អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បេសកកម្ម​អង្គការសហប្រជាជាតិធ្លាក់ចុះ​ប្រជាប្រិយភាព នៅកុងហ្គោ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ រដ្ឋាភិបាល​បាន​ពង្រាយ ប៉ូលិសជាតិ និង​ទាហាន នៅតាម​បណ្តាទីក្រុង នៅតាម​ខេត្ត​ភាគខាងលិច នៅថ្ងៃពុធទី ២៧ កក្កដា បន្ទាប់ពី បាតុកម្ម​ហិង្សា​ប្រឆាំង នឹង​វត្តមានរបស់​បេសកកម្ម​អង្គការសហប្រជាជាតិ បាន​ឈាន​ទៅ​សម្លាប់ទាហាន​មួកខៀវ បីនាក់ កាលពីថ្ងៃអង្គារ។ តាម​តួលេខ​របស់​អាជ្ញាធរ​កុងហ្គោ បាតុកម្ម​ហិង្សា​របស់​ប្រជាជន​កុងហ្គោ នៅសប្តាហ៍​នេះ បានបណ្តាល​ឲ្យមានមនុស្ស​ស្លាប់ សរុប ១៥នាក់ និង​មានអ្នករបួស ជាង​៦០នាក់ ចំណែក​ទីស្នាក់ការ​២កន្លែង​របស់​កងទ័ព​មួកខៀវ ត្រូវគេវាយប្រហារ ចូលគាស់លួច និង​ដុតបំផ្លាញ។ តើអ្វីជា​ដើមចម ធ្វើ​ឲ្យកើតមាន​បាតុកម្ម​ហិង្សា ប្រឆាំង​ក្រុមមួកខៀវ របស់​អង្គការសហប្រជាជាតិ ដែល​មាននាទី​ចូលរួម​រក្សា​សន្តិភាព នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ?

ឧទ្ធម្ភាគចក្រ​របស់អង្គការ​សហប្រជាជាតិ​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដឹកជម្លៀសបុគ្គលិករបស់ខ្លួន​ចេញពីទីស្នាក់ការនៅទីក្រុង​Gomaដែលរងការវាយប្រហារ​របស់ក្រុមបាតុករ​ប្រឆាំងវត្តមាន​របស់​ក្រុមមួកខៀវ​នៅកុងហ្គោ នៅថ្ងៃទី ២៦​កក្កដា ២០២២
ឧទ្ធម្ភាគចក្រ​របស់អង្គការ​សហប្រជាជាតិ​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដឹកជម្លៀសបុគ្គលិករបស់ខ្លួន​ចេញពីទីស្នាក់ការនៅទីក្រុង​Gomaដែលរងការវាយប្រហារ​របស់ក្រុមបាតុករ​ប្រឆាំងវត្តមាន​របស់​ក្រុមមួកខៀវ​នៅកុងហ្គោ នៅថ្ងៃទី ២៦​កក្កដា ២០២២ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​ថ្កោលទោស​របស់​ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ បានធ្លាក់ចុះ​ជាបន្តបន្ទាប់ នៅក្រោយ ទាហានមួកខៀវ បីនាក់ ស្លាប់ នៅក្នុង​ការវាយប្រហារ​របស់​ក្រុមបាតុករ ដែលបាន​ធ្វើបាតុកម្ម​ហិង្សា​ប្រឆាំង​បេសកកម្ម​អង្គការសហប្រជាជាតិ នៅប្រទេស​កុងហ្គោ។

នៅថ្ងៃ​ពុធ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ តាមរយៈ អ្នកនាំពាក្យ​លោកFarhan Haq បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កុងហ្គោ​ស៊ើបអង្កេត​នៅក្រោយ មនុស្ស​១៥នាក់ស្លាប់ ដែលក្នុងនោះ ៣នាក់​ជា​ទាហាន​មួកខៀវ​របស់​អង្គការ​សហប្រជាជាតិ។​

អង្គការ​សហប្រជាជាតិ​បាន​បដិសេធ​មិនបាន​បាញ់រះ​លើក្រុមបាតុករ ប៉ុន្តែ បាន​បន្ទោស​ក្រុមឧក្រិដ្ឋជន​ថា ជា​បន្លំខ្លួន​ក្នុង​ក្រុមបាតុករ។ ពួកគេ​ទាំងនោះ​បាន​ចូលលួច​អាវុធ​ពីប៉ូលិស​និង​បាញ់រះ នៅក្នុង​អំឡុងពេល​ធ្វើបាតុកម្ម។

នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​បាន​ធ្លាក់​ចុះ​ប្រជាប្រិយភាព កាន់តែ​ខ្លាំង នៅក្នុង​ចំណោម​ប្រជាជន​កុងហ្គោ ដែលរស់នៅ​តាម​បណ្តា​ខេត្ត​ភាគខាងកើត ដែលកំពុង​ជួប​បញ្ហា​អសន្តិសុខ។

នៅ​ថ្ងៃ​សុក្រ​សប្តាហ៍មុន ក្រុមស្រ្តី ជាង​៥០នាក់​បាន​ដើរក្បួន​សន្តិភាព ដើម្បី​ដាក់ញត្តិ​ប្រឆាំង នៅ​ទីស្នាក់ការ​របស់បេសកកម្ម​ក្រុមមួកខៀវ​នៅ​ខេត្ត​Kivu ខាងជើង ប៉ុន្តែ មិនបាន​សម្រេច ព្រោះ​ភាគី​ក្រុមមួកខៀវ បាន​បិទទ្វារ​មិនទទួល​យកញត្តិប្រឆាំង។

ទើប​នៅថ្ងៃ​ចន្ទ ដើម​សប្តាហ៍នេះ ទៅតាម​ការអំពាវនាវ​របស់​សមាគមយុវជន និង​អ្នកនយោបាយ​នៅ​សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ ក្រុមយុវជន​រាប់រយនាក់​បាន​លើកគ្នា​ទៅ​ធ្វើ​បាតុកម្ម​នៅមុខ ទីស្នាក់ការ​របស់​ក្រុមមួកខៀវ នៅ​ទីក្រុង​Goma របស់​ខេត្ត​Kivu។

ជាលទ្ធផល ​ទីស្នាក់ការមូលដ្ឋាន និង​មធ្យោបាយ​របស់​កងរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ បាន​ក្លាយ​ជា​គោលដៅ​វាយប្រហារ​របស់​ក្រុម​បាតុករ។ នៅថ្ងៃ​អង្គារ កំហឹង​ពុះកញ្ជ្រោល​របស់​បាតុករ ដែល​រងការទប់ស្កាត់ របស់​ប៉ូលិស និងទាហាន​ដែលបាញ់ផ្សែងបង្ហូរទឹកភ្នែក បាន​ឈាន​ទៅ​ដល់​ការដុតបំផ្លាញ មាត់ទ្វារ និង​ចូលគាស់លួច​សំភារៈ​របស់​ក្រុមមួកខៀវ នៅ​ទីស្នាក់ការ​២កន្លែង​នៅទីក្រុង​Goma។ នៅក្នុង​បាតុកម្ម​ដ៏ហិង្សា មនុស្ស​១៥នាក់ស្លាប់ ដែលនៅក្នុង​នោះ បីនាក់​ជា​ក្រុមមួកខៀវ របស់​អង្គការ​សហប្រជាជាតិ ដែលជាជនជាតិ ម៉ារុក និងជនជាតិ ឥណ្ឌា។

បាតុកម្ម​តវ៉ា របស់​ប្រជាជន​កុងហ្គោ មានគោលដៅ ទាមទារ​ឲ្យ​ក្រុមមួកខៀវអង្គការ​សហប្រជាជាតិ ត្រូវ​តែ​ចាកចេញ ពីកុងហ្គោ ព្រោះ​ពួកគេរងការបន្ទោសថា ​គ្មាន​សមត្ថភាព ការពារសន្តិសុខ​របស់​ប្រជាជន នៅចំពោះមុខការវាយប្រហារ​របស់​ក្រុមឧទ្ទាម​ប្រដាប់អាវុធ។ បាតុករមួយចំនួន បាន​ចោទជា​សំណួរថា ក្រុមមួកខៀវ​បានទទួល​ស្គាល់ថា ពួកគេ​គ្មាន​សព្វាវុធ គ្មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ប្រយុទ្ធតទល់​នឹង​ក្រុមឧទ្ទាម M23 អីចឹង តើ​ក្រុមមួកខៀវ នៅបន្ត​មាន​វត្តមាន​នៅ​កុងហ្គោធ្វើអ្វីទៀត? សម្រាប់​ប្រជាជន​កុងហ្គោ វត្តមាន​របស់​ក្រុម​មួកខៀវ​របស់​អង្គការ​សហប្រជាជាតិ នៅ​២០ឆ្នាំមកនេះ មិន​បានជួយ​លុបបំបាត់​ក្រុមឧទ្ទាម និង​ជួយ​ឲ្យ​ប្រជាជន​រស់នៅ​បានស្ងប់សុខ​សន្តិភាព​ម្តងណាឡើយ។

ទាហាន​មួកខៀវ​របស់​អង្គការ​សហប្រជាជាតិ​ធ្លាក់ប្រជាប្រិយភាព

វត្តមានរបស់​កងរក្សាសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ​បាន​ទទួល​ការរិះគន់​មិនថា ពីខាងប្រជាជន ប៉ុន្តែ ក៏រងការរិះគន់ផងដែរ ពីខាង​អ្នកនយោបាយ និង​សង្គមស៊ីវិល។ អង្គការ​សង្គមស៊ីវិល​ជាច្រើន ដែលមានទីតាំង​នៅ​ភាគខាងកើត​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ បានវាយតម្លៃថា បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ Monusco អសមត្ថភាព មិន​អាច​ធានា​ការពារ​ប្រជាជន និង​រក្សា​សន្តិភាព សន្តិសុខ​នៅក្នុងប្រទេស។

កាលពី​១០ថ្ងៃមុននេះ ប្រធាន​ព្រឹទ្ធសភា​របស់​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោផ្ទាល់​ក៏បាន​ចេញ មុខ​រិះគន់ និងបាន​ទាមទារ​ឲ្យ​ក្រុមមួកខៀវរបស់​អង្គការ​សហប្រជាជាតិ​រៀបវ៉ាលីស​ចាកចេញ ពីកុងហ្គោដែរ។

បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​បាត់បង់​ទំនុកចិត្ត​ពីប្រជាជន​កុងហ្គោ នៅក្រោយ​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត ចេញសេចក្តីសម្រេច​ហាមឃាត់​ការដឹកនាំចូល​អាវុធ ទៅកុងហ្គោ។ ប្រជាជន​កុងហ្គោ​កាន់តែ​ខឹងសម្បារ​ទៅទៀត នៅពេល​លឺ​ក្រុមមួកខៀវ​របស់​អង្គការ​សហប្រជាជាតិ​នៅ​កុងហ្គោបាន​និយាយ​ថា សព្វាវុធ​របស់ពួកគេ មានមិនគ្រប់គ្រាន់ ហើយ​ទំនើប បើប្រៀបធៀប​នឹង​ក្រុមឧទ្ទាម ដែល​ដើរបង្ក​អសន្តិសុខ នៅភាគខាងកើត​កុងហ្គោ។

បេសកកម្ម​របស់អង្គការ​សហប្រជាជាតិ នៅ​កុងហ្គោ ថ្កោលទោស​ការសម្លាប់មន្រ្តីមួកខៀវ

នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃ​ពុធ អ្នកតំណាង​របស់​បេសកកម្ម​អង្គការ​សហប្រជាជាតិ​នៅកុងហ្គោ​បាន​ថ្កោលទោស​ការវាយប្រហារ បាតុកម្ម​ហិង្សា ដែលបាន​សម្លាប់​មន្រ្តីមួកខៀវ​របស់​អង្គការ​សហប្រជាជាតិ។

លោក​Khassim Diagne ប្រធានស្តីទី​នៃ​បេសកកម្ម​បាន​និយាយ​ថា បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​បារម្ភខ្លាំង ដោយសារឧប្បត្តិហេតុ​កើតឡើង​នៅក្រោយ សារ​អរិភាព និងគំរាមកំហែង ដោយ​ចេញមុខ​ពីសំណាក់​បុគ្គល ឬ​ក្រុមដែលប្រឆាំងស្អប់​អង្គការ​សហប្រជាជាតិ។

សម្រាប់​អ្នកតំណាង​របស់​អង្គការ​សហប្រជាជាតិ កងទ័ព​រក្សាសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​បាន​ទទួល​ដីកាពី​ក្រុមប្រឹក្សា​សន្តិសុខ ទៅតាមការស្នើសុំ​របស់​រដ្ឋាភិបាលកុងហ្គោ ដើម្បី​ការពារ​ប្រជាជន​ស៊ីវិល និង​រក្សាសន្តិសុខ​នៅ​តំបន់​ដែលកំពុង​ជួប​បញ្ហា​អសន្តិសុខ ដោយសារ​ការវាយប្រហារ​របស់​ក្រុមឧទ្ទាម។

ក្រុមមួកខៀវ​របស់​អង្គការ​សហប្រជាជាតិ​បានទៅដល់​សាធារណរដ្ឋប្រជាធិបតេ្យ​កុងហ្គោ កាលពីខែ​វិច្ឆិកា​ឆ្នាំ ១៩៩៩ ក្នុងគោលដៅ រក្សា​សន្តិភាព នៅក្រោយ​ការបិទបញ្ចប់​សង្រ្គាម​លើកទី​២​នៅ​ប្រទេសកុងហ្គោ។ នៅ​ឆ្នាំ ២០១០ បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិបាន​ផ្លាស់ប្តូរ​គោលដៅ ទៅជា​ការបន្ត​សន្តិសុខ​ឲ្យប្រជាជន​ស៊ីវិល និង​បេសកកម្ម​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ។ នៅ​ឆ្នាំ ២០១៣ នៅក្រោយ ការវាយប្រហារ​មិនឈប់ឈរ​ពីសំណាក់​ក្រុមទាហាន​ប្រដាប់អាវុធ ក្រុមឧទ្ទាម​ដែលជា​សត្រូវ​របស់​រដ្ឋាភិបាល​កុងហ្គោ ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ​បាន​បោះឆ្នោត បង្កើត​ក្រុមទ័ព​ពិសេស ប្រចាំ​នៅសាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ។ បើប្រៀបធៀប​នឹង​បេសកកម្ម របស់​អង្គការ​សហប្រជាជាតិ​នៅប្រទេស​ដទៃទៀត បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ កុងហ្គោ មានទំហំធំជាងគេ និងថ្លៃជាងគេ​ក្នុងពិភពលោក ព្រោះវា​ចំនួន​ទ័ព​មួកខៀវ​ដល់​ទៅ ១៧០០០នាក់ និង​ត្រូវ​ចំណាយ​ថវិកា ដល់ទៅ ១២០០​លាន​ដុល្លារ។ នៅ​ឆ្នាំ ២០២១ នៅ​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត បន្ត​ពន្យារ​បេសកកម្ម​របស់​ក្រុម​មួកខៀវ នៅចុងឆ្នាំ ២០២២ និង​កាត់បន្ថយចំនួន​ក្រុមមួកខៀវ​មកនៅ​ត្រឹម ១៤០០០នាក់ប៉ុណ្ណោះ។

គ្មានវត្តមាន​របស់​ក្រុមមួកខៀវ កងទ័ព​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ តើ​កុងហ្គោនឹងក្លាយទៅជាយ៉ាងណា?

កុងហ្គោ មិនមែន​ទើបមាន​អំពើហិង្សា ជម្លោះប្រដាប់​អាវុធ​នៅពេលនេះទេ។ ទោះសាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ បាន​បិទបញ្ចប់​សង្រ្គាមស៊ីវិលក្តី កាលពីជាង ២០ឆ្នាំមុនក្តី ប៉ុន្តែ ប្រទេស​នៅអាហ្វ្រិក​ខាងកើតមួយនេះ កំពុងជួប​បញ្ហា​អសន្តិសុខ​ឥតឈប់ ដោយសារ​ការវាយប្រហារ​របស់​ក្រុមប្រដាប់អាវុធ ក្នុងចំនួន រាប់រយឯណោះ។

វាអាច​ពិតដែលថា វត្តមាន​របស់ក្រុមមួកខៀវ​របស់​អង្គការ​សហប្រជាជាតិ​មិនបាន​ជួយ​ឲ្យស្ថានភាព សន្តិសុខ​ នៅសាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ បាន​ប្រសើរ​ឡើងខ្លាំង។ ប៉ុន្តែ វត្តមាន ២២ឆ្នាំ របស់​ក្រុមមួកខៀវ​នៅ ​ប្រទេស​អាហ្វ្រិកខាងកើតមួយនេះ ​បាន​ជួយកាត់បន្ថយ​ខ្លះដែរ​នូវអំពើហិង្សា ​ជម្លោះប្រដាប់អាវុធ នៅ​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ។

នៅ​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ រដ្ឋាភិបាល​កំពុង​ប្រឈម​នឹងការគំរាមកំហែង​សន្តិសុខ​ពីគ្រប់ទិស ដូចជា​ក្រុមជីហាតអង្គការដ្ឋអ៊ីស្លាម​នៅទឹកដីអាហ្វ្រិក ក្រុមឧទ្ទាមទ័ពព្រៃ​ដែល​កុងហ្គោ​ចោទប្រកាន់​ថា បានទទួលការគាំទ្រ​ពីកងទ័ព​របស់​ប្រទេស​រវ៉ាន់ដា ហើយចុងក្រោយ​គឺ​ក្រុមបះបោរក្នុងស្រុក ដែល​ចង់​ទាមទារ​ផ្តាច់ទឹកដី គ្រប់គ្រង​ខេត្ត​ខាងកើត ដែល​សំបូរ​ដោយ​ធនធានរ៉ែ។

ដូច្នេះ បើសិន​គ្មាន​វត្តមាន​របស់ក្រុមមួកខៀវទេ សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោត្រូវ​ធ្លាក់​ទៅក្នុង​សង្រ្គាមស៊ីវិល ក្នុង​សង្រ្គាមវាយប្រហារ​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ឬ​សង្រ្គាម​ជាមួយប្រទេស​ជិតខាង​ផង ក៏មិនដឹង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ