អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បន្ទាប់ពីបានរង់ចាំអស់ច្រើនឆ្នាំ តេឡេស្កុបអវកាសជេមស៍វេបបានបង្ហាញរូបភាពដ៏អស្ចារ្យលើកទី១

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី១១ កក្កដា ក្រុមហ៊ុន​អវកាស​ណាហ្សា​បាន​បង្ហាញ​ពិភពលោក​នូវ​រូបភាព​ដែល​តេឡេស្កុបអវកាសជេមស៍វេប (James Webb) ថត​បាន​ជា​លើក​ទី១។ គឺ​ជា​រូបភាព​ដ៏​អស្ចារ្យ​ដែល​បង្ហាញ​ពី​ការ​បណ្តុំ​របស់​កាឡាក់ស៊ី​នៅ​ក្រោយ​ប៊ីកប៊ែង (Big Bang) កាល​ពី​ជាង ១៣ពាន់លានឆ្នាំ​មុន។ ក្រោយ​រូបភាព​លើក​ដំបូង​ដ៏​អស្ចារ្យ​នេះ ណាហ្សា​គ្រោង​បញ្ចេញ​នូវ​រូបភាព​ថ្មីៗ​ទៀត​នា​ថ្ងៃ​អង្គារ ទី១២ កក្កដា​នេះ។

បន្ទាប់ពីបានរង់ចាំអស់ច្រើនឆ្នាំ តេឡេស្កុបអវកាសជេមស៍វេបបានបង្ហាញរូបភាពដ៏អស្ចារ្យលើកទី១ ថ្ងៃទី១១ កក្កដា ២០២២។
បន្ទាប់ពីបានរង់ចាំអស់ច្រើនឆ្នាំ តេឡេស្កុបអវកាសជេមស៍វេបបានបង្ហាញរូបភាពដ៏អស្ចារ្យលើកទី១ ថ្ងៃទី១១ កក្កដា ២០២២។ © NASA
ផ្សាយពាណិជ្ជកម្ម

តេឡេស្កុប​អវកាស​ជេមស៍វេប (James Webb) ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃ​ទី២៥ ធ្នូ ឆ្នាំ ២០២១ និង​បាន​ទៅ​ដល់​គោលដៅ​ដែល​គេ​ចង់​បាន​នៅ​ចម្ងាយ ១លាន ៥សែន​គីឡូម៉ែត្រ​ពី​ផែនដី​កាល​ពី​ថ្ងៃទី២៣ មករា​ដើម​ឆ្នាំ ២០២២។ ក្រោយ​ពី​បាន​បំពេញ​បេសកម្ម​រយៈពេល ៦ខែ តេឡេស្កុប​អវកាស​ជេមស៍វេប​បាន​បញ្ជូន​រូបភាព​លើកទី១ ឲ្យ​ផែនដី​ក្នុង​ថ្ងៃទី១១ កកដា។ ដូច​ដែល​គេ​បាន​រង់​ចាំ គឺ​ជា​រូបភាព​ដ៏​អស្ចារ្យ ព្រោះ​ជា​រូបភាព​ពណ៌ និង​ច្បាស់​ខ្លាំង​ដូច​ដែល​គេ​ថត​នៅ​ជិត​បង្កើយ។ គួរ​រម្លឹក​បន្តិច​ថា ពិភពលោក​ធ្លាប់​មាន​តេឡេស្កុបអវកាស​ច្រើន​ប្រភេទ​ដូច​ជាតេឡេស្កុបអវកាសហឺបល Spitzer Kepler ហើយ​ថ្មី​ចុង​ក្រោយ គឺ​តេឡេស្កុបជេមស៍វេប​ដែល​ធំ និង​ទំនើប​ជាង​គេ។

ថ្ងៃ​ដែល​ណាហ្សា​បាន​បង្ហាញ​រូបភាព​វិទ្យាសាស្រ្ត និង​ជា​ពណ៌​ដ៏​អស្ចារ្យ​ផ្តល់​ដោយ​តេឡេស្កុបអវកាសជេមស៍វេប​លើកទី១ ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​ចាត់​ទុក​ជា​ថ្ងៃ​ប្រវត្តិសាស្រ្ត​សម្រាប់​មនុស្សជាតិ។ សម្រាប់​ណាហ្សា រូបថត​ផ្តល់​ដោយ​តេឡេស្កុបជេមស៍វេប​គឺ​ជា​រូបភាព​អាំងហ្រ្វារូ​ដែល​ថត​បាន​ឆ្ងាយ​រាប់ពាន់លាន​ឆ្នាំ​ពន្លឺ និង​ច្បាស់​ដែល​គេ​មិន​ធ្លាប់​បាន​ធ្វើ​ទេ​មក​ដល់​ពេល​នេះ។ តែ​ណាហ្សា​មិន​ភ្លេច​បញ្ជាក់​ថា ទំរាំ​ថត​បាន​រូបភាព​ជា​ពណ៌ និង​ច្បាស់​ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​វត្តមាន​កាឡាក់ស៊ី​យ៉ាង​ស្អេកស្កាស់​មួយ​នេះ តេឡេស្កុបអវកាសជេមស៍វេប​បាន​ចំណាយ​ពេល​សង្កេត​រយៈពេល ១២ម៉ោង​កន្លះ។

តាម​រយៈ​រូបភាព​ដែល​តេឡេស្កុបអវកាសជេមស៍វេប​ថត​បាន​ពេល​នេះ ណាហ្សា​អាច​ផ្តើម​ការងារ​ស្រាវជ្រាវ​របស់​ខ្លួន​ដើម្បី​ស្វែង​យល់​ឲ្យ​កាន់​តែ​ច្បាស់ និង​ស៊ីជម្រៅ​ពី​ទំហំ អាយុ ប្រវត្តិ និង​ការ កកើត​របស់​កាឡាស៊ី​ទាំង​នោះ។

លក្ខណៈពិសេស និង​សមត្ថភាព​របស់​តេឡេស្កុបអវកាសជេមស៍វេប

តេឡេស្កុបអវកាស​ជេមស៍វេប​មាន​លក្ខណៈ​ពិសេស​ខ្លាំង​មែន​ទែន បើ​ធៀប​នឹង​តេឡេស្កុបអវកាសហឺបល។ អ្វី​ដែល​តេឡេស្កុប​ហឺបល​មិន​អាច​មើល​ឃើញ ពិសេស​នៅ​ចម្ងាយ​ឆ្ងាយ តេឡេស្កុបជេមស៍វេប​អាច​មើល​ឃើញ។ អ្វី​ដែល​តេឡេស្កុប​ហឺបល​មិន​អាច​ញែក​ដាច់​ពី​គ្នា និង​កំណត់​អត្តសញ្ញាណ​របស់​កាឡាក់ស៊ី​មួយៗ​បាន តេឡេស្កុបជេមស៍វេប​អាច​ធ្វើ​បាន។ តាម​ពិត តេឡេស្កុបជេមស៍វេប​មាន​ជំនាញ​ខាង​ចាប់​​ពន្លឺ​ប្រភេទ​អាំងហ្វ្រារូ។ តាម​រយៈ​កញ្ចក់​ដែល​មាន​មុខកាត់​ដល់​ទៅ ៦ម៉ែត្រ​កន្លះ មាន​ស្រោបមាស​ពី​លើ និង​មាន​បំពាក់​នូវ​ឧបករណ៍​វិទ្យាសាស្រ្ត​ទំនើបៗ តេឡេស្កុបជេមស៍វេប​មាន​សមត្ថភាព​ឆ្លុះ​មើល​ឃើញ​ផ្កាយ និង​កាឡាក់ស៊ី​ដែល​ស្ថិត​នៅ​​ចម្ងាយ​រហូត​ដល់​ទៅ ១៣ពាន់៦រយលាន​ឆ្នាំ​ពន្លឺ​ពី​ភពផែនដី។

ចម្ងាយ ១៣ពាន់៦រយលានឆ្នាំពន្លឺ​មាន​ន័យ​ថា ពន្លឺ​ដែល​ចេញ​ពី​ផ្កាយ ឬ​កាឡាក់ស៊ី​ទាំង​អស់​នោះ​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ ១៣ពាន់៦រយលានឆ្នាំ​ទើប​អាច​ធ្វើ​ដំណើរ​មក​ដល់​ភព​ផែនដី និង​ប៉ះ​នឹង​កញ្ចក់​របស់​តេឡេស្កុបជេមស៍វេប ឬ​គេ​អាច​និយាយ​បញ្ច្រាស​វិញ​ថា ពន្លឺ​ដែល​មក​ប៉ះ​នឹង​កញ្ចក់​តេឡេស្កុបជេមស៍វេប​ជា​ពន្លឺ​ដែល​ចេញ​ពី​ផ្កាយ និង​កាឡាក់ស៊ី​តាំង​ពី ១៣ពាន់៦រយលាន​ឆ្នាំ​មុន។ ដូច្នេះ រូបភាព​ដែល​តេឡេស្កុបជេមស៍វេប​ឆ្លុះ​មើល​ឃើញ​ជា​រូបភាព​ផ្កាយ និង​កាឡាក់ស៊ី​ក្នុង​ទម្រង់​ដើម​កាល​ពី ១៣ពាន់៦រយលាន​ឆ្នាំ​មុន ពោល​ជា​ផ្កាយ និង​កាឡាក់ស៊ី​ដំបូងៗ​បង្អស់។

ជាមួយ​នឹង​តេឡេស្កុបជេមស៍វេប អ្នក​វិទ្យាសាស្រ្ត​អាច​សិក្សា​កាន់​តែ​លម្អិត​ពីវដ្តនៃ​ជីវិតរបស់​ផ្កាយ ពិសេស​ការ​ចាប់​កំណើត​របស់​ផ្កាយ និង​ការ​កកើត​ភព​ដំបូងៗ​នៅ​ជុំវិញ​ផ្កាយ​ដែល​ទើប​នឹង​ចាប់​កំណើត។ ជាមួយ​នឹង​លក្ខណៈ​ពិសេស និង​សមត្ថភាព​របស់​តេឡេស្កុបអវកាសជេមស៍វេបនេះ ការ​ចំណាយ​ដើម្បី​ផលិត​តេឡេស្កុបមួយ​នេះ​ក៏​បាន​ចាយ​លុយ​ច្រើន​ដែរ គឺ ១០ ០០០លានដុល្លារ​ដោយ​មាន​ការ​សហការ​របស់​អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​កាណាដា។

ភព​ថ្មី​ដែល​មាន​ទម្រង់ និង​អំណោយផល​សម្រាប់​ជីវិត​សត្វលោក​ដូច​ផែនដី?

មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​អាច​និយាយ​បាន​ពី​វត្តមាន​ភព​ថ្មី​ដែល​មាន​ទម្រង់ និង​អំណាយផល​សម្រាប់​ជីវិត​មនុស្ស​ដូច​ផែនដី​នៅ​ឡើយ​ទេ។ តេឡេស្កុបអវកាសជេមស៍វេប​ទើប​តែ​បាន​ផ្តើម​បេសកម្ម​របស់​ខ្លួន និង​នៅ​មាន​រូបភាព​ដ៏​អស្ចារ្យ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​តេឡេស្កុប​មួយ​នេះ​នឹង​បង្ហាញ​ជា​បន្តបន្ទាប់​ដល់​ផែនដី​នា​ពេល​មុខ។ រហូត​មក​ដល់​ពេល​នេះ គេ​ដឹង​ថា​ផ្កាយ​ចាប់​កំណើត​ពី​​សារធាតុ​តូចល្អិត​ដែល​នៅ​ប្រមូល​ផ្តុំ​គ្នា​ប្រៀប​ដូច​ជា​ដុំ​ពពក​ដែល​គេ​ឲ្យ​ឈ្មោះ « ណេប៊ុយឡា » (Nebula)។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​តាម​តំបន់​ដែល​មាន​ផ្កាយ ឬ​បណ្តុំផ្កាយ​កំពុង​ចាប់កំណើត​តែង​តែ​បាន​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ធូលី​បិទ​បាំង​ដែល​គ្មាន​តេឡេស្កុប​អវកាស​កន្លង​មក​អាច​ឆ្លុះ​មើល​ឃើញ​ផ្កាយ និង​ភព​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​កកើត​ដំបូងៗ​បាន​ទេ។

តែ​ជាមួយ​នឹង​តេឡេស្កុបអវកាសជេមស៍វេប ភាព​ស្រពិចស្រពិល និង​អាថ៍កំបាំង​ទាំង​នេះ​លែង​​ចោទ​ជា​បញ្ហា​​ទៀត​ឡើយ។ សមត្ថភាព​ចាប់​ពន្លឺ​អាំងហ្វ្រារូ​របស់​តេឡេស្កុបជេមស៍វេប​អាច​ឆ្លុះ​មើល​ធ្លុះស្រទាប់​ល្អង​ធូលី​របស់​ណេប៊ុយឡា និង​អាច​ផ្តិត​យក​បាន​នូវ​រូបភាព​កាន់​តែច្បាស់ និង​លម្អិត​ពី​យន្តការ​នៃ​ការ​កកើត​ផ្កាយ ក៏​ដូច​ជា​ដំណើរការ​កកើត​ភព​នៅ​ជុំវិញ​ផ្កាយ​ដែល​ទើប​នឹង​ចាប់​កំណើត។ តាម​ពិត តេឡេស្កុបជេមស៍វេប​គ្មាន​សមត្ថភាព​ឆ្លុះ​មើល​អ្វីៗ​ដែល​មាន​នៅ​លើ​ផ្ទៃដី​ភពផ្សេង​បាន​ទេ។ អ្វី​ដែល​ជេមស៍វេប​អាច​ធ្វើ​បាន​នៅ​ក្នុង​ការ​សិក្សា​ស្វែង​រក​ជីវិត​ក្រៅ​ភព គឺ​ប្រមូល​ទិន្នន័យ​លម្អិត​ពី​ស្រទាប់​បរិយាកាស​ដើម្បី​ឲ្យ​អ្នកវិទ្យាសាស្រ្ត​កំណត់​ពី​សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​ស្រទាប់​បរិយាកាស។

តាម​រយៈ​ទិន្នន័យ​ដែល​ប្រមូល​បាន អ្នក​វិទ្យាសាស្រ្ត​អាច​កំណត់​បាន​ថា​តើ​ភព​មួយ​ណា​ដែល​សារធាតុ​គីមី​ចាំ​ក្នុង​ការ​ឈាន​ទៅ​បង្កើត​ឲ្យ​លក្ខខណ្ឌ និង​អំណោយផល​ដល់​ជីវិត​ដូច​នៅ​ផែនដី​បច្ចុបប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ