អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រឈមនឹង​កំហឹងតវ៉ារបស់ប្រជាជន ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តីស្រីលង្កា​ប្រកាស​ចុះចេញ​ពីតំណែង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ស្រីលង្កា ស្ថានការណ៍​នយោបាយ​កំពុង​ពុះកញ្ជ្រោលខ្លាំង។ ប្រធានាធិបតីស្រីលង្កា លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ ដែល​បាន​រត់គេច​ពី​គេហដ្ឋាន ដោយសារ​ការសម្រុកចូល​របស់​ក្រុមបាតុករ បាន​ប្រកាស​កាលពីថ្ងៃ​សៅរ៍ ទី៩កក្កដា ​ថា លោក​នឹង​ចុះចេញពីតំណែង នៅថ្ងៃ​ពុធ​សប្តាហ៍ក្រោយ។ នៅថ្ងៃសៅរ៍ ក្រុមបាតុករ​ស្រីលង្កា​បាន​សម្រុកចូល​លុកលុយ​ផ្ទះ និង​ការិយាល័យធ្វើការ​របស់​ប្រធានាធិបតី។ ចំណែក​ផ្ទះ​របស់​នាយករដ្ឋមន្រ្តី ត្រូវ​គេដុតបំផ្លាញ។

បាតុករស្រីលង្កា​សម្រុកចូល​វិមានប្រធានាធិបតី​ស្រីលង្កា នៅក្រោយ​ប្រធានាធិបតី​រត់គេចខ្លួន​ចេញពីទីក្រុង​កូឡុំបូ នៅថ្ងៃសៅរ៍ទី ៩​កក្កដា ២០២២
បាតុករស្រីលង្កា​សម្រុកចូល​វិមានប្រធានាធិបតី​ស្រីលង្កា នៅក្រោយ​ប្រធានាធិបតី​រត់គេចខ្លួន​ចេញពីទីក្រុង​កូឡុំបូ នៅថ្ងៃសៅរ៍ទី ៩​កក្កដា ២០២២ REUTERS - DINUKA LIYANAWATTE
ផ្សាយពាណិជ្ជកម្ម

តាំងពីយប់​ថ្ងៃ​សៅរ៍ម្សិលមិញ បាតុករ​ស្រីលង្កា បាន​ស្រែកច្រៀង អបអរ បាញ់​កាំជ្រួច បន្ទាប់​ពី​លឺ​ប្រធាន​រដ្ឋសភា​ប្រកាស​តាមទូរទស្សន៍​ថា លោក​ប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ នឹង​ចុះចេញពី​តំណែង នៅថ្ងៃ ទី ១៣​កក្កដា សប្តាហ៍ក្រោយ​នេះ ដើម្បី​ធានា​ឲ្យ​មាន​ការផ្ទេរអំណាច​ដោយ​សន្តិភាព។

នៅថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តី​ថ្មី​របស់​ស្រីលង្កា លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ​ដែលទើប​ចូល​កាន់តំណែង​បានជាង ១ខែ ជំនួស​បងប្រុស​របស់​ប្រធានាធិបតី គឺ​លោក​ម៉ាហិនដា រ៉ាចាប៉ាក់សេ ក៏​បាន​ប្រកាស​ចុះចេញពីតំណែងដែរ។

ដោយ​មានជំនួយ​បើកផ្លូវ​របស់​ទាហានដែលបាន​បាញ់​កាំភ្លើងគំរាមក្រុមបាតុករ លោក​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ​បាន​ភៀសខ្លួន ចេញ​ពី​គេហដ្ឋាន​ប្រធានាធិបតី នៅតែប៉ុន្មានម៉ោង មុនពេល​ដែល​បាតុករ​រាប់រយនាក់ ​លើកគ្នា សម្រុកចូល កាលពីថ្ងៃ​សៅរ៍។ លោក​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ ទើប​រើ​មក​នៅ​គេហដ្ឋាន​ប្រធានាធិបតី បាន​ប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់​ពី​ផ្ទះឯកជន​របស់លោក​ត្រូវ​ក្រុមបាតុករ ឡោមព័ទ្ធ ធ្វើបាតុកម្ម​តវ៉ា​នៅប៉ុន្មានខែ​មកនេះ។

តាមទីភ្នាក់ងារព័ត៌មានបារាំង AFP លោក​ប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ​បាន​ឡើង​ជិះ​កប៉ាល់យោធា​ចេញពី​ក្រុង​កូឡុំបូ សំដៅ​ភាគខាងត្បូងស្រីលង្កា។ ប្រភព​យោធា​ស្រីលង្កាវិញ បាន​និយាយ​ថា លោក​ប្រធានាធិបតី​ត្រូវ​ធ្វើដំណើរ​ទៅដល់​មូលដ្ឋាន​ទ័ពជើងទឹក នៅ​ភាគខាងជើង ប្រទេស​កោះ​ស្រីលង្កា នៅថ្ងៃ អាទិត្យ។ នៅពាក់កណ្តាលអាធ្រាត្រ ប្រធានសេនាធិការកងទ័ព​ស្រីលង្កា​បានអំពាវនាវ​នៅតាម​ទូរទស្សន៍​ឲ្យ មាន​ភាពស្ងប់ស្ងាត់ និង​ធានា​ដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី តាមរដ្ឋធម្មនុញ្ញ។ បន្ទាប់មក ប្រធានរដ្ឋសភា​ស្រីលង្កា​បាន​ចេញមុខ​ប្រកាស​ថា ប្រធានាធិបតី​បាននិយាយ​ថា លោក​នឹង​ចុះចេញពីតំណែង នៅថ្ងៃទី ១៣​កក្កដា​សប្តាហ៍ក្រោយ។

ហេតុអ្វី ប្រធានាធិបតីក្រាញអំណាច សុខចិត្ត​ចុះចេញពីតំណែង នៅពេលនេះ?

ការប្រកាស​របស់​ប្រធានរដ្ឋសភា​ដែលថា លោក​ហ្គោតាបាយ៉ា នឹង​លាលែង​ពីតំណែង​នៅ​ថ្ងៃពុធ​សប្តាហ៍ក្រោយ គឺជាដំណឹង ដែលគេ​មិនធ្លាប់​ស្រមៃ​ថា នឹង​អាច​កើតឡើងនោះទេ។ នៅពេល​លោក​ម៉ាហិនដា រ៉ាចាប៉ាក់សេ ដែលជា​បងប្រុស ប្រកាស​ចុះ​ចេញពីតំណែង ទៅតាម​ការទាមទារ​របស់​បាតុករ កាលពី​២ខែមុន លោកប្រធានាធិបតី​ហ្គោតាបាយ៉ា បាន​និយាយ​ហើយថា លោក​មិនចុះ​ចេញពីតំណែងដាច់ខាត។ វាជារឿង​មិននឹកស្មានដល់ ព្រោះថា ត្រកូល​រ៉ាចាប៉ាក់សេ បានក្រាញ ​ដឹកនាំ​ស្រីលង្កា ដោយ​កណ្តាប់ដៃដែក តាំងពី​ឆ្នាំ ២០០៥ ដោយ​លោកម៉ាហិនដា ជាបងប្រុស​កាន់តំណែង​ប្រធានាធិបតី ចំណែក​ប្អូនប្រុស ដែល​ធ្លាប់ជាមេទ័ព បង្រ្កាប​ដ៏ហិង្សា​លើ​បក្សប្រឆាំង និង​សកម្មជន​សិទ្ធិមនុស្ស បានក្លាយ​ជា​ប្រធានាធិបតី។

ប៉ុន្តែ នៅទីបំផុត លោក​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ ក៏សុខចិត្ត ចុះ​ចេញពី​តំណែង។ នេះ មិនមែន​ដោយសារ​តែ​មាន​សម្ពាធ កម្លាំងបាតុកម្ម​របស់​ប្រជាជន​ស្រីលង្កា តែមួយមុខ​ប៉ុណ្ណោះទេ។ តាំង​ពី​មហា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ផ្ទុះឡើង​នៅ​ខែ​មេសា ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី ត្រកូល រ៉ាចាប៉ាក់សេ ទាំងបង ទាំងប្អូន ចាប់ឯកោ បាត់បង់​ការគាំទ្រ នៅក្នុងជួរបក្ស នៅពេល​រដ្ឋមន្រ្តី​សឹងទាំងអស់​សុំលា​ឈប់​ពីមុខតំណែង។ ប្រធានាធិបតី​ហ្គោតាបាយ៉ា បាន​បាត់បង់សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា មួយទៀត បន្ទាប់ពី គណបក្ស​ដៃគូ​បានទាមទារ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង។

បងប្អូន​រ៉ាចាប៉ាក់សេ​លែងជាវីរបុរស​ក្នុងក្រសែភ្នែករបស់ប្រជាជន​ស្រីលង្កា

នៅមុនក្លាយជា​ផ្ទាំងស៊ីបស្អប់ប្រឆាំង របស់មហាជន​ស្រីលង្កា បងប្អូន​ត្រកូល រ៉ាចាប៉ាក់សេ ធ្លាប់​ជា​វីរបុរស ទទួលបានការគាំទ្រពី​ប្រជាជន​ស្រីលង្កា ពីព្រោះ ពួកគេធ្លាប់​មាន​ស្នាដៃ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ក្រុមតាមូល រហូត ឈាន​ទៅ​បិទបញ្ចប់​សង្រ្គាម​ស៊ីវិល ដ៏រ៉ាំរ៉ៃ នៅ​ឆ្នាំ ២០០៩។

តាំង​ពី​ឆ្នាំ ២០០៥ ត្រកូល​រ៉ាចាប៉ាក់សេ​ដឹកនាំ​ប្រទេស​ស្រីលង្កា តាម​បែបគ្រួសារនិយម។ បងប្អូនប្រុស ក្មួយ​ក្នុងត្រកូល​រ៉ាចាប៉ាក់សេ សុទ្ធតែមាន​មុខតំណែង​នៅក្នុងជួររដ្ឋាភិបាល។ អំពើពុករលួយ គម្លាតរវាង អ្នកមាន និងអ្នកក្រ រវាង​គ្រួសារ​របស់អ្នកនយោបាយ​កាន់អំណាច ហើយ​និង​ប្រជាជនស្រីលង្កា​ជាទូទៅ ត្រូវបានគេ​ឃើញ​កើត​មាន​ជាហូរហែ ប៉ុន្តែ ប្រជាជន​ស្រីលង្កា​សូវប្រកាន់​ខឹង និងចុះថ្នល់ តស៊ូធ្វើ​បាតុកម្ម​ខ្លាំង ដូចពេលនេះ នៅពេល ជីវភាព​ឆ្នាំងបាយ​របស់ពួកគេ​ត្រូវ​ប៉ះពាល់​ទាំងស្រុង ដោយសារ​តែ​ការគ្រប់គ្រង​មិនបាន​របស់​រដ្ឋាភិបាល។

សម្រាប់​ប្រជាជន​ស្រីលង្កា ដែលធ្វើ​បាតុកម្ម​រាប់ខែមកនេះ ដោយ​ត្រូវ​ទ្រោមខ្លួន នឹង​ការបង្រ្កាប បាញ់ទឹក បាញ់​ផ្សែងបង្ហូរទឹកភ្នែករបស់​អាជ្ញាធរ ការប្រកាសចុះចេញពីតំណែង​របស់ត្រកូល​រ៉ាចាប៉ាក់សេ គឺជាដំណឹងដ៏សែនល្អបំផុត។ ពួកគេ​ត្រូវការ​មេដឹកនាំ​ថ្មី ដែលមាន​សមត្ថភាព​ដឹកនាំ​ប្រទេស ឲ្យ​ងើបចេញ​ពី​វិបត្តិ គ្មាន​ប្រេងប្រើ គ្មាន​ថ្នាំពេទ្យ និង​ទំនិញឡើងថ្លៃ កប់ពពក ដូចសព្វថ្ងៃនេះ។ ដោយសារ​តែ​ខ្វះខាត គ្មានលុយទិញប្រេង​ពីបរទេស ស្រីលង្កា​ជាប្រទេស​ដំបូងគេ ក្នុងពិភពលោក ដែល​បាន​រឹតត្បិត មិន​ឲ្យប្រជាជន​ទិញប្រេង ដោយទុកសម្រាប់តែការប្រើប្រាស់​ចាំបាច់ ដូចជា​នៅមន្ទីរពេទ្យ​ជាដើម។

ហេតុអ្វី​បានជា​ស្រីលង្កា​ធ្លាក់ខ្លួន​ដល់​ថ្នាក់​នេះ?

ស្រីលង្កា​ដែលរស់ពឹងអាស្រ័យខ្លាំង លើ​ប្រាក់ចំណូល​មកពីវិស័យទេសចរណ៍ បានដាំក្បាល​ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច នៅពេល​វិបត្តិកូវីដផ្ទុះឡើង​ចាប់ពី​២ឆ្នាំមកនេះ។ ប៉ុន្តែ វិបត្តិសេដ្ឋកិច្ច​កាន់តែ​ធ្លាក់​ចុះ​អាក្រក់​ថែមទៀត ដោយសារ​តែការដឹកនាំមិនបាន​ល្អ​របស់​រដ្ឋាភិបាល។ ឧទាហរណ៍ នៅឆ្នាំ ២០១៩ លោកប្រធានាធិបតីហ្គោតាបាយ៉ា​បាន​សម្រេច​លុបចោល​ពន្ធ ដែលធ្វើ​ឲ្យ​ស្រីលង្កា​បាត់បង់​ប្រាក់ចំណូល ជាតិ ១,៣ពាន់លាន​ដុល្លារ ក្នុងមួយឆ្នាំ។

រដ្ឋាភិបាលស្រីលង្កា​រងការរិះគន់ខ្លាំងមួយទៀតថា បាន​ដើរទៅខ្ចីប្រាក់បំណុលបរទេស សម្រាប់យកទៅប្រើ មិនត្រឹមត្រូវ មិនចំគោលដៅ ត្រូវការ​របស់​ប្រទេស។

មួយវិញទៀត ដោយសារ​តែការនាំចូល​ច្រើនជាងនាំចេញ ស្រីលង្កា​ចាប់ផ្តើម ដែលគិត​តែ​ទិញនាំចូល​ពីបរទេស បាន​ចាប់​ខើច​រូប័យបណ្ណបម្រុងអន្តរជាតិ នៅឆ្នាំ ២០២០។ ដោយសារ​តែអស់លុយដុល្លារក្នុងដៃ ស្រីលង្កា​បាន​កាត់បន្ថយ​ការទិញនាំចូល​ដែល​សុទ្ធជា​វត្ថុធាតុដើមសំខាន់ៗ ដូចជា​ជីគីមី សម្រាប់​វិស័យកសិកម្ម ថ្នាំពេទ្យ និង​ប្រេង។ ដោយសារ​តែ​គ្មានជីគីមី ការប្រមូលផលកសិកម្ម​បានធ្លាក់ចុះ និង​ធ្វើ​ឲ្យប្រជាជន​បាត់បង់ប្រាក់ចំណូល។ ប្រជាជន​ស្រីលង្កា​ជួបបញ្ហា​ធ្ងន់ធ្ងរ​មិនធ្លាប់​មាន ដោយសារ​តែ​គ្មាន​ប្រេង ​គ្មានភ្លើងអគ្គិសនី ប្រើប្រាស់ គ្មាន​ចរាចរណ៍​ដឹកជញ្ជូន បូកផ្សំនឹង​ទំនិញ ដែល​រឹតតែឡើងថ្លៃ ដោយសារ​វិបត្តិស្បៀង ក្នុងពិភពលោក ដែល​កើតចេញមកពី​សង្រ្គាមអ៊ុយក្រែន។

តើ​ការចុះចេញពីតំណែង របស់​ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី​អាច​ដោះស្រាយ​វិបត្តិសេដ្ឋកិច្ច?

ការលាលែង​ចេញពីតំណែង​របស់​ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី នឹង​មិនអាច​ទៅដោះស្រាយ​បញ្ហា​ភ្លាមៗ​នោះទេ។ ប៉ុន្តែ យ៉ាងហោច វាអាច​បើកផ្លូវ​ឲ្យ​ស្រីលង្កា​ស្តារស្ថិរភាព​នយោបាយ​មួយគន្លាក់សិន មុននឹងអាច​ទៅដោះស្រាយបញ្ហា​សេដ្ឋកិច្ច។

ជាក់ស្តែង នៅក្នុងដំណាក់កាលដែល​ស្រីលង្កា លែង​មាន​ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី ប្រធានសភា ត្រូវ​ដឹកនាំប្រទេសបណ្តោះអាសន្ន មុន​នឹងបោះឆ្នោត ជ្រើសតាំង​ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តីថ្មី។ បើសិន​រដ្ឋាភិបាល​ថ្មី គ្មាន​ការតវ៉ា​ប្រឆាំង​ពី​ភាគីបក្សនយោបាយណាមួយទេ នោះ ស្រីលង្កា ដែល​មាន​ស្ថិរភាព​នយោបាយ​ហើយនោះ នឹង​អាច​មាន​ទឹកមាត់ប្រៃ ទៅ​ចរចា សុំ​ជំនួយ​ពី​បរទេស ប្រមាណ ជាង ៣ពាន់​លាន​ដុល្លារ ដែលស្រីលង្កា​ត្រូវការ​បន្ទាន់​សម្រាប់​ដោះស្រាយ​បញ្ហាប្រឈមចំពោះមុខ​សព្វថ្ងៃនេះ។

មូលនិធិហិរញ្ញវត្ថុអន្តរជាតិ​បាននិយាយហើយថា គេអាច​ផ្តល់ប្រាក់កម្ចី​ដល់​ស្រីលង្កា ប៉ុន្តែ ​រដ្ឋាភិបាល​ស្រីលង្កា​ត្រូវ​ធ្វើតាមលក្ខខណ្ឌ នោះ​គឺ ដំឡើង​អត្រាការប្រាក់ ហើយនិង​ឈប់លើកលែងពន្ធ ដែលជាប្រភព​ប្រាក់ចំណូលជាតិ។ ធនាគារពិភពលោក​វិញ បានសន្យា​ឲ្យស្រីលង្កា​ខ្ចី ប្រាក់ ៦០០លាន​ដុល្លារ ចំណែក ក្រុមប្រទេស​មហាឧស្សាហកម្ម G7បាន​សន្យា​ជួយ​សម្រាលបន្ទុកប្រាក់បំណុលបរទេស​របស់​ស្រីលង្កា។

តើចិន និង​ឥណ្ឌា​ដែលចង់ចងសម្ព័ន្ធភាពជាមួយស្រីលង្កា នៅឯណា?

នៅពេល ដែល​ស្រីលង្កា កំពុង​ជួប​វិបត្តិ​ដ៏ធ្ងន់ធ្ងរ ឥណ្ឌា​បាន​សន្យា ជួយស្រីលង្កា តាមរយៈ​ការផ្តល់ប្រាក់កម្ចី ជាង ១,៥​ពាន់លាន​ដុល្លារ បន្ថែមពីលើ​ប្រាក់កម្ចី​ដែលឥណ្ឌា​បាន​ឲ្យស្រីលង្កា​ខ្ចីកន្លងមក ប្រមាណ ១,៩ពាន់លានដុល្លារ សម្រាប់ការនាំចូលទំនិញ។

ចំណែក​ចិនវិញ  នាយករដ្ឋមន្រ្តី​ស្រីលង្កា​ធ្លាប់​ធ្វើដំណើរ​ទៅទីក្រុង​ប៉េកាំង ដើម្បី​សុំ​ឲ្យ​ចិន​គិតគូរ​ឡើងវិញ រឿង សង​ប្រាក់បំណុល ជាង​៥,៦ពាន់លានដុល្លារ ដែល​ស្រីលង្កា​ជំពាក់ចិន។ ដោយសារ​មិនអាច​សង​ប្រាក់បំណុល​ទាន់ពេលវេលា ទៅ​ឲ្យ​ចិន ស្រីលង្កា​ធ្លាប់​បាន​កាត់​កំពង់ផែ​ទឹកជ្រៅ ដែលជា​ទីតាំង​យុទ្ធសាស្រ្ត​យោធា នៅក្នុង​តំបន់​ ទៅ​ឲ្យចិន​គ្រប់គ្រងសម្រាប់រយៈពេល ៩៩ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ