អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វត្តមានរបស់​លោកពូទីន​ក្នុងជំនួបកំពូលBRICSសបញ្ជាក់ថារុស្ស៊ី​មិន​នៅ​ឯកោ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួបកំពូលលើកទី​១៤​របស់​ក្រុមប្រទេសដែលមាន​សេដ្ឋកិច្ច​កំពុងលូតលាស់ហៅកាត់ថា ​BRICS ដែលមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិកខាងត្បូង​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ដោយ​មាន​ចិន​ធ្វើ​ជា​ម្ចាស់ផ្ទះ។ ទោះ​ធ្វើឡើង​តាមសន្និសីទ​វីដេអូដោយគ្មានការចូលរួមផ្ទាល់​មែន ប៉ុន្តែ ជំនួបកំពូលក្រុមប្រទេស​BRICSលើកនេះ ​បើកឱកាស​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី លោក​​ពូទីន​ចេញមុខមាត់​នៅលើ​ឆាកអន្តរជាតិ ក្នុងខណៈពេល​ដែល​ក្រុមប្រទេស​លោកខាងលិច​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និង​ព្យាយាម​ដាក់​រុស្ស៊ី​ឲ្យនៅ​ឯកោ ដោយសារការធ្វើសង្រ្គាមឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ ជាមួយBrics លោក​ពូទីន​ត្រលប់​មក​បង្ហាញមុខនៅ​លើ​​ឆាកអន្តរជាតិ។

រូបថត​របស់​ទីភ្នាក់ងារស៊ីនហួរ​របស់​ចិន​បង្ហាញ​ ប្រធានាធិបតីរុស្ស៊ី លោក​ពូទីន​ក្នុងជំនួបកំពូលក្រុមប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុងលូតលាស់ Brics​តាមរយៈសន្និសីទ​វីដេអូ​នៅទីក្រុង​ប៉េកាំង​ថ្ងៃទី​២២​មិថុនា ២០២២
រូបថត​របស់​ទីភ្នាក់ងារស៊ីនហួរ​របស់​ចិន​បង្ហាញ​ ប្រធានាធិបតីរុស្ស៊ី លោក​ពូទីន​ក្នុងជំនួបកំពូលក្រុមប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុងលូតលាស់ Brics​តាមរយៈសន្និសីទ​វីដេអូ​នៅទីក្រុង​ប៉េកាំង​ថ្ងៃទី​២២​មិថុនា ២០២២ AP - Yin Gang
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រទេស​ទាំង​៥ ដែលមាន​សេដ្ឋកិច្ច​កំពុងលូតលាស់ ហៅកាត់ថា Bricsបាន​បើកជំនួបកំពូល​ ​តាមរយៈវីដេអូនៅថ្ងៃព្រហស្បតិ៍។ ជា​ការកត់សំគាល់ គេ​ឃើញ​ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​បង្ហាញមុខ ក្នុងកិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​របស់​ឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង។ ចាប់តាំង​ពីរ​រុស្ស៊ី​ចូលធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន និង​រងជាប់ទណ្ឌកម្ម​សេដ្ឋកិច្ច ពីប្រទេស​លោកខាងលិច នេះជាលើកទី១ ដែលគេឃើញ ​ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​ចូលរួម​ក្នុងព្រឹត្តិការណ៍​អន្តរជាតិ។ វត្តមាន​របស់​ប្រធានាធិបតី​រុស្ស៊ី​ក្នុងជំនួបកំពូល​ក្រុមប្រទេស​Brics សបង្ហាញ​ឲ្យ​ឃើញ​ថា ផែនការ​របស់​ក្រុមប្រទេស​លោកខាង​លិច​ដែល​ចង់​ដាក់​ឲ្យ​រុស្ស៊ី ឲ្យនៅ​ឯកោ​ដោយសារ​តែ​ចូលធ្វើ​សង្រ្គាម​នៅ​អ៊ុយក្រែន ត្រូវ​បរាជ័យ​ធ្លាក់​ទឹក

ក្រុមប្រទេស​លោកខាងលិច​បាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី​ក្នុងបំណង​ដាក់គំនាបឲ្យរុស្ស៊ីដកទ័ព​ឈប់​ធ្វើសង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន។ អាមេរិក និងសម្ព័ន្ធមិត្ត​នៅអឺរ៉ុប​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​ឲ្យធ្វើ​ឲ្យ​រុស្ស៊ីឯកោ ដូចជា​​ការដាក់ទណ្ឌកម្ម​លើ​វិស័យប្រេងរុស្ស៊ី ដករុស្ស៊ី​លែង​ឲ្យ​ប្រើប្រាស់​​ប្រព័ន្ធធនាគារ​អន្តរជាតិ និង​ដកក្រុមហ៊ុន​លែង​ឲ្យ​វិនិយោគ​នៅ​រុស្ស៊ី​តទៅទៀត។

ភ្លាមៗ សេដ្ឋកិច្ច​របស់​រុស្ស៊ី​បានរងប៉ះពាល់ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់លោកខាងលិច។ ប៉ុន្តែ សេដ្ឋកិច្ច​រុស្ស៊ីដែល​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញប្រេង ​មិនងាយដួលរលំ ព្រោះរុស្ស៊ី​ត្រូវ​អរគុណ ដល់​ប្រទេស​ចិន និង​ឥណ្ឌាដែលបាន​ទិញនាំចូល​ប្រេង ដ៏គំហុក​ពី​រុស្ស៊ីចាប់តាំង​រុស្ស៊ី​រងទណ្ឌកម្ម​ដោយសារ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន។

រុស្ស៊ី និង​លោកពូទីន មិនងាយនឹង​ឯកោ នៅលើ​ឆាកអន្តរជាតិ ព្រោះថា មហាយក្ស​អាស៊ី​ ចិន និង​ឥណ្ឌា មិនត្រឹមតែ​នៅបន្តទិញប្រេង ដែលអាច​ជាផ្នែក​មួយនៃការគាំទ្រ​ហិរញ្ញវត្ថុ​រុស្ស៊ី ប៉ុន្តែ ចិន​និង​ឥណ្ឌា​ក៏មិន​បាន​ចេញមុខថ្កោលទោស​ការឈ្លានពាន​របស់រុស្ស៊ី​នៅ​អ៊ុយក្រែនដែរ។ លើកលែង​តែ​ប្រេស៊ីល​ដែល​បោះឆ្នោត​គាំទ្រ សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ ដែល​​ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី ចិន បាន​បោះឆ្នោត​ប្រឆាំង ចំណែក ឥណ្ឌា និង​អាហ្វ្រិកខាងត្បូង ដែលជាសមាជិក​របស់​ក្រុមប្រទេសBrics បាន​បោះឆ្នោត​អនុប្បវាទ។

ដោយសារតែ សមាជិក​របស់​ប្រទេស​Bricsមិន​បាន​ចេញមុខ​រិះគន់​រុស្ស៊ី ហើយ​មហាអំណាច​ចិនផ្ទាល់​ដែលមានទម្ងន់សេដ្ឋកិច្ច​ខ្លាំង​ក្នុង​ចំណោម​ប្រទេស​Brics បានចេញមុខ​​និយាយ​ការពារ​ផលប្រយោជន៍​ និង​សន្តិសុខ​របស់​រុស្ស៊ី​ យ៉ាងដូច្នេះ​ រុស្ស៊ី​របស់​លោក​ពូទីន​កាន់តែ​មានជំនឿចិត្ត និង​ឆ្លៀត​ឱកាស​យក​ជំនួបកំពូល​ក្រុមប្រទេស​Brics ដើម្បី​ពង្រឹងចំណង​សម្ព័ន្ធភាព​ជាមួយ​ប្រទេសសមាជិកដទៃទៀត។ ជាក់ស្តែង នៅក្នុង​វេទិកា​សេដ្ឋកិច្ចរបស់​ក្រុមប្រទេស​Brics កាលពីថ្ងៃ​ពុធម្សិលមិញ លោក​ពូទីន​បាន​ប្រកាស​ថា រុស្ស៊ី​កំពុងអភិវឌ្ឍ​បង្វែរសកម្មភាព​សេដ្ឋកិច្ច និងការវិនិយោគរបស់ខ្លួន​​ជាមួយ​ប្រទេស​ដៃគូ​ដែលគួរឲ្យជឿជាក់។ ឧទាហរណ៍ រុស្ស៊ីកំពុង​ចរចា​ដើម្បីបើកទីផ្សារ​របស់ខ្លួន​សម្រាប់​ហាងឥណ្ឌា និង​រថយន្ត​របស់​ចិន។ បើតាម​ប្រធានាធិបតី​រុស្ស៊ី ក្រៅពីការទិញនាំចូលប្រេង​រុស្ស៊ី ទៅចិន និង​ឥណ្ឌាកើនឡើង​ខ្លាំង នៅ​ប៉ុន្មានខែ​ចុងក្រោយនេះ រុស្ស៊ី​នឹង​បង្កើនការសហការផងដែរ​ក្នុង​វិស័យ​កសិកម្ម។ បន្ថែមពីលើនោះ រុស្ស៊ី​នឹង​បង្កើនការនាំចេញ​ស្បៀង ស្រូវសាលី​ទៅកាន់ប្រទេស​សមាជិករបស់​Brics។

សង្រ្គាមអ៊ុយក្រែន​ជំរុញ​ក្រុមប្រទេស​​ទាំង​៥ BRICSសម្រេចកិច្ចការដែលជាប់គាំង​កន្លងមក ​

សង្រ្គាម​អ៊ុយក្រែន​បានរំលេច​ឲ្យឃើញ​នូវការបែងចែក​ក្រុមប្រទេស​ជា​ពីរប្លុក គឺប្លុក​​ក្រុម​ប្រទេស​លោកខាងលិច​ដែល​ចេញមុខ​ដាក់ទណ្ឌកម្ម​រុស្ស៊ី ដោយសារ​តែ​រុស្ស៊ី​ធ្វើ​សង្រ្គាម​អ៊ុយក្រែន និង​ក្រុមប្រទេស​មួយក្រុមទៀត ដូចជា​ចិន និង​ឥណ្ឌា ដែល​នៅស្ងៀម មិន​រិះគន់​រុស្ស៊ី ដោយសារ​តែ​ផលប្រយោជន៍​ភូមិសាស្រ្ត​នយោបាយ និង​សេដ្ឋកិច្ច។

ដោយសារ​តែទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​លោកខាងលិច ដែលធ្វើ​ឲ្យ​រុស្ស៊ី​ខ្ទាតចេញពី​ប្រព័ន្ធធនាគារអន្តរជាតិ នឹងជំរុញរុស្ស៊ី​បង្កើន​ការចរចា ដើម្បី​សម្រេច​ឲ្យ​បាន​ ការអនុវត្ត ការទូទាត់​ទំនិញរវាង​ក្រុមប្រទេស​សមាជិកBrics ដោយ​មិនប្រើប្រាស់ ប្រាក់ដុល្លារអាមេរិក ពោល​គឺ​ដើម្បីឯករាជ្យ​ពីប្រាក់ដុល្លារអាមេរិក។

មួយវិញ ក្រុមប្រទេស​Brics ជាក្រុមប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់ ទំនង​ជា​ចង់​យកឱកាសដែល​ទណ្ឌកម្ម​របស់​​ក្រុមប្រទេស​លោកខាងលិចទៅលើ​រុស្ស៊ី បង្ក​ឲ្យមាន​វិបត្តិខ្វះស្បៀង ទំនិញឡើងថ្លៃលើកនេះ ទៅ​បញ្ចុះបញ្ចូល​ប្រទេស​ភាគខាងត្បូង​ដទៃទៀត​ឲ្យចូលជា​សមាជិក​របស់ខ្លួនបន្ថែមទៀត ពោល​គឺ​ដើម្បី​ប្រមូលកម្លាំងធំគ្រប់គ្រាន់ ទប់ស្កាត់​​កុំ​ឲ្យ​ក្រុមប្រទេសមហាអំណាច​ឧស្សាហកម្ម​ នាំមុខ​ដោយអាមេរិក​​ចេះតែសម្រេចចិត្ត​លើ​​ជោគវាសនា​ពិភពលោក​ដូច​សព្វថ្ងៃនេះ។

ចិនចង់​ប្រមូលប្រទេស​នៅខាងត្បូង​ឲ្យរួមកម្លាំងជាមួយ​Brics ដើម្បី​ឲ្យខ្លាំងដូចG7

​ ជំនួបកំពូលក្រុមប្រទេស​ទាំង​៥​ដែលមាន​សេដ្ឋកិច្ចកំពុង​​លូតលាស់​ត្រូវ​បាន​គេ​មើលឃើញថា អាច​ជាអនាគត​​គូប្រជែង​របស់ជំនួបកំពូល​នៃក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​G7។

​ ក្រុមប្រទេស​ទាំង ៥ Brics រួមគ្នា​មាន​ប្រជាជន​សរុប ជាង ៣ពាន់លាននាក់ ហើយ​ផលិតផល​ក្នុងស្រុកសរុប​របស់​ប្រទេស​ទាំង ៥នេះ តំណាង​១ភាគ៤នៃផលិតផលក្នុងស្រុកសរុប​របស់​ពិភពលោក។ ដូច្នេះ គេ​មិនអាច​មើលស្រាល​ទំងន់នយោបាយ និង​សេដ្ឋកិច្ច​របស់​ក្រុមប្រទេស​ទាំង​៥។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមប្រទេស​Brics នឹងមិន​​អាច​ពង្រីកចំនួនសមាជិកឲ្យបាន​ច្រើន​ដើម្បីរួមកម្លាំងខ្លាំង​ដូចក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​G7បានដែរ។ ហេតុអ្វីបានជា​ដូច្នេះ? ហេតុផល​គឺទំនាក់ទំនង​រវាង​សមាជិក​របស់​Bricsមិនសាមញ្ញងាយស្រួលនោះទេ។ ជាពិសេស ចិន និង​ឥណ្ឌា ដែលបើទោះបីជា​និយាយចុះសម្រុងគ្នា​ក្នុងផ្នែកសេដ្ឋកិច្ច ប៉ុន្តែប្រទេស​មហាយក្ស​អាស៊ីទាំងពីរ​នៅតែ​ប្រឈមមុខ ដាក់គ្នាខាងផ្នែកយោធា​ដោយសារ​ជម្លោះព្រំដែន។ កន្លងមក ចិន​បាន​ព្យាយាម​ដើរអញ្ជើញ​ប្រទេស​មានសេដ្ឋកិច្ចសំខាន់​មួយចំនួន ដូចជា ថៃ តាហ្ស៊ីគីស្ថាន និង​នីហ្សេរីយ៉ា ជាដើម ឲ្យចូលរួម​ក្នុងជំនួបកំពូល​Brics ក្នុងន័យ​បញ្ចុះបញ្ចូល​ឲ្យប្រទេស​ទាំងនោះចូលរួម​កម្លាំង​ជាមួយ BRICS ប៉ុន្តែ ឥណ្ឌា​តែងចេញមុខ​ប្រឆាំង ព្រោះ​ឥណ្ឌា​ដឹងថា ចិន​ដែលនាំមុខ​គេ​នៅ​ក្នុងចំណោមប្រទេស​Brics នឹង​បង្កើនឥទ្ធិពល​របស់ខ្លួន​លើ​ប្រទេស​សមាជិក​ដទៃទៀត ដើម្បី​សម្រេច​មហិច្ឆតាផ្ទាល់ខ្លួន។

ម្យ៉ាង​ឥណ្ឌា មិនចង់​ឲ្យBrics មាន​ទម្ងន់នយោបាយ​ខ្លាំងទៅតាមការចង់បាន​របស់​ចិន ព្រោះតែ​ឥណ្ឌាមិនចង់អាមេរិកដែលជា​សម្ព័ន្ធមិត្តយោធា​ខឹងសម្បារ ដែលឥណ្ឌា​ចូលរួមដៃ​ជាមួយ​ចិន និងរុស្ស៊ី ដើម្បី​ប្រឆាំង​អាមេរិក។​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ