អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការ​ចរចាលើ​​សន្ធិសញ្ញា​អន្តរជាតិ​ការពារ​លម្ហសមុទ្ទ​ ចូល​ដល់​ថ្ងៃ​បញ្ចប់ តែ​គ្មាន​ពន្លឺ

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំងពី​ថ្ងៃទី ១៥សីហា​មក ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ បាន​ជួប​ចរចា​គ្នា​ជា​លើក​ទី​៥  ដើម្បី​បង្កើត​សន្ធិសញ្ញា​គ្រប់គ្រង​លម្ហ​សមុទ្ទ។ បច្ចុប្បន្ន​នេះ​ លម្ហ​​សមុទ្ទ​អន្តរជាតិ​ ដែល​ជា​ប្រភព​ដ៏​ចាំបាច់​​សម្រាប់​ជីវិត​សត្វរុក្ខជាតិ​និង​មនុស្ស​រាប់​លាន​នាក់​ គ្មាន​ច្បាប់​គ្រប់គ្រង​ទេ។ ការចរចា​ក្រៅផ្លូវការ និងជា​​ផ្លូវ​ការ ជា​ច្រើនជា​បន្ត​បន្ទាប់​ បាន​រៀប​ចំ​ឡើង​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​គ្មាន​លទ្ធផល​។ មាន​ចំណុច​ជា​ច្រើន​ដែល​​​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​សង្ឃឹម​ថា​នឹងអាចសម្របសម្រួល​គ្នា​បាន​នៅ​ក្នុង​ការ​ចរចា​ជុំ​នេះ។ ចូល​ដល់​ថ្ងៃ​បិទ​បញ្ចប់ ថ្ងៃទី ​២៦​សីហា អ្នក​សង្កេតការណ៍​កំពុង​យោលយោក​ ​ភ័យខ្លាច​ការចរចា​បរាជ័យ តែ​មិន​អស់​សង្ឃឹមទាំង​ស្រុង​ទេ។

ការ​ចរចាលើ​​សន្ធិសញ្ញា​អន្តរជាតិ​ការពារ​លំហ​សមុទ្ទ​ ចូល​ដល់​ថ្ងៃ​បញ្ចប់ តែ​គ្មាន​ពន្លឺ
ការ​ចរចាលើ​​សន្ធិសញ្ញា​អន្តរជាតិ​ការពារ​លំហ​សមុទ្ទ​ ចូល​ដល់​ថ្ងៃ​បញ្ចប់ តែ​គ្មាន​ពន្លឺ AFP - MICHELE SPATARI
ផ្សាយពាណិជ្ជកម្ម

ជាង​១៥​ឆ្នាំ​មក​ហើយ​ដែល​ពិភពលោក​បានគិត​គូរ​​​​ចរចា​ជា​ផ្លូវការ និង​មិនផ្លូវការ ក្នុង​បំណង​ឈាន​ទៅ​បង្កើត​ច្បាប់​គ្រប់គ្រង​លម្ហ​សមុទ្ទ។ ក្រោយ​ពី​មាន​សេចក្តីសម្រេច​របស់​មហាសន្និបាត​អ.ស.ប នៅ​ខែធ្នូ​ឆ្នាំ២០១៧ ការចរចា​លើ​សន្ធិសញ្ញា​គ្រប់គ្រង​លម្ហសមុទ្រ​ត្រូវ​បាន​ចាប់បើក​ធ្វើ​ជាផ្លូវការ កាល​ពី​ឆ្នាំ២០១៨។​ ​ការចរចា​ជុំទី៤ ដែល​ត្រូវ​ជា​ជុំផ្តាច់ព្រាត់ ត្រូវ​ធ្វើឡើង នៅ​ឆ្នាំ២០២០​ តែ ​វិបត្តិ​កូវីដ​សកល ​បានមក​​ផ្អាក​ ហើយទើប​​ចាប់ផ្តើម​​បើក​ធ្វើឡើងវិញ នៅ​ខែមីនា​ឆ្នាំ២០២២​កន្លងទៅ។ ក៏ប៉ុន្តែ ចរចា​មិនបាន​​ជោគជ័យ ទើប​ត្រូវ​បន្ត​ចរចា​គ្នា​ជាថ្មីម្តងទៀត ចាប់​ពីថ្ងៃចន្ទ១៥​សីហា រហូត​ទៅដល់​ថ្ងៃ​ទី២៦​សីហា​នេះ។

ការ​ចរចា​បង្កើត​សន្ធិសញ្ញា​គ្រប់គ្រង​លម្ហ​សមុទ្ទ សំដៅ​ការពារ​ជាពិសេស​ផ្ទៃ​សមុទ្ទ​អន្តរជាតិ​ ដែល​ចេញ​ផុត​ពី​ដែន​ទឹក​និង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់ប្រទេស​​នីមួយៗ ពោលគឺ​ជា​ផ្ទៃ​សមុទ្ធ​ចម្ងាយ​ប្រមាណ​៣៧០គីឡូម៉ែត្រ​ពីឆ្នេរ​របស់​ប្រទេសនីមួយៗ​។

តើសន្ធិសញ្ញាលម្ហសមុទ្រដែលអ.ស.ប.កំពុងចរចាបច្ចុប្បន្ននេះគឺជាអ្វី?

គម្រោង​​​សន្ធិសញ្ញាចង់​ចែង​ការពារលម្ហសមុទ្ទ មាន​ចំណុច​គោល​បួន ៖

  • ​គ្រប់គ្រង​សកម្មភាព និង​ការថែរក្សា ​លម្ហសមុទ្រ ដោយ​ចង់ប​ង្កើត​ឱ្យ​មាន​តំបន់​ត្រូវ​ការពារ។​
  • គ្រប់គ្រងនិងបែង​ចែក​​ធនធានធម្មជាតិ ​​ជីវចម្រុះ​ដ៏​សម្បូរបែប​​របស់​លម្ហ​សមុទ្ទ ​​​ដែលជា​តំបន់​​មិន​ស្ថិត​​នៅក្រោម​អធិបតេយ្យភាព​របស់​ប្រទេស​ណា ហើយ​គ្មានប្រទេស​ណាមាន​សិទ្ធិ​ផ្តាច់​មុខ​គ្រប់គ្រង ចាត់ចែងឬ​ធ្វើ​អាជីវកម្ម ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ការ​នេសាទ​ហួសកំណត់ ការ​រុករក​និង​ធ្វើ​អាជីវកម្ម​រ៉ែបាតសមុទ្រ
  • ដឹកនាំ​សិក្សា​អំពី​ផលប៉ះពាល់​បរិស្ថាន​ ​ការ​បំពុល​ទឹកសមុទ្រ ព្រមទាំង​ សកម្មភាព​ផ្សេងទៀត ដែល​ជំរុញ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ និង​​បង្ក​ការ​គំរាមកំហែង​ដល់​ជីវៈចម្រុះសមុទ្រ។
  • ពង្រឹង​សមត្ថភាព​និង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ទៅ​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍

ការ​បង្កើត​សន្ធិសញ្ញា​នេះ ជា​ដំណាក់កាល​មួយ​ដ៏​សំខាន់​ក្នុង​ឈាន​ឆ្ពោះ​ទៅ​​​ការពារ​បរិស្ថានសមុទ្រ ដែល​ត្រូវ​លាតសន្ធឹង​ឲ្យ​បាន​រហូត​ដល់​ទៅ ៣០% នៃ​ផ្ទៃសមុទ្រ​សរុប​នៅ​ទូទាំង​ពិភពលោក​ទាំងមូល​ នៅ​ត្រឹម​ឆ្នាំ២០៣០​ខាងមុខ។

ខ្វែង​គំនិត​ជុំ​វិញ​​ការ​បែងចែង​ផល

មាន​មូលហេតុ​ពីរ​យ៉ាង​ដែល​កំពុង​ប្រទាញ​ប្រទង់​ខ្លាំង។ ទីមួយ គឺ​បណ្តាល​មក​ពី​ភាព​លោភលន់​របស់​ក្រុម​៥០​ប្រទេស​​ជា​សម្ព័ន្ធ​ការពារ​លម្ហ​សមុទ្ទ​ដែល​ដឹកនាំ​ដោយ​សហភាព​អឺរ៉ុប និងបណ្តា​ប្រទេស​ផ្សេង​ទៀត ដូច​យ៉ាង​ កាណាដា និង​សហរដ្ឋ​អាមេរិក។​ នេះ​បើ​តាម​ការ​បរិហារ​របស់​អង្គការ​Greenpeace។

ចំណុច​ខ្វែង​គ្នា​ខ្លាំង​បំផុត​​មួយ​ទៀត គឺ​ទាក់ទង​នឹង​ការ​បែងចែក​ផល​ចំណេញ​ជា​យថាហេតុ​​ បាន​មក​ពី​​ការ​ធ្វើ​ផលិតកម្ម​ធនធានធម្មជាតិ​​ក្នុង​​លម្ហសមុទ្ទ។ គ្មាន​មធ្យោបាយ​ និង​លទ្ធភាព​ដឹកនាំ​ការ​ស្រាវជ្រាវ​ដែល​ចំណាយ​ច្រើន ខាង​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ខ្លាច​ក្រែង​តែ​មិន​បាន​ទទួល​ផល​ធំដុំ​ពី​លម្ហ​សមុទ្ទ​ទេ។ ​ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​គម្រោង​ច្បាប់​ ​ដែល​កំពុង​ស្ថិត​នៅលើ​តុ​ចរចា ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាមទារ​ឱ្យ​មាន​ការ​ចែក​រំលែក​ផល​ចំណេញ​ ២%​ ពី​ការ​លក់​ដូរ​ផលិតផល​​បាន​មក​ពី​ធនធាន​ក្នុង​លម្ហ​សមុទ្ទ ដែល​ជា​របស់​គ្មាន​ម្ចាស់។ ប៉ុន្តែបើ​តាម​Greenpeace ដដែល ​ក្រុមប្រទេស​ជឿនលឿន មាន​អាទិ៍​សហភាពអឺរ៉ុប​មិន​ព្រមបែង​ចែក​ផល​ចំណេញ​បែប​នេះ​ទេ​ គ្រាន់​តែ​ជា​សម្មិតិកម្ម​សម្រាប់​អនាគត មិនមែន​ជា​សាច់ប្រាក់​ពិត​ផង ក៏​ក្រុម​អ្នកមាន​បដិសេធ​ដែរ ពិត​ជា​គួរ​ឱ្យ​ខក​ចិត្ត​ណាស់។

សហភាព​អឺរ៉ុប​បាន​ច្រាន​ចោល​ពាក្យ​ចោទ​ប្រកាន់​របស់​Greenpeace ដោយ​បញ្ជាក់​ថា អឺរ៉ុប​ត្រៀម​រួម​ចំណែក​បង្កើត​សន្ធិសញ្ញា ដែល​មាន​បញ្ចូល​ការ​បែងចែង​ផល​ចំណេញកំរិត​ពិភពលោក​​ដ៏​ត្រឹម​ត្រូវ​។

ថ្វីបើ​អង្គការ​Greenpeace ហាក់​ដូច​ជា​មាន​ទុទិដ្ឋនិយម​បន្តិច​មែន ប៉ុន្តែ​ក្រុមសម្ព័ន្ធអង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេង​នៅ​តែ​រក្សា​និង​ចិញ្ចឹម​ក្តី​សង្ឃឹម​ជា​និច្ច ព្រោះ​សំអាង​ថា ការ​ចរចា​សម្រេចបានជិត​ដល់​ចុងបង្ហើយ​ហើយ​​ មិន​អាច​ត្រលប់​ទៅ​ជា​បរាជ័យ​បាន​ទេ។ ក្រុម​អ្នក​ចរចរចា​សុទ្ធ​តែ​មាន​ឆន្ទៈ​ចង់​សម្រេច​លទ្ធផល​នៅ​លើក​នេះ​។ ពួក​គេ​នឹងអាច​ធ្វើ​បាន ប៉ុន្តែ​ត្រូវ​​ឱ្យ​ប្រទេស​ដែល​អះអាង​ថា​ជាអ្នក​​ការពារ​មហាមហាសមុទ្ទ សម្រប​​​មហិច្ឆតា​របស់​ខ្លួន​និង​ចេះ​បត់​បែន​តាម​ស្ថានការណ៍​ខ្លះ​។ ការចរចាលើ​ចំណុច​ចម្រូង​ចម្រាស់​ខ្លាំង ​ពី​រសប្តាហ៍​កន្លង​មក​នេះ មាន​ភាពជឿន​លឿន​ច្រើន​ណាស់​។ តែ​មួយ​ហ៊ឹស​ទៀត សន្ធិសញ្ញា​នឹង​ប្រសូត​ចេញ​ជា​រូប​រាង​បាន​ហើយ។

ប៉ុន្តែ​អ្វី​ដែល​​ អង្គការ​ការពារ​បរិស្ថាន ព្រួយ​បារម្ភ​ខ្លាំង​បំផុត​នោះ​មិនមែន​ខ្លាច​សន្ធិសញ្ញា​មិន​ចេញ​ជា​រូប​រាង​ទេ តែ​គឺ​​ភាព​យឺត​យ៉ាវ​របស់​ក្រុម​អ្នក​ចរចា។ ពេល​វេលា​កាន់​តែ​ខើច​ហើយ តែ​មិន​ព្រម​ប្រែក្លាយ​ឆន្ទៈ​ មក​ជា​សកម្មភាពជាក់​ស្តែង​ទៀត។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នក​ស្រី Liz Karan នៃ​អង្គការ Paw Charitable Trusts៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ