អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកស៊ីជីនពីង​សន្យាបើក​សករាជថ្មី​នៃទំនាក់ទំនងចិន​និង​អារ៉ាប់​នៅ​​ឈូង​សមុទ្ទពែក្ស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ថ្ងៃ​បិទ​បញ្ចប់​ទស្សនកិច្ច​ ​នៅ​រាជា​ណាចក្រ​ប្រេងកាត​អារ៉ាប៊ីសាអូឌីត លោកប្រធានាធិបតី​ចិន ស៊ី ជីនពីងបាន​ចូល​រួម​ក្នុង​​ជំនួប​កំពូល​ជា​មួយ​បណ្តា​មេដឹកនាំ​អារ៉ាប ដែល​ប៉េកាំង​ចាត់ទុក​ជាព្រឹត្តិការណ៍​ដ៏​សំខាន់​។ ជាង​នេះទៀត លោក​ស៊ីជីនពីង បាន ​ប្រកាស​រឹត​ចំណងទំនាក់ទំនង ចំណង​សន្តិសុខ​ និង​ថាមពលជា​មួយ​បណ្តា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្ទពែក្ស​ ដែលសម្ព័ន្ធមិត្ត​​របស់​សហរដ្ឋ​អាមេរិក។

លោកប្រធានាធិបតី​ចិន ស៊ីជីនពីង និង​រាជបុត្រ​ស្នងរាជ​អារ៉ាប៊ីសាអូឌីត  Mohammed bin Salman (ស)
លោកប្រធានាធិបតី​ចិន ស៊ីជីនពីង និង​រាជបុត្រ​ស្នងរាជ​អារ៉ាប៊ីសាអូឌីត Mohammed bin Salman (ស) AFP - BANDAR AL-JALOUD
ផ្សាយពាណិជ្ជកម្ម

ថ្វីបើ​ព្រះ​មហាក្សត្រ​និង​រាជបុត្រ​ស្នង​រាជ​ មិន​យាង​មក​ទទួលដ​ល់​ព្រហាន​យន្តហោះ​ដូច​ពេល​ទទួល​ប្រធានាធិបតី​អាមេរិក​ចូបៃដិន​កាលពី​ខែ​កក្កដា​មែន តែ​អារ៉ាប៊ីសាអូឌីត​បាន​ផ្តល់​កត្តិយសខ្លាំង​ណាស់​លោក​ស៊ីជីនពីង ដោយ​ទទួល​ស្វាគមន៍​ ដូច​ស្តេច ! យន្តហោះ​អ៊ែរឆាយណាដឹក​ប្រធានាធិបតី​ចិន ត្រូវ​ហោះអម​ដោយ​យន្តហោះចម្បាំង​បួន​គ្រឿង។ ពេល​ចុះ​ចត​ដល់​ព្រលាន យន្តហោះ​៦គ្រឿង​ផ្សេង​ទៀត ហោះបាញ់​ផ្សែង​លអផ្ទៃមេឃ​ ក្រហម​លឿង ពណ៌​តំណាង​ទង់ជាតិ​ចិន ហើយ​មាន​ការ​បាញ់​កាំភ្លើង​ធំ​២១​គ្រាប់អបអរ​ដំណើរ​មក​ដល់​របស់​លោក​ស៊ីជីងពីង​ទៀត។ ​ពេល​ចូល​គាល់​ស្តេច រថយន្ត​ប្រធានាធិបតី​ចិន ត្រូវ​អម​ដំណើរ​ដោយ​ក្បួន​ទ័ព​សេះ​ជា​កិត្តិយស​រហូត​ដល់​រាជវាំង។

បើ​តាម​​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ ទស្សនកិច្ច​នេះ​ជា​ព្រឹត្តិការណ៍​ការទូត ដ៏​សំខាន់​បំផុត និង​ខ្ពង់ខ្ពស់​បំផុត រវាង​ចិននិង​ពិភពលោកអារ៉ាប់ គិត​ចាប់​តាំងពី​ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មក។ ជា​សករាជ​ថ្មី​នៃ​ទំនាក់ទំនង​ចិនជា​មួយ​​ពិភព​អារ៉ាប់ ជា​មួយ​រដ្ឋ​អារ៉ាប់​ក្នុង​តំបន់​ឈូង​សមុទ្ទពែក្ស​ និង​ជាមួយ​អារ៉ាប៊ីសាអូឌីត។​ នេះជា​ប្រសាសន៍​របស់​លោក​ស៊ីជីនពីង។ សារព័ត៌មាន​រដ្ឋ​ចិនបាន​ធ្វើ​​អត្ថាធិប្បាយ​បន្ថែម នៅក្នុង​សករាជថ្មី​ ​ពិភព​អារ៉ាប់​សំលឹង​ទៅ​ទិស​ខាង​កើត មិន​មែន​ទៅ​លិច (សហរដ្ឋ​អាមេរិក​)ទេ។

ចិនចង់​ទិញ​ប្រេង​ជា​លុយយ័ន

ក្នុង​​ជំនួប​ទ្វេភាគី ​ប៉េកាំង និង​រីយ៉ាដ បាន​គូសបញ្ជាក់​អំពី​ភាព​សំខាន់​នៃ​ការ​​រក្សា​ស្ថិរភាព​ទីផ្សារ​ប្រេង​កាត និង​ បាន​ចុះ​កិច្ចព្រមព្រៀង ​ប្រមាណ​ជា​៤០​ ក្នុង​វិស័យ​ផ្សេងៗ​ រាប់​តាំង​ពី​វិស័យអ៊ីដ្រូហ្សែន ដល់​វិស័យ​លំនៅដ្ឋាន ក្នុង​តម្លៃជាង​២៧ពាន់លាន​អឺរ៉ូ តែ​គ្មាន​ទេ​ព័ត៌មាន​លម្អិត​។ នៅថ្ងៃទីបី ដែល​ជា​ថ្ងៃចុងក្រោយ​នៃទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត លោក​ ស៊ី ជីនពីង បាន​ចូល​រួម​ក្នុង​ជំនួប​កំពូល​ចិន-​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្ទពែក្ស​ ​និង​ជំនួប​កំពូលចិន-អារ៉ាប់ ដែល​មាន​​១២ប្រទេសចូល​រួម គឺ ​៦ប្រទេស​របស់​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្ទពែក្ស (អារ៉ាប៊ីសាអូឌីត អូម៉ង់ កូវែត បារ៉ែន អេមីរ៉ាតអារ៉ាប់រួម ព្រមទាំងកាតា) និង​​អេហ្ស៊ីប ស៊ូដង់ អ៊ីរ៉ាក់ ម៉ារ៉ុក លីបង់និង​ប៉ាឡេស្ទីន។

ជំនួប​កំពូល​ចប់ លោក​ស៊ីជីនពីង​បាន​ប្រកាស​ថា ចិន​នឹង​បន្ត​គាំទ្រដោយ​ឥត​ងាករេ ប្រទេស​ក្នុង​​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្ទពែក្ស​ ហើយ​នឹង​បន្ត​នាំ​ចូល​ប្រេង​ឆៅ​ក្នុង​បរិមាណ​ដ៏​ច្រើន ពី​ក្រុមប្រទេស​ទាំងនេះ ដោយ​ថែម​ទាំង​សន្យា ពង្រីក​កិច្ចសហប្រតិបត្តិការ ដល់​វិស័យ​ផ្សេង​ទៀត មាន​ជាអាទិ៍​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​ពង្រាវ។

ចំណុច​ដ៏​សំខាន់​មួយ​ទៀត គឺ លោកស៊ីជីនពីង ចង់ទូទាត់​ការ​ទិញ​ប្រេង​និង​ឧស្ម័ន​ឬ​ហ្កាស ជា​លុយយ័ន តាម​រយៈយន្តការ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​សៀងហៃ។ សេចក្តី​សម្រេចទូទាត់​បែប​នេះ ប្រសិនបើ​បានការ​ព្រមព្រៀង​ពី​ក្រុមប្រទេសអ្នកនាំ​ចេញ​ប្រេង​​នៅឈូង​សមុទ្ទ​ពែក្ស នឹង​ធ្វើ​ឱ្យ​​លុយ​ដុល្លារ​អាមេរិក​ ដែល​ជា​រូបិយបណ្ណ​គោល​ក្នុង​ពាណិជ្ចកម្ម​សកលធ្លាក់​ថ្លៃ​ជា​ប្រាកដ។ នេះ​បើ​តាម​ការ​សេចក្តី​ថ្លែងការណ៍​របស់​លោក​ស៊ីជីនពីង។ គេ​មិន​ដឹង​ថា​តើ​រីយ៉ាដ​យល់ព្រមដែរ​ឬ​យ៉ាងណា​ទេ តែ​នៅ​ក្នុង​សន្និសីទ​កាសែត​ ប្រមុខ​ការទូត​អារ៉ាប៊ីសាអូឌីត បាន​ប្រាប់​ទៅ​អ្នក​កាសែត​ថា គ្មាន​អ្វី​បន្ថែម​​ពី​លើ​សេចក្តី​ប្រកាស​របស់​លោក​ស៊ីជីនពីង​ឡើយ។

ពីមិនគួរឱ្យ​រាប់អាន ទៅ​ជា​មិនអាច​ខ្វះបាន

ទស្សនកិច្ចរបស់​លោក​ស៊ីជីនពីង មិនមែន​កំណត់​ត្រឹម​តែ​រឿង​ថាមពល​ ប្រេង ឬ​ឧស្ម័ន​ទេ តែក៏​មាន​បង្កប់​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​ដែរ។

ទស្សនកិច្ច​នៅ​អារ៉ាប៊ីសាអូឌីត​ជា​លើក​ទីមួយគិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៦នេះ ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ដែល​មាន​ការ​ប្រកួត​ប្រជែង​​ជាមួយ​សហរដ្ឋ​អាមេរិក​ ​ដែល​ជា​ដៃគូ​យោធា​ជា​យុទ្ធសាស្ត្រ​របស់​ក្រុមប្រទេស​អារ៉ាប់នៅឈូងសមុទ្ទពែក្ស។ ​​​ប៉ុន្តែ​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​រវាង​អាមេរិក​និង​អារ៉ាប៊ីសាអូឌីត​ មានភាពតាន​តឹង​ខ្លាំងណាស់​នា​រយៈពេល​ចុងក្រោយ​នេះ ដោយហេតុ​តែ បញ្ហារំលោភ​​សិទ្ធិមនុស្ស និង​ប្រេងកាត​នេះ​ឯង។ ធ្លាប់​ត្រូវ​បាន​អាមេរិក​ចាត់​ទុក​ជា​ប្រទេស​មិនគួរ​ឱ្យ​រាប់​រក ព្រោះ​បាន​ធ្វើ​ឃាត​អ្នក​កាសែត រីយ៉ាដ​បាន​បដិសេធ​មិន​ដំឡើង​ផលិតកម្ម​បូមប្រេង​ ដើម្បី​បញ្ចុះ​តម្លៃ​នៅលើ​ទីផ្សារ​ តាម​សំណើ​លោក​ប្រធានាធិបតី​ចូបៃដិន​ កាលពី​ខែក​ក្កដាទៀត។ ​​អាមេរិក​ខឹង​ច្រឡោត រហូត​​ព្រមាននា​ឱកាស​ទស្សនកិច្ច​របស់​លោក​ស៊ីជីនពីង​នេះ ​អំពីការ​ចង់​ពង្រីក​ឥទ្ធិពល​ត្រួ​តត្រា​ពិភពលោក​របស់​ចិន។

សម្រាប់​​អារ៉ាប៊ីសាអូឌីត ចំណង​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​តែ​​រឹង​មាំជា​និច្ច។ ប៉ុន្តែ​អារ៉ាប៊ីសាអូឌីត​ក៏​ត្រូវ​ការ​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ផ្សេង​ ដើម្បី​ភាព​​ប្រកួត​ប្រជែង និង​ជា​លក្ខណៈ​ពហុប៉ូលដោយ​សហការ​ជាមួយ​គ្រប់​ដៃគូ។ ម្យ៉ាង​វិញ​ទៀត ការ​ងាក​ទៅ​រក​ចិន ជា​ការ​កាត់​បន្ថយកុំ​ឱ្យ​សេដ្ឋកិច្ច​​ជាតិអារ៉ាប៊ីសាអូឌីត​រំពឹង​តែ​​​លើ​ប្រភពថាមពល​។

​នេះ​ជា​ឱកាស​មួយ​ដែល​ក្រុមប្រទេស​អារ៉ាប់​ដូច​យ៉ាង​អារ៉ាប៊ីសាអូឌីត ចង់​បង្ហាញ​អំពី​ស្វ័យភាព​របស់​ខ្លួន​ ចំពោះអាមេរិក តែក៏បាន​អនុញ្ញាត​ឱ្យ​ចិន​បាន​ពង្រឹង​ឯករាជ្យភាព​របស់​គេ ហើយ​មិនផ្តុំ​​រំពឹង​ខ្លាំង​តែ​លើ​អ៊ីរ៉ង់មួយ ក្នុង​ការ​ផ្គត់ផ្គង់​ប្រេង។ ​ជា​ទស្សនៈ​វិស័យ​ដ៏​ល្អ ព្រោះ​កាលពី​ឆ្នាំ​២០២១ ប៉េកាំង​បាន​ចុះ​កិច្ចសន្យា​យុទ្ធសាស្ត្រ​ជាមួយ​អ៊ីរ៉ង់​រយៈពេលដល់​ទៅ​​២៥​ឆ្នាំ។ ​ តែ​ពេល​នេះ​អ៊ីរ៉ង់​កំពុង​រង្គើ​ដោយ​​វិបត្តិ​នយោបាយ។​ អ្នក​វិភាគ​សំឡឹង​ឃើញ​ថា ក្រៅ​ពី​ស្វះស្វែង​​​ផ្តល់​សន្ទុះ​ និង​ពង្រីក​ដែន​ឥទ្ធិពល​របស់​ខ្លួន តាម​រយៈ​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ​ មហាយក្ស​ចិនក៏​ព្យាយាម​ស្វែង​រក​សន្តិសុខ​ថាមពល​ប្រេងដែរ​ ដោយចាំ​បាច់​ត្រូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អារ៉ាប៊ីសាអូឌីត និង​ក្រុមបណ្តា​ប្រទេសអារ៉ាប់​ក្នុង​តំបន់​។ ជំហរ​​ស្មើភាព​ជាមួយ​អារ៉ាប៊ីសាអូឌីត​ផង អ៊ីរ៉ង់ផង និង​អ៊ីស្រាអែល​ផង កំពុងចាប់​ហុច​​ផ្លែផ្កាឱ្យ​ចិន​នៅ​ថ្ងៃ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ