អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការបោះឆ្នោតពាក់កណ្តាលអាណត្តិ៖ តើបក្សប្រជាធិបតេយ្យ​របស់​លោកចូ បៃដិន​នឹង​អាច​របូតបាត់សភាដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​អាមេរិក ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ បាន​ចាប់ផ្តើម នៅ​ថ្ងៃ​អង្គារ​ទី ៨វិច្ឆិកានេះ។ ប្រជាជនអាមេរិក​ប្រមាណ ៤២លាននាក់ បានចេញទៅបោះឆ្នោត តាំងពីមុនថ្ងៃអង្គារ។ នៅក្នុងការបោះឆ្នោត​ដែលតែងរៀបចំឡើង នៅ​ពីរឆ្នាំម្តង ពោល​គឺ​នៅក្នុងពេល​ប្រធានាធិបតី​កាន់តំណែង​បាន​ពាក់កណ្តាល​អាណត្តិ  ពលរដ្ឋ​អាមេរិក​ត្រូវ​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា (ឬ​សភា​តំណាង) មួយភាគបី​នៃ​សមាជិក​ព្រឹទ្ធសភា និង​អភិបាល​រដ្ឋ ព្រមទាំង​អភិបាលក្រុង និង​​សមាជិក​សភា​នៅ​តាម​រដ្ឋ​នីមួយៗ។ ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​កម្រ​នឹងផ្តល់លទ្ធផលល្អ សម្រាប់​រដ្ឋាភិបាលកាន់អំណាច។ តើ​លោក​ប្រធានាធិបតី​ចូ បៃដិន​អាច​ប្រឈម​នឹង​ផលវិបាក​អ្វី បើសិនគណបក្ស​ប្រជាធិបតេយ្យ​បរាជ័យ នៅក្នុងការបោះឆ្នោត​លើកនេះ?

ប្រជាជនអាមេរិកនៅ Baltimore​ចាប់ផ្តើម​ទៅគូសសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ អាមេរិក​នៅ​ថ្ងៃទី ៣១​តុលា ២០២២
ប្រជាជនអាមេរិកនៅ Baltimore​ចាប់ផ្តើម​ទៅគូសសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ អាមេរិក​នៅ​ថ្ងៃទី ៣១​តុលា ២០២២ AP - Julio Cortez
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​អាមេរិក​ត្រូវ​ទៅចូលរួមនៅក្នុងការបោះឆ្នោតពាក់កណ្តាល ដែល​ត្រូវ​ចាប់ផ្តើម​នៅថ្ងៃ​អង្គារទី ៨​វិច្ឆិកានេះ។ ការបោះឆ្នោត​លើកនេះ ត្រូវ​បាន​គេមើលឃើញថា ជាការបោះឆ្នោត​ដ៏សំខាន់ និងប្រកួតប្រជែង​គ្នាខ្លាំង​រវាង​គណបក្ស​កាន់អំណាច​គឺ​គណបក្ស​ប្រជាធិបតេយ្យ របស់​លោក​ចូ បៃដិន និង​គណបក្ស​សាធារណរដ្ឋ ដែលជា​បក្ស​ប្រឆាំង។

ការបោះឆ្នោត ពាក់កណ្តាលអាណត្តិ ដែលតែង​រៀបចំឡើង នៅរៀងរាល់​២ឆ្នាំម្តង ដើម្បីផ្លាស់ប្តូរ​សមាជិករដ្ឋសភា​ទាំងស្រុង និង​សមាជិក​១ភាគបី នៃ​សមាជិក​ព្រឹទ្ធសភា កម្រ​នឹងផ្តល់​លទ្ធផល​ជាវិជ្ជមាន​ទៅ​ខាង​គណបក្ស​កាន់អំណាច។

ការបោះឆ្នោត ពាក់កណ្តាលអាណត្តិ ជា​ពេលវេលា​ដែល​ប្រជាជន​អាមេរិក​ត្រូវ​វាយតម្លៃ​ការដឹកនាំ​បាន​ពីរឆ្នាំ ឬ​ពាក់កណ្តាល​អាណត្តិ​របស់​ប្រធានាធិបតី។ ជាទូទៅ ប្រជាជនដែល​មិនសប្បាយចិត្ត​នឹង​នយោបាយ​ដឹកនាំ របស់​ប្រធានាធិបតី តែងងាក​ទៅ​បោះឆ្នោត គាំទ្រ​ឲ្យ​គណបក្ស​ប្រឆាំង ឲ្យបាន​ទទួល​សំឡេងច្រើនគ្រប់គ្រង រដ្ឋសភា និង​ព្រឹទ្ធសភា ដើម្បី ជាមេរៀន ដាក់ទណ្ឌកម្ម​គណបក្ស​របស់​ប្រធានាធិបតី។

នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិលើកនេះ សមាជិក​រដ្ឋសភា​ទាំង ៤៣៥រូប នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ថ្មី។ ចំណែក សមាជិកព្រឹទ្ធសភាអាមេរិក ដែលមានចំនួន សរុប ១០០រូប នឹង​មានសមាជិក ១ភាគ៣ ពោល គឺ ៣៥រូបដែលត្រូវ​ផុតអាណត្តិ ហើយ​និង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ថ្មី។

ការស្ទង់មតិ​បាន​បង្ហាញ​ពីសំណាងឈ្នះច្រើន​របស់​គណបក្ស​សាធារណរដ្ឋ ដែលជា​គណបក្ស​ប្រឆាំង ព្រោះថា គណបក្ស​នេះ ត្រូវការឈ្នះ ​ប្រមាណតែ ពី ១០ ទៅ ២៥​អាសនៈ បន្ថែមទៀត ប៉ុណ្ណោះ គឺ​អាច​ចូល​គ្រប់គ្រង​រដ្ឋសភាបានហើយ។ ការប្រកួតប្រជែងខ្លាំង​រវាងបក្សទាំងពីរ​ មាន​នៅក្នុងរដ្ឋ​គន្លឹះ មួយចំនួន ដូចជា​ រដ្ឋ ចចា វីស្កូស៊ីន ណេវាដា ឬ ប៉េនស៊ីវ៉ាល់នី អារីហ្សូណា ជាដើម។

ដើម្បីទាក់ទាញ​ប្រជាជន​អាមេរិកាំង បេក្ខជន​បក្ស​សាធារណរដ្ឋ សម្រុក​រិះគន់ បរិហារខ្លាំងៗ​នយោបាយ អសមត្ថភាព​របស់​រដ្ឋបាល​ លោក​ចៃ​បៃដិន ដែលកំពុងធ្វើ​ឲ្យ​អាមេរិក​ធ្លាក់ក្នុងវិបត្តិ​អតិផរណា​ធ្ងន់ធ្ងរ មិនធ្លាប់មាន (៨,២%)។ បក្ស​សាធារណរដ្ឋ​ផ្តោតសំខាន់ ពី​វិបត្តិ​ទំនិញឡើងថ្លៃ ព្រោះគេ​ដឹងថា​វា​ជារឿង​សំខាន់ សម្រាប់​ឆ្នាំងបាយ​របស់ប្រជាជនអាមេរិក។ គណបក្ស​ប្រជាធិបតេយ្យវិញ បាន​ព្យាយាម​និយាយ​ការពារ នយោបាយ​សេដ្ឋកិច្ច​របស់​លោក​ចូ បៃដិន ដែល​សន្យា​ប្រឹង​គ្រប់មធ្យោបាយ​ដើម្បី​បញ្ចុះអត្រាអតិផរណា ប៉ុន្តែ មិនសូវ​ជា​ស្តាប់ចូលត្រចៀក​របស់​ប្រជាជនអាមេរិក ព្រោះថា ការពិតជាក់ស្តែង ទំនិញ​នៅតែឡើងថ្លៃ ដែលធ្វើ​ឲ្យប៉ះពាល់​ដល់​ជីវភាព​របស់ប្រជាជនអាមេរិក។

តើ​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​សំខាន់​ប៉ុណ្ណា​សម្រាប់​លោកចូ បៃដិន?

ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​សំខាន់ណាស់ សម្រាប់​អនាគត​នយោបាយ​របស់​លោក​ចូ បៃដិន។ ដើម្បីទាក់ទាញ​ពលរដ្ឋអាមេរិក​នៅបន្តបោះឆ្នោត ផ្តល់​សំឡេង​ភាគច្រើន​ដល់​គណបក្ស​ប្រជាធិបតេយ្យ ឲ្យ​បន្តគ្រប់គ្រង​រដ្ឋសភា និង​ព្រឹទ្ធសភា លោក​ចូ បៃដិន​ចង់​ឲ្យប្រជាជន​អាមេរិក​បន្ត​ការផ្តល់ទំនុកចិត្ត ដើម្បី​ឲ្យលោក​អាច​អនុវត្ត​នយោបាយ​របស់​លោក ដូចជា​ច្បាប់ រំលូតកូន ច្បាប់ថវិកា​សម្រាប់​ដើម្បីកំណែទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ នយោបាយ​អាកាសធាតុ។

លោក​ចូ បៃដិន​បាន​និយាយ​ហើយ​ថា បើសិន​គណបក្ស​ប្រជាធិបតេយ្យ​ទទួលជ័យជំនះ នៅក្នុងការបោះឆ្នោត​ពាក់កណ្តាលអាណត្តិនោះ លោក​នឹង​ជំរុញ ឲ្យ​គេបង្កើតច្បាប់​សហព័ន្ធ ដើម្បីការពារ​សិទ្ធិ​រំលូតកូន។ ប៉ុន្តែ បើសិនបក្ស​ប្រជាធិបតេយ្យ​របស់​លោក​បាត់បង់សំឡេង​ភាគច្រើន ទាំងនៅ​សភាអ្នកតំណាងរាស្រ្ត និង​នៅព្រឹទ្ធសភា នោះ កម្មវិធី​នយោបាយ កំណែទម្រង់​របស់​លោក​ចូ បៃដិន​នឹង​ត្រូវ ជាប់គាំង ដោយសារ​តែ​គណបក្ស​ប្រឆាំង​ដែលអាច​ចូលគ្រប់គ្រងសភា រង់ចាំតែ បោះឆ្នោត​ប្រឆាំង​ច្បាប់​របស់​ប្រធានាធិបតី។ នៅពេលនោះ លោក​ចូ បៃដិន​មានតែប្រើសិទ្ធិវេតូ​របស់​ប្រធានាធិបតី សម្រាប់​ប្រឆាំង​ការសម្រេច​របស់សភា ដែលគ្រប់គ្រង​ដោយ​បក្ស​ប្រឆាំង។

ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​អាច​ជា​តេស្ត​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​អាណត្តិ​ក្រោយ ឆ្នាំ ២០២៤

ការបោះឆ្នោត​ពាក់កណ្តាលលើកនេះ មាន​បង្កប់​រួចទៅហើយ នូវ​យុទ្ធនាការឃោសនា សម្រាប់​ការបោះឆ្នោតប្រធានាធិបតី ឆ្នាំ ២០២៤ នៅពេលគេឃើញ​លោក​ដូណាល់ ត្រាំ អតីតប្រធានាធិបតី ចេញមុខ​ឃោសនា នៅស្ទើរគ្រប់រដ្ឋអាមេរិក។ លោក​ដូណាល់ ត្រាំ ផ្ទាល់​មិនទាន់​បាន​ប្រកាស​ផ្លូវការ​ថា លោកនឹង​ឈរឈ្មោះ សម្រាប់ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២៤ ប៉ុន្តែ លោកបានពន្លយ​ ថា លោកនឹង​ប្រកាសដំណឹងភ្ញាក់ផ្អើល ​នៅ​សប្តាហ៍ក្រោយ។  

លោកចូ បៃដិន ធ្លាប់បាន​ព្រមាន​រួចហើយ​ពីគ្រោះថ្នាក់​សម្រាប់​លទ្ធិប្រជាធិបតេយ្យ បើសិន​គណបក្ស​សាធារណរដ្ឋ​ទទួលជ័យជំនះ នៅក្នុងការបោះឆ្នោត​ពាក់កណ្តាលអាណត្តិ។ នៅក្នុងចំណោម​បេក្ខជន​គណបក្ស​សាធារណរដ្ឋ មាន​បេក្ខជន​មួយចំនួនធំ បាន​ដើរតាមលោកដូណាល់ ត្រាំ ដោយបាននិយាយ​ថា គេ​ទំនង​មិនទទួល​លទ្ធផលសំឡេងឆ្នោត នៅពេល​ពួកគេ​ទទួលបរាជ័យ។ ដោយ​ចោទ លោក​ចូ បៃដិន បាន​លួចប្លន់សំឡេង​ឆ្នោត​របស់លោក​នៅឆ្នាំ ២០២០ លោក​ដូណាល់ត្រាំ​បាន​បង្ក​ឲ្យមាន​ចលាចល អនាធិបតេយ្យ ការសម្រុកចូល​វិមានកាពីតូល កាលពីខែវិច្ឆិកា ឆ្នាំ ២០២០។

អ្វីដែល​គេ​បារម្ភខ្លាំង គឺ​ខ្លាច​ថា ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិលើកនេះ​នឹង​អាច​ជួបលទ្ធផល ដូច ការបោះឆ្នោត ប្រធានាធិបតី ឆ្នាំ ២០២០ បន្ទាប់ពី បេក្ខជន​មួយភាគធំ ដែល​ជាអ្នកគាំទ្រ​លោកដូណាល់ត្រាំ ផ្កាប់មុខ ចេញមុខ​និយាយ​ថា ពួកគេ​អាច​ជំទាស់ មិនទទួលស្គាល់លទ្ធផលឆ្នោត។

ក្រសួងយុត្តិធម៌អាមេរិក​បាន​បង្ហាញថា គេនឹង​បញ្ជូនអ្នកសង្កេតការណ៍ ទៅកាន់​រដ្ឋចំនួន​២៤ ដើម្បី​តាមដាន ក្រែងកើតមាន​ភាពមិនប្រក្រតី។ វិធានការនេះ ធ្វើឡើង​នៅក្នុង​បរិបទមួយ ដែល​ភាពតានតឹង​ជុំវិញ ការបោះឆ្នោត បាន​កើនឡើងកំដៅ នៅអាមេរិក។ តាមវិបសៃតិ៍ Opensecrets ថវិកាប្រមាណ ១៧ពាន់លាន​ដុល្លារ ដែលជា​ចំនួនដ៏ច្រើន​មិនធ្លាប់​មាន នៅក្នុងប្រវត្តិបោះឆ្នោត​អាមេរិក ត្រូវ​បាន​គេ​ចំណាយ នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាលអាណត្តិ​លើកនេះ ពោល​គឺច្រើន​ជាង ការបោះឆ្នោត កាលពី​ឆ្នាំ ២០១៨។

សារៈសំខាន់​នៃ​ការបោះឆ្នោត​ពាក់កណ្តាលអាណត្តិ​លើកនេះ បាន​ស្តែងឡើងផងដែរ តាមរយៈការចូលរួម​ដ៏ច្រើន របស់អ្នកបោះឆ្នោត។ តាមវិទ្យាស្ថាន គម្រោងបោះឆ្នោត​អាមេរិក គិត​មកដល់​ថ្ងៃ​ចន្ទ ប្រជាជន​អាមេរិកាំង​ជាង ៤២​លាន​នាក់ បានទៅ​បោះឆ្នោត ទុកជាមុន។ ៤២​លាននាក់ ជាចំនួន​ដ៏ច្រើន បើប្រៀបធៀប​នឹង​ចំនួន​អ្នកចូលរួម​នៅក្នុង​ការបោះឆ្នោតប្រធានាធិបតី កាលពី​ឆ្នាំ ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ