អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​អនុម័ត​កញ្ចប់​ថវិកាដ៏មហាសាល ក្នុង​នោះ​៤៥ពាន់​លាន​សម្រាប់​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

គ្មាន​ទេពាក្យ​ថា Shutdown សម្រាប់​សហរដ្ឋ​អាមេរិក​ពេល​នេះ​ ! ច្បាប់​ថវិកា​ឆ្នាំ​២០២៣ ទើប​ត្រូវ​បាន​សភា​ និង​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​នៅ​យប់​ថ្ងៃ​សុក្រ​ទី ២៣​ធ្នូ​។ ជា​កញ្ចប់​ហិរញ្ញវត្ថុ​ដែល​មានទំហំ​​មហាសាល​ដល់​ទៅ ១៧០០ពាន់​លាន​ដុល្លារ សម្រាប់​ឱ្យ​រដ្ឋបាល​លោក​បៃដិន សម្រេច​អាទិភាព​នានា​ ក្នុង​នោះ​៤៥ពាន់​លាន​ដុល្លារសម្រាប់​អ៊ុយក្រែន​។ ច្បាប់​ហិរញ្ញវត្ថុ​នេះ​នឹង​ចូល​ជា​ធរមាន នៅពេល​ប្រធានាធិបតី​បៃដិន ចុះហត្ថលេខា​។

សភា​អាមេរិក​អនុម័ត​កញ្ចប់​ថវិកាដ៏មហាសាល ក្នុង​នោះ​៤៥ពាន់​លាន​សម្រាប់​អ៊ុយក្រែន
សភា​អាមេរិក​អនុម័ត​កញ្ចប់​ថវិកាដ៏មហាសាល ក្នុង​នោះ​៤៥ពាន់​លាន​សម្រាប់​អ៊ុយក្រែន AP - J. Scott Applewhite
ផ្សាយពាណិជ្ជកម្ម

សភា​អាមេរិក​បានបោះឆ្នោត​អនុម័តច្បាប់​ថវិកា​ឆ្នាំ​២០២៣ ​​ក្នុង​សំឡេងគាំទ្រ​២២៥​ទល់​នឹង​២០១​ប្រឆាំង បញ្ចៀស​វិបត្តិ​ជាប់​គាំងរដ្ឋបាល​សហព័ន្ធ ឬ​ហៅ​ថា​ ​Shutdown ដែលអាមេរិក​​ធ្លាប់​ជួប​ប្រទះ​​កន្លង​មក។ ជា​ច្បាប់​ថវិកា​ដ៏​សំខាន់ ដែល​មិន​ត្រឹម​សម្រាប់​បម្រើ​រដ្ឋ​ សម្រាប់​បើក​ប្រាក់​ខែ​ជូន​មន្ត្រី​រដ្ឋការទេ តែ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា​រដ្ឋ​អាមេរិក​មាន​ដំណើរការ​ល្អ​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ទទួល​ខុស​ត្រូវ​ក្រុម​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​ លោក Steny Hoyer។ នៅក្នុង​សេចក្តី​ថ្លែងការណ៍ លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​សរសេរថា ច្បាប់​ហិរញ្ញវត្ថុ​នេះ ល្អ​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ សម្រាប់​ភាព​ប្រកួត​ប្រជែង​អាមេរិក និង​សម្រាប់​ប្រជាពលរដ្ឋ​ទាំងមូល​។ លោ​កនឹង​ចុះ​ហត្ថលេខា​ផ្តល់​សុពលភាព ភ្លាម​ នៅ​ពេល​ច្បាប់​បាន​បញ្ជូន​មក​ដល់​ការិយាល័យ​លោក។

​មាន​ទំហំ​សរុប​១,៧​ទ្រីលានឬ​ត្រូវ​ជា​​​១៧០០​ពាន់​លាន​ដុល្លារ ច្បាប់​​ថវិកា​នេះ​ជា​​កញ្ចប់ហិរញ្ញវត្ថុ​សម្រាប់​ផ្តល់​ឱ្យ​រដ្ឋ​សហព័ន្ធ​ ប្រើប្រាស់​​ក្នុង​​វិស័យ​ការពារ​ជាតិ អប់​រំ សុខាភិបាល ឬ​វិស័យ​ដឹកជញ្ជូន​ ហើយ​ នៅក្នុង​នោះ ៤៥ពាន់​លាន​ដុល្លារ ជា​កញ្ចប់​ថវិកា​សម្រាប់​ជា​ជំនួយ​ដល់​អ៊ុយក្រែន​ ក្នុង​ទម្រង់​ជា​ជំនួយ​សេដ្ឋកិច្ច យោធា និង​មនុស្សធម៌ផង។

ហ្សេឡេនស្គី​

ការ​អនុម័ត​ច្បាប់​​ប្រព្រឹត្ត​ទៅ​តែ​មួយ​ថ្ងៃ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន​ នៅ​សហរដ្ឋ​អាមេរិកទៀត។ សមាជិក​សភា​​អាមេរិកភាគ​ច្រើន​បានសម្តែង​ការ​​ទទួល​ស្វាគមន៍​ លោក​ហ្សេឡេនស្គី​ យ៉ាង​កក់​ក្តៅ​បំផុត ដូច្នេះ​វា​គ្មាន​អ្វី​ដែល​គួរ​សង្ស័យ​ចំពោះ​លទ្ធផលដ៏​​វិជ្ជមាន​នៃអនុម័ត​ច្បាប់​ទេ។

ប្រធាន​សភា​បក្ស​សាធារណរដ្ឋ បាន​សាក​ល្បង​អំពាវនាវ​ឱ្យ​សមាជិក​របស់​ខ្លួន បោះឆ្នោត​ប្រឆាំង​ដែរ ដើម្បី​អាច​រក្សា​ជំហរ​និង​លទ្ធភាព​ទូលំទូលាយ​ នៅ​ឆ្នាំក្រោយ ពេល​ចូល​កាន់​តួនាទី​អាណត្តិ​ថ្មី​​។ ប៉ុន្តែសមាជិក​​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ មិន​ដឹង​មិន​ឮ​សេចក្តី អំពាវនាវ​នោះ​ឡើយ ដោយ​ផ្តល់​​ការ​គាំទ្រ​ជាង​២០​សំឡេង​ដល់​បក្ស​ប្រជាធិបតេយ្យ​ ក្នុង​ការ​អនុម័ត​ច្បាប់​ថវិកា​លើក​នេះ (៦៨​ទល់​នឹង​២៩)​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ពោល​គឺមួយ​ថ្ងៃ​មុន​កា​រអនុម័ត​របស់​សភា។

​​លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធាន​ព្រឹទ្ធសភា​ផុត​អាណត្តិ​ បាន​ស្វាគមន៍ ការ​អនុម័ត​ច្បាប់​នេះ ​ជា​ពិសេសចំពោះ​កញ្ចប់​ថវិកា​សម្រាប់ជួយ​​អ៊ុយក្រែន​ ក្នុង​វិស័យ​សន្តិសុខ​ សេដ្ឋកិច្ច និងមនុស្សធម៌។ លោកស្រី​បាន​ស្រង់​ឃ្លា​របស់​លោក​ប្រធានាធិបតី​ហ្សេឡេនស្គី​ថា ជំនួយ​អាមេរិក​នេះ ដូច​ប្រសាសន៍​លោក​ហ្សេឡេនស្គី មិនមែន​ជា​ការ​ដាក់ទាន​ទេ តែ​ជា​ការ​ធានា​សន្តិសុខ​ និង​ជា​រួម​គ្នា​ធ្វើ​ការ។

ការ​អនុម័ត​ច្បាប់​ថវិកា​នេះ គឺ​ការ​បោះឆ្នោត​ដ៏​សំខាន់​ចុងក្រោយ​បង្អស់ ដែល​បក្ស​ប្រជាធិបតេយ្យ​ បក្ស​កាន់​អំណាចរបស់​លោក​ចូបៃដិន ​មាន​សំឡេង​ភាគ​ច្រើន​។ ចាប់​ចូល​ឆ្នាំ​២០២៣​ កាលណា បក្ស​សាធារណរដ្ឋ​នឹង​កាន់កាប់សភា​វិញ​ហើយ ព្រោះ​ក្នុង​សម័យ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​បក្ស​សាធារណរដ្ឋ​បាន​ទទួល​អាសនៈ​ច្រើន​ជាង នឹង​ក្លាយ​បក្ស​មាន​សំឡេង​ភាគ​ច្រើន​នៅក្នុង​សភា​ម្តង។

​វិសោធនកម្ម​ច្បាប់​ ​សតវត្សរ៍​ទី ១៩

នៅក្នុង​ច្បាប់​ថវិកាអនុម័ត​ថ្ងៃ​​នេះ មាន​ផ្នែក​មួយ​គឺ​ជា​ធ្វើ​វិសោនកម្ម​ច្បាប់​សតវត្សរ៍ ទី​១៩ ដើម្បី​បញ្ជាក់​​ឱ្យបាន​​​ច្បាស់​លាស់​ថា អនុប្រធានាធិបតី​អាមេរិក មិនអាច​ធ្វើអន្តរាគមន៍​ដោយ​ផ្ទាល់ ទៅ​រារាំង ​លទ្ធផល​បោះឆ្នោត​នានា​ទេ។

លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​ប្រើ ភាព​​ស្រពិចស្រពិល​នៃ​អត្ថបទ​ច្បាប់ចាស់​ ជំរុញ​​ឱ្យលោក Mike Pence កាល​នៅ​ជា​​អនុប្រធានាធិបតី​អាមេរិក​របស់លោក ​ទៅ​រារាំង​ដំណើរ​ឡើង​កាន់​អំណាច​របស់​លោក​ចូបៃដិន ក្រោយ​ពីបាន​ទទួល​ជោគជ័យ​នៅក្នុង​ការ​បោះឆ្នោតប្រធានាធិបតី​ឆ្នាំ​២០២០ ដែល​កាលណោះ​បក្ស​សាធារណរដ្ឋ​មិន​ចង់​ទទួល​ស្គាល់​​លទ្ធផល​ឆ្នោត។ នេះ​ជា​ចំណែក​មួយ​ដែល​ជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​ព្រឹត្តិការណ៍​វាយ​សម្រុក​ចូល​ក្នុង​វិមាន​កាពីតូល កាលពី​ថ្ងៃ​ទី​៦​មករា​២០២១។​​ ឥលូវ​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ឈរ​ឈ្មោះ​បេក្ខជន​ប្រធានាធិបតី​ជា​ថ្មី​ទៀត សម្រាប់​ឆ្នាំ​២០២៤។ លោក​ត្រាំ​ ​បានចាត់​ទុក​ការ​ធ្វើ​វិសោនកម្ម​ច្បាប់​នេះ ថា​ ជាច្បាប់​សម្រាប់​ពួក​ឆ្វេង​ជ្រុលនិយម​ និង​ក្រុម​ឡុបប៊ី។

គួ​រ​កត់​សម្គាល់​ថា នៅសភា​ សមាជិក​សភា​បក្ស​សាធារណរដ្ឋភាគច្រើន​​បាន​បោះឆ្នោត​ប្រឆាំង​ទេ។ ឯ​នៅ​ព្រឹទ្ធសភា​ អត្ថបទ​ច្បាប់​នេះ បាន​ទទួលការ​អនុម័ត​​ទាំងពីរ​បក្ស​។ ប្រធាន​សមាជិកសភា​បក្ស​សាធារណរដ្ឋ​បាន​ឆ្លៀតបញ្ចេញ​សំដី​បរិហារនិង​ ​​រិះគន់ ​រយៈ​ពេល​កន្លះ​ម៉ោង​ដែរ​ ដែល​នេះជា​សញ្ញា​ប្រាប់​ឱ្យ​ដឹង​ជា​មុន​ថា​មាន​ចរន្ត​ផ្ទុយ​បញ្ច្រាស​គ្នា ដែល​ជា​ហានិភ័យ​នាំ​ឱ្យ​មាន​ភាព​ជាប់​គាំង​ការងារ​ នៅពេល​បក្ស​សាធារណរដ្ឋក្លាយ​ជា​​ដឹកនាំ​សភា​អាមេរិក​អាណត្តិថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ