អានតួអត្ថបទ

ស្រីលង្កាបានជាប់គាំង ហើយបរិមាណប្រេងបម្រុងបានធ្លាក់ចុះនៅក្រោមកម្រិតតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ

នៅ​ក្នុង​ប្រទេស​ស្រីលង្កា ក្រសួង​ថាមពល​បាន​ប្រកាស​ក្នុង​ថ្ងៃ​អាទិត្យ ទី៣ កក្កដា​ថា បរិមាណ​ប្រេងបម្រុង​បាន​ធ្លាក់​ដល់​កម្រិត​មួយ​នៅ​ក្រោម​កម្រិត​តម្រូវការ​ប្រចាំ​ថ្ងៃ។ ប្រឈម​នឹង​បញ្ហា​កង្វះ​ប្រេង​ពេល​នេះ ក្រុមហ៊ុន​ឡានក្រុង​ឯកជន​បាន​កាត់​បន្ថយ​ការ​ធ្វើ​ចរាចរណ៍​ឡានក្រុង​ពី ២០ ០០០គ្រឿង​នៅ​ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ១ ០០០គ្រឿង​ក្នុង​មួយ​ថ្ងៃ​ចាប់​ពី​ដើម​ខែ​កក្កដា​នេះ។ ចំណែក​នៅ​តាម​ស្ថានីយ​លក់​ប្រេង គេ​សង្កេត​ឃើញ​រថយន្ត និង​រម៉កកង់បី​ចត​ចាំ​បន្ត​កន្ទុយ​គ្នា​ច្រើន​គីឡូម៉ែត្រ​ដើម្បី​ចាក់​សាំង។ តាម​លោក​រដ្ឋមន្រ្តី​ថាមពល ប្រទេស​នឹង​ទទួល​បាន​ប្រេងសាំង​នៅ​ចន្លោះ​ថ្ងៃទី ២២ និង ២៣ កក្កដា​ខាង​មុខ។

នៅ​ស្រីលង្កា រថយន្ត និងរម៉កកង់បីចតចាំបន្តកន្ទុយគ្នាច្រើនគីឡូម៉ែត្រដើម្បីចាក់សាំងក្នុង​ទីក្រុង​កូឡុំបូ។
នៅ​ស្រីលង្កា រថយន្ត និងរម៉កកង់បីចតចាំបន្តកន្ទុយគ្នាច្រើនគីឡូម៉ែត្រដើម្បីចាក់សាំងក្នុង​ទីក្រុង​កូឡុំបូ។ REUTERS - DINUKA LIYANAWATTE
ផ្សាយពាណិជ្ជកម្ម

តាម​រដ្ឋមន្រ្តី​ក្រសួង​ថាមពល ប្រេង​ដែល​ស្រីលង្កា​កំពុង​មាន​ក្នុង​ស្តុក​សព្វ​ថ្ងៃ​មាន​ប្រមាណ​ជា ៤ ០០០តោន។ ចំនួន​នេះ​មាន​កម្រិត​ទាប​ជាង​តិចតួច​លើ​កម្រិត​ដែល​ស្រីលង្កា​ត្រូវ​ការ​ប្រើប្រាស់​ក្នុង​មួយ​ថ្ងៃ។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា ស្រីលង្កា​អស់​ប្រេង​ប្រើ​ចាប់​ពី​ដើម​ខែ​កក្កដា​នេះ​រហូត​ដល់​ពេល​ទទួល​បាន​ប្រេង​ថ្មី។ តាម​រដ្ឋមន្រ្តី​ថាមពល ប្រេងថ្មី​នឹង​មក​ដល់​នៅ​ចន្លោះ​ថ្ងៃទី២២ និង​ថ្ងៃទី២៣ កក្កដា។ នៅ​តាម​ស្ថានីយ​លក់ប្រេង​ក្នុង​ទីក្រុង​កូឡុំបូ មាន​ស្ថានីយ​ភាគ​ច្រើន​លែង​មាន​ប្រេងសាំង ឬ​ប្រេង​ម៉ាស៊ូត​លក់​តាំង​ពី​ច្រើន​ថ្ងៃ​កន្លង​មក។

ផលវិបាក​កើត​ចេញ​ពី​ការ​ខ្វះ​ប្រេង​នេះ ក្រុមហ៊ុន​ឡានក្រុង​ឯកជន​បាន​កាត់​បន្ថយ​សេវាដឹកជញ្ជូន​របស់​ខ្លួន​នៅ​ដើម​ខែ​កក្កដា​នេះ។ « យើង​ដាក់​ឡានក្រុង​ប្រមាណ​តែ ១ ០០០គ្រឿង​ប៉ុណ្ណោះ​ឲ្យ​ដំណើរការ​នៅ​ទូទាំង​ប្រទេស​ក្នុង​ចំណោម​ឡានក្រុង​ទាំង ២០ ០០០គ្រឿង » នេះ​ជា​ការ​ថ្លែង​របស់​ប្រធាន​សមាគម​ឡានក្រុង​ឯកជន។ តាម​ប្រធាន​សមាគម​ឡានក្រុង​ឯកជន​រូប​នេះ​ដដែល ស្ថានការណ៍​នឹង​ធ្លាក់​កាន់​តែ​ធ្ងន់ធ្ងរ ព្រោះ​គេ​មិន​ដឹង​រក​ទិញ​ប្រេង​ម៉ាស៊ូត​ពី​ណា​ទេ។ ក្រៅ​ពី​ខ្វះ​ប្រេង ស្រីលង្កា​ក៏​កំពុង​ជួប​ការ​ខ្វះ​ភ្លើងអគ្គិសនី​ដែរ។ ក្នុង​ថ្ងៃ​អាទិត្យ ទី៣ កក្កដា ការិយាល័យ និង​ហាង​លក់ទំនិញ​មួយ​ចំនួន​បាន​បិទទ្វារ​ដោយ​គ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់។

ក្នុង​ថ្ងៃ​ចន្ទ ទី៤ កក្កដានេះ ស្ថានការណ៍​នឹង​កាន់​តែ​ដុនដាប​ដោយសារ​តែ​ធនាគារ និង​ក្រុមហ៊ុន​ឯកជន​បើក​ទ្វារ​ធ្វើ​ការ។ ចំណែក​ស្ថាប័ន​រដ្ឋាភិបាល​មិន​ចាំ​បាច់ រួម​ទាំង​សាលារៀន​ត្រូវ​បាន​រដ្ឋ​បិទទ្វារ​រហូត​ដល់​ថ្ងៃទី១០ កក្កដា។ គួរ​បញ្ជាក់​ថា តាំង​ពី​ច្រើន​ខែ​មក​ហើយ​ដែល​ពលរដ្ឋ​ស្រីលង្កា​ទាំង ២២លាននាក់​បាន​រស់នៅ​ដោយ​ខ្វះ​សព្វ​គ្រប់ ពិសេស​ខ្វះ​ភ្លើងអគ្គិសនី ប្រេងសាំង និង​ស្បៀង។ រដ្ឋ​អស់​លុយ​ដើម្បី​ទិញ​ស្បៀង ប្រេង និង​ផលិតផល​ចាំ​បាច់​មួយ​ចំនួន។ រដ្ឋ​គ្មាន​លទ្ធភាព​សង​បំណុល​គេ​ចំនួន ៥១ ០០០លានដុល្លារ។ ក្នុង​ខែ​មេសា រដ្ឋាភិបាល​ក្រុង​កូឡុំបូ​បាន​ប្រកាស​ពី​ការ​ខកខាន​សង​បំណុល និង​កំពុង​ចរចា​រក​លុយ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។ តាំង​ពី​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៤៨ ប្រទេស​អាស៊ី​មួយ​នេះ​មិន​ដែល​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដុនដាប​ហៅ​មិន​ឮ​ដូច​ពេល​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ