អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតីបារាំងលោកម៉ាក្រុងផ្តើមទស្សនកិច្ចលើកទី២ នៅអាមេរិកនៅក្នុងបរិបទសង្រ្គាមអ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី២៩ វិច្ឆិកា ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ផ្តើម​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល ៣ថ្ងៃ​នៅ​សហរដ្ឋអាមេរិក​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន។ នេះ​ជា​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកទី២ របស់​លោក​ម៉ាក្រុង​នៅ​សហរដ្ឋអាមេរិក បន្ទាប់​ពី​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកទី១ កាល​ពី​ខែ​មេសា ឆ្នាំ ២០១៨។ កំណត់សម្គាល់​មួយ​ទៀត ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកទី២ របស់​លោក​ម៉ាក្រុង​នៅ​អាមេរិក​ពេល​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។

ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង (រូបឆ្វេង) និង​សមភាគី​អាមេរិក​លោក​បៃដិននៅក្នុងកិច្ចប្រជុំកំពូល​អង្គការ​អូតង់​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​កាល​ពី​ថ្ងៃទី២១ មិថុនា ឆ្នាំ ២០២១។
ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង (រូបឆ្វេង) និង​សមភាគី​អាមេរិក​លោក​បៃដិននៅក្នុងកិច្ចប្រជុំកំពូល​អង្គការ​អូតង់​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​កាល​ពី​ថ្ងៃទី២១ មិថុនា ឆ្នាំ ២០២១។ AP - Brendan Smialowski
ផ្សាយពាណិជ្ជកម្ម

មាន​ចំណុច​កត់សម្គាល់​មួយ​ចំនួន​ដែល​គួរ​និយាយ ទី១ ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​នៅ​អាមេរិក​ពេល​នេះ​ជា​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទី១ ដែល​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​បាន​រៀបចំ​ទទួល និង​ទី២ លោក​ម៉ាក្រុង​ជា​ប្រធានាធិបតី​បារាំង​ទី១ ដែល​ត្រូវ​បាន​រដ្ឋបាល​អាមេរិក​អញ្ជើញ​ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ចំនួន​ពីរ​ដង។ តែ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ចំនួន​ពីរ​ដង​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋបាល​អាមេរិក​ខុស​ប្រធានាធិបតី​គ្នា និង​នៅ​ក្នុង​បរិបទ​មិន​ដូច​គ្នា។ ទស្សនកិច្ច​ផ្លូវរដ្ឋ​លើក​ទី១ បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មេសា ឆ្នាំ ២០១៨ នៅ​ក្នុង​ជំនាន់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ។ កាល​ណោះ លោក​ត្រាំ និង​លោក​ម៉ាក្រុង​ជា​ប្រធានាធិបតី​ដែល​ទើប​ចូល​កាន់​តំណែង​ថ្មីថ្មោង​ដូច​គ្នា។

នៅ​ក្នុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើក​ទី២ របស់​លោក​ម៉ាក្រុង​ពេល​នេះ លោក​ម៉ាក្រុង​មិនមែន​ជា​ប្រធានាធិបតី​ដែល​ទើប​កាន់​តំណែង​ថ្មីថ្មោង​ដូច​លោក​បៃដិន​ទេ នោះ​ទោះ​បី​ជា​លោក​បៃដិន​ធ្លាប់​កាន់​តំណែង​អនុប្រធានាធិបតី​នៅ​ក្នុង​ជំនាន់​ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា​ក៏​ដោយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី បារាំង​បាន​សាទរ និង​ចាត់​ទុក​ការ​អញ្ជើញ​របស់​លោក​បៃដិន​ជា​កិត្តិយស​មួយ​ដែល​លោក​បៃដិន​ផ្តល់​ឲ្យ​បារាំង​ជាជាង​ឲ្យ​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​នៃ​សេតវិមាន​លោក​ចន កឺប៊ី​បាន​ថ្លែង​ដោយ​សរសើរ​លោក​ម៉ាក្រុង​ជា​ប្រធានាធិបតី​ស្វាហាប់​ក្នុង​នាម​បារាំង​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​មួយ​នៅ​អឺរ៉ុប។

អ៊ុយក្រែន​ជា​ប្រធានរឿង​មិន​អាច​ខ្វះ​បាន

វត្តមាន​លើកទី២ របស់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​លើ​ទឹកដី​អាមេរិក​ពេល​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ ដូច្នេះ​ចង់ ឬ​មិន​ចង់ អ៊ុយក្រែន​ជា​ប្រធានរឿង​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ជំនួប​ទ្វេភាគី​ម៉ាក្រុង បៃដិន រួម​ទាំង​ទំនាក់ទំនង​ទ្វេភាគី​អឺរ៉ុប អាមេរិក និយាយ​ជា​រួម និង​ទំនាក់ទំនង​ទ្វេភាគី​បារាំង អាមេរិក និយាយ​ដោយឡែក។ តែ​គេ​អាច​និយាយ​បាន​ថា សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​ដាស់​បស្ចិមលោក​ឲ្យ​ភ្ញាក់ខ្លួន​ជាង​ពេល​ណាៗ​ទាំង​អស់។ តាម​រយៈ​សង្រ្គាម​ដែល​គ្មាន​នរណា​នឹក​ស្មាន​ដល់​មួយ​នេះ​បាន​ធ្វើ​ឲ្យ​បស្ចិមលោក​ទាញ​បាន​មេរៀន​ច្រើន​ណាស់ ពិសេស​អសមត្ថភាព​ក្នុង​ការ​ឆ្លើយ​តប​នឹង​មហិច្ឆតា​យោធា​របស់​រុស្ស៊ី។

ពិត​ណាស់​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន អឺរ៉ុប និង​អាមេរិក​បាន​ពួត​ដៃ​គ្នា​គាំទ្រ និង​ជួយ​អ៊ុយក្រែន​គ្រប់បែប​យ៉ាង ពិសេស​អាវុធ ព្រម​ទាំង​ដាក់​ទណ្ឌកម្ម​សង្កត់ ក រុស្ស៊ី​តាម​ផ្លូវ​សេដ្ឋកិច្ច។ តែ​ទន្ទឹម​គ្នា​នេះ អឺរ៉ុប និង​អាមេរិក​ហាក់​គ្មាន​ជំហរ​ដូច​គ្នា​នៅ​ក្នុង​ដំណោះស្រាយ​ដើម្បី​បញ្ចប់​សង្រ្គាម​មួយ​នេះ។ ខណៈ​ដែល​លោក​បៃដិន​គិត​តែ​ពី​ផ្តល់​ជំនួយ​ឲ្យ​អ៊ុយក្រែន និង​គាប​រុស្ស៊ី លោក​ម៉ាក្រុង​បាន​ជួយ​អ៊ុយក្រែន និង​បន្ត​មាន​កិច្ច​សន្ទនា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​ដោយ​សង្ឃឹម​ថា សង្រ្គាម​បិទបញ្ចប់​នៅ​តុ​ចរចា​ក្នុង​ថ្ងៃ​ណា​មួយ​ដែល​ភាគី​ជម្លោះ​សម្រេច​ចូល​តុ​ចរចា។ តែ​គំនិត​របស់​លោក​ម៉ាក្រុង​របៀប​នេះ​ហាក់​បាន​ធ្វើ​ឲ្យ​លោក​បៃដិន​ទើស​ទាល់​ចិត្ត​យ៉ាង​ខ្លាំង។

បារាំង​មិន​សប្បាយចិត្ត​នឹង​នយោបាយ​ការពារនិយម​របស់​អាមេរិក

ទំនាក់ទំនង​ទ្វេភាគី​បារាំង អាមេរិក​ហាក់​កំពុង​បន្ត​បំពុល​ដោយ​សម្ព័ន្ធ​ត្រីភាគី​អាមេរិក អូស្រ្តាលី និង​អង់គ្លេស​ហៅ AUKUS ដែល​បាន​ចុះ​ហត្ថលេខា​ក្នុង​ក្រុង​វ៉ាស៊ីនតោន​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០២១។ តាម​រយៈ​សម្ព័ន្ធ​ត្រីភាគី AUKUS មួយ​នេះ​កាល​ណោះ​បាន​ធ្វើ​ឲ្យ​បារាំង​ក្តៅ​ស្លឹកត្រចៀក ខឹងសម្បារ​យ៉ាង​ខ្លាំង។ មូលហេតុ គឺ​មក​ពី​អូស្រា្តលី​បាន​លុប​ចោល​កិច្ចសន្យា​ទិញ​នាវាមុជទឹកបារាំង​ចំនួន ១២គ្រឿង​ដែល​មាន​ទឹកប្រាក់ ៣១​ពាន់​លាន​អឺរ៉ូ និង​បាន​ងាក​ទៅ​ទិញ​នាវាមុជទឹក​អាមេរិក​ដើរ​ដោយ​នុយក្លេអ៊ែរ​វិញ។ ទង្វើ​របស់​អូស្រា្តលី​កាល​ណោះ​បាន​ធ្វើ​ឲ្យ​បារាំង​ពិបាក​លេប ទោះ​បី​ជា​អូស្រា្តលី​ប្រឹង​លើក​យក​ហេតុផល​អ្វី​ទៅ​ពន្យល់​ក៏​ដោយ។

លើស​ពី​នេះ បារាំង​មិន​ញញើត​វាយប្រហារ​អាមេរិក​ចំ​មុខ​ដោយ​ចោទ​ជា​ទង្វើ​ក្បត់​រវាង​សម្ព័ន្ធមិត្ត។ ប្រមុខ​ការទូត​បារាំង​ពេល​នោះ​លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់​បាន​ប្រើ​ពាក្យ​ធ្ងន់ៗ និង​មិន​សំចៃមាត់​ដាក់​អាមរិក​ថា មាន​ចិត្ត​វៀចវេរ មើលងាយ និង​និយាយ​ភូតភរ។ តែ​រឿង​មួយ​ជា​រឿង​កន្លង​ហួស​ដែល​ប្រហែល​លោក​ម៉ាក្រុង​មិន​លើក​ទៅ​និយាយ​ទេ។ ប្រធានរឿង​ដែល​លោក​ម៉ាក្រុង​ត្រូវ​និយាយ​ដោយ​ខាន​មិន​បាន​ទាក់ទង​នឹង​ពាណិជ្ជកម្ម។ នេះ​ជា​រឿង​វិវាទ​មួយ​ដែល​លោក​ម៉ាក្រុង​ត្រូវ​និយាយ​ត្រង់​ទៅ ត្រង់​មក​ជាមួយ​លោក​បៃដិន។

ក្រុង​ប៉ារីស​កំពុង​មិន​សប្បាយចិត្ត​នឹង​មហា​ផែនការ​វិនិយោគ​រាប់​ពាន់​លានដុល្លារ​របស់​លោក​បៃដិន​ដែល​បាន​ជួយ​គាំទ្រ​វិស័យ​រថយន្ត និង​វិស័យ​ថាមពល​បៃតង​សម្រាប់​តែ​រោងចក្រ​សហគ្រាស​អាមេរិក។ លោក​ម៉ាក្រុង​បាន​ចាត់​ទុក​មហា​ផែនការ​វិនិយោគ​មួយ​នេះ​របស់​លោក​បៃដិន​ជា​មហាផែនការ​អាត្មានិយម​ដែល​ការពារ​តែ​ផលប្រយោជន៍​អាមេរិក។ អ្វី​ដែល​លោក​ម៉ាក្រុង​ចង់​បាន គឺ​ចង់​ឲ្យ​លោក​បៃដិន​គិតគូរ​ផង​ដែរ​ពី​រោងចក្រសហគ្រាស​អឺរ៉ុប ពិសេស​បារាំង​ដែល​កំពុង​បោះទុន​រកស៊ី​លើ​ទឹកដី​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ