អានតួអត្ថបទ
ចិន-សង្គ្រាមអ៊ុយក្រែន

លោកស៊ី ជីន​ពីង លើកឡើង​ថា ការពង្រីក​សម្ព័ន្ធភាព​​យោធា គឺជា​មូលហេតុ​បណ្តាល​​ឲ្យ​កើត​ "វិបត្តិនៅអ៊ុយក្រែន"

ថ្ងៃព្រហស្បតិ៍ទី​២៣មិថុនានេះ លោក​ស៊ី ជីនពីង នឹងដឹកនាំជំនួបកំពូលពីចម្ងាយ នៃក្រុមប្រទេស​កំពុងមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងទាំង៥ ដែលមានចិន រុស្ស៊ី ប្រេស៊ីល ឥណ្ឌា និង​អាហ្វ្រិកខាងត្បូង។ នៅក្នុងសុន្ទរកថា ត្រៀម​បើកជំនួប​កំពូលនេះ លោក​ប្រធានាធិបតី​ចិន បានថ្លែងថា វិបត្តិនៅអ៊ុយក្រែន គឺជា​ផលវិបាក កើតចេញពី​ការពង្រីក​សម្ព័ន្ធយោធារបស់​ក្រុមមួយ ដោយ​មិនគិតពីសន្តិសុខរបស់​អ្នកផ្សេង។​ ការលើកឡើងថា របស់​លោកស៊ី ជីនពីងនេះ គឺហាក់បានសំដៅ​ដោយ​មិនបញ្ចេញឈ្មោះ ថា​សង្គ្រាមនៅអ៊ុយក្រែន គឺជាកំហុសរបស់​អូតង់ និង​អាមេរិក​។​

រូបភាពប្រគល់ឲ្យ​ដោយ​ទីភ្នាក់ងារពត័ត៌មានចិន Xinhua ៖ លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង​ កំពុងថ្លែងសុន្ទរកថា ទៅកាន់អ្នកកាសែត ដើម្បីត្រៀម​បើកជំនួបកំពូល BRICS នៅថ្ងៃព្រហស្បតិ៍ ទី២៣ មិថុនា ២០២២
រូបភាពប្រគល់ឲ្យ​ដោយ​ទីភ្នាក់ងារពត័ត៌មានចិន Xinhua ៖ លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង​ កំពុងថ្លែងសុន្ទរកថា ទៅកាន់អ្នកកាសែត ដើម្បីត្រៀម​បើកជំនួបកំពូល BRICS នៅថ្ងៃព្រហស្បតិ៍ ទី២៣ មិថុនា ២០២២ AP - Ju Peng
ផ្សាយពាណិជ្ជកម្ម

“មនុស្សជាតិ បាន​ពើបប្រទះនូវសង្គ្រាម​ពិភពលោក ចំនួន​២ដង និងក្រោយ​មកបានឆ្លងកាត់សម័យ​សង្គ្រាមត្រជាក់ ដែលប្លុកទាំង២បាន​ប្រជែង ប្រយុទ្ធគ្នាបង្កជាផ្សែងខ្មៅអួអ័ព្ទ”។ នេះគឺជាសំដី​របស់ លោកស៊ី ជី ដែល​​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហ័រ បាន​ផ្សាយ​កាលពីរសៀលថ្ងៃពុធ ទី​២២មិថុនា​។

លោក​ប្រធានាធិបតីបានថ្លែងបន្ថែមថា “ប្រវតិ្តសាស្ត្រជូរចត់នេះ បានបង្ហាញ​ឲ្យ​ពិភពលោកយើងឃើញថា ការប្រឈមមុខដាក់គ្នារវាងក្រុមប្លុកអំណាច២ គឺវាមិនអាចនាំមក នូវសន្តិភាព និងសន្តិសុខបានទេ។ ផ្ទុយទៅវិញគឺមាន​នាំមកនូវ តែ​សង្គ្រាម​ និងជម្លោះ”។ លោកស៊ី ជីនពីង បាន​សង្កត់ធ្ងន់ថា “វិបត្តិនៅអ៊ុយក្រែន វាគឺជាសញ្ញាអាសន្ន​ប្រាប់ទៅយើងគ្រប់គ្នាឲ្យដឹងថា ការងប់ងល់វង្វេងចង់តែពង្រីក​សម្ព័ន្ធភាពយោធា ដើម្បី​បង្អួតកំលាំងបំភ័យ​ម្នាក់ទៀត ដោយ​មិនខ្វល់ពីសន្តិសុខរបស់អ្នកផ្សេងនោះ គឺវានឹងនាំទៅដល់​ចំនុចទ័លច្រកផ្នែកសន្តិសុខ”។

គួរកត់សំគាល់ថា សំដីលើកឡើងរបស់​លោក​ស៊ី ជីនពីង នេះ ទោះមិនបានបញ្ចេញ​ឈ្មោះឲ្យ​ចំ តែវាហាក់មានន័យសំដៅ ថាសង្គ្រាមនៅអ៊ុយក្រែន គឺជាកំហុសរបស់អូតង់ និងសហរដ្ឋអាមេរិក។ វាគឺជាសំដី​ ដែលមានខ្លឹមសារគាំទ្ររុស្ស៊ី​ដោយ​​ប្រយោល។ ជាងនេះទៀត លោកស៊ី ជីនពីង បានប្រយ័ត្នមិនប្រើពាក្យ “សង្គ្រាមនៅអ៊ុយក្រែន” ទេ គេប្រើត្រឹមពាក្យ “វិបត្តិនៅអ៊ុយក្រែន”។ ក្នុងនោះដែរ លោក​ស៊ី ជីនពីង បាន​ចាត់ទុកទណ្ឌកម្មសេដ្ឋកិច្ច ដែលក្រុម​ប្រទេសលោកខាងលិច បានដាក់ទៅលើរុស្ស៊ី ថាជា​អាវុធមុខ២ ធ្វើឲ្យ​អ្នកដាក់វា មុតរបួសខ្លួន​ឯងវិញ។

គួរបញ្ជាក់ថា សុន្ទរកថាដែល​លោកស៊ី ជីនពីងទើបតែបានថ្លែងនេះ គឺដើម្បីត្រៀម​បើកជំនួបកំពូល ក្រុមប្រទេសសេដ្ឋកិច្ច​កំពុងលូតលាស់ទាំង៥ ហៅកាត់ថា Brics ដែលមាន ចិន រុស្ស៊ី ឥណ្ឌា ប្រេស៊ីល និង​អាហ្វ្រិកខាងត្បូង។​ តាមការគ្រោងទុក លោកពូទីន​ លោកណារិន្ទ្រម៉ូឌី លោក​បុលសូណារ៉ូ និងលោក រ៉ាម៉ាផូសា នឹងមានវត្តមានពីចំងាយ ក្នុងជំនួបកំពូលនេះ ជាមួយ​លោកស៊ី ជីនពីង។

ក្នុងចំណោម​ប្រទេសទាំងនេះ ទាំងចិន ទាំងឥណ្ឌា និងអាហ្វ្រិក​ខាងត្បូង សុទ្ធតែបានបដិសេធ មិន​ប្រកាសថ្កោលទោសរុស្ស៊ី​ ចំពោះការធ្វើសង្គ្រាម​​ឈ្លានពាននៅអ៊ុយក្រែន​ទេ។ កាលពីសប្តាហ៍កន្លងទៅ លោក ស៊ី ជីនពីង បានទូរស័ព្ទទៅនិយាយជាមួយ​លោក​ពូទីន ដោយ​បានធានាអះអាងថា ចិននឹងបន្តជួយគាំទ្ររុស្ស៊ី ក្នុងកិច្ចការអធិបតេយ្យភាព​ និង​សន្តិសុខ។ ជាងនេះទៀត យោងតាម​ទីភ្នាក់ងារថាមពលអន្តរជាតិ AIE ខណៈដែលរុស្ស៊ីរងទណ្ឌកម្មបស្ចឹមលោក មិនអាចលក់ប្រេងបាន ចិន និងឥណ្ឌា បានសំរុកជួយ​ទិញប្រេងរុស្ស៊ីយ៉ាងគំហុក នាប្រមាណ​ពីខែមីនា​ដល់ខែឧសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ