អានតួអត្ថបទ
អាមេរិក-អ៊ុយក្រែន

លោកហ្សេឡេនស្គីប្រាប់​សភាខុន​ហ្រ្កេសថា ប្រាក់ជំនួយអាមេរិក​មិនមែន​ជា​​ការដាក់ទានទេ តែ​ជា​ការ​វិនិយោគដើម្បី​សន្តិសុខសកល

កាលពីថ្ងៃពុធទី​២១ធ្នូ​ លោក​ប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅ​ទីក្រុង​វ៉ាស៊ីនតោន។ ជាដំណើរចាកចេញទៅក្រៅប្រទេស លើកទីមួយហើយរបស់​លោក​ហ្សេឡេនស្គី បន្ទាប់ពី​រុស្ស៊ី​បានលើកទ័ពធ្វើសង្គ្រាម​នៅ​អ៊ុយក្រែន តាំងតែពីខែកុម្ភៈមក។ នៅក្នុងដំណើរទស្សនកិច្ច​ប៉ុន្មានម៉ោងនេះ លោក​វ្លូឌីមៀរ ហ្សេឡេនស្គី បានចូលទៅជួប​លោក​ចូ បៃដិន នៅសេតវិមាន និងបានថ្លែងសុន្ទរកថានៅចំពោះមុខអង្គសភាខុន​ហ្ក្រេស​សហរដ្ឋអាមេរិក ដើម្បី​​សម្ដែង​​ការ​អរគុណ ចំពោះ​ប្រជាជន​ក៏ដូចជាថ្នាក់ដឹកនាំនយោបាយ​អាមេរិក ដែល​បាន​ជួយទំនុកបម្រុងគាំទ្រមកលើអ៊ុយក្រែន។ តាមការគ្រោងទុក អាមេរិកនឹងប្រគល់ប្រព័ន្ធមីស៊ីល​ Patriot មកឲ្យអ៊ុយក្រែន ព្រមទាំងកញ្ចប់​ថវិកា​ថ្មីចំនួន​ជិត ៤៥ពាន់​លានដុល្លារបន្ថែមទៀត។

លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី​ កំពុងថ្លែងសុន្ទរកថា ខណៈសមាជិក​សភាខុនហ្ក្រេស​សហរដ្ឋអាមេរិក ក្រោកឈរទះដៃយ៉ាងកងរំពង។ វិមានកាពីតូល ក្រុងវ៉ាស៊ីនតោន ថ្ងៃទី ២១ ធ្នូ ២០២២
លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី​ កំពុងថ្លែងសុន្ទរកថា ខណៈសមាជិក​សភាខុនហ្ក្រេស​សហរដ្ឋអាមេរិក ក្រោកឈរទះដៃយ៉ាងកងរំពង។ វិមានកាពីតូល ក្រុងវ៉ាស៊ីនតោន ថ្ងៃទី ២១ ធ្នូ ២០២២ AP - J. Scott Applewhite
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី​ បានថ្លែងសុន្ទរកថា រយៈពេល​ជាង​២០នាទី ក្រោមសំឡេងទះដៃ​យ៉ាងកងរំពង ព្រមទាំងការក្រោកឈរគោរព ជាច្រើនលើក ពីសំណាក់សមាជិកសភាខុនហ្ក្រេសសហរដ្ឋអាមេរិក​។ ក្នុងទឹកមុខដ៏រឹងមាំក្លាហាន ជាមួយសំលៀក​បំពាក់ពណ៌កាគីទាហាន​ លោកហ្សេឡេនស្គី បានថ្លែងថា ផ្ទុយពីអ្វីដែលគេគ្រប់គ្នា ធ្លាប់​បានគិតស្មានទុកថាអ៊ុយក្រែននឹងចាញ់​សង្គ្រាម តែពេលនេះ អ៊ុយក្រែន នៅតែរស់មានជីវិត នៅតែឈរតស៊ូ​ប្រយុទ្ធ​យ៉ាងរឹងមាំ ដដែរ។​ លោកបន្តថា អ៊ុយក្រែននឹងមិនចុះចាញ់ជាដាច់ខាត។ លោក​ហ្សេឡេនស្គី ក៏បាន​ភ្ជាប់ រុស្ស៊ីជាមួយអ៊ីរ៉ង់ ថាគឺជាប្រទេសមេភេរវកម្ម​ទាំង២ ដែលពិភពលោកត្រូវតែរួម​គ្នាប្រយុទ្ធប្រឆាំង​។​

លោក​ហ្សេឡេនស្គី ក៏បាន​ថ្លែងសេចក្តី​ដឹងគុណ​ ដ៏​ស្មោះអស់ពីចិត្ត ចំពោះការគាំទ្រទាំងស្មារតី និងផ្នែក​​ថវិកា ពីសំណាក់​សហរដ្ឋ ដើម្បីឲ្យ​អ៊ុយក្រែន មានលទ្ធភាព ​និងសមត្ថភាពប្រយុទ្ធដើម្បី​​ការពារ​សិទ្ធិ​សេរីភាព ព្រមទាំង​លទ្ធិប្រជាធិបតេយ្យ​ ៖

« ជំនួយថវិកាគឺពិតជា​ចំណុចដ៏សំខាន់បំផុត ហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត​របស់អ្នកទាំង​អស់គ្នា។ ខ្ញុំសូមអរគុណ ចំពោះកញ្ចប់ថវិកា​ ដែលអ្នកបាន​សម្រេចផ្តល់​មកឲ្យយើងរួចហើយ ព្រមទាំងកញ្ចប់ថវិកាថ្មីមួយទៀត ដែលអ្នកមានបំណង​សម្រេច​នាពេលខាងមុខ។ ជំនួយថវិការបស់​អ្នកមកឲ្យ​យើង​​ វាមិនមែនជា​ការដាក់ទាននោះទេ តែវាគឺជា​ការវិនិយោគ ដើម្បីការពារសន្តិសុខសកល​លោក ព្រមទាំងការពារ​លទ្ធិប្រជាធិបតេយ្យ ។ ហើយថវិកានេះ គឺអ៊ុយក្រែន​បានយកទៅប្រើប្រាស់​ ប្រកបដោយ​ការទទួលខុសត្រូវបំផុត។​ »

សូមបញ្ជាក់ផងដែរថា មុននឹងចូលទៅថ្លែង​សុន្ទរកថា នៅមុខអង្គសភាខុនហ្ក្រេស​ លោក​ហ្សេឡេនស្គី បាន​ចូលទៅជួប​លោក​ប្រធានាធិបតី​ចូ បៃដិន នៅសេតវិមាន។ ក្នុងជំនួបនោះ លោក​ចូ បៃដិន បានថ្លែងថា វីរភាពដ៏អង់អាចក្លាហានរបស់​ប្រជាជាតិអ៊ុយក្រែន គឺជាកម្លាំងបណ្តាលចិត្ត​ដ៏មានឥទ្ធិពលបំផុត មកលើរូបលោក​ផ្ទាល់ ក៏ដូចជាពិភព​លោកទាំងមូល​​។ លោក ចូ បៃដិនបាន​បញ្ជាក់ថាសហរដ្ឋអាមេរិកនឹងបន្តជួយ​អ៊ុយក្រែន តាមរយៈការ​ប្រគល់ឲ្យ​នូវប្រព័ន្ធមីស៊ីលPatriot ដើម្បី​ឲ្យ​អ៊ុយក្រែនការពារខ្លួន​។ លោក​បាន​បន្ថែម​ទៀតថា ការឈ្លានពាន​អ៊ុយក្រែនពីសំណាក់រុស្ស៊ី បានធ្វើឲ្យសម្ព័ន្ធមិត្តលោកខាងលិច ដែលមាន​អឺរ៉ុបនិងអូតង់ កាន់តែរឹងមាំ សាមគ្គីគ្នាខ្លាំងឡើងថែមទៀត។

លោកហ្សេឡេនស្គី បានបញ្ជាក់​ប្រាប់ទៅលោក ចូ បៃដិនវិញថា អ៊ុយក្រែនត្រូវការ​សន្តិភាព​ដែល​មានយុត្តិធម៌ ពោលគឺជា​សន្តិភាព ដែល​នឹងមិនធ្វើឲ្យ​អ៊ុយក្រែន បាត់បង់​ទឹកដីសូម្បីតែមួយចង្អាម។៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ