អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហ្សេ២០គ្មានលទ្ធផល តែ​អាមេរិក​និង​ចិន​រក​ឃើញ​ភាពស្រុះស្រួល​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​សៅរ៍ទី ៩ កក្កដា ២០២២នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​ និង​ ​ចិន បាន​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​ នៅទីក្រុង​បាលី​ ប្រទេស​ឥណ្ឌូណេស៊ី។ ​ជំនួបដ៏កម្រ ដើម្បី​​ស្វែង​រក​ការ​​បន្ធូរ​បន្ថយ​ភាព​តាន​តឹងរវាង​​អាមេរិក-ចិន​នេះ ប្រព្រឹត្ត​ទៅ​​ក្រោយការ​បិទ​បញ្ចប់​​កិច្ចប្រជុំ​កំពូល​ហ្សេ​២០ ដែល​គ្មាន​លទ្ធផល។ ក្រៅ​អំពី​ជំនួប​ទ្វេភាគី​អាមេរិក-​ចិន ​រដ្ឋមន្ត្រី​ការបរទេសនៃ​បណ្តា​ប្រទេស​លោក​ខាង​លិច​​ជា​ច្រើន​ទៀត មាន​ជា​អាទិ៍​អឺរ៉ុប​និង​អូស្ត្រាលី ក៏​បាន​ជួប​​ពិភាក្សា​​ជាមួយ​​លោក​វ៉ាងយី ដែរ ដើម្បី​ស្តារ​ទំនាក់ទំនង​ជាមួយ​ចិន។

អាមេរិក​និង​ចិន​រក​ឃើញ​ភាពស្រុះស្រួល​គ្នា នៅ​ឥណ្ឌូណេស៊ី
អាមេរិក​និង​ចិន​រក​ឃើញ​ភាពស្រុះស្រួល​គ្នា នៅ​ឥណ្ឌូណេស៊ី AP - Stefani Reynolds
ផ្សាយពាណិជ្ជកម្ម

លោក​ប្រមុខ​ការទូត​អាមេរិក អង់តូនី ប្លីងកិន បាន​ប្រកាស​ថា ជំនួប​រយៈ​ពេលជិត​ ​៥​ម៉ោង​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី ថ្ងៃ​នេះ​មាន​លក្ខណៈ​ស្ថាបនា មាន​ប្រយោជន៍​​និងស្មោះ​ត្រង់​ណាស់។ ថ្វី​បើ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនងដ៏​ស្មុគស្មាញ​នឹង​គ្នា​មែន ប៉ុន្តែកិច្ចពិភាក្សា​បាន​ប្រព្រឹត្ត​ទៅប្រកប​ដោយភាព​ជឿជាក់។ ភាគីទាំងពីរ​បានព្រម​ព្រៀង​​សម្រុះ​សម្រួល​គ្នា​ ស្តារ​ទំនាក់ទំនង​ឱ្យ​បាន​ប្រសើរ​ឡើង ធ្វើ​យ៉ាង​ណា​នាំ​តែ​ផល​ចំណេញ​ និង​លទ្ធផល​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក។ នេះ​បើ​តាម​កំណត់​ហេតុ​របស់​ក្រសួងការបរទេស​ចិន។

នា​ឱកាស​ពិភាក្សា​គ្នា​នោះ លោក​ប្លីងកិន មិនភ្លេច​​សម្តែង​ក្តី​ព្រួយបារម្ភ​របស់​អាមេរិក​ ជុំ​វិញការ​បង្កើន​វត្តមាន​កងទ័ពនិង​សកម្មភាព​បង្ក​ហេតុ ​ ​​របស់​បេកាំង​ ដាក់​តៃវ៉ាន់ទេ។ ជាពិសេស​ទៅ​ទៀត លោកប្រមុខ​ការ​ទូត​អាមេរិក បាន​ស្នើ​សុំទៅ​សមភាគី​ចិន ឱ្យ​ដក​ខ្លួន​ចេញ​ពី​រុស្ស៊ី ហើយ​ ប្រកាស​ថ្កោលទោស​ទង្វើ​ឈ្លានពាន​រុស្ស៊ី​​លើ​អ៊ុយក្រែន រួច​​បង្ខំ​មូស្គូ​ឱ្យ​ព្រម​បើក​ច្រក​ផ្លូវ ដើម្បី​អាច​​ដឹកជញ្ជូន​ស្បៀង​អាហារ​ដែល​ជាប់​កុន​នៅ​អ៊ុយក្រែន។ លោក ប្លីងកិន​ ​​សំលឹង​ឃើញថា​ ​នៅក្នុង​ជំនួប​ហ្សេ២០ កាលពី​ថ្ងៃម្សិលមិញ​ រុស្ស៊ី​គ្មាន​កាយវិការ​ចង់​សហការ​អ្វី​ទាំង​អស់។ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក សែរហ្គៃ ឡាវ្រូស ថែម​ទាំង​បាន​ដើរ​ចេញ​ពី​ជំនួប​កំពូល ទាំង​កណ្តាលទី នៅ​ពេល​ឮ​គ្រប់​ភាគី​រិះគន់​សង្គ្រាម​រុស្ស៊ីនៅអ៊ុយក្រែន។​ នៅទី​បំផុត ជំនួប​កំពូល​ហ្សេ២០ បាន​បិទ​បញ្ចប់​ទៅ​ដោយ​គ្មាន​លទ្ធផល គ្មាន​សេចក្តី​ថ្លែងការណ៍​រួម ហើយ​គ្មាន​ ​ទាំង​ការ​ថត​រូប​ជួប​ជុំ​គ្នា​ជា​ប្រពៃណី​ផង។

បញ្ចៀស​ជម្លោះ

ប្រមុខ​ការទូត​ចិន លោក វ៉ាងយី បាន​ជួប​លោក​ សែកហ្គៃ ឡាវ្រូស រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី តាំងពី​ថ្ងៃ​ព្រហស្បតិ៍​​ម្ល៉េះ។ កិច្ចពិភាក្សា​ទល់​មុខ​គ្នា​ផ្តោតស្ទើរ​​ទាំង​ស្រុង​ទៅ​លើ​សំណុំ​រឿងសង្គ្រាម​នៅ​​អ៊ុយក្រែន​នេះ​តែម្តង។ នៅពេល​នោះ​លោក ឡាវ្រូស បានបញ្ជាក់​ប្រាប់​សមភាគី​ចិន​ថា ក្រុម​លោក​ខាង​លិច​ប្រកាន់​ជំហរ​តឹង​តែង​ខ្លាំង​ដាក់​រុស្ស៊ី តែ​ម៉ូស្គូ​ក៏មាន​អ្នក​គាំទ្រ​និង​យល់​ចិត្ត​កាន់​ច្រើនឡើង​ពី​សហគមន៍​អន្តរជាតិ ក្នុង​នោះ​មាន​មួយ​គឺ​មហាមិត្ត​ចិន។ គំនិត​របស់ក្រុម​លោក​ខាងលិច​ដែល​ចង់​ដាក់​រុស្ស៊ី​ឱ្យ​នៅឯកា មិន​បាន​សម្រេច​ទេ។ នេះ​បើ​តាម​សំដី​របស់​លោក ឡាវ្រូស រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ីដដែល។

​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិកក៏​​​ដឹង​យ៉ាង​ច្បាស់​ណាស់ដែរ​ថា​ការ​ភ្ជាប់​ទំនាក់ទំនង​ល្អឡើង​វិញ​ជាមួយ​ប៉េកាំង​នៅពេល​នេះ​ នៅ​ស្តួង​ស្តើង​ខ្លាំងណាស់។ អ្នក​ជំនាញ​អាមេរិក​មាន​សង្ឃឹម​និងរំពឹង​លើការ​​ប្តូរ​ផ្លាស់​​ក្រុមការងារ​ថ្មី​ដែល​អាច​មាន​សមត្ថភាព​ធ្វើការ​ជាមួយ​អាមេរិកបាន ព្រោះ​សេដ្ឋកិច្ច​ចិន​ពេល​នេះ​កំពុង​ឈរ​ច្រាស​ខ្យល់ ពោល​គឺ​រង​ឥទ្ធិពល​ពីនយោបាយ​តឹង​តែង​របស់​ខ្លួនឯង។

ប៉ុន្តែយ៉ាង​ណា​ក៏​ដោយ ក៏​ការ​ជួប​ជជែក​គ្នា​ដោយ​ផ្ទាល់ ជា​ប្រការ​ល្អប្រពៃ​ជាង​គេ ព្រោះ​មាន​ន័យ​ថា​​គឺ​ប្រទេស​ទាំងពីរ​ចាប់ផ្តើម​​គិត​គូរ​រក​វិធានការ​ទប់ស្កាត់​កុំ​ឱ្យ​ជម្លោះ​រវាង​គ្នា​កាន់​តែ​រីកធំធាត់ រហូត​ក្លាយ​ជា​ជម្លោះ​ដែល​មិន​អាច​គ្រប់គ្រង​បាន។ បន្ទាប់​មក​ការ​ជួប​គ្នា​ ជា​សញ្ញា​បញ្ជាក់​ថា​ភាគី​ទាំងពីរ​ព្រមព្រៀង​​បញ្ចៀស​ការ​តតាំង​ដាក់​គ្នា។ នេះ​បើ​តាម​ចំណាប់​អារម្មណ៍​របស់កាសែតផ្លូវការចិន Global Time ដែល​មាន​ទម្លាប់​តែ​រិះគន់​អាមេរិក។​

នៅមុនជួប​សមភាគីអាមេរិក​បន្តិច ​លោក​វ៉ាងយី បាន​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ចិន​និង​អាមេរិក ជា​​​ប្រទេសដ៏​ធំ​ជាង​គេ​​ពីរ ដែល​​ចាំ​បាច់​ត្រូវ​ការ​ធ្វើ​ការ​ជាមួយ​គ្នា និង​រក្សា​ទំនាក់ទំនង​ជា​ធម្មតា​នឹង​គ្នា ហើយ​ត្រូវ​ផ្តោះប្តូរ​ទំនាក់ទំនង​គ្នា​ជា​បន្ត​ទៅ​ទើប​បាន។

មិនចង់​ឃើញ​​រុស្ស៊ី តែ​ចង់​ជួប​ចិន

ថ្វីបើក្រុមប្រទេសលោក​ខាង​លិច ទាំង​អាមេរិក អឺរ៉ុប អូស្ត្រាលី មិន​ចង់​ជួប​រុស្ស៊ី នៅក្បែរ​រុស្ស៊ី មែន ប៉ុន្តែ​ពួកគេមិន​​ហ៊ាន​អវត្តមាន​ក្នុង​​ជំនួប​ហ្សេ​២០ទេ ព្រោះ​ម្យ៉ាង​មិន​ចង់​ឱ្យ​រុស្ស៊ី​បាន​ដៃ​ប្រើ​វេទិកា​ហ្សេ​២០ សម្រាប់​ឃោសនា​បំប៉ោង​នយោបាយធ្វើ​សង្គ្រាម​នៅអ៊ុយក្រែនរបស់​គេ​​ផង និង​ម្យ៉ាង​ទៀត ជា​ឱកាស​ដែល​ពួក​គេ​​អាច​ឆ្លៀត​ជួប​ជាមួយ​ភាគី​ដ៏​សំខាន់​ គឺ​ចិន។

កាលពីម្សិលមិញ ប្រមុខ​ការ​ទូត​សហភាពអឺរ៉ុប​បាន​ជួប​សមភាគី​ចិន នៅទីក្រុង​បាលី ដើម្បី​ផ្តល់​សន្ទុះ​ថ្មី វិជ្ជមាន ទុក​ដាក់​ការ​ខ្វែង​គំនិត​គ្នា​ឱ្យ​នៅ​ម្តុំ​សិន ហើយ​ងាក​មក​​ស្វែង​រក​ភាពស្រុះស្រួល​គ្នា ការពារ​ពិភពលោក​បែប​ពហុជាតិ​និយម ប្រឆាំង​រាល់​គ្រប់​សកម្មភាព​កាត់​ពុះ​និង​រំលោភ​ច្បាប់​សេដ្ឋកិច្ច។​

បន្ទាប់​ពី​អាក់អន់​ចិត្ត និងមាន​ទំនាក់ទំនង​​ធ្លាក់​ចុះ​ដុន​ដាប​យ៉ាង​ខ្លាំងតាំង​ពី​ឆ្នាំ​២០១៩មក នៅថ្ងៃ​សៅរ៍​​នេះ អូស្ត្រាលី​ក៏​បាន​បើក​​ជំនួប​ជាន់​ខ្ពស់ ដោយ​ផ្ទាល់​ជា​លើក​ទីមួយ ជាមួយ​ចិន​ដែរ។ ​សម្រាប់​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ ជំនួប​រវាង​ប្រមុខ​ការ​ទូត​​​អូស្ត្រាលីនិង​សមភាគី​​ចិន​ លោក​វ៉ាងយី ជា​ជំហាន​​ទីមួយ នៃ​ការ​បើក​កិច្ច​​សហការ​ជាមួយ​ចិន​ លើ​ផ្នែក​ដែល​ចាំបាច់​ តែ​ផ្នែក​ដែល​ត្រូវ​ការពារ​អូស្ត្រាលី​​នឹង​ការពារ​យ៉ាង​មុះមុតដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ