អានតួអត្ថបទ

អ៊ីរ៉ង់គ្រោងពិនិត្យសើរើ​ច្បាប់ស្តីពីការពាក់ទទូរក្រណាត់លើក្បាល

រងរញ្ជួយ​ដោយ​ចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាលដែល អូសបន្លាយ​ជាង​២ខែ អ៊ីរ៉ង់​ប្រកាស​សើរើ​ច្បាប់ស្តី​ពីការពាក់ទទូរក្រណាត់​លើក្បាល​របស់​ស្រ្តី​អ៊ីរ៉ង់ ដែល​ជា​ដើមចម​នៃ​កំហឹង​របស់​បាតុករ។ តាម​រដ្ឋអាជ្ញា​អ៊ីរ៉ង់​ដែល​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ ISNA សភា និង​តុលាការអ៊ីរ៉ង់​នឹងពិនិត្យមើល​ចំណុច​ដែល​និយាយ​ពី​កាតព្វកិច្ច​ទទូរ​ក្រណាត់​បាំងក្បាល​របស់​ស្រី្តអ៊ីរ៉ង់។

នៅក្នុងអំឡុងបាតុកម្ម​ ស្ត្រីអ៊ីរ៉ង់បានផ្គើន​អាជ្ញាធរ ដោយ​លែង​ពាក់ក្រណាត់ទទូរក្បាល​តាមការចាប់តម្រូវ​របស់​ច្បាប់​នៅអ៊ីរ៉ង់។ បាតុកម្ម​នៅខែតុលា​ឆ្នាំ ២០២២ នៅទីក្រុង​តេហេរ៉ង់
នៅក្នុងអំឡុងបាតុកម្ម​ ស្ត្រីអ៊ីរ៉ង់បានផ្គើន​អាជ្ញាធរ ដោយ​លែង​ពាក់ក្រណាត់ទទូរក្បាល​តាមការចាប់តម្រូវ​របស់​ច្បាប់​នៅអ៊ីរ៉ង់។ បាតុកម្ម​នៅខែតុលា​ឆ្នាំ ២០២២ នៅទីក្រុង​តេហេរ៉ង់ AP
ផ្សាយពាណិជ្ជកម្ម

អ៊ីរ៉ង់​ជួប​ភាពវឹកវរ និង​បាតុកម្ម​តវ៉ា ប្រឆាំង​រដ្ឋាភិបាល ចាប់តាំង​ពី​ស្រ្តីអ៊ីរ៉ង់ នាង ម៉ាសា អាម៉ានី ស្លាប់​នៅក្នុង​ពេល​ឃុំខ្លួន​របស់​ប៉ូលិស​សីលធម៌ កាលពី​ពាក់កណ្តាល​ខែ កញ្ញា។ នៅក្នុង​បាតុកម្ម​ដែលអូសបន្លាយ​ជិត ៣ខែ បាតុករ ប្រុសស្រីអ៊ីរ៉ង់​មិនចុះញ៉មការបង្រ្កាបហិង្សា​របស់​ប៉ូលិស នៅ​តែ​ស្រែក​ជេរផ្តាសា កងឆ្មាំបដិវត្ត និងទាមទារ​ឲ្យមេដឹកនាំផ្តាច់ការ​ចុះចេញ​ពីអំណាច។ ដើម្បី បង្ហាញ​ការប្រឆាំង​របស់ខ្លួន ស្រ្តីបាតុករ​មួយចំនួន​បាន​ដុតចោល​ក្រណាត់​ទទូរ​ក្បាល ដែល​ជា​សញ្ញា​នៃរឹតត្បិត សិទ្ធិសេរីភាព​ស្រ្តី នៅអ៊ីរ៉ង់។ នៅតំបន់​ភាគខាងជើង ដែល​ជា​ទីកំណើត​របស់នាង អាម៉ានី ស្រ្តីអ៊ីរ៉ង់ ភាគច្រើន​បាន​ផ្គើនច្បាប់សីលធម៌ ដោយ​លែង​ពាក់​ទទូរក្រណាត់​លើក្បាល​តទៅទៀត។

នៅអ៊ីរ៉ង់ ច្បាប់​ទាមទារ​ឲ្យ​ស្រ្តី​ត្រូវតែ​ពាក់​ទទូរក្រណាត់​លើក្បាល ចូល​ជាធរមាន នៅ​ខែ​មេសា ឆ្នាំ ១៩៨៣ ពោល​គឺ នៅ​បីឆ្នាំ​ក្រោយ​ក្រុមអ៊ីស្លាម​ធ្វើ​បដិវត្ត​ចូលកាន់អំណាច។ បន្ទាប់មក រដ្ឋាភិបាល​ដឹកនាំ​ដោយ​ប្រធានាធិបតី អភិរក្ស​ជ្រុលនិយម លោក​ម៉ាមូដ អាម៉ាន់ឌីណេហ្សាដ បាន​បង្កើត​ប៉ូលិស​សីលធម៌ ដើម្បី​រឹតបន្តឹង​ការអនុវត្តច្បាប់ ទៅលើ​មនុស្សស្រី នៅ​អ៊ីរ៉ង់។

ថ្លែង​នៅក្នុង​ទីក្រុង​សក្តិសិទ្ធិ Qom ភាគខាងត្បូង​រដ្ឋធានី​តេហេរ៉ង់ កាលពីថ្ងៃ​សុក្រ រដ្ឋអាជ្ញាអ៊ីរ៉ង់ លោក Mohammad Jafar Montazeri បាន​ប្រកាស​ថា គណៈកម្មការសភា​ទទួលបន្ទុក វប្បធម៌​នឹង​ជួបពិភាក្សា ជាមួយ មន្រ្តីតុលាការ​នៅថ្ងៃ​ពុធ​សប្តាហ៍ក្រោយ ដើម្បី​ពិនិត្យ​មើលថា តើ​គួរ​កែប្រែ​ច្បាប់​ស្តីពី​កាតព្វកិច្ច​ពាក់ទទូរក្រណាត់​លើក្បាលដែរឬទេ។ ច្បាប់ ដែលជា​ដើមចម​នៃការផ្ទុះចលនា​បាតុកម្មប្រឆាំង ​នៅ​អ៊ីរ៉ង់។

រដ្ឋអាជ្ញា​អ៊ីរ៉ង់​មិន​បាន​បញ្ជាក់ថា តើ​នៅក្នុង​ការកែប្រែច្បាប់ គេ​ប្រុងរឹតបន្តឹងបន្ថែម ឬក៏​បន្ធូរបន្ថយមកវិញ ខ្លះ ដើម្បី​សម្រាលកំហឹង​របស់​បាតុករអ៊ីរ៉ង់។

នៅ​ថ្ងៃ​សៅរ៍ ឧត្តមក្រុមប្រឹក្សា​សន្តិសុខជាតិ​អ៊ីរ៉ង់​បាន​ប្រកាស​ថា នៅក្នុង​អំឡុង​បាតុកម្ម​ជាង ២ខែ​មកនេះ មនុស្ស​ជាង ២០០នាក់ ស្លាប់ គិតទាំង​ប្រជាជន​ស៊ីវិល កម្លាំងរក្សាសន្តិសុខ កុបករ និងក្រុមប្រឆាំង​បដិវត្តន៍។ អង្គការ​សិទ្ធិមនុស្ស​អ៊ីរ៉ង់ ដែលមានទីតាំងនៅទីក្រុង​អូស្លូ ប្រទេស ន័រវែស​បាន​និយាយ​ថា យ៉ាងហោច មនុស្ស​៤៤៨នាក់ ត្រូវ​បាន​កងកម្លាំងអ៊ីរ៉ង់ សម្លាប់ ធ្វើឃាត នៅក្នុង​យុទ្ធនាការ​បង្រ្កាប បាតុកម្ម នៅទូទាំងប្រទេស។

ប្រធានគណៈកម្មការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ វិញ​បាន​វាយតម្លៃ ​ថា មនុស្ស​ជាង ១៤ ០០០នាក់ ដែលនៅក្នុងនោះ​មានផងដែរ កុមារ ត្រូវ​បាន​អាជ្ញាធរ​អ៊ីរ៉ង់​ចាប់ឃុំខ្លួន ចាប់តាំង​ពីផ្ទុះ​កើតមានចលនា​បាតុកម្ម​ប្រឆាំង​អំណាចផ្តាច់ការ​របស់របបអ៊ីស្លាមអ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ