អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

របាយការណ៍ AIE៖សង្រ្គាមអ៊ុយក្រែនកំពុងពន្លឿនពិភពលោកឲ្យងាកទៅរកថាមពលបៃតង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ តុលា​នេះ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ហៅ​កាត់​ជា​ភាសា​បារាំង AIE បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ថាមពល​ក្នុង​លោក។ នៅ​ក្នុង​របាយការណ៍ AIE បាន​មើល​ឃើញ​ថា សង្រ្គាមអ៊ុយក្រែន​កំពុង​រុញ​ពិភពលោក​ឲ្យ​ងាក​ទៅ​រក​ថាមពល​បៃតង​កាន់​តែ​លឿន​ជាង​មុន។ តែ AIE មិន​ភ្លេច​ព្រមាន​ពី​គម្លាត​កាន់​តែ​ឆ្ងាយ​រវាង​ក្រុម​ប្រទេស​អ្នក​មាន និង​ក្រុម​ប្រទេស​អ្នក​ក្រ​នៅ​ក្នុង​ការ​វិនិយោគ​លើ​ថាមពល​បៃតង។ បន្ទាប់​មក AIE បាន​លើក​ឡើង​ពី​កម្រិត​ឧស្ម័ន​ផ្ទះកញ្ចក់​ដល់​កំពូល​នៅ​ឆ្នាំ ២០២៥ មុន​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ ២០៥០។

របាយការណ៍ AIE ថា សង្រ្គាមអ៊ុយក្រែនកំពុងពន្លឿនពិភពលោកឲ្យងាកទៅរកថាមពលបៃតង។
របាយការណ៍ AIE ថា សង្រ្គាមអ៊ុយក្រែនកំពុងពន្លឿនពិភពលោកឲ្យងាកទៅរកថាមពលបៃតង។ AIE
ផ្សាយពាណិជ្ជកម្ម

សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​កំពុង​រុញ​អឺរ៉ុប​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​ថាមពល​សព្វថ្ងៃ។ តែ​សង្រ្គាម​មួយ​នេះ​ក៏​បាន​បង្ខំ​ឲ្យ​បស្ចិមលោក ក្នុង​នោះ​មាន​អឺរ៉ុប​បាន​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី​ដោយ​កាត់​បន្ថយ​ការ​ទិញ​ថាមពល​ពី​រុស្ស៊ី ពិសេស​ឧស្ម័ន ប្រេង និង​ធ្យូង​ថ្ម។ ជា​ការ​ឆ្លើយ​តប​វិញ រុស្ស៊ី​បាន​ប្រើ​ថាមពល​ជា​អាវុធ​ដោយ​បិទ​ក្បាល​រ៉ូប៊ីណេ​ឧស្ម័ន​ឈប់​លក់​ឧស្ម័ន​ទៅ​ឲ្យ​អឺរ៉ុប។ សម្រាប់​អឺរ៉ុប រឿង​ប្រេង និង​ធ្យូង​ថ្ម​មិន​ចំណោត​ទេ ព្រោះ​អឺរ៉ុប​មិន​សូវ​ពឹង​ច្រើន​លើ​រុស្ស៊ី និង​ក៏​អាច​ងាយ​រក​ទិញ​ពី​កន្លែង​ផ្សេង​បាន។ តែ​ចំណោត​ខ្លាំង​ទាក់ទង​នឹង​ឧស្ម័ន​ដែល​អឺរ៉ុប​បាន​ពឹង​ច្រើន​លើ​រុស្ស៊ី នោះ​បើ​ទោះ​បី​ជា​មាន​ប្រទេស​ខ្លះ​បាន​ពឹង​តិច ឬ​ពឹង​ច្រើន​ក៏​ដោយ។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ អឺរ៉ុប​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​ថាមពល​ដោយ​ខ្វះ​ភ្លើងអគ្គិសនី និង​ឧស្ម័ន​ប្រើប្រាស់ ខណៈ​ដែល​រដូវ​រងារ​ឈាន​ចូល​កាន់​តែ​ជិត។ តាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ នេះ​ហើយ​ជា​ដើមចម និង​ជា​មេរៀន​ដែល​បាន​ធ្វើ​ឲ្យ​អឺរ៉ុប​ផ្តើម​បែរ​ងាក​ទៅ​រក​ថាមពល​ផ្សេង​ក្រៅ​ពី​ថាមពល​បាន​មក​ពី​ប្រេង ឧស្ម័ន និង​ធ្យូង​ថ្ម។ ថាមពល​ផ្សេង​ដែល​ទីភ្នាក់ងារ​អន្តរជាតិ​ចង់​និយាយ​នេះ ជា​ថាមពល​បៃតង​ដែល​មិន​ចេះ​រីងស្ងួត និង​ប្រាកដប្រជា។ ដូច្នេះ​សម្រាប់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ សង្រ្គាម​អ៊ុយក្រែន​បាន​ដាស់​តឿន​ពិភពលោក ពិសេស​អឺរ៉ុប​ឲ្យ​បង្កើន​ការ​វិនិយោគ​កាន់​តែ​លឿន​លើ​ថាមពល​បៃតង​ដែល​បាន​ផ្តល់​អត្ថប្រយោជន៍​សំខាន់​ចំនួន​ពីរ ទី១ មិន​បំពុល​បរិយាកាស និង​ទី២ មិន​ត្រូវ​ការ​ពឹង​លើ​អ្នក​ដទៃ។

បរិមាណ​កាបូន​ឡើង​ដល់​កំពូល​ក្នុង​ឆ្នាំ ២០២៥ និង​ធ្លាក់​ចុះ​នៅ​ឆ្នាំ ២០៥០

នៅ​ចំពោះ​មុខ​ពេល​នេះ និង​ដើម្បី​បំពេញ​ការ​ខ្វះ​ថាមពល​ប្រើប្រាស់ ប្រទេស​ខ្លះ​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​បង្កើន​ការ​ប្រើ​ប្រេង ឧស្ម័ន និង​ធ្យូងថ្ម។ ទង្វើ​នេះ​ជា​ការ​បង្កើន​ឧស្ម័ន​ផ្ទះកញ្ចក់​នៅ​ក្នុង​បរិយាកាស ព្រោះ​ប្រេង ឧស្ម័ន និង​ធ្យូងថ្ម​ជា​ប្រភព​ថាមពល​ផូស៊ីល​ដែល​បង្ក​ចេញ​ជា​ឧស្ម័ន​កាបូនិច ឬ​កាបូន ឬ​មួយ​ហៅ​ឧស្ម័ន​ផ្ទះកញ្ចក់។ ឧស្ម័ន​ប្រភេទ​នេះ​ជា​ប្រភព​ចម្បង​នៃ​ការ​ឡើង​កម្តៅ​លើ​ភពផែនដី​របស់​យើង​សព្វថ្ងៃ។ ក្រៅ​ពី​នេះ មេតាន​ក៏​បាន​រួម​ចំណែក​នៅ​ក្នុង​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ដែរ។ ក៏​ដូច​ជា​រៀងរាល់​ឆ្នាំ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​សិក្សា​លើ​សេណារីយ៉ូ​នៃ​ការ​ប្រើ​ថាមពល​បាន​មក​ពី​ប្រភព​ចំនួន ៣ នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន គឺ​ប្រេង ឧស្ម័ន និង​ធ្យូងថ្ម។

តាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ កំណើន​នៃ​ការ​ប្រើ​ប្រេង ឧស្ម័ន និង​ធ្យូងថ្ម​ពេល​នេះ​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ថប់​ដង្ហើម និង​បង្ក​ឲ្យ​មាន​ការ​ឡើង​កម្តៅ​ផែនដី។ តែ​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​មិន​ភ្លេច​បញ្ជាក់​ថា ជាមួយ​នឹង​ការ​សន្យា និង​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​វិនិយោគ​លើ​ថាមពល​បៃតង កម្រិត​ឧស្ម័ន​ផ្ទះកញ្ចក់​ឡើង​ដល់​ចំណុច​កំពូល​ក្នុង​ឆ្នាំ ២០២៥ ពោល​មាន​បរិមាណ ៣៧ ០០០លានតោន និង​ធ្លាក់​ចុះ​នៅ ៣២ ០០០លានតោន​នៅ​ឆ្នាំ ២០៥០។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​យល់​ឃើញ​ថា កំណើន​សីតុណ្ហភាព​ផែនដី​ជា​មធ្យម​មាន​ប្រមាណ ២,៥អង្សារ​ធៀប​នឹង​សម័យ​មុន​ឧស្សាហកម្ម។ កំណើន ២,៧អង្សារ​គឺ​ឆ្ងាយ​ពី ១,៥អង្សារ​ដែល​ជា​កម្មវត្ថុ​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​អនុម័ត​ក្នុង​ឆ្នាំ ២០១៥។

ការ​ប្រឹងប្រែង​នៅ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​បញ្ជៀស​ផលវិបាក​អាកាសធាតុ

នៅ​ក្នុង​របាយការណ៍ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​ទាមទារ​ឲ្យ​មាន​ការ​ប្រឹងប្រែង​បន្ថែម​ទៀត ហើយ​ការ​ប្រឹងប្រែង​នេះ​ត្រូវ​ចាប់​ផ្តើម​ពី​ការ​កាត់​បន្ថយ​គម្លាត​ដែល​កំពុង​មាន​ខ្លាំង​រវាង​ក្រុម​ប្រទេស​អ្នកក្រ និង​ក្រុម​ប្រទេស​អ្នក​មាន​នៅ​ក្នុង​ការ​វិនិយោគ​លើ​ថាមពល​បៃតង។ បន្ទាប់​មក ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​គូសបញ្ជាក់​ជា​ថ្មី​ពី​តម្រូវការ​វិនិយោគ​យ៉ាង​ច្រើន​សម្បើម​នៅ​ក្នុង​ថាមពល​ស្អាត។ ថាមពល​ស្អាត​នេះ​មាន​ទាំង​ថាមពល​បៃតង ថាមពល​គ្មាន​កាបូន ដូច​ជា​នុយក្លេអ៊ែរ រួម​ទាំង​នៅ​ក្នុង​វិស័យ​ច្រើន​ទៀត ដូច​យ៉ាង​ការ​ផលិត​រថយន្ត​អគ្គិសនី។

តាម​សេណារីយ៉ូ​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ការ​វិនិយោគ​នៅ​ក្នុង​ថាមពល​ស្អាត​ត្រូវ​មាន​ទឹកប្រាក់​ជាង ២ ០០០ ០០០លានដុល្លារ​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០ និង​កើន​ឡើង​ទ្វេ​ដង​ដល់ ៤ ០០០ ០០០លានដុល្លារ​ដើម្បី​អាច​ឈាន​ទៅ​សម្រេច​កម្មវត្ថុ​សូន្យ​កាបូន​នៅ​ឆ្នាំ ២០៥០។ តាម​រយៈ​របាយការណ៍​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ពេល​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​ថាមពល​ស្អាត​ត្រូវ​តែ​បង្កើន ១គុណ​នឹង​៣​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ