អានតួអត្ថបទ
កូរ៉េខាង​ជើង​-នុយក្លេអ៊ែរ

កូរ៉េខាង​ជើង​ប្រកាស​ត្រៀម​ជា​ស្រេច​នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ

មេដឹកនាំ​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន​បាន​ប្រកាស​នៅថ្ងៃ​ពុធ​ទី ២៧​កក្កដា ថា​កូរ៉េខាង​ជើង​ត្រៀម​លក្ខណៈ​ជា​ស្រេច​ហើយ​នឹង​ប្រើ​ប្រាស់​អាវុធនុយក្លេអ៊ែរ ដើម្បី​ប្រយុទ្ធ​តតាំង​នឹង​កងកម្លាំងអាមេរិក​និង​កូរ៉េខាងត្បូង ក្នុង​ពេល​អនាគត។ នេះ​បើ​តាម​សម្រង់​អត្ថបទ​ចុះ​ផ្សាយ​ក្នុង​ទំព័រ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង Korean Central News Agency ​ចេញ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨​កក្កដា ២០២២។

លោក គីម ជុងអ៊ុន ក្នុង​ពិធី​ប្រារព្ធ​ខួប​ជ័យ​ជំនះ​លើក​ទី​៦៩ ថ្ងៃទី ២៧ កក្កដា ២០២២
លោក គីម ជុងអ៊ុន ក្នុង​ពិធី​ប្រារព្ធ​ខួប​ជ័យ​ជំនះ​លើក​ទី​៦៩ ថ្ងៃទី ២៧ កក្កដា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ​អតីត​យុទ្ធជនសម័យ​សង្គ្រាម​កូរ៉េ (១៩៥០-៥៣)​​ ដែល​មក​ជួប​ជុំ​គ្នា​​​ប្រារព្ធ​ខួប​លើក​ទី ៦៩​ឆ្នាំ​នៃការ​បិទ​បញ្ចប់​សង្គ្រាម តាម​រយៈ​ការ​ចុះកិច្ចព្រមព្រៀង​ឈប់​បាញ់ ឬ​ជា​​ទិវា​ជ័យ​ជំនះសម្រាប់​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន​ បាន​ប្រកាស​ថា​ កងកម្លាំ​ង​យោធា​នុយក្លេអ៊ែរ​របស់​ប្រទេស​ បាន​ប្រមូល​ផ្តុំ​គ្នា​រួច​ជា​ស្រេច​​នឹងបំពេញ​បេសកកម្ម ​បញ្ចេញ​មហិទ្ធិរិទ្ធ​ដ៏​ខ្លាំងក្លា គួរ​ជាទី​ទុកចិត្ត ប្រកប​ដោយ​ប្រសិទ្ធភាព និង​យ៉ាង​លឿន​រហ័ស។

​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង ចេញ​ផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍​បានចុះ​ផ្សាយ​សម្រង់​​​សេចក្តី​ថ្លែងការណ៍​របស់​ប្រមុខ​គីមជុងអ៊ុន​ទៀត​ថា “យោធា​កូរ៉េខាង​ជើង បាន​ត្រៀម​លក្ខណៈ​ប្រឈម​តតាំង​គ្រប់​ស្ថានការណ៍​ទាំងអស់​ រាប់​ទាំង​ការ​ប្រយុទ្ធ​ជា​មួយ​កងកម្លាំង​យោធា​អាមេរិក​ផង។​ ​ចង់​ប្រើ​សកម្មភាព​យោធា​ប្រឆាំង​នឹង​កូរ៉េខាង​ជើង ដែល​មាន​អាវុធ​នុយក្លេអ៊ែរ ពិត​ជា​មិនសមហេតុផល​ទេ និង​ជា​ការ​សកម្មភាព​បំផ្លាញ​ខ្លួន​ឯង​យ៉ាង​គ្រោះ​ថ្នាក់​បំផុត។ រាល់​ការ​ប៉ុនប៉ង​ ​ប្រើ​កម្លាំង​ទ័ព​ប្រឆាំង​ព្យុងយ៉ាង នឹង​ទទួល​ទណ្ឌកម្ម​តប​វិញ គឺការ​កម្ទេច​​​​​រដ្ឋាភិបាល​សេអ៊ូល និង​យោធា​កូរ៉េខាង​ត្បូង ឱ្យ​ហ្មត់។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​លោក​ គីម ជុងអ៊ុន ដដែល ​ដោយ​ឆ្លៀត​​​រិះគន់ និង​គំរាម​ ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ថ្មី លោក យូន ស៊ុកយោល ដែល​​សន្យា​ប្រកាន់​ជំហរ​តឹង​តែង​ខ្លាំង​ដាក់​កូរ៉េខាង​ជើង។

សុន្ទរកថា​​គំរាម​របស់លោក​គីមជុងអ៊ុន ប្រព្រឹត្ត​ទៅ​ជួន​ចំ​ពេល​ដែល​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​និង​កូរ៉េខាង​ត្បូង បាន​ប្រកាស​ថា​ព្យុងយ៉ាង​បាន​បង្ហើយ​ការ​ងារ​សម្រាប់ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​​ជា​លើក​ទី​មួយហើយ​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧មក។ ហើយ​អាមេរិក​និង​កូរ៉េខាង​ត្បូង​ ក៏បាន​ព្រមាន​​ត្រៀម​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​និង​យ៉ាង​លឿន​លើ​របប​ព្យុងយ៉ាង ព្រមទាំង​រៀប​ចំ​កម្លាំង​ទ័ព​ថ្មី​ប្រសិន​បើ​ព្យុងយ៉ាង​ហ៊ាន​សាកល្បង​នុយក្លេអ៊ែរ​មែន។ នៅ​សប្តាហ៍​នេះ និង​រហូត​ដល់​ថ្ងៃទី ២៩​កក្កដា ​អាមេរិកនិង​កូរ៉េខាង​ត្បូង ​​ បាន​រៀប​ចំធ្វើ​​លំហាត់​សឹក​នៅ​ជិត​តំបន់​គ្មាន​កងទ័ព​ជាប់​ព្រំដែនកូរ៉េ​ទាំងពីរ ដោយ​មានប្រតិបត្តិការ​​របស់​កង​​ឧទ្ធម្ភាចក្រ​ប្រយុទ្ធ​ Apache ​ដោយ​បាញ់​គ្រាប់​ពិត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ