អានតួអត្ថបទ
អវកាស

ណាសា និងទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាញ់​បង្ហោះ​តេឡេស្កុប​អវកាស ជេមស៍វេប ដើម្បី​ឆ្លុះមើល​​​លំហ​​ចក្រវាឡ

នៅវេលាម៉ោង ១២ និង​ ២០នាទី ម៉ោងសកល ថ្ងៃទី២៥ធ្នូនេះ ទីភ្នាក់ងារអវកាសអាមេរិក ណាសា សហការជាមួយទីភ្នាក់ងារអវកាសអឺរ៉ុប នឹងបាញ់បង្ហោះ តេឡេស្កុបអវកាសជេមស៍វេប (James Webb) ដើម្បីទៅឆ្លុះមើល និងសិក្សាពីលំហចក្រវាឡ។ ជេមស៍វេប គឺជាតេឡេស្កុបដ៏មានតម្លៃថ្លៃបំផុត និង​ត្រូវបានបំពាក់​ដោយ​បច្ចេកវិទ្យាទំនើប ជឿនលឿនបំផុតមិនធ្លាប់មាន នៅក្នុង​ប្រវត្តិសាស្ត្រ​​នៃការស្រាវជ្រាវអវកាស។

យាន Ariane 5 ដែលនឹងហោះនាំយកតេឡាស្កុបអវកាស James Webb ទៅកាន់លំហអាកាស។ ស្ថានីយ៍អវកាសគូរូ តំបន់ហ្គុយយ៉ានបារាំង ថ្ងៃទី ២៥ ធ្នូ ២០២១
យាន Ariane 5 ដែលនឹងហោះនាំយកតេឡាស្កុបអវកាស James Webb ទៅកាន់លំហអាកាស។ ស្ថានីយ៍អវកាសគូរូ តំបន់ហ្គុយយ៉ានបារាំង ថ្ងៃទី ២៥ ធ្នូ ២០២១ AP - Bill Ingalls
ផ្សាយពាណិជ្ជកម្ម

បើគ្មាន​កត្តាអាកាសធាតុនឹងមករំខានទេនោះ យានអារីយ៉ាន-៥ នឹងត្រូវបាញ់បង្ហោះ ចេញពីស្ថានីយ៍​អវកាសគូរូ ស្ថិតនៅដែនដីហ្គុយយ៉ានបារាំង នៅវេលាម៉ោង ១២និង២០នាទី ម៉ោងសកល ថ្ងៃទី​២៥ធ្នូ​។ យានអារីយ៉ាន-៥ នឹងនាំយក តេឡេស្កុបអវកាសជេមស៍វេប​ (JWST) ឡើងទៅកាន់លំហ​អាកាស មុននឹង​ព្រលែង​តេឡេស្កុបនេះ ឲ្យ​ហោះអណ្តែត ក្នុងរយៈចំងាយ ១លាន៥សែនគីឡូម៉ែត្រពីផែនដី។

អស់រយៈពេល​២៥ឆ្នាំមកហើយ ដែលអ្នកវិទ្យាសាស្ត្រ បានរងចាំចាំថ្ងៃនេះ ជាថ្ងៃដែល​តេឡេស្កុបអវកាស ដ៏ទំនើប និងបំពាក់ដោយបច្ចេកវិទ្យាដ៏ស្មុគស្មាញបំផុត នឹងត្រូវបាញ់បង្ហោះដើម្បីបើកទំព័របេសកកម្មស្រាវជ្រាវ ថតផ្តិតយករូបភាពនៅក្នុងលំហចក្រវាឡ ដ៏សែនឆ្ងាយ។ តេឡេស្កុបអវកាសជេមស៍វេប ត្រូវបានកសាងឡើង ដោយចំណាយប្រាក់​ប្រមាណ ១ម៉ឺនលានដុល្លារ។

លើសពីកត្តាតម្លៃដ៏ថ្លៃនៃតេឡេស្កុបនេះ បេសកកម្មបាញ់បង្ហោះវាគឺជារឿងដ៏រំជើបរំជួល ភ័យផងអរផង របស់ក្រុមការងារអវកាស។ ណាសា ចាត់ទុកថានេះគឺជាបេសកកម្មប្រចាំសតវត្សទី​២១នេះតែម្តង ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការស្រាវជ្រាវ ពី​ប្រវត្តិ នៃការកកើតចក្រវាឡ និងដែនហ្កាឡាក់ស៊ីឆ្ងាយៗ។ លោក Thomas Zurbuchen ប្រធាន​បេសកកម្មវិទ្យាសាស្ត្ររបស់ណាសា បាន​បញ្ជាក់ថា លោកព្រឺឆ្អឹងខ្នង និងភ័យបុកពោះណាស់ ខ្លាចក្រែងតែបេសកកម្មបាញ់បង្ហោះនេះ ជួបបរាជ័យ។

បំពាក់ដោយ​កែវកញ្ចក់ ដែលមានមុខកាត់ប្រវែង​៦ម៉ែត្រ​កន្លះ​ តេឡេស្កុបជេមស៍វេប គឺជាតេឡេស្កុបអវកាសដ៏ធំបំផុត ដែលគេមិនធ្លាប់សាងសង់ និង​បង្ហោះទៅក្នុងលំហអាកាសទេ។ ជេមស៍វេប នឹងអាចឆ្លុះ ប្រមើរមើលនូវ​ការកកើតដែនហ្កាឡាក់ស៊ីដំបូងៗគេ ក្នុងចក្រវាឡ ដែលមានអាយុតាំងតែពី ១៣០០០លានឆ្នាំមុន នឹងអាចស្ទង់វិភាគបរិយាកាស នៅជុំវិញភពនានា ដែលរណបនឹងតារាធំៗផ្សេងទៀត ក្រៅពីព្រះអាទិត្យ។

លោក Thomas Zurbuchen លើកឡើងថា បេសកកម្មនេះ នឹងអនុញ្ញាតឲ្យ​អ្នកវិទ្យាសាស្ត្រ ឆ្វេងយល់កាន់តែច្បាស់ ថាតើមានទំរង់ជីវិតផ្សេងទៀត ក្នុងលំហចក្រវាឡ ក្រៅពីនៅលើ​ផែនដីយើង ដែរឬទេ។ វាគឺជាឱកាសមិនអាចកាត់ថ្លៃបាន​ ដែលនឹងមក​បើកចំហការយល់ឃើញ ស្តីពីប្រភព និងដើមកំណើតរបស់មនុស្សជាតិយើងផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ