អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សម្តេចប៉ាប ហ្វ្រង់ស័រធ្វើដំណើរទៅកាណាដាដើម្បីនិយាយសុំទោសជនជាតិដើមភាគតិច

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខសង្ឃកាតូលិក សម្តេចប៉ាប​ហ្រ្វង់ស័រ បាន​ចាកចេញ​ពី​ទីក្រុងរ៉ូម នៅថ្ងៃ​អាទិត្យទី ២៤ កក្កដា ដើម្បី​ផ្តើម​ទស្សនកិច្ច​រយៈពេល ៦ថ្ងៃ នៅប្រទេស​កាណាដា។ ជា​ធម្មយាត្រា ទទួល​បរិវាសកម្ម ឬដំណើរទទួលទោស ដែល​ប្រមុខសង្ឃកាតូលិក​ធ្វើឡើង ដើម្បី​រសាយ​ស្លាកស្នាម​ឈឺចាប់ពីអតីតកាល។ ទស្សនកិច្ច​របស់​សម្តេចប៉ាបហ្វ្រង់ស័រ​នៅកាណាដា ធ្វើឡើង នៅបន្ទាប់ពី ​កាណាដា រន្ធត់ និងភ្ញាក់ផ្អើល​ជាខ្លាំង ដែលបាន​រកឃើញ​ផ្នូរ​អនាមិក នៅ​ទីតាំងស្នាក់នៅ​រៀនសូត្រ​របស់​កូនក្មេងជនជាតិដើមភាគតិច កាលពី​ពាក់កណ្តាល​ឆ្នាំមុន។

សម្តេចប៉ាបហ្វ្រង់ស័រ អង្គុយនៅលើ​រទេះរុញ នៅពេល​ឡើងយន្តហោះ​ចេញពីទីក្រុង​រ៉ូម សម្រាប់​ទស្សនកិច្ច​៦ថ្ងៃ នៅ​កាណាដា នៅថ្ងៃទី ២៤​កក្កដា ២០២២
សម្តេចប៉ាបហ្វ្រង់ស័រ អង្គុយនៅលើ​រទេះរុញ នៅពេល​ឡើងយន្តហោះ​ចេញពីទីក្រុង​រ៉ូម សម្រាប់​ទស្សនកិច្ច​៦ថ្ងៃ នៅ​កាណាដា នៅថ្ងៃទី ២៤​កក្កដា ២០២២ REUTERS - REMO CASILLI
ផ្សាយពាណិជ្ជកម្ម

សម្តេចប៉ាប ហ្វ្រង់ស័រ​បាន​ចាកចេញពីទីក្រុង​រ៉ូម នៅព្រឹកថ្ងៃអាទិត្យ ដើម្បីបំពេញ​ទស្សនកិច្ច​រយៈពេល ៦ថ្ងៃ នៅប្រទេស​កាដាណា។ ជាមួយ​នឹងហេតុការណ៍​ដ៏រន្ធត់ នៅ​កាណាដា ពោល​គឺ នៅក្រោយ​ការរកឃើញ កាលពីខែ​មិថុនា ឆ្នាំ ២០២១ ​ផ្នូរអនាមិក កប់​សពកូនក្មេង​ជនជាតិដើមភាគតិច​ប្រមាណ ១៣០០ នៅតាម​ទីតាំងស្នាក់នៅ​រៀនសូត្រ ដែលគ្រប់គ្រង​ដោយ​វិហារកាតូលិកនៅកាណាដា ​ ទស្សនកិច្ច​របស់​ប្រមុខសង្ឃកាតូលិកនៅ​កាណាដា ជាព្រឹត្តិការណ៍ដែល​គេរង់ចាំ​ជាយូរមកហើយ។

សម្តេចប៉ាប ហ្វ្រង់ស័រ ជា​ប្រមុខសង្ឃ​កាតូលិក​ទី​២ ដែល​ចេញទៅ​ធ្វើ​ទស្សនកិច្ចនៅកាណាដា នៅបន្ទាប់​ពី​សម្តេចប៉ាប​ហ្សង់ប៉ូល​2 ដែល​បាន​បំពេញ​ទស្សនកិច្ចនៅ​កាណាដា កាលពី២០ឆ្នាំមុន។ មាន​ព្រះជន្ម ៨៥ព្រះវស្សា និងមាន​សុខភាព​មិនសូវ​រឹងមាំ ដោយសារជំងឺ​ជង្គង់ ប្រមុខ​សង្ឃកាតូលិក សម្តេចប៉ាប​ហ្វ្រង់ស័រ ធ្លាប់​បាន​លុបចោល គម្រោង​ទៅកាន់​ទ្វីបអាហ្វ្រិក ប៉ុន្តែ ព្រះអង្គ​នៅ​តែ​រក្សា​គម្រោង​ទស្សនកិច្ច​នៅ​កាណាដា។

សម្តេចប៉ាប ហ្វ្រង់ស័រធ្វើ​ទស្សនកិច្ច​ទៅកាណាដា​លើកនេះ នៅក្នុងគោលដៅអាទិភាព ​សំខាន់​តែមួយគត់ គឺ​ទៅ​និយាយ​សុំទោស សហគមន៍ជនជាតិដើមភាគតិច ឬ​ប្រជាជាតិដំបូង​នៅកាណាដា នៅចំពោះមុខ​សោកនាដកម្ម​ដែល​មាន​កើតមាន​នៅតាមទីតាំងស្នាក់នៅ រៀនសូត្រ​របស់​កូនក្មេង ជនជាតិដើមភាគតិច ដែលគ្រប់គ្រង​ដោយ​វិហាកាតូលិក។

ទស្សនកិច្ច​របស់​សម្តេចប៉ាប នៅកាណាដា​ផ្តោតទាំងស្រុង ទៅលើ​ជំនួប​ជាមួយ ​សហគមន៍​ជនជាតិដើម​ភាគតិច ដែល​មួយចំនួន ធ្លាប់​រងគ្រោះ​ដោយសារ​ការរំលោភ​ធ្វើបាប ការធ្វើទារុណកម្ម នៅទីតាំង​ស្នាក់នៅ​រៀនសូត្រ​ ដែលគ្រប់គ្រង​ដោយ​វិហារកាតូលិក។

កាណាដាមាន​ជនជាតិភាគតិច ឬ​ប្រជាជាតិដំបូង តំណាង ឲ្យ​៥%​នៃប្រជាជន​កាណាដាសរុប។ ប្រជាជាតិដើមដំបូង មាន​បី​ក្រុម​ដូចជា ក្រុមជនជាតិ​ឥណ្ឌាក្រហម ជនជាតិ​អ៊ីន្វី និង​ជនជាតិ​កូនកាត់។

នៅ​ចន្លោះ ឆ្នាំ ១៨៨០ និង​ឆ្នាំ ១៩៩៦ កុមារ​ជនជាតិ​ដើមភាគតិច ប្រមាណ ១៥០ ០០០នាក់ ត្រូវបាន​គេចាប់បង្ខំ កាត់ផ្តាច់ចេញ​ពី ឪពុកម្តាយ គ្រួសារ ដើម្បី​បញ្ជូន​ឲ្យទៅរស់នៅ​អគាររៀនសូត្រ​របស់​រដ្ឋ ដែលគ្រប់គ្រង​ដោយ​វិហារកាតូលិក។ ជារួម មាន​អគារអប់រំប្រភេទនេះ ចំនួន ១៣០​កន្លែង នៅទូទាំង​ប្រទេស​កាណាដា។

នៅកន្លែងស្នាក់នៅ​គ្រប់គ្រង​ដោយមន្រ្តីសង្ឃ​កាតូលិក កុមារ​ជនជាតិដើមភាគតិច មិនត្រឹម​រស់នៅ​ឃ្លាតឆ្ងាយពី​ឪពុកម្តាយ ប៉ុន្តែ ពួកគេ​ត្រូវលត់ដំ ​ហាម​មិន​ឲ្យ​និយាយ​ភាសាដើម និង​អនុវត្តវប្បធម៌របស់ជនជាតិភាគតិច។ លើសពីនោះ ពួកគេភាគច្រើន​រងការធ្វើបាប ការធ្វើទារុណកម្ម​ផ្លូវកាយ ផ្លូវចិត្ត និងរងការបៀនបៀនផ្លូវភេទ ពីសំណាក់មន្រ្តីសង្ឃ។

របាយការណ៍​របស់​គណៈកម្មការស៊ើបអង្កេត​ជាតិ​កាណាដា ដែលមាន​ឈ្មោះថា ប្រល័យពូជសាសន៍វប្បធម៌ បាន​បង្ហាញ​ថា ​កុមារ​ជាង ៦ពាន់នាក់​បាត់បង់ជីវិត នៅ​អគារអប់រំ​គ្រប់គ្រង​ដោយ​វិហារកាតូលិក ដែលក្នុងនោះ ពាក់កណ្តាល​ស្លាប់​ដោយសារ​មិនបាន​ទទួល​ការយកចិត្តទុកដាក់ព្យាបាល នៅពេល​កើតមាន​ជំងឺរាតត្បាត។

គណៈកម្មការស៊ើបអង្កេត ជាតិកាណាដា ​បាន​បើកការស៊ើបអង្កេត ពីរឿងនេះ នៅបន្ទាប់ពី​គេរកឃើញ​ផ្នូរ​កុមារ​អនាមិក ជាង ១៣០០ នៅតាម​អគារស្នាក់នៅ រៀនសូត្រ​ដែលគ្រប់គ្រង​វិហារកាតូលិក កាលពី​ពាក់កណ្តាល​ឆ្នាំមុន។

ប្រមុខសង្ឃ​គ្មានប្រតិកម្ម​អ្វីច្រើន ដោយ​គ្រាន់តែ​សំដែងការសោកស្តាយ ចំពោះ​សោកនាដកម្ម​កើតទៅលើ​កុមារជនជាតិដើមភាគតិចនៅកាដាណា។ ប៉ុន្តែ ទើប​នៅខែ​មេសា​កន្លងទៅ នៅពេល​ទទួលជួប​អ្នកតំណាង​ជនជាតិដើម​ភាគតិច​កាណាដា នៅ​ នៅវ៉ាទីកង់ ទើប​ប្រមុខសង្ឃកាតូលិក សម្តេចប៉ាប​បាន​ចេញនិយាយ​សុំ​ទោស​ជា​លើកទី១។

ប្រមុខ​សង្ឃកាតូលិក សម្តេច​ប៉ាប​ហ្រ្វង់ស័រ ធ្វើដំណើរ​ទៅ​សុំទោសផ្ទាល់​នៅ កាណាដា

នៅ​ខែ​មេសា ឆ្នាំ ២០២១ សម្តេចប៉ាប​ធ្លាប់​បាន​ថ្លែងជាសាធារណៈ សុំទោស នៅចំពោះ មុខ​អ្នកតំណាងជនជាតិដើមភាគតិច ប៉ុន្តែ ជនជាតិដើមភាគតិច ឬ​ប្រជាជាតិដំបូងនៅកាណាដា យល់​ថា ការសុំទោស​ពិតប្រាកដ គួរតែ​ធ្វើឡើង​នៅ​ទឹកដី​កាណាដា ជាទីដែល មានរឿងហេតុ សោកនាដកម្ម​បាន​កើតឡើង។

នៅក្នុងជំនួប ជាមួយ​សម្តេចសង្ឃ​នៅទីក្រុង​រ៉ូម អ្នកតំណាង​ជនជាតិដើមភាគតិច បាន​សំនូមពរ​ឲ្យសម្តេចសង្ឃ​និយាយ​​សុំទោស​ដោយ​ផ្ទាល់​នៅ​ប្រទេស​កាណាដា។ ព្រះអង្គក៏យល់ព្រម ព្រោះថា នៅចំពោះមុខសោកនាដកម្ម ដែលជា​រឿងអាស្រូវ​ដ៏ធំធេង​របស់​វិហារកាតូលិក ព្រះអង្គគ្មានជម្រើសអ្វីផ្សេងនោះទេ។

នៅកាណាដា សម្តេចប៉ាប​នឹង​ទៅជួបសំណេះសំណាល​ជាមួយជនរងគ្រោះ អ្នករួចរស់ជីវិត​ពីការធ្វើទារុណកម្ម​នៅ​តាម​អគារស្នាក់នៅ​គ្រប់គ្រង​ដោយ​វិហារកាតូលិក។ ព្រះអង្គនឹង​និមន្ត​ទៅ​គោរពវិញ្ញាណក្ខន្ធផងដែរ នៅ​ទីវាលដែលគេ​កប់សាកសពកូនក្មេង​ជនជាតិដើមភាគតិច។ សម្រាប់​ជនរងគ្រោះ ដែល​ជាជនជាតិដើមភាគតិច វត្តមាន​ផ្ទាល់​របស់​សម្តេចសង្ឃកាតូលិកនៅកាដាណា សំខាន់ណាស់ ព្រោះ​វា​អាច​ជា​ការបញ្ជាក់ ការទទួលស្គាល់​ជាសាធារណៈ នូវ​កំហុស ឆ្គង អំពើហិង្សា ភាពអយុត្តិធម៌ ដែល​មន្រ្តីវិហារកាតូលិក បាន​ប្រព្រឹត្ត​ទៅលើ​ជនជាតិដើមភាគតិច កាលពី​អតីតកាល។

ម្យ៉ាង នៅក្នុង​ទស្សនកិច្ច​ផ្ទាល់​របស់​ប្រមុខសង្ឃ​កាតូលិក នៅកាណាដា ប្រជាជាតិដើមដំបូង អាច​ទាមទារ​សុំ​យក កេរ្តិ៍ដំណែល​ដើម​របស់​ពួកគេ​មកវិញ ព្រោះថា សម្បត្តិ​វប្បធម៌​របស់​ដូនតា​របស់ពួកគេ មួយចំនួន កំពុងដាក់តាំង​នៅ​សារមន្ទីរ​របស់​បុរីវ៉ាកង់។

ហេតុអ្វី​បានជា​ការសុំទោស​របស់​ប្រមុខសង្ឃ​កាតូលិក​សំខាន់?

ការនិយាយសុំទោស​របស់​សម្តេចប៉ាប ហ្វ្រង់ស័រ សំខាន់​ណាស់​សម្រាប់​ប្រជាជាតិដើមដំបូង​របស់​កាណាដា ដែល​ធ្លាប់រងគ្រោះ ជាង​១០០ឆ្នាំ ដោយសារ​នយោបាយគ្រប់គ្រង​របស់​វិហារកាតូលិក។

ជាមួយការនិយាយ​សុំទោស​របស់​ប្រមុខសង្ឃកាតូលិក នៅទឹកដីកាណាដា ជនរងគ្រោះ​សង្ឃឹម​ថា ការឈឺចាប់ របួសស្នាម​របស់ពួកគេ ដែលជា​លទ្ធផល​នៃ​នយោបាយគ្រប់គ្រង​របស់​វិហារកាតូលិក នៅកាណាដា នឹង​ត្រូវ​បានគេ​ដឹងលឺ ទទួលស្គាល់​នៅក្នុងពិភពលោក។ បន្ទាប់​ពីនេះ ពួកគេ​នឹង​អាច​ផ្សះផ្សារ​ឡើង​វិញ ជាមួយ​វិហារកាតូលិក។ ក្រៅតែ​ពីការផ្សះផ្សា​ពួកគេ​សង្ឃឹម​ចង់បានផងដែរ សំណងជំងឺចិត្ត​ដើម្បី​ជួយ​ពួកគេ ដែលភាគច្រើន​កំពុងរស់នៅក្នុងភាពអន្ធការ ដោយសារតែ ជំងឺបាក់ទឹកចិត្ត។ អតីត​កូនសិស្ស​មួយចំនួន ធ្លាប់​បាន​ដាក់ពាក្យប្តឹង​ទាមទារ​សំណង​ម្តងហើយ កាលពី​ឆ្នាំ ១៩៨០។ ទើប នៅ​ឆ្នាំ ២០០៧ប៉ុណ្ណោះ ដែល សន្ធិសញ្ញាស្តីពីការដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​អគារស្នាក់នៅ​របស់​វិហាកាតូលិក បាន​សម្រេច​ទទួល​ស្គាល់​ការខូចខាត និង​បង្កើត​មូលនិធិ ជាង ១,៩ពាន់លាន​ដុល្លារ​កាណាដា សម្រាប់​សងជំងឺចិត្ត ដល់អតីតសិស្ស​ជនជាតិដើមភាគតិច ដែលមាន​ប្រមាណ ជិត ៩ពាន់នាក់។

ថ្មីៗនេះ សន្និសីទ​មេដឹកនាំ​សាសនា​កាតូលិក​នៅកាណាដា បាន​ប្រកាស​ផ្តល់​ថវិកា ៣០លាន​ដុល្លារ សម្រាប់គម្រោងជួយ​ជនរងគ្រោះ ដែលធ្លាប់ស្នាក់នៅ អគារអប់រំ​របស់វិហាកាតូលិក។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ