អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បៃដិន​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ច​នៅ​អាស៊ី ដើម្បី​បញ្ជាក់​មហិច្ឆតា​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកចូ បៃដិន​ត្រូវ​អញ្ជើញ​ទៅ​ដល់​ក្រុង​សេអ៊ូល នៅរសៀល​​ថ្ងៃសុក្រ​ទី ២០ ឧសភា ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​នៅ​អាស៊ី ​ជា​លើក​ទីមួយ ក្នុង​នាម​ជា​ប្រធានាធិបតី​អាមេរិក។ លោក​ បៃដិន នឹង​ជួប​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ថ្មីលោក យូន ស៊ុកយោល ដែល ​មាន​យុទ្ធសាស្ត្រ​ខិត​រក​អាមេរិកខ្លាំង ខុស​ពី​ប្រធានាធិបតី​មុន រួច​បន្ត​​​ដំណើ​រ​ទៅ​ប្រទេស​ជប៉ុន​ ដើម្បី​ដឹកនាំ​បើក​ជំនួប​ចតុ​ភាគី​អាមេរិក ជប៉ុន ឥណ្ឌា និ​ងអូស្ត្រាលី។ ជា​ទស្សនកិច្ច​ ដែល​​​​អាមេរិកចង់​បញ្ជាក់​​វត្តមាននិង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អាស៊ី តែ​អាច​នឹង​ត្រូវកូរ៉េខាង​ជើង​ស្វាគមន៍​តាម​រយៈ​ការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ផង។

លោកប្រធានាធិបតី​អាមេរិក​ ចូ បៃដិន និងសមភាគី​​កូរ៉េខាង​ត្បូង ក្នុង​រោងចក្រ​Samsung Electronics ថ្ងៃទី ២០ ឧសភា ២០២២
លោកប្រធានាធិបតី​អាមេរិក​ ចូ បៃដិន និងសមភាគី​​កូរ៉េខាង​ត្បូង ក្នុង​រោងចក្រ​Samsung Electronics ថ្ងៃទី ២០ ឧសភា ២០២២ © Ap美联社
ផ្សាយពាណិជ្ជកម្ម

​លោក​ប្រធានាធិបតី​អាមេរិក ចូបៃដិន កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាស៊ី ដោយ​ចាប់​ផ្តើម​ពី ប្រទេស​កូរ៉េខាង​ត្បូង​ នៅ​ថ្ងៃ​នេះ ហើយ​នៅ​ថ្ងៃអាទិត្យ លោក​នឹង​អញ្ជើញ​ទៅ​ក្រុង​តូក្យូ។ ក្រៅ​ពី​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​ដឹកនាំ ប្រទេសកូរ៉េខាងត្បូង និង​ជប៉ុន​ទាំងពីរ លោក​បៃដិន ត្រូវ​ធ្វើ​ជាអធិបតី​នៅ​ក្នុង​ជំនួប​ចតុ​ភាគី អាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី​ទៀត។

ការ​ឈ្លានពាន​អ៊ុយក្រែន​ពី​សំណាក់រុស្ស៊ី ថ្វីបើ​បាន​ធ្វើ​រដ្ឋបាល​អាមេរិក​វក់វី​ខ្លាំង​អស់​ជា​ច្រើនសប្តាហ៍​មែន តែ​​ក៏​បាន​ផ្តល់​កម្លាំង​និង​ជំហាន​ ការទូត​ និង​តាកទិក​ថ្មី​ ឱ្យ​អាមេរិកបាន​ដើរ​តួ​​ជា​​មហាអំណាច​ពិភពលោក។ អាមេរិក​​ ប្រមូល​ផ្តុំ​ក្រុម​ប្រទេស​បស្ចិមលោក​ឱ្យ​សម្រេច​រួម​គ្នា​ ​បញ្ជូន​អាវុធ​ទៅឱ្យ​អ៊ុយក្រែន​ ឬដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ ហើយ​បាន​ពង្រីក​អង្គការ​អូតង់ តាមរយៈ​ការ​ទទួល​បេក្ខភាព​ហ្វាំងឡង់​និង​ស៊ុយអែត នៅ​ចំពោះរុស្ស៊ី​។​​ លោក​បៃដិន បាន​ថែម​ទទួល​ជួប​នាយករដ្ឋមន្ត្រី​ស៊ុយអែត និង​ប្រធានាធិបតី ន័រវែស នៅ​សេតវិមាន​ទៀត មុន​ចេញ​ដំណើរ​មក​អាស៊ី។

​​បើ​តាមទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក ជេក ស៊ូលីវ៉ាន់ ​ការ​​ផ្តល់​ពេល​ ថាមពល​និង​ការ​យកចិត្ត​ទុក​ដាក់​លើ​អឺរ៉ុប​ មិនមែន​មាន​ន័យ​ថា​អាមេរិក​មិន​ភ្លេច​អាស៊ី​ ឬ​ អាមេរិកមិន ផ្តល់​ពេល ផ្តល់​ថាមពល​និង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អាស៊ី​ទេ។ ប្រធានាធិបតី​អាមេរិក ចង់​ស្រេះ​ចូល​គ្នា នយោបាយ​អាមេរិកនៅ​​​​​អឺរ៉ុប​ និង​នៅ​​អាស៊ី​ ជានយោបាយ​ពី​ររួម គ្នា​ព្រោះ​ជា​​​​ការ​ពង្រឹង​គ្នា​ទៅ​វិញ​ទៅមក។

តៃវ៉ាន់​និងកូរ៉េខាង​ជើង

អាមេរិក​ចង់​លាត​ត្រដាង​ឱ្យ​ឃើញ​អំពីវត្តមាន​និង​ មហិច្ឆតា​របស់​អាមេរិក​ចំពោះ​អាស៊ី ក្នុង​ទស្សនៈ​ភូមិសាស្ត្រ​នយោបាយ​អាមេរិក​ប្រឈម​នឹង​ចិន។ និយាយ​ឱ្យ​ចំ គឺ​អាមេរិក​ចង់​បង្ហាញ​ពី​រូបភាព​ពិភពលោក​រួបរួម​គ្នា​ រវាងអ្នក​ប្រជាធិបតេយ្យ និង​សង្គមបើក​ចំហ ដោយ​មាន​អាមេរិក​ជា​បង្គោល​ ថា​ជា​អ្ន​កកំណត់​ច្បាប់​វិន័យ។ លោកស៊ូលីវ៉ាន់ ជឿ​ថា​​ចិន​យល់​ច្បាស់​ណាស់។

សារ​នេះគ្មាន​ន័យ​អវិជ្ជមាន​ដៅ​តែលើចិន​ឬ​ប្រទេស​ណា​តែ​មួយ​ទេ។ ប៉ុន្តែ​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ថា​ចង់​សំដៅ​លើ​ចិន​និ​ងតៃវ៉ាន់។ នាយក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក ធ្លាប់​បាន​អះអាង​ថា ចិន​បាន​​ចិន​តាម​ដាន​ ​ស្ថានការណ៍​នៅ​អ៊ុយក្រែន យ៉ាង​ល្អិត​ល្អន់ដើម្បី​ប្រៀប​ធៀប​អំពី​ផលវិបាក​នៅពេល​ចិន​ចង់​ប្រើកម្លាំង​យក​តៃវ៉ាន់។ ហើយ​ចិន​ចាប់​អារម្មណ៍​ជាពិសេស ចំពោះ​សាមគ្គីភាព​​របស់​ក្រុម​​​​សម្ព័ន្ធអាត្លង់​ទិកប្រឆាំង​នឹង​ទង្វើ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែនថា នៅពេល​អូតង់​​​រួប​រួម​គ្នា ដាក់​ទណ្ឌកម្ម សេដ្ឋកិច្ច​នឹង​ខាត​បង់​ប៉ុនណា។

ប៉ុន្តែ​កូរ៉េខាង​ជើង​វិញ​ មិន​យល់​ដូច​ចិន​​ទេ។ កូរ៉េខាង​ជើង​នឹង​បន្ត​សកម្មភាព​បង្ក​ហេតុ​ ដូច​ទម្លាប់​។ បើ​តាម​អ្នក​ជំនាញ​អាមេរិក និង​កូរ៉េខាង​ត្បូង ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​ លោក​ បៃដិន នៅ​អាស៊ី លោក​អាច​នឹង​បាន​ឮបាន​ដឹង​យ៉ាង​កៀក​ ទង្វើ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​ផង។ ចារកិច្ច​អាមេរិក​សន្និដ្ឋាន​ថា ព្យុងយ៉ាងបាន​ត្រៀម​លក្ខណៈ​ចប់​សព្វគ្រប់​ហើយ​ ចាំ​តែឱកាស​នឹង​បាញ់​សាកល្បង​មីស៊ីល ឬ​ ​នុយក្លេអ៊ែរ​​ បាញ់​សាកល្បង​ទាំងពី​រមុខ​ តែម្តង​ផង។ ប្រមុខ​ដឹកនាំកូរ៉េខាង​ជើង ដែល​យល់​ថា​អាវុធ​នុយក្លេអ៊ែរ​ ជា​មធ្យោបាយ​បង្ហាញ​មុខ​លើ​ឆាក​អន្តរជាតិ និង​ជា​មធ្យោបាយ​បញ្ជាក់​អំណាចដឹកនាំប្រទេស ​ធ្លាប់​បាន​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ ចំនួន​៦​លើក​មក​ហើយ​ នៅ​ចន្លោះ​ពី​ឆ្នាំ​២០០៦-២០១៧។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា បើ​ទោះបី​ជា​លោក​បៃដិន មាន​ជំនក់​ជំនាញ​ផ្នែក​ការទូត​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​ប្រធានាធិបតីអាមេរិក​ មិន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ស គ្មាន​កងទ័ព​ជាប់​ប្រទល់​កូរ៉េ​ទាំងពីរ ដូច​ប្រធានាធិបតី​អាមេរិក​​អាណត្តិមុន ដូណាល់ត្រាំ ដែល​បាន​ទៅ​ជួប​ចរចា​ដោយ​ផ្ទាល់​ជាមួយ​ ប្រមុខ​គីមជុងអ៊ុនពីរលើក​​​តែ​គ្មាន​លទ្ធផលទេ។

សម្រាប់​អាមេរិក ការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​​ជា​យថាហេតុ​​របស់​ព្យុងយ៉ាង​មិន​មែន​ជា​បរាជ័យ​នៃ​នយោបាយ​ការបរទេស​អាមេរិក​ទេ។ ផ្ទុយ​ទៅ​វិញ បើ​តាម​ទីប្រឹក្សា​សន្តិសុខ​អាមេរិក​ដដែល ​ប្រសិន​បើ​កូរ៉េខាង​ជើង​ពិត​ជា​បាញ់​សាកល្បង​មីស៊ីលមែន នោះ​អាមេរិក​នឹង​តម្រែតម្រឹម​តកម្លាំង​កងទ័ព​អាមេរិក​នៅ ក្នុង​តំបន់។ ​អាមេរិក​នឹងឆ្លើយ​វត្តមាន​នៅ​ក្បែរ​​​សម្ព័ន្ធមិត្ត​និង​ដៃ​គូ​ទាំង​អស់​។

​​បើ​តាម​អ្នក​ជំនាញ​ កូរ៉េខាង​ជើង​សម្រេច​ពន្លឿន​ឬ​ពន្យឺត​កម្មវិធីនុយក្លេអ៊ែរ​ អាស្រ័យ​ទៅ​លើ​លទ្ធផល​នៃ​ជំនួប​រវាង​លោក​បៃដិន​ និង​លោក យូន ស៊ុកយោល នៅ​ថ្ងៃ​សៅរ៍​ស្អែក។

នយោបាយ​ផ្ទៃក្នុង​កូរ៉េខាង​ត្បូង

ប៉ុន្តែ​សម្រាប់​កូរ៉េខាង​ត្បូងផ្ទាល់​វិញ ជាពិសេស​សម្រាប់​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ថ្មី ដែលមាន​យុទ្ធសាស្ត្រ​​ខិត​រក​អាមេរិក​ខ្លាំង  បាន​ទទួល​ប្រធានាធិបតី​អាមេរិកតែ​១០​ថ្ងៃ​ក្រោយ​​ចូល​កាន់​តំណែង​ ជា​ឱកាស​ដ៏​ប្រពៃណាស់​សម្រាប់​សម្រេច​ផែនការ​ដឹកនាំ​ប្រទេស​។

នៅក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ប្រធានាធិបតី​ លោក យូន ស៊ុកយោល បានអះអាង​ថា​មិន​ផ្តោ​ត​លើ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាង​ជើង​តែ​មួយទេ តែ​រដ្ឋាបាល​កូរ៉េខាងត្បូងថ្មី នឹង​ពង្រីក​វិស័យការទូត​ជាមួយសហភាពអឺរុប និង​អាស៊ី​ទាំងមីល ពោ​លគឺ​មាន​ជំហរ​ដូច​​អាមេរិក។ ក្នុង​វិស័យ​ការពារ​ជាតិ សេអ៊ូលចង់​ឱ្យ​សហរដ្ឋ​អាមេរិក​ពង្រឹង​ពង្រីក​កម្លាំង ដើម្បី​​ ឱ្យ​មាន​លក្ខណៈ​កំញ៉ោញ​កាន់​តែ​ខ្លាំង ​ដូច​ជា​ត្រូវពង្រាយ​​បន្ថែម​អាវុធ​យុទ្ធភ័ណ្ឌ​ ឬ​អាវុធ​នុយក្លេអ៊ែរលើ​ផ្ទៃ​ប្រទេស​កូរ៉េខាង​ត្បូង​។

​ជាមួយ​លោក​ចូបៃដិន​ កូរ៉េខាង​ត្បូង​ក៏​នឹ​ងជជែក​អំពី​សេដ្ឋកិច្ច​និង​ពិសេស​អំពី​គ្រឿង​បន្លាស់​ semi-conducteurs ដ៏​ចាំបាច់។ ​គ្រាន់​តែ​អញ្ជើញ​មក​ដល់​ក្រុង​សេអ៊ូល​ភ្លាម លោកប្រធានាធិបតី​បាន​​អញ្ជើញ​ទៅ​ទស្សនា​រោងចក្រ​ផលិត​បន្ទះ​ឈីបរបស់​រោងចក្រ Samsung Electronics ​ភ្លាម​តែម្តង។

លោកប្រធានាធិបតី​កូរ៉េខាង​ត្បូង​ Yoon Suk-yeol នឹង​ប្រកាស​ចូល​រួម​ក្នុង​គម្រោង​សេដ្ឋកិច្ច​ឥណ្ឌូប៉ាស៊ីហ្វិក​​របស់​លោកបៃដិន ដើម្បី​ធានា​សុវត្ថិភាព​បណ្តាញ​ផ្គង់ផ្គង់​ភស្តុភារ ដោយ​​គ្មាន​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ