អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សំណួរចាក់ស្រេះនៅក្រោយហេតុការណ៍ការសម្លាប់រង្គាលនៅមណ្ឌលថែទាំកុមារថៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​ថៃកាន់​ទុក្ខ នៅមួយថ្ងៃ​ក្រោយ​ហេតុការណ៍​បាញ់ ចាក់សម្លាប់​មនុស្ស​នៅមជ្ឈមណ្ឌល​ថែទាំ​កុមារ នៅ​ប៉ែកខាងជើង​ប្រទេស។ នៅថ្ងៃ​សុក្រនេះ ព្រះមហាក្សត្រ និង​នាយករដ្ឋមន្រ្តី​ថៃ នឹង​ធ្វើដំណើរ​ទៅ​សួរសុខទុក្ខ អ្នករបួស នៅមន្ទីរពេទ្យ និង​ទៅកន្លែងកើតមាន​សោកនាដកម្ម ជាទី​ដែលមនុស្ស​យ៉ាងតិច ៣៧នាក់ ត្រូវ​ឃាតករ​បាញ់ និងចាក់សម្លាប់ដោយ ឃោឃៅបំផុត កាលពីថ្ងៃ​ព្រហស្បតិ៍។ នៅក្រោយហេតុការណ៍កាលពីថ្ងៃ​ម្សិលមិញនៅប្រទេស​ថៃ គេបាន​ចោទ​សួរ​ពីដើមហេតុ​ដែលនាំ​ឲ្យ​មាន​ការសម្លាប់​រង្គាល​ជាពិសេស​ទៅលើកុមារ។ ម្យ៉ាង សោកនាដកម្ម នៅខេត្ត​ ណង បួរ ឡាំភូ ក្បែរព្រំដែន​ឡាវ បានធ្វើ​ឲ្យ​គេ​ចោទសំណួរ​ពីបញ្ហាជួញដូរគ្រឿងញៀន និង​ការប្រើប្រាស់​អាវុធ នៅក្នុង​ប្រទេស​ថៃ។

ឪពុកម្តាយ និងគ្រួសារ​ជនរងគ្រោះ​ទៅដាក់ផ្កា​នៅមុខ​មណ្ឌលថែទាំកុមារជាទី ដែលជាគ្រូបង្រៀន និងកុមារចំនួន យ៉ាងតិច ៣៧នាក់​ត្រូវខ្មាន់កាំភ្លើង ដែលជាអតីតប៉ូលិស​បាញ់ និង​ចាក់សម្លាប់ នៅ​ថ្ងៃព្រហស្បតិ៍ ទី ៦តុលា នៅខេត្ត​ណងបួ ណាំភុ ប្រទេស​ថៃ
ឪពុកម្តាយ និងគ្រួសារ​ជនរងគ្រោះ​ទៅដាក់ផ្កា​នៅមុខ​មណ្ឌលថែទាំកុមារជាទី ដែលជាគ្រូបង្រៀន និងកុមារចំនួន យ៉ាងតិច ៣៧នាក់​ត្រូវខ្មាន់កាំភ្លើង ដែលជាអតីតប៉ូលិស​បាញ់ និង​ចាក់សម្លាប់ នៅ​ថ្ងៃព្រហស្បតិ៍ ទី ៦តុលា នៅខេត្ត​ណងបួ ណាំភុ ប្រទេស​ថៃ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

នៅមួយថ្ងៃ​ក្រោយ ហេតុការណ៍​បាញ់ និង​ចាក់សម្លាប់ មនុស្ស នៅ​មណ្ឌល​ថែទាំក្មេងតូច នៅភាគខាងជើងប្រទេស ប្រទេស​ថៃ​កាន់ទុក្ខ ដោយ​ការទម្លាក់ទង់ជាតិ ពាក់កណ្តាលដង ចំណែក ព្រះមហាក្សត្រ និង​នាយករដ្ឋមន្រ្តី​ថៃ​បានធ្វើដំណើរ​ទៅសួរសុខទុក្ខ អ្នករបួស និង​គ្រួសារ សាច់ញាតិ​របស់​ជនរងគ្រោះ ដែលត្រូវ​ឃាតករ បាញ់ និង​ចាក់សម្លាប់កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។ ប្រជាជន​ថៃ និង​ពិភពលោក​នៅតែរន្ធត់ ប៉ុន្តែ នៅតែ​ចង់​ដឹង​ពីដំណើរ​ដើមហេតុ​ដែលធ្វើឲ្យ​កើតមាន​សោកនាដកម្ម​សម្លាប់មនុស្សយ៉ាងតិច ៣៧នាក់ ដែលនៅក្នុងនោះ មាន​២៣នាក់ ជា​កុមារ។

ជាពិសេស ឪពុកម្តាយ របស់​កុមារតូចៗ និងក្រុមគ្រួសារ​របស់​ជនរងគ្រោះ ដែល​នៅតែ​យំទួញសោក មិនអស់ចិត្ត ពីការបាត់បង់ ដ៏ខ្លោចផ្សារ មនុស្សជាទីស្រឡាញ់​របស់ខ្លួន។ គ្រប់គ្នា មិននឹកស្មាន​ថា នៅក្នុង​មជ្ឈមណ្ឌល​ថែទាំ​ក្មេងតូច នៅក្នុងភូមិ​ដ៏តូច​ស្ងប់ស្ងាត់ ក្នុង​ខេត្ត ​ ណង បួរ ឡាំភូ ដែលនៅ​ជាប់ព្រំដែន​ឡាវ បែរ​ជាជួបរឿង​ដ៏​អាក្រក់​បែបនេះទេ។ ហើយក៏​គ្មាននរណា​អាចដឹងទេ​ថា Panya Khamrab អាយុ ៣៤ឆ្នាំ​ដែលជា​អតីត​ប៉ូលិស នៅទីនោះ បែរជា​ប្រើកាំភ្លើង និង​កាំបិត​ចាក់សម្លាប់​មនុស្ស ​នៅមណ្ឌលថែទាំកុមារ​យ៉ាង​ដូច្នេះដែរ។

តាម​តួលេខ​ចុងក្រោយ​របស់​អាជ្ញាធរ​សុខាភិបាល​ថៃ មនុស្ស យ៉ាងតិច ៣៧នាក់ ដែលនៅក្នុង​នោះ មានកុមារ ២៣នាក់ ត្រូវ ឃាតករPanya Khamrab សម្លាប់​ដោយ​ប្រើកាំភ្លើង និង​កាំបិត។

តាម​នាយកមជ្ឈមណ្ឌល​ថែទាំកុមារ ខាងលើ ហេតុការណ៍​សម្លាប់រង្គាល ចាប់ផ្តើម ឡើង​នៅ​ម៉ោងអាហារថ្ងៃត្រង់ នៅពេល​​ឃាតករ​ដើរទៅបាញ់សម្លាប់​គ្រូបង្រៀន នៅ​កន្លែងបាយ ខាងក្រៅមណ្ឌល។ បន្ទាប់មក ឃាតករ បាន​រុញធាក់ទម្លាយទ្វារ ចូល​ទៅ​បាញ់សម្លាប់​បុគ្គលិក និង​ចាក់សម្លាប់ក្មេង​ទាំងអស់ នៅ​ក្នុងបន្ទប់ ដែលមាន​ចំនួន ២៤នាក់ ដែល​មាន​អាយុ​ ២-៣ឆ្នាំ។

តាម​នាយកខាងលើ ក្មេង​គេង​នៅក្នុងបន្ទប់​ទាំងអស់​មាន​២៣នាក់ ត្រូវ​ឃាតករ​ចាក់សម្លាប់ ដោយ​នៅ​សល់​តែ​ក្មេងម្នាក់គត់​ដែលនៅរួចរស់ជីវិត ដោយសារ​តែពេលនោះ គេ​កំពុង​គេងដណ្តប់​ភួយជិត ដែលឃាតករ​មើលមិនឃើញ។ ជាទូទៅ មណ្ឌល​ថែទាំកុមារតូច ទទួល​មើល​ក្មេង ៩២នាក់ ប៉ុន្តែ នៅថ្ងៃកើតហេតុ គេ​ទទួល​មើលក្មេង​តែ ២៤នាក់ប៉ុណ្ណោះ ព្រោះថា ឪពុកម្តាយផ្សេងទៀត​មិនបាន​យក​កូន មក​ដាក់នៅមណ្ឌល ដោយសារ​អាកាសធាតុមិនល្អ ផង និង​ដោយសារ​ចៃដន្យ ឡាន​ក្រុង​ខូច​ផង។

សំណួរចាក់ស្រេះស្តីពីមូលហេតុដែលធ្វើ​ឲ្យឃាតករ បាញ់ ចាក់សម្លាប់​គ្រូបង្រៀន និងកុមារ

តើឃាតករ​ Panya Khamrab​ខឹងគុំគួន​នឹង​ជនរងគ្រោះ​ពី​រឿងអ្វី ជាពិសេស​កុមារ​ដែលមាន​អាយុ ត្រឹម ២ ៣ឆ្នាំ?

គេ​នៅតែ​មិនយល់ ថា ហេតុអ្វីបានជា​ឃាតករ Panya Khamrab អាច​លើកដៃ​ចាក់​សម្លាប់កុមារបាញ់​សម្លាប់ ស្រ្តីគ្រូបង្រៀន ដែលកំពុង​មាន​ផ្ទៃពោះ ៨​ខែ បាន​យ៉ាងដូចម៉េច?

រហូតមកដល់ម៉ោងនេះ ប៉ូលិស​នៅតែ​មិនទាន់​ដឹងមូលហេតុពិតប្រាកដ។ ការស៊ើបអង្កេត​ក៏នឹង​ត្រូវការ​ពេលវេលា​យូរបន្តិច ព្រោះថា ឃាតករ ដែលជា​អ្នកបង្កហេតុ បាន​បាញ់សម្លាប់ខ្លួន នៅក្រោយ​សម្លាប់ ភរិយា និង​កូនប្រុស​របស់ខ្លួនរួចទៅហើយដែរ។

យ៉ាងណាក៏ដោយ ទោះគេមិនដឹង​ពីមូលហេតុ​ដែល​ធ្វើ​ឲ្យ Panya Khamrab ដើរ​សម្លាប់មនុស្ស​ប៉ុន្តែ គេ​បានដឹងខ្លះៗ​ពីដំណើរដើមទង​របស់​ឃាតករ ដូចជា​Panya Khamrab ត្រូវ​បាន​គេ​បណ្តេញ​ចេញពីកាងារ ប៉ូលិស កាលពីខែ មិថុនា ដោយសារ​រឿងប្រើ​គ្រឿងញៀន។

សាក្សី​ជា​គ្រូបង្រៀន​នៅ​មជ្ឈមណ្ឌល​ថែទាំ​កុមារ ម្នាក់ បាននិយាយ​ថា គេស្គាល់ Panya Khamrab ច្បាស់ណាស់ ព្រោះ​ថា ឃាតករ​រូបនេះ ធ្លាប់យក​កូនប្រុស មក​ឲ្យនៅរៀន​នៅ​មជ្ឈមណ្ឌលដែរ ប៉ុន្តែ ទើបតែ បាត់មុខ ទៅ ១ខែចុងក្រោយ នេះ។ ម្យ៉ាង នៅភូមិ គ្រប់គ្នា​ធ្លាប់​ស្គាល់​ Panya Khamrab ថា ដំបូងឡើយ គេ​ជា​ប៉ូលិស​ស្លូត​រួសរាយ ប៉ុន្តែ ក្រោយមក បានក្លាយ​ជាអ្នក​ប្រើគ្រឿងញៀន​យ៉ាងចាស់ដៃ។ នៅថ្ងៃ​ព្រហស្បតិ៍ ពោល​គឺ​នៅប៉ុន្មាន​ម៉ោង​មុន ទៅ​បាញ់​និង​ចាក់សម្លាប់មនុស្ស នៅ​មណ្ឌលថែទាំកុមារ Panya Khamrab ត្រូវ​បាន​តុលាការបើកសវនាការ​ជំនុំជម្រះ លើ​បទចោទប្រកាន់ ប្រើ និង​ជួញដូរ​ថ្នាំញៀន។ តុលាការ​ត្រូវ​ចេញសាលក្រម​នៅថ្ងៃ​សុក្រនេះ ថា តើ អតីតប៉ូលិស​ Panya Khamrab មានទោស ប្រើ និង​ជួញដូរ​ថ្នាំញៀន​ដែរ​ឬទេ។ សាក្សី ដែល​រត់គេចខ្លួន ពីការតាមចាក់សម្លាប់​របស់​ Panya Khamrab ម្នាក់​បាន​និយាយ​ប្រាប់​ទូរទស្សន៍​ថៃ ថា នៅពេល​កំពុង​ប្រព្រឹត្ត​អំពើឃាតកម្ម Panya Khamrab ទំនងកំពុង​ស្ថិតក្រោម​ឥទ្ធិពល​របស់​ថ្នាំញៀន។ ប៉ុន្តែ ប្រធានប៉ូលិសជាតិ​ថៃ បាន​និយាយ​នៅក្នុង​សន្នីសិទកាសែត នៅថ្ងៃសុក្រថា លទ្ធផល​តេស្ត​ឈាមរបស់ Panya Khamrab ​បានបង្ហាញថា Panya Khamrab​គ្មាន​គ្រឿងញៀនក្នុងខ្លួនទេ នៅពេល​កំពុង​ធ្វើសកម្មភាពដើរចាក់សម្លាប់មនុស្ស។

សោកនាដកម្ម​នៅ​ស្រុក Na Klang កាលពីថ្ងៃព្រហស្បតិ៍ បានរំលេច​ឲ្យ​ឃើញ ពី​ការរីកសាយភាយ​នៃការប្រើ និងជួញដូរ គ្រឿង​ញៀន នៅ​ប្រទេសថៃ ជាទី​ដែល​តម្លៃគ្រឿងញៀន​បានធ្លាក់​ថយចុះ​ខ្លាំង ដោយសារ​តែ​ការផ្គត់ផ្គង់​មាន​ច្រើនជាង តម្រូវការ។ នេះបើតាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ដែលបាន​រិះគន់​ថៃ ថា​ជាប្រទេស​ដែល​មាន​ការចរាចរណ៍ សារធាតុញៀន និង​ផលិត​គ្រឿងញៀន ធំជាងគេ នៅ​អាស៊ី​អាគ្នេយ៍។

ម្យ៉ាងទៀត ទោះការបាញ់សម្លាប់​មនុស្ស​ជារឿង​កម្រនៅប្រទេសថៃ ប៉ុន្តែ ថៃ នេះ​ក៏​ត្រូវបានគេ​ចាត់ជា​ប្រទេស​អាស៊ីអាគ្នេយ៍​មួយដែល​មាន​ការចរាចរណ៍​អាវុធច្រើន​ណាស់​ដែរ បន្ទាប់ពីអាមេរិក។ តាម​អង្គការ​ Gunpolicy.org ប្រជាជនថៃ ១៥នាក់ ក្នុងចំណោម ១០០នាក់ មានអាវុធ​ក្នុងដៃ ចំណែក ប្រជាជន​អាមេរិក ១២០ ក្នុង​១០០នាក់ ពោល​គឺប្រជាជនអាមេរិកម្នាក់ មានអាវុធ​លើសពី​១ដើម។

កាំភ្លើងដែល​ឃាតករប្រើ សម្រាប់​បាញ់សម្លាប់​ជនរងគ្រោះ​ជាកាំភ្លើង​ស្របច្បាប់

ប៉ូលិសថៃ​បាននិយាយពិតមែន​ថា ឃាតករ Panya Khamrab បាន​ប្រើ​កាំភ្លើង​ស្របច្បាប់ បាញ់សម្លាប់មនុស្ស កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ប៉ុន្តែ មិនបាន​បញ្ជាក់ថា តើ​នោះជា​កាំភ្លើងសម្រាប់មុខងារ​ប៉ូលិស ឬ​ជា​កាំភ្លើង ដែល​ Panya Khamrab ​បាន​ទិញដោយខ្លួនឯង ដោយ​ស្របច្បាប់។ បើសិន​ជា​កាំភ្លើង​សម្រាប់​មុខងារប៉ូលិស ហេតុអ្វីបានជា Panya Khamrab នៅតែ​អាច​មានវា​នៅជាប់ខ្លួន នៅពេល Panya Khamrab ត្រូវ​បាន​គេ​បណ្តេញចេញពីការងារ​ប៉ូលិស​តាំង​ពីខែមិថុនា រួចទៅហើយនោះ។ ហេតុអ្វីបានជាគេមិនដកហូត​កាំភ្លើង នៅក្រោយ Panya Khamrab លែង​មាន​តួនាទីជាប៉ូលិស ? ទាំងនេះ ជា​អ្វីដែលប៉ូលិសថៃ កំពុង​ស៊ើបអង្កេត។

សោកនាដកម្ម បាញ់ ចាក់សម្លាប់មនុស្ស នៅ​ស្រុក Na Klang ក្នុង​ខេត្ត​ណងបួ ឡាំភុ ឆ្លុះបញ្ចាំង​ផងដែរ​ពី​អំពើ​ហិង្សា​សម្លាប់​មនុស្ស ដោយសារ​ការប្រើកាំភ្លើង។

ទោះការសម្លាប់​មនុស្ស​ទ្រង់ទ្រាយធំ កម្រកើតមាន នៅថៃ ប៉ុន្តែ នៅ​ប្រទេស​ថៃ ដែល​សំបូរ​ចរាចរណ៍ កាំភ្លើង ខុសច្បាស់ អាជ្ញាធរ​តែងបារម្ភ​ពីការផ្ទុះអាវុធហិង្សា នៅក្នុងប្រទេស។

តាមរបាយការណ៍​របស់​អង្គការ​តាមដាន​ឃ្លាំមើល​អាវុធ ឈ្មោះ Gunpolicy.org​នៅ​ឆ្នាំ ២០១៧ ថៃ មាន​អ្នកកាន់អាវុធ​ជាលក្ខណៈ ឯកជន ជាង ១០លាននាក់ ដែល​នៅក្នុង​នោះ មាន​៦លានដើម​ដែល​ចុះបញ្ជីស្របច្បាប់។

ច្បាប់គ្រប់គ្រង​អាវុធ​នៅប្រទេស​ថៃ​ តឹងរ៉ឹង ព្រោះ​អ្នកដែលអាវុធ​ខុសច្បាប់ ត្រូវ​ប្រឈមនឹង​ទោសជាប់ពន្ធាគារ ១០ឆ្នាំ និង​ប្រាក់ពិន័យ ៥៣៥ដុល្លារ ប៉ុន្តែ ដោយសារ ថៃត្រូវ​បាន​គេចាត់ទុក​ជា​ទីផ្សារងងឹត លក់អាវុធ សំខាន់ មួយ នៅ​តំបន់​អាស៊ី អាគ្នេយ៍ នាំមុខ​កម្ពុជា និង​វៀតណាម នោះ​ការទិញប្រើប្រាស់​អាវុធ ប្រព្រឹត្តអំពើហិង្សា​សម្លាប់មនុស្ស ដូចជា នៅ​ស្រុក Na Klang កាលពីថ្ងៃ​ម្សិលមិញ គឺជារឿងដែលអាច​កើតមាន​ឡើង គ្រប់ពេលវេលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ