អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋាភិបាលជប៉ុនកែប្រែ​យុទ្ធសាស្ត្រ​ការពារជាតិ ដើម្បី​ប្រឈម តទល់​មហាអំណាចចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជប៉ុន​កែប្រែ​យុទ្ធសាស្រ្ត​ការពារជាតិ នៅក្នុងទ្រង់ទ្រាយដ៏ធំមិនធ្លាប់មាន។ នៅថ្ងៃ​សុក្រនេះ រដ្ឋាភិបាល​ជប៉ុន​របស់​លោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីស៊ីដា​បាន​អនុម័ត​ឯកសារ​ចំនួន​៣ ស្តីពីការបង្កើន​សមត្ថភាព​ការពារសន្តិសុខ​ជាតិ​ជប៉ុន តាមរយៈ​ការបង្កើន​ថវិកា​កងទ័ព នៅក្នុង​បរិបទ​នៃភាពតានតឹង​ភូមិសាស្រ្ត​នៅក្នុង​តំបន់។ តើ​ការសើរើ​យុទ្ធសាស្រ្ត​ការពារ​ជាតិ មានន័យ​យ៉ាងណា​សម្រាប់​ជប៉ុន

កប៉ាល់ចម្បាំង​របស់​កងទ័ពស្វ័យការពារ​របស់ជប៉ុន
កប៉ាល់ចម្បាំង​របស់​កងទ័ពស្វ័យការពារ​របស់ជប៉ុន AP - Itsuo Inouye
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ជប៉ុន​របស់​លោក​ហ្វូមីអូ គីស៊ីដា នៅថ្ងៃ​សុក្រនេះ បានអនុម័ត​លើ​ឯកសារ​ចំនួន បី ស្តីពី​ការផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​ការពារជាតិ។

ចំណុច​សំខាន់​ដែលមាន​និយាយ​នៅក្នុង​គោលនយោបាយ​ការពារ​ជាតិថ្មី គឺការ​បង្កើន​ថវិកា​កងទ័ពជាតិ​ជប៉ុន​ឲ្យ​ដល់ ២%នៃ​ផលិតផលក្នុងស្រុកសរុប សម្រាប់​រយៈពេល ៥ឆ្នាំ (ពីឆ្នាំ២០១៣ ដល់​ឆ្នាំ ២០២៧)។ សព្វថ្ងៃនេះ កញ្ចប់ថវិកា​ជាតិ ជប៉ុន តំណាង​ឲ្យ​១%​នៃ​ផលិតផល​ក្នុងស្រុកសរុប។ ប៉ុន្តែ សម្រាប់រយៈពេល ៥ឆ្នាំទៅមុខ ថវិកា​កងទ័ពជប៉ុន​នឹង​មាន​កើនឡើង​ដល់​៣០០​ពាន់លាន​ដុល្លារ។

ជប៉ុន​បង្កើន​ថវិកាកងទ័ព​ឲ្យដល់​៣០០ពាន់លានដុល្លារ សម្រាប់​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​កងទ័ព​ដែលមាន​ដូចជា៖

-បង្កើន​សមត្ថភាព​វាយប្រហារ​តបវិញ។ ជប៉ុន​បាន​សើរើ យុទ្ធសាស្រ្ត​សន្តិសុខ​ជាតិ ដែលបង្កើតឡើង នៅឆ្នាំ ២០១៣ ដើម្បី​អាច​មាន​សមត្ថភាព វាយប្រហារ​ដល់​ទីតាំង​បាញ់​ចេញ​មីស៊ីល​របស់​សត្រូវ។ គោលដៅ​របស់​ជប៉ុន គឺ​ចង់បាន​ទិញ និង​ផលិត មីស៊ីល​ដែលអាច​បាញ់​ទៅដល់​ទីឆ្ងាយៗ ដូចជា​ឆ្នេររបស់​ចិន និង​កូរ៉េខាងជើង ដែល​ជប៉ុនចាត់ទុក​ជា​ប្រភព​គំរាមកំហែង​សន្តិសុខ​ជាតិជប៉ុន។

ដើម្បី​ពង្រឹង​សមត្ថភាព​វាយប្រហារ​តបវិញ ជប៉ុន​គ្រោង​នឹង​ទិញ មីស៊ីល​បណ្តែត​របស់អាមេរិក Tomahawkចំនួន ៥០០ដើម និង​មីស៊ីល​បាញ់​ចម្ងាយឆ្ងាយ ប្រភេទ SM6។

-ទី២ គឺ​អភិវឌ្ឍ​មីស៊ីល​អ៊ីពែសូនិក។ ទៅតាម​គោលនយោបាយ​ការពារ​ជាតិ​ថ្មី ជប៉ុន​ចង់​ពង្រាយ​មីស៊ីល​បណ្តែត​ចម្ងាយឆ្ងាយ ឲ្យ​បាន​១ពាន់ដើម។ ដើម្បី​ធ្វើដូច្នេះ​បាន ជប៉ុន​ត្រូវ​កែលម្អ​មីស៊ីល​ប្រឆាំង​នាវាចម្បាំង ​របស់ខ្លួន​ឡើងវិញ។ សព្វថ្ងៃនេះ មីស៊ីល​បណ្តែត​ប្រភេទ 12ដែលផលិត​ដោយ​ក្រុមហ៊ុន​ជាតិជប៉ុន Mitsubishi អាច​មាន​សមត្ថភាព​វាយប្រហារ​ក្នុងរយៈចម្ងាយ តែ ២០០គីឡូម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ ជប៉ុនចង់ធ្វើ​ទំនើបកម្ម​ដើម្បី​ផលិត​មីស៊ីល​ដែលអាច​ហោះបានចម្ងាយ​១០០០គីឡូម៉ែត្រ។ ថវិកា​កងទ័ព​ដ៏ក្រាស់ក្រែល របស់​ជប៉ុន​នឹង​ត្រូវ​ប្រើ​ផងដែរ សម្រាប់​អភិវឌ្ឍ​មីស៊ីល​អ៊ីពែសូនិក ដែលលឿនជាងសំឡេង៥ដង និង​សាងសង់​ឃ្លាំងស្តុកទុក​មីស៊ីល ចំនួន ១៣០​កន្លែង​បន្ថែមទៀត នៅលើ​ទឹកដី​ជប៉ុន។

-ចំនុចសំខាន់ទី​៣​នៃ​ការកែប្រែ​យុទ្ធសាស្រ្ត គឺ​ការបង្កើនវត្តមាន​ទ័ព ៣ដង ​នៅ​ភាគខាងត្បូង​ជប៉ុន នៅតាម​កោះ ដែល​ស្ថិតទៅជិត​តៃវ៉ាន់ និង​ប្រទេស​ចិនដីគោក។ កងទ័ព​ជប៉ុនដែលមានបំពាក់​ដោយ​មីស៊ីល​បាលីស្ទិក នឹង​ត្រូវ​បង្កើនចំនួន ពី ២ពាន់ ទៅ​៣ពាន់នាក់ នៅ​អូគីណាវ៉ា និងនៅជ្រោយកោះ ភាគនិរតី​របស់ ជប៉ុន។

ដោយផ្លាស់ប្តូរ​យុទ្ធសាស្រ្តការពារជាតិ ជប៉ុន​នឹង​ប្រមូលផ្តុំ​កងទ័ពអាកាស កងទ័ព​ជើងគោក និង​កងទ័ព​ជើងទឹក ឲ្យ​មកស្ថិតនៅក្រោម​ការបញ្ជា​តែមួយ​របស់​សេនាធិការដ្ឋាន។ គោលដៅ គឺ​ដើម្បីអាច​ឆ្លើយតប រហ័ស ក្នុងស្ថានភាព​អាសន្ន។ នៅក្នុងន័យនេះ រដ្ឋាភិបាលគ្រោង​ផងដែរ នឹង​ប្រើ​កំពង់ផែ និងព្រលាន​យន្តហោះ​ស៊ីវិល​សម្រាប់​កងទ័ព នៅក្នុង​ករណី​ចាំបាច់ ទោះ​ក្នុង​កាលៈទេសៈ ប្រទេសមិនជួបសង្រ្គាមក្តី។

ជប៉ុន​កំពុង​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​សន្តិនិយម​របស់ខ្លួន?

រដ្ឋធម្មនុញ្ញសន្តិនិយម របស់​ជប៉ុនបាន​កំណត់​ថា ជប៉ុនគ្មាន​កងទ័ពសម្រាប់​ធ្វើ​សង្រ្គាម ប៉ុន្តែ ជប៉ុន​មាន​កងទ័ព​ស្វ័យការពារ ពោលគឺ មានសមត្ថភាព ត្រឹម​ការពារ​ខ្លួន នៅពេល​មាន​ការវាយប្រហារ មុន មកលើ​ខ្លួន​តែប៉ុណ្ណោះ។

យុទ្ធសាស្រ្ត​វាយប្រហារ​តបវិញ ធ្លាប់​បង្កើត​ឲ្យមាន​ភាពចម្រូងចម្រាស​នៅក្នុងសង្គមជប៉ុន ក្នុងហេតុផលថា ការវាយប្រហារ តបវិញ អាច​ជា​លេសសម្រាប់​ធ្វើសង្រ្គាម វាយប្រហារ​លើទឹកដី​បរទេស ដែល​ផ្ទុយ ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញសន្តិនិយម​របស់​ជប៉ុន។

ប៉ុន្តែ រដ្ឋាភិបាល​ជប៉ុន ដឹកនាំ​ដោយ​គណបក្ស​អភិរក្សនិយម តែង​និយាយការពារ​ថា ក្នុង​កាលៈទេសៈដែល​សន្តិសុខ​របស់​ជប៉ុន​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង ដូចជា​មីស៊ីល​របស់​កូរ៉េខាងជើង ដែល​បាញ់រំលង​ជាច្រើនដង​ទឹកដីជប៉ុន យុទ្ធសាស្រ្ត​ការពាររបស់​ជប៉ុន​លែង​មានប្រសិទ្ធិភាព​ទៀតហើយ។ ប្រឈមនឹង​ការពង្រឹង​កម្លាំង​យោធា​របស់​មហាអំណាច​ចិន ដែល​ទើបបាញ់​មីស៊ីលធ្លាក់ចូលក្នុង​តំបន់ដែនទឹកសមុទ្រ​ជប៉ុន ដើម្បី​គំរាមតៃវ៉ាន់ នៅ​អំឡុង​ទស្សនកិច្ច​របស់​ប្រធានរដ្ឋសភាអាមេរិក កាលពីពេលថ្មីៗនេះ ជប៉ុន​ចាំបាច់​ត្រូវតែ មាន​យុទ្ធសាស្រ្ត​វាយប្រហារតបវិញ ពោល គឺ​ត្រូវ​មានសមត្ថភាព​វាយប្រហារ​ដល់ទីតាំង​បាញ់​ចេញ មីស៊ីល​របស់​សត្រូវ​តែម្តង។

ជប៉ុន​ត្រូវ​ធ្វើ​ទំនើបកម្មកងទ័ព ដើម្បី​កាត់​បន្ថយ​វិសមភាពកម្លាំង​យោធា​​រវាង​ជប៉ុន​និង​ចិន ក្នុង​វិស័យ​មីស៊ីលផង និង​ដើម្បី​ប្រឈម​នឹង​ការ​គំរាមគំហែង​កាន់​តែ​ខ្លាំងរបស់​កូរ៉េខាង​ជើង​ផង។ ភាព​តានតឹង​អន្តរជាតិ បង្ក​ឡើង​ដោយ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែនពី​សំណាក់​រុស្ស៊ី និង​ការគំរាមកំហែង ប្រើកម្លាំងយោធា​របស់​ចិន ដើម្បី​វាយយកតៃវ៉ាន់ ដែលស្ថិតនៅ​ជាប់ ជប៉ុន បានធ្វើ​ឲ្យ​ជប៉ុន សើរើ​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន​ឡើង​វិញ។

នៅក្នុងឯកសារ​ស្តីពីយុទ្ធសាស្រ្ត​សន្តិសុខជាតិ ដែលរដ្ឋាភិបាល​របស់​លោកគីស៊ីដា ទើប​អនុម័ត នៅថ្ងៃ​សុក្រនេះ ជប៉ុន​ប្រើពាក្យ ខ្លាំងៗ ចាត់ទុក​ចិន ថា ជា​ការប្រឈម​ខ្លាំង​សម្រាប់​សន្តិសុខ​ជាតិជប៉ុន។ កូរ៉េខាងជើង ចិន និង​រុស្ស៊ី ជាមេបង្ក​ការគំរាមកំហែង។ នៅក្នុង​បរិបទ​នៃ​វិបត្តិពិភពលោក ដែលបណ្តាលមកពី​សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ឯកសារ​ស្តីពី​គោលនយោបាយ​ការពារជាតិជប៉ុន​បាន​ព្រមាន​ពីវិបត្តិដូចគ្នានេះ ដែលអាច​កើតឡើង​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក និង​តំបន់អាស៊ីខាងកើត។ សម្រាប់ជប៉ុន ចិន​កំពុង​ផ្គើនគំរាម​សណ្តាប់ធ្នាប់ពិភពលោក តាមរយៈ​ការរួបរួម ពង្រឹងចំណង​យោធា​ជាមួយ​រុស្ស៊ី។

ចិន​ចេញមុខ​ប្រតិកម្ម​ប្រឆាំង?

ចិន​តាមរយៈអ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ប្រតិកម្ម​ប្រឆាំង​ភ្លាម​នឹង​ការសើរើ​គោលននយោបាយការពារជាតិ​របស់​ជប៉ុន។ សម្រាប់ភាគីចិន ជប៉ុន​កំពុង​ដើរងាកចេញ​ពី​ផ្លូវ​សន្តិភាព លែង​ផ្តល់​តម្លៃ​ដល់​ទំនាក់ទំនងទ្វេភាគី​ជាមួយ​ចិន។ នៅចំពោះមុខ​ជប៉ុន​ដែល​ចង់​ពង្រឹង​សមត្ថភាពកងទ័ព​តាមរយៈការបង្កើនថវិកាការពារ​ជាតិ ប៉េកាំង​ឧស្សាហ៍​ព្រមាន​ពី​ការវិលត្រលប់នៃនយោបាយវាតទីនិយម​របស់ជប៉ុន ដែល​ធ្លាប់​ធ្វើ​ឲ្យ​ចិន​រងគ្រោះ កាលពីអតីតកាល។

ជប៉ុន​បង្កើន​ថវិកាកងទ័ពដ៏មហសាលា

ដើម្បី​ដើរស្រប​ជាមួយ​គោលនយោបាយ​របស់​អូតង់ ដែល​ចង់​ឲ្យ​ប្រទេស​សមាជិក​បង្កើន​កញ្ចប់​ថវិកាកងទ័ព​ឲ្យដល់ ២%​នៃ​ផលិតផល​ក្នុងស្រុក​សរុប ជប៉ុន​បាន​បង្កើន​ថវិកាកងទ័ព​របស់​ខ្លួន ៥៦% បើប្រៀបធៀប​នឹង​កញ្ចប់ថវិកា សម្រាប់​រយៈពេល ៥ឆ្នាំ​កន្លងទៅ។ ជាមួយ​ថវិកាកងទ័ព ៣០០ពាន់​លានដុល្លារ ជប៉ុន​នឹង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ៣ នៅក្នុងពិភពលោក នៅក្រោយអាមេរិក និង​ចិន ក្នុងនាមប្រទេស​ដែលចំណាយច្រើន​ទៅលើ​វិស័យកងទ័ព។

នៅជប៉ុន ថវិកាកងទ័ព ៣០០​ពាន់លាន​ដុល្លារ សម្រាប់​រយៈពេល​៥ឆ្នាំ មាន​តម្លៃ​ស្មើ​នឹង​មួយភាគ​១០ នៃ​ថវិកាជាតិ​សរុប​របស់​ជប៉ុន។ ដើម្បី​បាន​ថវិកា​រាប់ម៉ឺនលាន​ដុល្លារ សម្រាប់​ផ្គត់ផ្គង់​វិស័យកងទ័ព រដ្ឋាភិបាល​ជប៉ុនអាច​​បង្កើន​ពន្ធ ជាពិសេស​ពន្ធ​លើ​បារី បង្កើន​ការលក់​មូលប័ត្របំណុល ឬ​កាត់បន្ថយ​ការចំណាយ​លើ​វិស័យ​ដទៃទៀត។ តាម​កាសែត​ក្នុងស្រុក​ជប៉ុន គណបក្ស​កាន់អំណាច​របស់​លោកនាយករដ្ឋមន្រ្តី គីស៊ីដា​កំពុង​ពិចារណា​លើ​ចំណុច​ខាងលើ ដើម្បី​អាច​បំពេញ​កេស​ថវិកា​កងទ័ពជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ