អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតីរុស្ស៊ីលោកពូទីនកំពុងបន្តផ្លុំខ្យល់ក្តៅ និងខ្យល់ត្រជាក់ដាក់អឺរ៉ុបក្នុងរឿងឧស្ម័ន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ កក្កដា ក្រុមហ៊ុន​ឧស្ម័ន​រុស្ស៊ី Gazprom បាន​ផ្តើម​បង្ហូរ​ឧស្ម័ន​តាម​បំពង់ Nord Stream ១ ជា​ថ្មី ក្រោយ​ពី​បាន​បិទ​ដើម្បី​ជួសជុល​រយៈពេល ១០ថ្ងៃ។ តែ​ភាព​ស្រពិចស្រពិល​កំពុង​បន្ត​មាន​ទាក់ទង​នឹង​បរិមាណ​ដែល​បាន​បង្ហូរ។ ចំណែក​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​បាន​បន្ត​ផ្លុំ​ខ្យល់​ក្តៅ និង​ខ្យល់​ត្រជាក់​នៅ​ក្នុង​រឿង​ឧស្ម័ន​នេះ។ យ៉ាង​ណា​ក៏​ដោយ សហភាព​អឺរ៉ុប​បាន​ស្នើ​ឲ្យ​ប្រទេស​សមាជិក​ផ្តើម​កាត់​បន្ថយ​ការ​ប្រើ​ឧស្ម័ន​ចំនួន ១៥%។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ កក្កដា ក្រុមហ៊ុន​ឧស្ម័ន​រុស្ស៊ី Gazprom បាន​ផ្តើម​បង្ហូរ​ឧស្ម័ន​តាម​បំពង់ Nord Stream ១ ជា​ថ្មី ក្រោយ​ពី​បាន​បិទ​ដើម្បី​ជួសជុល​រយៈពេល ១០ថ្ងៃ។
នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ កក្កដា ក្រុមហ៊ុន​ឧស្ម័ន​រុស្ស៊ី Gazprom បាន​ផ្តើម​បង្ហូរ​ឧស្ម័ន​តាម​បំពង់ Nord Stream ១ ជា​ថ្មី ក្រោយ​ពី​បាន​បិទ​ដើម្បី​ជួសជុល​រយៈពេល ១០ថ្ងៃ។ REUTERS - HANNIBAL HANSCHKE
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​ក្រុមហ៊ុន​ឧស្ម័ន​រុស្ស៊ី Gazprom បាន​ផ្តើម​បង្ហូរ​ឧស្ម័ន​តាម​បំពង់ Nord Stream ១ ជា​ថ្មី​ជា​ដំណឹង​ល្អ​សម្រាប់​អឺរ៉ុប ពិសេស​សម្រាប់​ប្រទេស​អាល្លឺម៉ង់​ដែល​បាន​ពឹង​លើ​ឧស្ម័ន​រុស្ស៊ី​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អឺរ៉ុប​ផ្សេង​ទៀត។ គួរ​រម្លឹក​បន្តិច​ថា ឧស្ម័ន​បង្ហូរ​តាម​បំពង់ Nord Stream ១ ត្រូវ​បាន​ក្រុមហ៊ុន​ឧស្ម័ន​រុស្ស៊ី Gazprom លក់​ទៅ​ឲ្យ​អាល្លឺម៉ង់ និង​បណ្តា​ប្រទេស​អឺរ៉ុប​ប៉ែក​ខាង​លិច​ផ្សេង​ទៀត។ នៅ​ពេល​ដែល Gazprom បាន​ប្រកាស​បិទ​រ៉ូប៊ីណេ​បំពង់ Nord Stream ១ រយៈពេល ១០ថ្ងៃ​កាល​ពី​ថ្ងៃទី១១ កក្កដា​ដើម្បី​ជួសជុល អាល្លឺម៉ង់​បាន​ភ័យ​ស្លន់ស្លោ​ជាង​គេ​ដោយ​បារម្ភ​ខ្លាច Gazprom បិទ​លែង​បើក​ឡើង​វិញ។

ឥឡូវ​នេះ អាល្លឺម៉ង់​ហាក់​បាន​ធូរ​ទ្រូង​ឡើង​វិញ តែ​កំពុង​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​ដោយ​មិន​ដឹង​ពី​បរិមាណ​ឧស្ម័ន​ដែល​Gazprom បាន​បញ្ជូន​ជា​ថ្មី​នៅ​ពេល​នេះ។ បើ​តាម​ទីភ្នាក់ងារ​ថាមពល​អាល្លឺម៉ង់ គឺ​មាន​បរិមាណ​តែ ៣០% ប៉ុណ្ណោះ​ដែល Gazprom បាន​បញ្ជូន ពោល​គឺ​តិច​ជាង ១០% នៅ​មុន​ពេល​បិទ​ដើម្បី​ធ្វើ​ការ​ជួសជុល។ គួរ​បញ្ជាក់​ថា នៅ​មុន​ពេល​បិទ​រ៉ូប៊ីណេ​ដើម្បី​ជួសជុល​បំពង់ Nord Stream ១ កាល​ពី ១០ថ្ងៃ​មុន Gazprom បាន​កាត់​បន្ថយ​ការ​បញ្ជូន​ឧស្ម័ន​តាម​បំពង់​បង្ហូរ​នេះ​នៅ​ត្រឹម ៤០% តាំង​ពី​ពាក់កណ្តាល​ខែ​មិថុនា។ ហេតុផល​ពេល​នោះ​ត្រូវ​បាន Gazprom បញ្ជាក់​ថា មាន​ទួរប៊ីន​មួយ​បាន​បញ្ជូន​ទៅ​ត្រួតពិនិត្យ​ដើម្បី​ជួសជុល​នៅ​ក្នុង​ប្រទេស​កាណាដា។

ពិត​ណាស់ ការ​ដែល Gazprom បាន​បង្ហូរ​ឲ្យ​ក្នុង​បរិមាណ ៣០% ឬ ៤០% គឺ​គ្រាន់​បើ​ជាង ០%។ តែ​សម្រាប់​អាល្លឺម៉ង់ ទោះ ៣០% ឬ ៤០% ក៏​នៅ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​ធានា​លើ​តម្រូវការ​ក្នុង​ស្រុក​នា​ពេល​រដូវ​រងារ​ខាង​មុខ​ដែរ។ គួរ​រម្លឹក​ថា​នៅ​មុន​ផ្ទុះ​សង្រ្គាម​អ៊ុយក្រែន បរិមាណ​ឧស្ម័ន​ដែល​សហភាពអឺរ៉ុប​បាន​នាំ​ចូល មាន​ជាង ៤៨% បាន​ទិញ​ពី​រុស្ស៊ី។ ចំណែក​អាល្លឺម៉ង់​វិញ​បាន​ទិញ​ពី​រុស្ស៊ី​ដល់​ទៅ ៥៥%។

ចុះ​បើ​រុស្ស៊ី​បិទ​ក្បាលរ៉ូប៊ីណេ​រហូត?

ក្បាល​រ៉ូប៊ីណេ​កំពុង​ស្ថិត​ក្នុង​ដៃ​រុស្ស៊ី​ដែល​រុស្ស៊ី​អាច​បិទ បើក​ពេល​ណា​ក៏​បាន។ តែ​ចំណោត​គឺ​ស្ថិត​លើ​ផលវិបាក​ដែល​កើត​ចេញ​ពី​ការ​បិទ បើក ហើយ​ផលវិបាក​នេះ​មាន​ទាំង​នៅ​ខាង​អ្នក​លក់​ដែល​ជា​ភាគី​រុស្ស៊ី និង​ខាង​អ្នក​ទិញ​ដែល​ជា​ភាគី​អឺរ៉ុប។ គួរ​បញ្ជាក់​ថា តាំង​ពី​ថ្ងៃ​ដែល​រុស្ស៊ី​បាន​លើក​ទ័ព​ចូល​ឈ្លានពាន​អ៊ុយក្រែន បស្ចិមលោក និយាយ​ជា​រួម និង​សហភាព​អឺរ៉ុប និយាយ​ដោយ​ឡែក​បាន​ព្យាយាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី​តាម​គ្រប់​រូបភាព​ទាំង​អស់។ កម្មវត្ថុ គឺ​ខ្ទប់ដង្ហើម​សេដ្ឋកិច្ច​រុស្ស៊ី​ដើម្បី​ឲ្យ​រុស្ស៊ី​បញ្ឈប់​សង្រ្គាម​នៅ​អ៊ុយក្រែន។

ក្នុង​ចំណោម​វិធានការ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ប្រេង និង​ឧស្ម័ន​រុស្ស៊ី​ជា​ផ្ទាំងស៊ីប និង​ជា​កន្លែង​ចុកចាប់​ខ្លាំង​ជាង​គេ​សម្រាប់​រុស្ស៊ី។ ចូល​កុំ​ភ្លេច​ថា លុយ​ដែល​រុស្ស៊ី​ទទួល​បាន​ពី​ការ​លក់​ប្រេង និង​ឧស្ម័ន​ឲ្យ​អឺរ៉ុប​មាន​ទំហំ​ធំធេង​ខ្លាំង​ណាស់។ អឺរ៉ុប​គិត​ថា វិធានការ​ទណ្ឌកម្ម​មួយ​នេះ​ជា​ការ​ផ្តាច់​ចំណូល​ពី​រុស្ស៊ី​សម្រាប់​ចំណាយ​លើ​សង្រ្គាម​អ៊ុយក្រែន។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ការ​ឈប់​ទិញ​ប្រេង និង​ឧស្ម័ន​រុស្ស៊ី​ក៏​បាន​ធ្វើ​ឲ្យ​អឺរ៉ុប​ឈឺ​ចុកចាប់​ដូច​គ្នា។ អ៊ីចឹង​ហើយ​បាន​ជា​ពេល​នេះ ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​កំពុង​បន្ត​ផ្លុំ​ខ្យល់ក្តៅ​ផង និង​ត្រជាក់​ផង​ក្នុង​រឿង​ឧស្ម័ន​នេះ។

មនុស្ស​ខ្លាំង​រុស្ស៊ី​រូប​នេះ​បាន​ទម្លាយ​ឲ្យ​ដឹង​ក្នុង​សប្តាហ៍​នេះ​ថា បំពង់​បង្ហូរ​ឧស្ម័ន Nord Stream ១ អាច​មាន​សមត្ថភាព​ដំណើរការ​តែ ២០% ប៉ុណ្ណោះ​នា​ពេល​ខាង​មុខ ព្រោះ Gazprom ត្រូវ​ការ​យក​ទួរប៊ីន​ផ្សេង​ទៀត​ទៅ​ត្រួតពិនិត្យ ជុសជុល។ តែ​អឺរ៉ុប​យល់​ថា នេះ​គ្រាន់​ជា​លេស និង​បាន​ចោទ​លោក​ពូទីន​ពី​បទ​យក​ឧស្ម័ន​ធ្វើ​ជា​អាវុធ​ប្រឆាំង​អឺរ៉ុប។

សន្សំសំចៃ​ឧស្ម័ន​ជា​ផ្លូវ​ដែល​សហភាពអឺរ៉ុប​កំពុង​សំឡឹង​ឃើញ​ពេល​នេះ

សហភាព​អឺរ៉ុប​បាន​ផ្តើម​កាត់​បន្ថយ​ការ​ទិញ​ប្រេង និង​ឧស្ម័ន​រុស្ស៊ី​បន្តិច​ម្តងៗ​ដើម្បី​ឈាន​ទៅ​ឈប់​ទិញ​ទាំង​ស្រុង។ តែ​សួរ​ថា តើ​អឺរ៉ុប​នឹង​ឈប់​ទិញ​ប្រេង និង​ឧស្ម័ន​រុស្ស៊ី​មុន​គេ ឬ​មួយ​ក៏​រុស្ស៊ី​ជា​អ្នក​ឈប់​លក់​ប្រេង និង​ឧស្ម័ន​ឲ្យ​អឺរ៉ុប​មុន​គេ។ បើ​អឺរ៉ុប​ជា​អ្នក​ផ្តើម​មុន​គេ​ប្រហែល​មិន​សូវ​អី​ប៉ុន្មាន​ទេ តែ​បើ​រុស្ស៊ី​ជា​ផ្តើម​មុន​គេ​វិញ គឺ​អឺរ៉ុប​ច្បាស់​ជា​ជួប​គ្រោះ​មហន្តរាយ​ថាមពល​ដោយ​ចៀស​មិន​រួច។ ចូរ​កុំ​ភ្លេច​ថា រឿង​ប្រេង​មិន​សូវ​ចំណោត​ប៉ុន្មាន​ទេ ព្រោះ​អឺរ៉ុប​អាច​រក​ទិញ​ពី​ប្រទេស​ផ្សេង​បាន។ តែ​រឿង​ឧស្ម័ន​ហាក់​ដូច​យ៉ាប់​បន្តិច ព្រោះ​វា​ជា​ផលិតផល​ដែល​ពិបាក​ដឹក​ជញ្ជូន។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ អឺរ៉ុប​កំពុង​ត្រៀម​សេណារីយ៉ូ​ដើម្បី​ទប់​នឹង​ការ​ដែល​រុស្ស៊ី​បិទ​ក្បាល​រ៉ូប៊ីណេ​ឧស្ម័ន​ទាំង​ស្រុង​នៅ​ថ្ងៃ​ណា​មួយ។ សេណារីយ៉ូ​ដែល​គណៈកម្មការ​អឺរ៉ុប​បាន​ស្នើ​ឡើង​ក្នុង​ថ្ងៃ​ពុធ ទី២០ កក្កដា គឺ​ផែនការ​សន្សំសំចៃ​ការ​ប្រើ​ឧស្ម័ន​ចំនួន ១៥% នៅ​ក្នុង​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង​អស់។ អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​ព្រមាន​ថា ប្រទេស​សមាជិក​នីមួយៗ​ត្រូវ​ចាត់​វិធានការ​កាត់​បន្ថយ​ការ​ប្រើ​ឧស្ម័ន​ពី​ឥឡូវ​ទៅ​ដើម្បី​បញ្ជៀស​ភាព​អាសន្ន និង​គ្រោះមហន្តរាយ​នា​ពេល​ខាង​មុខ។ តាម​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយែន សហភាព​អឺរ៉ុប​អាច​បន្ថយ​ការ​ប្រើ​ឧស្ម័ន​ប្រចាំ​ឆ្នាំ​ក្នុង​បរិមាណ ៤៥ ០០០លាន​ម៉ែត្រគូប។ គួរ​បញ្ជាក់​ថា​ក្នុង​ឆ្នាំ ២០២០ រុស្ស៊ី​បាន​លក់​ឧស្ម័ន​ឲ្យ​អឺរ៉ុប​ក្នុង​បរិមាណ​ប្រមាណ​ជា ១៥៣ ០០០លានម៉ែត្រគូប។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ផែនការ​របស់​គណៈកម្មការ​អឺរ៉ុប​ឲ្យ​ប្រើ​ឧស្ម័ន​សន្សំសំចៃ​ពេល​នេះ​នឹង​អាច​ទៅ​រួច​ឬ​អត់​ទេ ព្រោះ​​ប្រទេស​សមាជិក​នីមួយៗ​ត្រូវ​យក​ទៅ​ពិនិត្យ និង​ជជែក​នា​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ