អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្និសីទស្តីពីសន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរក្នុង​បរិបទ​នៃការគំរាមនុយក្លេអ៊ែរ​របស់រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ស្តីពីការហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​ត្រូវ​ជួបប្រជុំគ្នា រយៈពេល​៣ថ្ងៃ ចាប់ពីថ្ងៃ​អង្គារ​ទី ២១​មិថុនា រហូតដល់ថ្ងៃព្រហស្បតិ៍ ទី ២៣​មិថុនា នៅទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស។ សន្ធិសញ្ញា​ស្តីពីការហាមឃាត់អាវុធ​នុយក្លេអ៊ែរទាំងស្រុង​ចូល​ជា​ធរមាន នៅ​ខែមករា ឆ្នាំ ២០២១។ កិច្ចប្រជុំ​ស្តីពី​សន្ធិសញ្ញាហាមឃាត់អាវុធ​នុយក្លេអ៊ែរ​រៀបចំឡើង នៅក្នុង​បរិបទពិសេស ​ដែល​មានសង្រ្គាមអ៊ុយក្រែន និង​ការគំរាមកំហែង​ប្រើអាវុធនុយក្លេអ៊ែរ​ពីសំណាក់​មហាអំណាចយោធា​រុស្ស៊ី។

រូបភាព​បង្ហាញ​ការបាញ់សាកល្បងមីស៊ីល​របស់​កូរ៉េខាងជើង​ដែលមាន​សមត្ថភាព​នាំក្បាលគ្រាប់នុយក្លេអ៊ែរ
រូបភាព​បង្ហាញ​ការបាញ់សាកល្បងមីស៊ីល​របស់​កូរ៉េខាងជើង​ដែលមាន​សមត្ថភាព​នាំក្បាលគ្រាប់នុយក្លេអ៊ែរ AP - 朝鮮通信社
ផ្សាយពាណិជ្ជកម្ម

ជាង​មួយឆ្នាំ ក្រោយ​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង បាន​ចូលជា​ធរមាន កាលពីមករា ឆ្នាំ ២០២១ ក្រុម​ប្រទេស​ហត្ថលេខី​បាន​ជួបប្រជុំគ្នា ជា​លើក​ទី​១ នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស។ សន្និសីទ​ដែលផ្តោតទៅលើ​ការហាមឃាត់​អាវុធនុយក្លេអ៊ែរ ធ្វើឡើង​នៅក្នុង​កាលៈទេសៈ ដែល​ពិភពលោកកំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ប្រើ​អាវុធ​នុយក្លេអ៊ែរ ពីសំណាក់ប្រទេស​រុស្ស៊ី។

ត្រូវ​បាន​បោះឆ្នោត​អនុម័ត នៅ​ឆ្នាំ ២០១៧ និង​ផ្តល់សច្ចាប័ន​ដោយ​ប្រទេស​យ៉ាងតិច ៥០ សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ​ទាំងស្រុង​បាន​ចូលជា​ធរមាន នៅខែ មករា ឆ្នាំ ២០២១។ សន្ធិសញ្ញា​នេះ​ត្រូវបាន​បង្កើតឡើង ក្នុង​គោលដៅ​បញ្ឈប់​ការអភិវឌ្ឍ ផលិតអាវុធនុយក្លេអ៊ែរ និងជាពិសេស​រារាំង​កុំ​ឲ្យ​ប្រទេស​ក្នុងពិភពលោក​មាន​អាវុធ​នុយក្លេអ៊ែរ។

មានន័យថា ចាប់តាំង​ថ្ងៃ​ចូល​ជាធរមាន កាល​ពីថ្ងៃទី ២២​មករា ឆ្នាំ ២០២១ ប្រទេស​ដែល​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា ប្រមាណ ៨៦ប្រទេស ត្រូវ​សន្យា​មិន​ផលិត មិនធ្វើការ​សាកល្បង មិនបំពាក់ ឬ​មិនស្តុកអាវុធនុយក្លេអ៊ែរ។

ការរៀបចំ​សន្និសីទ​នៅថ្ងៃនេះ នៅទីក្រុង​វីយ៉ែន ដើម្បី​រំលឹក​ពី​ការចូលជាធរមាន សន្ធិសញ្ញា ហាមឃាត់​អាវុធ នុយក្លេអ៊ែរ​សំខាន់ណាស់ ព្រោះ​វា​ធ្វើឡើង​នៅក្នុង​កាលៈទេសៈដែល​ពិភពលោក​កំពុង​ប្រឈម​ខ្លាំង​នឹង​ការផ្ទុះសង្រ្គាម​នុយក្លេអ៊ែរ នៅបន្ទាប់ពី រុស្ស៊ី គំរាមប្រើ​អាវុធ​នុយក្លេអ៊ែរ នៅក្នុង​សង្រ្គាមអ៊ុយក្រែន។

សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី នៅ អ៊ុយក្រែន​មិនមែនជាសញ្ញា ល្អ​សម្រាប់​សន្ធិសញ្ញា​ហាមឃាត់អាវុធ​នុយក្លេអ៊ែរ ព្រោះវា មិនត្រឹមតែ ជាហេតុផលមួយ​ដែល​ជំរុញ​ឲ្យ​មាន​ការប្រកួតប្រជែង​កាន់តែខ្លាំង​រវាងប្រទេស​ដែលកំពុង​មានអាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ សង្រ្គាមអ៊ុយក្រែន ទឹកចិត្ត​ផងដែរ ប្រទេស​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ ឲ្យចង់​មាន​អាវុធ​នុយក្លេអ៊ែរ នឹងគេដែរ ក្នុង​ហេតុផលថា មានអាវុធ​នុយក្លេអ៊ែរ​ដើម្បីទុកការពារ​ខ្លួន ដូចក្នុងករណី​កូរ៉េខាងជើង​ជាដើម។

ជាការកត់សំគាល់ គ្មានប្រទេស​មហាអំណាចនុយក្លេអ៊ែរណាមួយ មានមុខ ចូលរួម​នៅ​ក្នុង​សន្និសីទ នៅទីក្រុង​វីយ៉ែន នៅថ្ងៃនេះ ពីព្រោះ​ប្រទេស​ដែលមានអាវុធ​នុយក្លេអ៊ែរ​ពេញដៃ ទាំង​៩ប្រទេស​ហ្នឹង ក៏មានបាន​ចុះ​ហត្ថលេខា ទទួល​ស្គាល់​សន្ធិសញ្ញា​ហាមឃាត់​អាវុធនុយក្លេអ៊ែរ​ដែរ។

សហរដ្ឋអាមេរិក បារាំង ចិន អង់គ្លេស រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និង​កូរ៉េខាងជើង មិនបាន​ចូលរួម​ក្នុង​សន្ធិសញ្ញា​ហាមឃាត់​អាវុធនុយក្លេអ៊ែរ។ នៅមុន​បោះឆ្នោតអនុម័ត នៅ​ឆ្នាំ ២០១៧ ទៅទៀត អង្គការ​អូតង់​ ដែល​មាន​មហាអំណាច​នុយក្លេអ៊ែរ ​៤​ប្រទេស​ជា​សមាជិក ដូចជា​អាមេរិក បារាំង អង់គ្លេស ជាដើម​ចេញ​លិខិត​ប្រកាសមិន​គាំទ្រ​សន្ធិសញ្ញា​ដែលគេចាត់ទុកថា ធ្វើឡើង ដោយមិន​សមស្រប​ទៅនឹង​កាលៈទេសៈ​នៃ​ការគំរាមកំហែង​ក្នុងពិភពលោក​បច្ចុប្បន្ន។ នេះគេនៅមិនទាន់​និយាយ​ពីភាពស្មុគស្មាញ ​នៃការ​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​ទេ។ សម្រាប់​អូតង់​ អាវុធ​នុយក្លេ​អ៊ែរ ​គឺ​ជា​វិធី​តែមួយ​គត់​ ដើម្បី​ការពារ​ខ្លួន ​និង​បញ្ជៀស​សង្រ្គាម។

សម្រាប់អូតង់ ​គេ​មិន​អាច​គ្រាន់​តែ ​ធ្វើ​សន្ធិសញ្ញា​ ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ ហើយ​ពិភព​លោកនឹង​ល្អ​ផូរផង់ ​អស់​អាវុធ​ប្រល័យ​លោក​នោះ​ទេ។ ម្យ៉ាង សន្ធិសញ្ញា​ដែល​មាន​ប្រទេស​ហត្ថលេខី ​សុទ្ធ​តែ​ជា​ប្រទេស​គ្មាន​នុយក្លេអ៊ែរ ​គឺវាគ្មាន​ឥទ្ធិពល ទៅ​ជួយ​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរបានឡើយ។ ទីពីរ ​សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរនឹង ​មិន​ជួយ​ដល់​ការ​ការពារ​សន្តិសុខ ​សុវត្ថិភាព​របស់​ប្រទេស​នីមួយៗ​ ហើយវា​ក៏​មិន​អាច​ជួយ​អ្វី​បាន​ដល់​ការ​ការពារ​សន្តិសុខ​អន្តរជាតិ។ ផ្ទុយទៅវិញ សន្ធិសញ្ញា​នេះ ​នឹង​ធ្វើ​ឲ្យ​ល្អក់​កករ​ ដល់​សន្ធិសញ្ញា​នៃ​ការមិន​រីក​សាយភាព​ នូវ​អាវុធ​នុយក្លេអ៊ែរ ​ដែល​បាន​ចុះ​ហត្ថលេខា​រួចហើយ ​កាល​ពី​ឆ្នាំ​១៩៦៨។ តាមការលើកឡើង​របស់​អូតង់ សន្ធិសញ្ញា ​ហាមឃាត់​ទាំង​ស្រុង​នេះ ​នឹង​ធ្វើ​ឲ្យ​បែកបាក់​គ្នា​ជា​ពិភពលោក ជាពីរ​ក្រុម គឺ​ក្រុម​ប្រទេស​អ្នកមាន​នុយក្លេអ៊ែរ​ និង​ក្រុម​ប្រទេស​គ្មាន​នុយក្លេអ៊ែរ។ ចំណុច​នេះ ​វា​ជះ​ផល​មិន​ល្អ​ទេ ​នៅក្នុង​បរិបទ​បច្ចុប្បន្ន ​ដែល​គេ​ត្រូវ​សហការ​គ្នា ​ផ្តល់​ព័ត៌មាន​ឲ្យគ្នា ​ដើម្បី​កាត់​បន្ថយ​ចំនួន​ស្តុក​នៃ​ក្បាលគ្រាប់​នុយក្លេអ៊ែរ។

សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ បំពេញបន្ថែម សញ្ញា សន្ធិសញ្ញា​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ

គោលដៅសំខាន់​នៃសន្ធិសញ្ញា ហាមឃាត់អាវុធនុយក្លេអ៊ែរ​ទាំងស្រុង គឺ​ពិភពលោក​គ្មាន​អាវុធ​នុយក្លេអ៊ែរទាល់តែសោះ តាមរយៈ​ការអនុវត្តច្បាប់អន្តរជាតិ ហាម​មិន​ឲ្យ​ប្រទេស​សមាជិក ផលិត ស្តុក បំពាក់​អាវុធ​នុយក្លេអ៊ែរ។ មានន័យថា ប្រទេស​សមាជិកណា​ដែល​គ្មានអាវុធនុយក្លេអ៊ែរ​ត្រូវបន្ត​ធ្វើដូច្នេះតទៅទៀត។ ចំណែក​ប្រទេស​សមាជិក​ណា​ដែលមាន​អាវុធនុយក្លេអ៊ែរ​ក្នុង​ដៃរួចហើយ ត្រូវតែ​បំផ្លាញ ចោល អាវុធ នុយក្លេអ៊ែរ​របស់ខ្លួន ទាំងអស់គ្មានសល់។

ស ន្ធិសញ្ញា​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ មាន​គោលដៅ​ទប់​ស្ថានភាព​ឲ្យ​នៅ​ដដែល មានន័យថា ប្រទេស​ណា​ ដែល​មាន​អាវុធ​​នុយក្លេអ៊ែរ​រួចហើយ ក៏មានចុះ ក៏ប៉ុន្តែ គេ​ត្រូវ​ទប់ស្កាត់​​កុំ​ឲ្យ​ប្រទេស​ដែល​មិន​ទាន់​មាន ទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដែរ។

សន្ធិសញ្ញា​មិនរីកសាយភាពអាវុធ​នុយក្លេអ៊ែរ​បាន​ជំរុញ​ផងដែរ ឲ្យរដ្ឋ​ជា​សមាជិក ​ខិតខំ​ប្រឹងប្រែង​ចរចា កាត់បន្ថយ​​អាវុធ​នុយក្លេអ៊ែរ​ ដើម្បី​​ឈាន​ទៅ​រំសាយ​អាវុធ​​នុយក្លេអ៊ែរ​​ឲ្យ​អស់​ជា​ស្ថាពរ​តែម្តង។ ប៉ុន្តែ គេ​មិន​បានកំណត់​ពេលវេលា ចំនួន​ក្បាលគ្រាប់​ដែលគេ​ត្រូវ​តែបំផ្លាញ​នោះទេ។ អ្វីៗ​គឺ​អាស្រ័យលើ​ការចរចា ឆន្ទៈ​របស់​ប្រទេសដែលពាក់ព័ន្ធ។

សម្រាប់​អង្គការ​សង្គមស៊ីវិលដែលជាអ្នកផ្តួចផ្តើម​​ឲ្យមាន​សន្ធិសញ្ញា​ស្តីពីការហាមឃាត់​អាវុធនុយក្លេអ៊ែរ ទាំងស្រុង សន្ធិសញ្ញា​មិន​រីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ មិនសូវ​ផ្តល់​លទ្ធផល​ជាដុំកំភួននោះទេ។ ប្រទេស​មហាអំនាច​នុយក្លេអ៊ែរ​ដូចជា​រុស្ស៊ី និអាមេរិក ដែលមាន​ក្បាលគ្រាប់នុយក្លេអ៊ែរ​តំណាង ជាង ៩០ភាគរយ​ក្នុងពិភពលោក ​នៅតែ​ចរចា មិនត្រូវគ្នា​ដើម្បីកាត់បន្ថយ ក្បាលគ្រាប់។ មួយវិញទៀត វា​មិនបាន​ទប់ស្កាត់​កុំ​ឲ្យ​កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរ​នឹងគេដែរ។

សម្រាប់អ្នកផ្តួចផ្តើម​គំនិត សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ​ទាំងស្រុង​នឹង​ជួយបំពេញបន្ថែម​សន្ធិសញ្ញា​មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ព្រោះសន្ធិសញ្ញា​ថ្មីនេះ មាន​លក្ខណៈ​ចាប់ចង​តាមផ្លូវច្បាប់​ច្រើន​ជាង​សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលត្រូវ​បាន​បង្កើត​ឡើង តាំង​ពី​ឆ្នាំ ១៩៦៨ ហើយដែល​បង្កើតឡើង​ដោយ​ក្រុមប្រទេស​មហាអំនាច​នុយក្លេអ៊ែរទៅទៀត។

គ្មានប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​មួយណា​ចូលរួម​ក្នុងសន្ធិសញ្ញា

ច្បាស់ណាស់ថា បើសិន​គ្មានឆន្ទៈ គ្មាន​ការចូលរួម​ពី​ក្រុមប្រទេស​មហាអំណាច អាវុធ​នុយក្លេអ៊ែរ សន្ធិសញ្ញាស្តីពីការហាមឃាត់​អាវុធនុយក្លេអ៊ែរ​ទាំងស្រុង​នឹង​មិន​អាច​ជួយ​បាន​ច្រើន​ដើម្បី​ធ្វើ​ឲ្យពិភពលោក​ស្អាតស្អំ​គ្មាន​អាវុធនុយក្លេអ៊ែរ​នោះទេ។

ប៉ុន្តែ ទោះគ្មាន​ប្រទេស​មហាអំនាចនុយក្លេអ៊ែរ​ចូលរួម​ពេលនេះ គេ​មិនត្រូវ​អស់សង្ឃឹម គ្មានធ្វើអ្វីទាល់តែសោះដែរ។ អង្គការសហប្រជាជាតិ ចង់​ឆក់​យកឱកាស​រៀបចំ​សន្និសីទ នៅទីក្រុង​វីយ៉ែន​នៅសប្តាហ៍នេះ ដើម្បី​បង្ហាញថា ជាមួយ​សង្រ្គាមអ៊ុយក្រែន ការលើកឡើង​របស់​ប្រទេស​មហាអំណាច ស្តីពី​យុទ្ធសាស្រ្ត​នុយក្លេអ៊ែរ សម្រាប់​ទុកកំញើញ គ្មាន​ប្រសិទ្ធិភាព លែងគួរឲ្យជឿជាក់។

ជាក់ស្តែង វាមិនបាន​ជួយ​ទប់ស្កាត់ កុំ​ឲ្យ​មាន​សង្រ្គាម​នៅអ៊ុយក្រែន។ ផ្ទុយទៅវិញ ជាមួយការគំរាមរបស់​រុស្ស៊ី ដែល​ចង់​ប្រើ​អាវុធ​នុយក្លេអ៊ែរ យុទ្ធសាស្រ្ត​មាន​នុយក្លេអ៊ែរ​សម្រាប់​ទុកកំញើញ គឺ​គ្រោះថ្នាក់ទៅ​វិញទេ សម្រាប់​ពិភពលោក សម្រាប់​មនុស្សជាតិ ព្រោះថា វា​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​គេ​ចង់បាន​អាវុធ​នុយក្លេអ៊ែរ​សម្រាប់ការពារ​ខ្លួន។

កាលពី​ថ្ងៃទី​១៣​មិថុនា វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាពអន្តរជាតិ Sipri បាន​ចេញ​របាយការណ៍​ព្រមាន​ថា ពេលវេលា​នៃ​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ហាក់​លែង​មាន​ទៀត​ឡើយ ហើយ​ហានិភ័យ​នៃ​ការប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធនុយក្លេអ៊ែរ​បាន​ឡើង​ដល់​កំពូល​គិត​តាំង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាមត្រជាក់។ តាម​ស៊ីព្រី ក្រោយ​ពី​មាន​ការ​ធ្លាក់​ចុះ​តិចតួច​ក្នុង​ឆ្នាំ ២០២១ មក ចំនួន​អាវុធ​នយក្លេអ៊ែរ​នឹង​ចាប់​កើន​ឡើង​ជា​ថ្មី​នៅ​ទសវត្សរ៍​ខាង​មុខ។ កំណើន​អាវុធ​នុយក្លេអ៊ែរ​លើ​លោក​នៅ​ទសវត្សរ៍​ខាង​មុខ កើនឡើង ដោយសារ​តែសង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នៅពេល ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​បាន​គំរាម​ពី​ការ​ប្រើ​អាវុធនុយក្លេអ៊ែរ។ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ