អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ង់​ប្រហារជីវិត​មនុស្ស​៤នាក់ ក្នុងបទ​ធ្វើការ​ឲ្យក្រុមចារកិច្ចអ៊ីស្រាអែល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រទេស​អ៊ីរ៉ង់ មនុស្ស​៤នាក់ ត្រូវ​អាជ្ញាធរ ប្រហារជីវិត ដោយការព្យួរក នៅព្រឹកថ្ងៃ​អាទិត្យទី ៤ ធ្នូ។ តាមវិបសៃតិ៍ផ្លូវការ​របស់​ក្រសួងយុត្តិធម៌​អ៊ីរ៉ង់ អ្នកទាំង៤ ដែលត្រូវគេ​ព្យួរក ត្រូវ​រងចោទប្រកាន់​ថា បាន​ធ្វើការ​ឲ្យ​ក្រុមស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល​ដើម្បី បំផ្លាញផលប្រយោជន៍​ជាតិ​អ៊ីរ៉ង់។ តាមការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ រដ្ឋអាជ្ញា​បាន​ប្រកាស​រំលាយចោល​ប៉ូលិស​សីលធម៌ ដែលជា​ដើមហេតុ​នៃការផ្ទុះបាតុកម្ម​ប្រឆាំង នៅអ៊ីរ៉ង់។

អ្នកទោស​នៅក្នុងពន្ធនាគារអ៊ីរ៉ង់​ក្នុងទីក្រុងតេហេរ៉ង់​
អ្នកទោស​នៅក្នុងពន្ធនាគារអ៊ីរ៉ង់​ក្នុងទីក្រុងតេហេរ៉ង់​ AP - Amr Nabil
ផ្សាយពាណិជ្ជកម្ម

អ៊ីរ៉ង់​បាន​ប្រហារជីវិត ដោយការព្យួរក មនុស្ស​៤នាក់ដែល​អាជ្ញាធរ​អ៊ីរ៉ង់ ចោទប្រកាន់​ថា បាន​លួច​ធ្វើការ​ដើម្បី​ប្រយោជន៍​របស់​អ៊ីស្រាអែល ដែលជា​សត្រូវសួពូជ​របស់​អ៊ីរ៉ង់។ ការប្រហារជីវិត​អ្នកទោស ធ្វើឡើង​នៅក្នុង​កាលៈទេសៈ​មួយ​ដែល​អ៊ីរ៉ង់​កំពុង​ជួបភាពតានតឹងនៅក្នុងប្រទេស ដោយសារ​ចលនាបាតុកម្ម​ប្រឆាំង​រដ្ឋអំណាចចេះតែ​អូសបន្លាយ នៅក្រោយ នារីអ៊ីរ៉ង់​ម្នាក់​ស្លាប់​នៅក្នុងពេល​ឃុំខ្លួន​របស់​ប៉ូលិសសីលធម៌។

តាមខ្លឹមសារ​លម្អិត​ ​របស់​ក្រសួងយុត្តិធម៌​អ៊ីរ៉ង់ ករណី​ព្យួរក​អ្នកទោស​៤នាក់ នៅថ្ងៃនេះ គ្មានជាប់ពាក់ព័ន្ធ​ហេតុការណ៍​ធ្វើបាតុកម្ម សព្វថ្ងៃនេះទេ ព្រោះថា អ្នកទាំងបួននាក់ ត្រូវ​បាន​ប៉ូលិស​អ៊ីរ៉ង់​ចាប់ខ្លួន​តាំងពីខែ ឧសភា ចំណែក​បាតុកម្ម​ដែលអង្រួនរញ្ជួយ​អ៊ីរ៉ង់​សព្វថ្ងៃ ទើបកើតមាន នៅ​ខែ​កញ្ញា ពោល​គឺ​នៅក្រោយ នារីអ៊ីរ៉ង់ នាង​អាមីរី ស្លាប់​នៅក្នុង​ពេល​ឃុំខ្លួន​របស់​ប៉ូលិស​សីលធម៌។

បើយោងទៅតាមសេចក្តីប្រកាស​របស់​តុលាការ​យុត្តិធម៌អ៊ីរ៉ង់ មនុស្ស ៧នាក់ ត្រូវ​បានតុលាការ​ផ្តន្ទាទោស ក្នុងបទ​ចោទប្រកាន់ លួច​ធ្វើការសម្ងាត់​ជាមួយ​ក្រុមចារកិច្ចអ៊ីស្រាអែល Mossaតាមរយៈ ការចាប់ជំរិត បំផ្លាញ ទ្រព្យសម្បត្តិរដ្ឋអ៊ីរ៉ង់។ នៅពេល​មនុស្ស​៤នាក់ ត្រូវ​តុលាការ​កំពូល​សម្រេច​រក្សា​ទោសប្រហារជីវិត អ្នកទោស ៣នាក់ ផ្សេងទៀត ត្រូវ​តុលាការ​ផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ពី ៥ ទៅ​១០ ឆ្នាំ សម្រាប់​ការផ្សំគំនិត ផ្តល់ជំនួយ​សម្រាប់ការប្រព្រឹត្តបទឧក្រិដ្ឋ ប្រឆាំង​សន្តិសុខជាតិអ៊ីរ៉ង់។

នេះមិនមែនជាលើកទី១ ដែលអ៊ីរ៉ង់​ប្រហារជីវិតជនជាតិ​របស់ខ្លួន ក្នុងបទចោទប្រកាន់​លួចធ្វើការ​ឲ្យ​ក្រុមស៊ើបការណ៍​សម្ងាត់បរទេស របស់អ៊ីស្រាអែល និង​អាមេរិក។ កាលពីខែ​កក្កដា​កន្លងទៅ អ៊ីរ៉ង់​បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើននាក់ ក្នុងបទ​មានជាប់ទាក់ទង​ធ្វើការ​ឲ្យក្រុម Mossad ដែលជា​ចារកម្មឆ្នើមរបស់​អ៊ីស្រាអែល នៅទឹកដីបរទេស។ ជាញយដង អ៊ីរ៉ង់​បាន​ចោទប្រកាន់​អ៊ីស្រាអែល​ថា ប្រើក្រុមចារកិច្ចរបស់ខ្លួន ដើម្បី​វាយប្រហារ​ទីតាំងសំខាន់ៗ​របស់អ៊ីរ៉ង់ ដូចជា រោងចក្រនុយក្លេអ៊ែរ ឬមូលដ្ឋានយោធា។ អ៊ីរ៉ង់​នៅបាន​ចោទប្រកាន់​អ៊ីស្រាអែល​ផងដែរថា ជាអ្នកលួច​ធ្វើឃាត​ឥស្សរជន​ធំៗរបស់​អ៊ីរ៉ង់ ដែលនៅក្នុងនោះ​មានផងដែរ អ្នកវិទ្យាសាស្រ្ត​អ៊ីរ៉ង់។

នៅពេល​អ៊ីស្រាអែល​រងការចោទប្រកាន់ថា អ្នកប៉ុនប៉ង បំផ្លិចបំផ្លាញ​ទីតាំង​យុទ្ធសាស្រ្ត​របស់អ៊ីរ៉ង់ អាមេរិកឯណោះវិញ ត្រូវ​អ៊ីរ៉ង់​ចោទប្រកាន់​ថា ជាអ្នកព្យាយាម​ប៉ុនប៉ង​ផ្តួលរំលំ​របបអ៊ីស្លាម តាមរយៈ​ការធ្វើវិទ្ធង្សនា បាតុកម្មបះបោរ​ប្រឆាំង​រដ្ឋអំណាច​អ៊ីរ៉ង់។ ជាក់ស្តែង បាតុកម្ម​អូសបន្លាយ ជិត​៣ខែ​មកនេះ ក៏ត្រូវ​បាន​រដ្ឋអំណាចអ៊ីរ៉ង់​ចោទប្រកាន់ថា ជាស្នាដៃ របស់​អាមេរិកដែរ។

ចាប់តាំងពីកើតមានបាតុកម្ម​នៅខែ​កញ្ញា អាជ្ញាធរអ៊ីរ៉ង់ចាប់ឃុំខ្លួន ជនបរទេស៤០នាក់

ចាប់តាំង​ពី​កើតមាន​ចលនា​បាតុកម្ម​ប្រឆាំង​ការរឹតត្បិត​សិទ្ធិសេរីភាព នៅអ៊ីរ៉ង់ ដែល​ដំបូង​ឡើយ ផ្ទុះកើតចេញមកពី​នារី​អ៊ីរ៉ង់ នាងអាមីរី ស្លាប់នៅក្នុងពេល​ឃុំខ្លួន​របស់​ប៉ូលិស​សីលធម៌ មាន​ជនបរទេស ៤០រូប​ដែលត្រូវ​អាជ្ញាធរអ៊ីរ៉ង់​ចាប់ឃុំខ្លួន។ មួយចំនួន​ត្រូវ​ចាប់ខ្លួន ក្នុងពេល​ចូលរួម​ក្នុងបាតុកម្ម ដើម្បីសំដែង​សាមគ្គីភាព​ជាមួយ ប្រជាជន​អ៊ីរ៉ង់ ដែលធ្វើបាតុកម្ម​តវ៉ាដើម្បីសិទ្ធិសេរីភាព។ ចំណែកមួយចំនួនទៀត មិនបាន​ចូលរួមផ្ទាល់​ក្នុងបាតុកម្ម ក៏ត្រូវ​ប៉ូលិស​អ៊ីរ៉ង់​ចាប់ឃុំខ្លួន​ដែរ ក្នុង​បទចោទប្រកាន់ថា ជាអ្នកចារកិច្ច​របស់​រដ្ឋបរទេស ដែលមាន​បេសកកម្ម ញុះញង់​អុជអាល​ឲ្យ​មានកុបកម្ម និងបាតុកម្ម​ហិង្សា ប្រឆាំង​រដ្ឋអំណាច​អ៊ីរ៉ង់។

អង្គការ​ការពារ​សិទ្ធិមនុស្ស និង​រដ្ឋាភិបាលបរទេស​ដែលមានជនជាតិ​របស់ខ្លួន កំពុងជាប់ឃុំខ្លួន​ក្នុងទឹកដីអ៊ីរ៉ង់ បាន​ចោទប្រកាន់​អាជ្ញាធរ​អ៊ីរ៉ង់​ថា បាន​ចាប់ខ្លួន​មនុស្ស​ដោយកម្រោល គ្មាន​ភស្តុតាង​ច្បាស់លាស់។

រដ្ឋាភិបាល​បារាំង​ផ្ទាល់​បាន​ចេញមុខ​ទាត់ចោល​ការចោទប្រកាន់​របស់​អ៊ីរ៉ង់​ដែលថា បារាំង​បញ្ជូនជនជាតិរបស់ខ្លួន​ឲ្យទៅស៊ើបយកការណ៍សម្ងាត់នៅអ៊ីរ៉ង់។ គិត​រហូតមកដល់​ថ្ងៃនេះ មានជនជាតិបារាំង ៧នាក់ ដែល​កំពុង​ជាប់ក្នុងចំរឹងដែក​អ៊ីរ៉ង់ ក្នុងបទចោទប្រកាន់ថា ធ្វើការឲ្យ​ក្រុមស៊ើបការណ៍សម្ងាត់បរទេស។

នៅថ្ងៃ​សៅរ៍ទី៣ធ្នូ លោកប្រធានាធិបតីបារាំង ម៉ាក្រុង​បាន​ចាត់ទុក​ការចោទប្រកាន់​របស់​អ៊ីរ៉ង់ ថា ជា​ការភូតកុហក ព្រោះថា ជនជាតិបារាំង ដែលត្រូវ​អ៊ីរ៉ង់​ចាប់ខ្លួន ទាំងអស់គ្នា សុទ្ធតែជាអ្នកស្រាវជ្រាវ សង្គម ប៉ុន្តែ មិនមែនជា​ចារកិច្ចអ្វីនោះទេ។ ប្រធានាធិបតីបារាំង បានបញ្ជាក់សាជាថ្មី​នឹងដាក់សម្ពាធ ​ទាមទារ​ឲ្យរដ្ឋអំណាច​អ៊ីរ៉ង់ដោះលែង​ជនជាតិបារាំង ទាំង​៧រូប​ឲ្យមានសេរីភាព។

បាតុកម្ម​ចុងក្រោយ​នៅ​អ៊ីរ៉ង់ បាន​ធ្វើ​ឲ្យ​បារាំង និងអ៊ីរ៉ង់ កាន់តែ​តានតឹងដាក់គ្នា។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្រសួងការបរទេស​អ៊ីរ៉ង់​បាន​កោះហៅ​ឯកអគ្គរដ្ឋទូតបារាំង ប្រចាំ​អ៊ីរ៉ង់ បន្ទាប់ពី​សភា​បារាំង​បោះឆ្នោត​លើសេចក្តីសម្រេច​គាំទ្រ​ចលនាធ្វើបាតុកម្ម​ទាមទារ​សេរីភាព​នៅអ៊ីរ៉ង់។

អាជ្ញាធរ​អ៊ីរ៉ង់ ប្រកាស​លុបចោល​ប៉ូលិស​សីលធម៌

ការប្រកាស​រំលាយ​ប៉ូលិស​សីលធម៌​អាច​ជាដំណឹង​ល្អមួយ សម្រាប់​ស្រ្តីអ៊ីរ៉ង់ ដែលអស់ជាច្រើនមកហើយ ត្រូវ​រស់នៅក្នុងភាពភ័យខ្លាច ក្រោមក្រសែភ្នែកតាមដាន​របស់​ប៉ូលិស​សីលធម៌។

បង្កើតឡើងនៅឆ្នាំ ២០០៦ ដើម្បីរឹតបន្តឹង ច្បាប់អ៊ីស្លាម ដែលតម្រូវ​ឲ្យស្រ្តីពាក់ទទូរក្រណាត់​​លើ​ក្បាល  ប៉ូលិស​សីលធម៌មានអំណាច ព្រមាន មុន​នឹង​ចាប់ឃុំខ្លួន និងពិន័យស្រ្តីដែល​ប៉ូលិស​ចោទប្រកាន់​ថា ស្លៀកពាក់​មិនត្រឹមត្រូវ ឬ​មិនបាន​រុំក្រណាត់​បិទបាំងក្បាល តាមច្បាប់អ៊ីស្លាម។

ប៉ុន្តែ នៅថ្ងៃ​សៅរ៍ទី ៣​ធ្នូ រដ្ឋអាជ្ញាអ៊ីរ៉ង់​បានប្រកាស​ថា ប៉ូលិស​សីលធម៌ ត្រូវ​បាន​រំលាយចោល ព្រោះប៉ូលិស​សីលធម៌​គ្មានសមត្ថភាព ជា​មន្រ្តីតុលាការ។ ការប្រកាស​របស់​រដ្ឋអាជ្ញារអ៊ីរ៉ង់ធ្វើ​ឡើង​នៅមួយថ្ងៃ​ក្រោយ រដ្ឋអាជ្ញារ​រូបនេះ​បាន​អះអាងថា គេ​នឹងអាច​សើរើ​ច្បាប់​អ៊ីស្លាម​ដែលមានចែង​ពីការពាក់ទទូរក្រណាត់លើ​ក្បាល របស់​ស្រ្តី នៅអ៊ីរ៉ង់។

ដោយប្រកាស​រំលាយ​ចោល ប៉ូលិស​សីលធម៌ ដែល​ជាដើមចម​នៃ​បាតុកម្ម​ប្រឆាំង​រដ្ឋអំណាច អ៊ីរ៉ង់ ច្បាស់ណាស់ថា អ៊ីរ៉ង់​ចង់​បន្ធូរកំហឹង​របស់បាតុករ ព្រោះកុំភ្លេច​ថា គឺ នៅក្នុងពេលចាប់ឃុំខ្លួន របស់​ប៉ូលិស​សីលធម៌ ដែលស្រ្តីអ៊ីរ៉ង់ នាង​អាមីរីស្លាប់ រហូត​បណ្តាល​ឲ្យមានកើតកំហឹង តវ៉ា ប៉ូលិសសីលធម៌។

តើការរំលាយ​ប៉ូលិស​សីលធម៌​នឹង​អាច​ធ្វើ​ឲ្យ​ប្រជាជន​អ៊ីរ៉ង់​អស់កំហឹង​ឈប់ធ្វើ​បាតុកម្ម​តវ៉ាដែរឬទេ? គេ​មិនប្រាកដនោះទេ ព្រោះ ថា បាតុកម្ម​ប្រឆាំង​នឹង​ប៉ូលិស​សីលធម៌ នៅពេលនេះ បាន​រាលដាល​ទៅជា​បាតុកម្ម នៅទូទាំងប្រទេស ដើម្បី ទាមទារ​សិទ្ធិសេរីភាព​សម្រាប់ស្រ្តីអ៊ីរ៉ង់។ បាតុករ​បាន​គ្រោងរួចហើយថា នឹងបន្តធ្វើបាតុកម្ម​នៅថ្ងៃចន្ទស្អែកនេះ ដើម្បីដាក់សម្ពាធ​បន្ថែម​លើ​រដ្ឋអំណាច​អ៊ីរ៉ង់ ឲ្យ​គោរព ផ្តល់​សិទ្ធិសេរីភាព​ដល់​ស្រ្តីអ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ