អានតួអត្ថបទ
អាមេរិក-អឺរ៉ុប

លោក​ចូ បៃដិន​ផ្តើម​ទស្សនកិច្ច នៅអឺរ៉ុប ដើម្បី​បញ្ជាក់​ការវិលត្រលប់​របស់​អាមេរិក

ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន បាន​ទៅដល់​ ប្រទេស​អ៊ីតាលី នៅថ្ងៃ​សុក្រ​នេះ និង​ត្រូវ​ជួប​សន្ទនា​ជាមួយ​សម្តេចសង្ឃ​កាតូលិក ហ្វ្រង់ស័រ នៅបុរី​វ៉ាទីកង់។ នៅថ្ងៃ​សៅរ៍ ស្អែក លោកចូ បៃដិន​នឹង​ចូលរួម​ក្នុង​ជំនួបកំពូល​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម G20 មុន​នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​អង់គ្លេស នៅថ្ងៃ​អាទិត្យ ចុងសប្តាហ៍ ដើម្បី ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពីអាកាសធាតុ។ វត្តមាន​របស់​មេដឹកនាំ​អាមេរិក នៅក្នុងជំនួបកំពូល G20 និង​សន្និសីទអន្តរជាតិ​ស្តីពីអាកាសធាតុ បញ្ជាក់ពីការវិលត្រលប់​របស់អាមេរិក ដែល​ចង់​នាំមុខ​គេ ក្នុងការប្រយុទ្ធប្រឆាំង​ការប្រែប្រួលអាកាសធាតុ។

ប្រធានាធិបតីអាមេរិក លោកចូ បៃដិន​ចាកចេញពី​មូលដ្ឋានទ័ពនៅ ndrews សំដៅ​ប្រទេស​អ៊ីតាលី​ដើម្បីចូលរួម​ក្នុង​ជំនួបកំពូល G20 និងបន្ទាប់មកនៅសន្និសីទអន្តរជាតិ​ស្តីពីអាកាសធាតុ​នៅអង់គ្លេស
ប្រធានាធិបតីអាមេរិក លោកចូ បៃដិន​ចាកចេញពី​មូលដ្ឋានទ័ពនៅ ndrews សំដៅ​ប្រទេស​អ៊ីតាលី​ដើម្បីចូលរួម​ក្នុង​ជំនួបកំពូល G20 និងបន្ទាប់មកនៅសន្និសីទអន្តរជាតិ​ស្តីពីអាកាសធាតុ​នៅអង់គ្លេស REUTERS - KEVIN LAMARQUE
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតីអាមេរិក​លោក​ចូ បៃដិន ចាប់ផ្តើម​ទស្សនកិច្ច​នៅទឹកដីអឺរ៉ុប​ជាមួយ ជំនួប​បិទទ្វារ​ជាមួយ សម្តេចសង្ឃ​កាតូលិក ហ្វ្រង់ស័រ​នៅបុរីវ៉ាទីកង់។ ជាផ្លូវការ ប្រមុខសង្ឃ​កាតូលិក និងមេដឹកនាំ​អាមេរិក នឹង​និយាយ​គ្នា​ពីរឿងប្រែប្រួលអាកាសធាតុ ភាពក្រីក្រ និង​ជំងឺរាតត្បាត ប៉ុន្តែ មិន​លើកនិយាយ​ពី​សិទ្ធិ​រំលូតកូន​ដែលជាប្រភព​នៃ​ការខ្វែងគំនិត​គ្នានោះទេ។

នៅ​ល្ងាច​ថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក​ជួប​នាយករដ្ឋមន្រ្តី អ៊ីតាលី ដែលជាម្ចាស់ផ្ទះ រៀបចំ​ជំនួបកំពូល​G20 ដែលត្រូវប្រព្រឹត្តទៅ នៅចុងសប្តាហ៍នេះ។ នៅ អ៊ីតាលី លោក​ចូ បៃដិន មានផែនការ​ជួប​ពិភាក្សា​ផ្ទាល់​ជាមួយ ប្រធានាធិបតី​បារាំង លោកអេម៉ានុយអែល ម៉ាក្រុង ដើម្បី​បន្ធូរបន្ថយភាពតានតឹង ជាមួយប្រទេស​សម្ព័ន្ធមិត្ត។ បារាំង​នៅមិនទាន់​ស្ងប់ ថយ​កំហឹង​នៅឡើយទេ បន្ទាប់​ពី អាមេរិក​បាន​ឆក់យក​កិច្ចសន្យា​របស់​បារាំង ដែល​ត្រូវ​លក់នាវាមុជទឹក​ឲ្យ​អូស្ត្រាលី។

នៅក្នុង​យន្តហោះ​សំដៅ​ទីក្រុង​រ៉ូម ទីប្រឹក្សា​សន្តិសុខជាតិ​របស់​សេតវិមាន លោក Jack Sollivan​បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា កិច្ចប្រជុំរវាង​លោក​ចូ បៃដិន និង​ប្រធានាធិបតី​បារាំង​ជាកិច្ចប្រជុំ​បែប​ស្ថាបនា និង​ថា មានសំណុំរឿង​ជាច្រើន ដែលនៅក្នុងនោះ បារាំង​និង​អាមេរិក មាន​ផលប្រយោជន៍ និង ទស្សនវិស័យ​រួមគ្នា។ តាម ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក មេដឹកនាំ​របស់​ប្រទេស​ទាំងពីរ ចង់​ផ្សះផ្សារគ្នា នៅក្រោយ​វិបត្តិការទូត ដោយសារ​តែ​សំណុំរឿង​លក់​នាវាមុជទឹក​ឲ្យអូស្ត្រាលី។

ប្រធានាធិបតី​អាមេរិក​ចង់​ឆ្លៀតឱកាសផងដែរ យក​ជំនួបកំពូល G20នៅអ៊ីតាលី និង​សន្និសីទស្តីពី​អាកាសធាតុ​នៅអង់គ្លេស ដើម្បី ធានា​សម្ព័ន្ធមិត្ត និង​សហគមន៍អន្តរជាតិ​ថា អាមេរិក​បាន​វិលត្រលប់​មក​នាំមុខគេ ក្នុង​សំណុំរឿង​អន្តរជាតិ ជាពិសេស រឿង​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។

សម្រាប់​ប្រឹក្សា​សន្តិសុខជាតិអាមេរិក លោក​Jack Sollivan អាមេរិក​បានវិលត្រលប់​មកធ្វើ​ជា​អ្នកដឹកនាំគេ ក្នុងសំណុំរឿង​អាកាសធាតុ។

គេវាយតម្លៃ​ថា ប្រធានាធិបតី​អាមេរិក​ទំនង​ជា​នឹងអាច​លើកនិយាយ​ពីផែនការ​ថវិកា​អាមេរិក​ជាង ៥៥០ពាន់​លានដុល្លារ សម្រាប់​ការចំណាយ​ទៅលើ​ផែនការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់​ដែលជាប្រភព​ធ្វើ​ឲ្យ​ផែនដី​ឡើងកំដៅ។ នៅថ្ងៃព្រហស្បតិ៍​ទី ២៨​តុលា ប្រធានាធិបតី​អាមេរិក នៅតែ​មិនទាន់ អាច​បញ្ចុះបញ្ចូល​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក នៅ​សភាអ្នកតំណាងរាស្រ្ត ឲ្យ​គាំទ្រ​ផែនការ​ចំណាយ ជាង ១,៨ទ្រីលាន​ដុល្លារ ដែលនៅក្នុង​នោះ មាន​ជាង ៥៥០ពាន់​លាន​ដុល្លារ សម្រាប់​បញ្ហា​អាកាសធាតុ។

គ្មានការគាំទ្រ​ពីគណបក្ស​របស់​លោក​ដែលមាន​សំឡេងភាគច្រើន​នៅ​សភាអ្នកតំណាងរាស្រ្ត លោក​ចូ បៃដិន ដែល​ចង់យក​កញ្ចប់ថវិកា​រាប់ពាន់​លាន​ដុល្លារ ធ្វើជាអំណះអំណាង បញ្ជាក់​ការចូលរួម​នាំមុខ​របស់អាមេរិក ដើម្បីប្រយុទ្ធប្រឆាំង នឹង​ការប្រែប្រួអាកាសធាតុ ត្រូវ​ខកបំណង ដោយ​ត្រូវ​ធ្វើ​ដំណើរ​មក​ចូលរួម សន្និសីទ​ស្តីពី​អាកាសធាតុ ដោយ​បាតដៃទទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ