អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាង​ជើងបដិសេធដាច់ខាតសំណើ ​ផ្តល់​​ជំនួយជាថ្នូរ​នឹង​ការ​បោះបង់​នុយក្លេអ៊ែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃសុក្រទី ១៩សីហា​២០២២​នេះ ប្អូនស្រី​ដ៏​មាន​ឥទ្ធិពលរបស់​មេដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន​ បាន​ប្រកាស​ច្រាន​ចោល​ ជា​សាធារណៈ សំណើ​របស់រដ្ឋាភិបាល​​កូរ៉េខាង​ត្បូង ដែល​ចង់​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ ជាថ្នូរ​នឹង​ការ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​។ សម្រាប់​លោកស្រី គីម យ៉ូជុង នេះ​ជា​សំណើដែល​មិនសមហេតុផលសោះ។

In this April 27, 2018, file photo, North Korean leader Kim Jong Un signs a guestbook next to his sister Kim Yo Jong, right, inside the Peace House at the border village of Panmunjom in Demilitarized Zone. With North Korea saying nothing so far about outside media reports that leader Kim Jong Un may be unwell, there’s renewed worry about who’s next in line to run a nuclear-armed country that’s been ruled by the same family for seven decades.
In this April 27, 2018, file photo, North Korean leader Kim Jong Un signs a guestbook next to his sister Kim Yo Jong, right, inside the Peace House at the border village of Panmunjom in Demilitarized Zone. With North Korea saying nothing so far about outside media reports that leader Kim Jong Un may be unwell, there’s renewed worry about who’s next in line to run a nuclear-armed country that’s been ruled by the same family for seven decades. AP
ផ្សាយពាណិជ្ជកម្ម

ដូច​អ្វី​ដែល​អ្នក​វិភាគ​បាន​គិត កូរ៉េខាង​ជើង​បាន​ប្រកាសច្រានចោលយ៉ាង​ក្តែងៗ នៅថ្ងៃ​នេះ ​សំណើ​របស់​កូរ៉េខាង​ត្បូង​ហើយ ថែមទាំង​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​សេអូល​ ដោយ​ប្រើពាក្យ​ធ្ងន់ៗ​ទៀត ...

ថ្ងៃនេះ​ជា​លើក​ទីមួយ ​តំណាងជាន់​ខ្ពស់​កូរ៉េខាង​ជើងដែល​​គ្មាន​នរណា​ក្រៅ​អំពី​ប្អូន​ស្រីដ៏​មាន​ឥទ្ធិពល​របស់​​​លោក​គីមជុងអ៊ុន​បាន​ឆ្លើយ​តប​ ជា​សាធារណៈ​ទៅ​នឹង​សំណើ​របស់​លោកប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក យូន ស៊ុកយោល។

មោទនភាពជាតិ

នៅ​ក្នុង​​សេចក្តី​ថ្លែងការណ៍​ ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង KCNA លោកស្រី គីម យ៉ូជុង បានស្រែក​ឱ្យ​​​​ប្រធានាធិបតី​កូរ៉េខាង​ត្បូងថា​គួរ​តែ​បិទ​មាត់​កុំនិយាយ​ប្រសើរ​ជាង។ នៅពេល​ឃើញ​​សំណើ​ “កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច” មក​ដោះដូរ​ ជាតិ នឹង​កម្មវិធីនុយក្លេអ៊ែរ​ដែល​ជាមោទនភាពជាតិ ជា​​ក្តី​ស្រមៃ និង​ជា​ក្តី​សង្ឃឹម​ដ៏​មហិមា​របស់​កូរ៉េខាង​ជើង ទើប​គេ​ដឹង​ច្បាស់​ថា​លោក យូន ​ឆោត​ និង​ដូច​កូនក្មេង។ នេះ​ជា​សម្តី​របស់​លោកស្រី​ គីម យ៉ូជុង​ ដោយ​បន្ថែម​​ទៀត​ថា កូរ៉េខាង​ជើង​នឹង​មិន​ចូល​អង្គុយ ចរចា ទល់​មុខ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​រូប​នេះ​ទេ។​ ជា​ចុងក្រោយ​ ប្អូន​ស្រី​របស់​មេដឹកនាំ​កូរ៉េខាង​ជើង ដែល​ល្បី​ខាង​មាន​សម្តីមុត បាន​ចោទកូរ៉េខាង​ត្បូង​ថា កែច្នៃ​សំណើ​ចាស់​ដែល​ព្យុងយ៉ាង​ធ្លាប់​ច្រាន​ចោល​រួចម​ក​ហើយ។

ការិយាល័យប្រធានាធិបតី​កូរ៉េខាង​ត្បូង បាន​សម្តែង​ការ​សោកស្តាយយ៉ាង​ខ្លាំង នៅពេល​បាន​ឮ​សេចក្តី​ថ្លែងការណ៍បែប​ទំនើង​​របស់​ គីម យូជុង ដោយ​ចាត់ទុក​ប្រតិកម្ម​របស់​ព្យុង​យ៉ាង​ថា​មិន​បាន​រួម​ចំណែក​នាំ​សន្តិភាព និង​ភាព​រុងរឿង​ដល់​តំបន់​ឧបទ្វីប​ និង​អនាគត​របស់​កូរ៉េខាង​ជើង​ផ្ទាល់ទេ។ ប៉ុន្តែ​កូរ៉េខាង​ត្បូង​នៅ​តែ​រក្សា​​សំណើ​ផ្តល់​ជំនួយ​ដល់​កូរ៉េខាង​ជើង​ដដែល។

ជំនួយ​សេដ្ឋកិច្ចនិង​ទំនើបកម្ម

នាឱកាស​ប្រារព្វ​ខួប​នៃ​ការ​បិទ​បញ្ចប់​ដែន​អំណាច​អាណានិគមនិយម​ជប៉ុន​លើ​កូរ៉េ កាលពី​ថ្ងៃ​ចន្ទ និង​ម្តង​ទៀត នៅពុធ ដែល​ត្រូវ​ជា​​ថ្ងៃ​ទី ១០០​នៃ​ការ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក យូន ស៊ុកយោល បាន​ប្រកាស​បង្ហាញ​ជាថ្មី ផែនការ​ផ្តល់​ជំនួយ​ដ៏​ធំ​មួយ​ ដល់​ព្យុងយ៉ាង​ ជា​ថ្នូរ​នឹង​ការ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ។

ក្នុង​ជំហរ​ពង្រឹង​មហិទ្ធិរិទ្ធ​យោធា​ និង​ដោយ​យល់​ថា ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ គឺ​កត្តា​ចាំបាច់​ ក្នុង​ការ​ផ្តល់​​សន្តិភាព​ជា​និរន្ត​ឱ្យ​ឧបទ្វីប​កូរ៉េ លោក ប្រធានាធិបតីកូរ៉េខាង​ត្បូង​​ យូន ស៊ុកយោល បាន​លម្អិតថា ជំនួយ​សម្រាប់​កូរ៉េខាង​ជើង​មិនមែន​មាន​ត្រឹម​តែ​ជា​ ជំនួយ​ស្បៀងអាហារ ថាមពល ទេ តែ​ក៏​មាន​ដែរ​ការ​ជួយ​​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនា​សម្ព័ន្ធផ្សេងៗ ដូច​ជា កំពង់ផែ អាកាសយានដ្ឋាន និង​មន្ទីរពេទ្យ ឱ្យ​តែ​កូរ៉េខាង​ជើង​ព្រមបោះបង់​កម្មវិធី​នុយក្លេអ៊ែរ។ ផែនការ​នេះ នឹង​ជួយ​ស្តារ​​សេដ្ឋកិច្ច​កូរ៉េខាង​ជើង​ឱ្យប្រសើរ​ឡើង ជា​លំដាប់ និង​ជា​ដំណាក់ៗ​ ព្រមទាំង​លើក​កម្ពស់​កំរិត​ជីវភាព​ប្រជាជន​ទៀត។

តាមការ​ពិត​ផែនការ​នេះ​ធ្លាប់​ត្រូវ​បាន​លោក យូន ​បង្ហើប​ឱ្យ​ដឹង​ម្តង កាលពី​ខែ​ឧសភា  ក្នុង​ពេលថ្លែង​​សុន្ទរកថា​ចូល​កាន់​តំណែង​ថា ជាផែនការ​ដ៏​មហិមា។ ហើយ​កូរ៉េខាង​ជើង ក៏​ធ្លាប់​បាន​ឱ្យ​ដឹង​តាំងពី​យូរ​មក​ហើយ​ដែរ​ ថានឹង​​មិន​ព្រមទទួល​យក​សំណើ​បែប​នេះ​ជា​ដាច់​ខាត​។

​កូរ៉េខាង​ជើង ​​ត្រៀម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​

បើ​តាម​នាយក​មជ្ឈមណ្ឌល​សិក្សា​កូរ៉េខាង​ជើង​ នៅ​វិទ្យាស្ថាន Sejon លោក Cheong Seong-Chang សេចក្តី​ប្រកាស​របស់​លោកស្រី គីម យ៉ូជុង ថ្ងៃនេះ ជា​ការ​អះអាង​បញ្ជាក់​ដ៏​ច្បាស់​លាស់​ថា​ព្យុងយ៉ាង​នឹង​មិន​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ជា​ដាច់​ខាត។ ដូច្នេះ​បើ​តាម​អ្នក​ជំនាញ​រូប​នេះ​ដដែល រដ្ឋាភិបាល​កូរ៉េខាង​ត្បូង របស់​លោក យូន ត្រូវ​សើរើ​មើល​ មូលដ្ឋាន​គ្រឹះ​នៃ​នយោបាយ​របស់​ខ្លួន​ឡើងវិញ ដោយ​ចៀស​មិន​រួច​ឡើយ។ យោល​ទៅ​លើ​ខ្លឹមសារ​និង​អត្ថន័យ​វាយប្រហារ​បែប​បុគ្គល​របស់​លោកស្រី គីម យូជូង​លើ​រូប​លោក​ប្រធានាធិបតី​ យូន ស៊ុកយោល ទំនាក់ទំនង​កូរ៉េខាង​ជើង​និង​ខាង​ត្បូង ត្រូវ​ជួប​ការ​លំបាក​ខ្លាំង ក្នុងអំឡុង​ពេល​​​៥​ឆ្នាំ នៃ​​អាណត្តិរបស់​ប្រធានាធិបតី​ថ្មី។ លោក​យូន​ថា​ការ​រំសាយ​កម្មវិធីនុយក្លេអ៊ែរ​ជា​មូលដ្ឋាន​គ្រឹះ​នៃ សន្តិភាព ហើយ​ថ្ងៃនេះ ជាមួយ​នឹង​ការ​ចំអក​ឱ្យ​លោក​យូន លោកស្រី គីម យ៉ូជុង ចង់​ប្រាប់​ថា​កូរ៉េខាង​ជើង​ប្រឆាំង​ខ្លាំង​បំផុត​នឹង​កូរ៉េខាង​ត្បូង។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​លោក​សាស្ត្រាចារ្យ យ៉ាង​ ម៉ូជិន Yang Moo-Jin នៃ​សាកលវិទ្យាល័យ​សិក្សា​កូរ៉េខាង​ជើង។

បន្ទាប់​ពី​ស្ងប់​ស្ងាត់​អស់​មួយ​ខែ ម្យិលម្ង៉ៃ ព្យុងយ៉ាង​បាន​បាញ់​បង្ហោះ​មីស៊ីល​បណ្តែត​ចំនួន​ពីរ​គ្រាប់​ ទៅ​ក្នុង​សមុទ្ទ​លឿង។ ជា​ប្រភេទ​អាវុធមីស៊ីល​​ដែលមិន​ជាប់​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ​ ដូច​ការ​សាកល្បង​មុនៗ​ទេ។ តាំងពីចូល​​ខែ​មករា​២០២២​មក កូរ៉េខាងជើង​បាន​ធ្វើ​ការបាញ់​​សាកល្បង​មីស៊ីល​ ជា​បន្តបន្ទាប់ យ៉ាង​ច្រើន​បំផុត​ ក្នុង​នោះ​មាន​មួយ​ជា​​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ ដែល​កូរ៉េខាង​ជើង​ធ្លាប់​បាញ់សាកល្បងម្តង​កាលពី​ឆ្នាំ​២០១៧។ អាមេរិក​និង​កូរ៉េខាង​ត្បូង​យល់​ថា របបព្យុងយ៉ាង​អាច​នឹង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ លើក​ទី​៧ ក្នុង​ពេល​ឆាប់ៗ​នេះ​ផង។

កូរ៉េខាង​ជើង​បាន​បង្កើន​ការ​សាកល្បង​ហើយ​បង្កើន​ពាក្យ​គំរាម​ឥតឈប់​ទៀត។ ​កាលពី​សប្តាហ៍​មុន ព្យុងយ៉ាង​បាន​គំរាម​សង​សឹក​មរណៈ​ ប្រឆាំង​កូរ៉េខា​ងត្បូង ពី​បទ​បាន​ចម្លង​មេរោគ​កូវីដ​មក​ក្នុង​ទឹក​ដី​ខ្លួន។ ​កាលពី​ខែ​កក្កដា ​​លោក​ គីម ជុងអ៊ុន បាន​គំរាមដោយ​ផ្ទាល់ថា កូរ៉េខាង​ជើង​ត្រៀមជា​ស្រេចនឹង​ប្រើ​អាវុធ​​នុយក្លេអ៊ែរ ប្រយុទ្ធ​តតាំង​ជាមួយ​អាមេរិក​និង​កូរ៉េខាង​ត្បូង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ