោក​បៃដិន​ បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ម៉ូឌី​ ដោយ​គ្រាន់តែ​និយាយថា​ភាគី​ទាំងពីរ​បាន​ប្តេជ្ញាពង្រឹង​ទំនាក់ទំនង​នឹង​គ្នា​ ចំណែក​មន្ត្រី​សេតវិមាន​វិញ​ក៏​មិន​ហ៊ាន​និយាយ​អ្វីឡើយ​ត្រង់​ចំណុចថា​តើឥណ្ឌា​ឈរនៅខាង​​បស្ចិម​លោក​ក្នុងការ​ថ្កោល​ទោស​លោកពូទីន​ឬក៏​អត់​ និងថា​ជម្រើស​ចុងក្រោយ​គឺ​រដ្ឋាភិបាល​ឥណ្ឌា​របស់លោកម៉ូឌី​ជា​អ្នក​សម្រេច​។

យ៉ាងណាក៏ដោយ​ អ្នកនាំពាក្យ​សេតវិមាន​អ្នកស្រី​ ជែន សាគី បាន​និយាយ​ថា​លោក​ប្រធានាធិបតី​អាមេរិក​បៃដិន​បានគូស​បញ្ជាក់​យ៉ាងច្បាស់ដែរ​ហើយ​ពី​ជំនឿចិត្ត​របស់​លោក​ដែល​ថា​ឥណ្ឌា​នឹងមិន​បង្កើន​ការ​នាំចូល​ថាមពល​និង​ទំនិញ​ផ្សេងៗទៀត​ពី​រុស្ស៊ី​។

នៅ​ត្រង់​ចំណុច​នេះ​ គួរ​ជម្រាប​ជូន​ដែរ​ថា​លោកបៃដិន​និង​លោកម៉ូឌី​នឹង​ជួប​គ្នា​ដោយ​ផ្ទាល់​នៅថ្ងៃទី​២៤​ ខែ​ឧសភា​ខាងមុខ​នៅឯ​ទីក្រុង​តូក្យូ​ក្នុង​ជំនួប​កំពូល​នៃ​បក្ស​សម្ព័ន្ធ​ចតុភាគី​ដែល​រួម​មាន​ទាំង​អូស្ត្រាលី​និង​ជប៉ុន​ផងដែរ​។

ឥណ្ឌា​អាច​ប្រឈម​នឹង​ទណ្ឌកម្ម​របស់​អាមេរិក​ដែរ​ទេ​?

សហរដ្ឋ​អាមេរិក​ចង់​ឲ្យ​ឥណ្ឌា​ក្លាយជា​ចំណែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់ខ្លួន​ក្នុងការ​ធ្វើ​ឲ្យ​រុស្ស៊ី​កាន់​តែឯកោខ្លាំង​ឡើងក្នុងឆាក​អន្តរជាតិ​។ ក៏ប៉ុន្តែ​ក្នុងពេលជាមួយគ្នានេះ អាមេរិក​ក៏​មិន​ចង់​ធ្វើ​ឲ្យ​ឥណ្ឌា​ចុះ​ខ្សោយ​នោះទេ​ដោយហេតុថា​បើឥណ្ឌាចុះអន់ខ្សោយ​ នោះអាមេរិក​នឹង​បាតបង់​សម្ព័ន្ធ​មិត្ត​យុទ្ធសាស្ត្រ​ដ៏សំខាន់មួយ​ក្នុងការ​ប្រឆាំងទល់​នឹង​ចិន​ទាំងផ្នែក​ការទូតនិង​យោធា​។

មកទល់នឹងពេលនេះ​ ទីក្រុង​វ៉ាស៊ីនតោន​មិនបាន​រិះគន់​ឥណ្ឌាដោយផ្ទាល់នោះទេ​ ប៉ុន្តែ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ដែល​អ្នក​ជំនាញហៅថាជា​សារព្រមាន​កម្រិត​ស្រាល​ដល់​ក្រុង​ញូវដេលី​។

កន្លងមក អាមេរិកធ្លាប់បានព្រមានរួចហើយថា​ប្រទេស​ណាដែលហ៊ាន​ជួយ​រុស្ស៊ីឲ្យ​គេច​ផុត​ពី​ការ​ដាក់ទណ្ឌកម្ម​អន្តរជាតិ​ ប្រទេស​ទាំងនោះ​នឹង​ទទួលរង​ផលវិបាក​ជា​មិនខាន​។

យ៉ាងណាក៏ដោយ​ អាមេរិក​នៅមិនទាន់​ចាត់​វិធានការ​រារាំង​ឥណ្ឌា​លើ​យន្តការ​ទូទាត់​ប្រាក់​រូពី​របស់​ឥណ្ឌា​ជាមួយ​លុយ​រូប្លិ៍​របស់​រុស្ស៊ី​ឡើយ ​ដូច្នោះហើយទើប​ឥណ្ឌាអាច​ឆ្លៀត​ឱកាស​ទិញ​ប្រេង​ដែល​បញ្ចុះ​តម្លៃ​ដោយ​ប្រទេស​រុស្ស៊ី​។ ឥណ្ឌា​បាន​ទិញប្រេងឆៅយ៉ាងហោចណាស់ក៏​ ៣​លាន​បារ៉ែលដែរ​ពី​រុស្ស៊ី​ចាប់​តាំង​ពី​ផ្ទុះ​សង្គ្រាម​អ៊ុយក្រែន​នាថ្ងៃទី២៤​ ខែ​កុម្ភៈមក​។

កាលពី​ថ្ងៃទី២១ ខែមីនា​កន្លងទៅ​នេះ លោកចូ បៃដិន បាន​និយាយថា​ក្នុង​ចំណោម​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ ឥណ្ឌាគឺ​ជា​ប្រទេស​ខុសគេ​តែ​មួយគត់​ដែល​ហាក់​បាន​ប្រកាន់ជំហរ​ខុស​ពី​អាមេរិក​ទាក់ទិន​សង្គ្រាមឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ