អានតួអត្ថបទ
ចិន-អារ៉ាប៊ីសាអូឌីត-ប្រេង

លោកស៊ី ជីនពីង ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អារ៉ាប៊ីសាអូឌីត

លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង បានទៅដល់​ទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត នៅ​ព្រឹកថ្ងៃពុធនេះ។ នេះគឺជាទស្សនកិច្ច​ក្រៅ​ប្រទេស​លើកទី៣ហើយ​ សម្រាប់លោក​ស៊ី ជីនពីង នៅ​ក្នុង​បរិបទកូវីដ១៩ ដែល​បានបង្ខំឲ្យ​លោក កាត់បន្ថយ​យ៉ាងខ្លាំងដល់ការធ្វើដំណើរចេញក្រៅប្រទេស​។ ក្នុងនាម​អារ៉ាប៊ីសាអូឌីត ជាប្រទេសផលិត​ប្រេងធំជាងបំផុត ទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង នាពេលនេះ គឺមានសារៈសំខាន់យុទ្ធសាស្ត្រខ្លាំង​ណាស់ សម្រាប់វិស័យ​ថាមពល​ចិន ក្នុងខណៈដែល​ប្រេងរបស់រុស្ស៊ី ​កំពុងតែ​ត្រូវជាប់ទណ្ឌកម្ម​រារាំង​។

លោកស៊ី ជីនពីង ចាប់រលាក់ដៃ ជាមួយព្រះអង្គម្ចាស់ម៉ូហាម៉េត បេនសាល់ម៉ាន់ នៅក្នុងឱកាសជំនួបនៅក្រុងប៉េកាំង ថ្ងៃទី ២២ កុម្ភៈ ២០១៩
លោកស៊ី ជីនពីង ចាប់រលាក់ដៃ ជាមួយព្រះអង្គម្ចាស់ម៉ូហាម៉េត បេនសាល់ម៉ាន់ នៅក្នុងឱកាសជំនួបនៅក្រុងប៉េកាំង ថ្ងៃទី ២២ កុម្ភៈ ២០១៩ AP - Liu Weibing
ផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេល​៣ថ្ងៃនៃដំណើរទស្សនកិច្ច ​​លោក​ស៊ីជីនពីង​នឹងជួបសន្ទនា ជាមួយ​ព្រះចៅសាល់ម៉ាន់ ព្រមទាំងជួបជាមួយ​ព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាម៉េត បេនសាល់ម៉ាន់។ បន្ថែមពីនេះ នៅថ្ងៃសុក្រ លោកស៊ី ជីនពីង នឹងចូលរួម​ក្នុងជំនួប​កំពូលនៃក្រុមប្រឹក្សា សហប្រតិបត្តិការ​​តំបន់ឈូងសមុទ្រ ដែល​មាន​ប្រទេសសមាជិកចំនួន​៦។ យោងតាមបណ្តាញព័ត៌មាន​ផ្លូវការ​អារ៉ាប៊ីសាអូឌីត លោក ប្រធានាធិបតីចិន នឹងឆ្លៀតទៅជួបជាមួយថ្នាក់ដឹកនាំក្រុម​ប្រទេស​អារ៉ាប់ផងដែរ។

យោងតាមការវិភាគ ប្រេងគឺជាសំណុំរឿងធំបំផុត ដែល​លោក​ស៊ី ជីនពីងនឹង​និយាយ​​​ជាមួយ​ថា្នក់​​ដឹកនាំ​អារ៉ាប៊ីសាអូឌីត​។ អារ៉ាប៊ីសាអូឌីត ជាប្រទេសផលិត​ប្រេងធំជាងគេ ហើយចិនវិញ គឺ​ជាប្រទេសដែលនាំចូល​ប្រេងច្រើនជាងគេ។ នៅក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន ក្រុមប្រទេសG7 រួមជាមួយសហភាពអឺរ៉ុប បានសម្រេច​ដាក់ទណ្ឌកម្ម​លើរុស្ស៊ី ដោយ​កំណត់​តម្លៃ​ប្រេងរុស្ស៊ី មិន​ឲ្យ​លើសពី​៦០ដុល្លារ ក្នុងមួយធុងបារីល។ ប្រការ​នេះ បានធ្វើឲ្យ​មានការបារម្ភខ្លាំង ទាក់ទិននឹង​បញ្ហាគ្មានប្រេងនៅលើទីផ្សារ ក្នុងករណី​ដែល​រុស្ស៊ី​ឈប់នាំចេញ​។ ទន្ទឹមគ្នានេះទៀត ក្រុម​ប្រទេស​ផលិត​ប្រេង OPEP+ ដែលមានអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីជាមេដឹកនាំនោះ ទើប​តែបាន​សម្រេច បន្ត​កាត់បន្ថយ​​ការផលិត ចំនួន២លានធុងបារីលក្នុងមួយថ្ងៃ រហូតដល់ដាច់ឆ្នាំ​២០២៣ ដើម្បីកាត់បន្ថយស្តុក ហើយរក្សាតម្លៃលក់ឲ្យ​នៅខ្ពស់​។

ផ្អែកតា​ម​លោក Ali Shihabi អ្នកវិភាគ​ម្នាក់ស្និទនឹងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត គឺ​ក្នុងទស្សនកិច្ចនេះ ចិននិង​អារ៉ាប៊ីសាអូឌីត អាចនឹងចុះកិច្ចព្រមព្រៀងមួយចំនួនជាមួយគ្នា។ ក្រៅពីសំណុំរឿងប្រេង ភាគីចិន​ទំនងជាចង់និយាយដើម្បី​​​ឲ្យ​​ក្រុមហ៊ុន​ខ្លួន មាន​វត្តមាន​ចូលរួម​នៅក្នុង​​គម្រោង​មហាសាល របស់ព្រះអង្គម្ចាស់ម៉ូហាម៉េត បេនសាល់ម៉ាន់​។ ជាគម្រោង​ស្ថាបនាទីក្រុងទំនើប ឈ្មោះ NOAM ដែល​មានតម្លៃទឹកប្រាក់ចំនួន ៥០០ពាន់​លាន​ដុល្លារ​។​ គម្រោងដ៏ធំមហិមានេះ នឹងត្រូវប្រើ​បច្ចេកវិទ្យាទំនើបការពារសន្តិសុខ ដូចជាកាម៉េរ៉ាចាប់​មុខមនុស្សជាដើម ហើយ​ដែលចិន​​ប្រើច្រើន​និងឈានមុខគេ។

ដោយឡែក លោក Nayef al-Hajraf អគ្គលេខាធិការ​ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ បាន​លើកឡើងថា​ វត្តមានរបស់​លោកស៊ី ជីនពីងក្នុងជំនួប​កំពូលនៅថ្ងៃសុក្រ គឺមានសារៈសំខាន់ណាស់ ក្នុយងនាមចិនជាដៃគូពាណិជ្ជកម្មធំបំផុត របស់តំបន់នេះ។

គួរកត់សំគាល់ដែរថា ទស្សនកិច្ចរបស់​លោកស៊ី ជីនពីងនៅអារ៉ាប៊ីសាអូឌីត នាពេលនេះ ក៏ត្រូវសហរដ្ឋអាមេរិកតាមដាន​យ៉ាងម៉ដ្ឋចត់ផងដែរ ខណៈកន្លងមក អារ៉ាប៊ីសាអូឌីត គឺជាសម្ព័ន្ធរបស់អាមេរិកប្រចាំតំបន់ឈូងសមុទ្រ។ ជាសម្ព័ន្ធភាព ដែលគេតែងតែនិយាយដោយ​កាត់ថា យក​ប្រេងដូរជាមួយអាវុធនិងសន្តិសុខ។ តែយ៉ាងណា គេជឿថាសម្រាប់ពេល​នេះ អារ៉ាប៊ីសាអូឌីត នៅតែបន្តចង់បាន​អាវុធពីអាមេរិក ព្រោះចិននៅមិនទាន់អាចមានលទ្ធភាពបំពេញតម្រូវការ​ផ្នែ​កការពារសន្តិសុខឲ្យ​អារ៉ាប៊ីសាអូឌីតបាននៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ