អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាល្លឺម៉ង់​ រំពឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី ជាមួយ​អាមេរិកឡាទីន ឲ្យបានឆាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាលើកទី១ អធិការបតីអាល្លឺម៉ង់ បំពេញ​ដំណើរទស្សនកិច្ច ចំនួន​៥ថ្ងៃ នៅ​​ក្នុង​តំបន់​អាមេរិកឡាទីន។ លោក អូឡាហ្វ ស្ហុលស៍ ទៅ​ដល់​អាហ្សង់ទីន នៅថ្ងៃសៅរ៍ ដោយ​នាំ​ប្រធានក្រុម​ហ៊ុនសហគ្រាស​​អាល្លឺម៉ង់ ធំៗ​ ជាង​១០ អម​ដំណើរ​ទៅជាមួយ​ផង។ ថ្ងៃអាទិត្យ​ លោក​ទៅ​ស៊ីលី មុន​នឹង​​​បញ្ចប់​ទស្សនកិច្ច​ ពីរថ្ងៃទៀត នៅ​ ប្រេស៊ីល។ ប្រេស៊ីល​ ជាទី​ដែល​គេ​ចាត់ទុកថា តំបន់​សេដ្ឋកិច្ច​ទី១​ របស់​អាមេរិក​ឡាទីន។ ​ថ្នាក់ដឹកនាំ​អាល្លឺម៉ង់ សង្ឃឹម​ថា​នឹង​ចុះ​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ក្នុង​ ​​សហព័ន្ធពន្ធគយរួម របស់​​អាមេរិកឡាទីន​។

អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ និង សមភាគីអាហ្សង់ទីន ប្រធានាធិបតី Alberto Fernandez នៅថ្ងៃសៅរ៍ ទី​២៨មករា។​
អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ និង សមភាគីអាហ្សង់ទីន ប្រធានាធិបតី Alberto Fernandez នៅថ្ងៃសៅរ៍ ទី​២៨មករា។​ AP - Natacha Pisarenko
ផ្សាយពាណិជ្ជកម្ម

អធិការបតីអាល្លឺម៉ង់ ជ្រើស​រើស​ អាហ្សង់ទីន ស៊ីលី និងប្រេស៊ីល ដើម្បី​បំពេញ​ទស្សនកិច្ច​លើកទី១ នៅ​តំបន់​អាមេរិក​ឡាទីន។

បើ​សរុប​ពី​សក្កានុពល​សេដ្ឋកិច្ច​នៃប្រទេសធំទាំងបី ក្នុង តំបន់​អាមេរិកឡាទីន ដែល​មានចំនួនប្រជាជនសរុប ២៧៨លាននាក់ គឺជាទីផ្សារមួយយ៉ាងធំសម្រាប់ការលក់ដូរទំនិញ និង​រកស៊ីវិនិយោគ​។

​ចំពោះ​ក្រសែភ្នែក ​អាល្លឺម៉ង់ នៅ​ក្នុង​តំបន់​អាមេរិកឡាទីន ពិសេស​គឺ​ប្រទេស​ទាំងបី​នេះ​  ​​ជា​តំបន់ដែល​​សម្បូរធនធាន​​រ៉ែ​ និង ឧស្ម័ន ហើយ​ម្យ៉ាងទៀត ក៏​សម្បូរ​ ​វត្ថុធាតុ​ដើម ដើម្បី​ផលិត​អាគុយ​ប្រើ​សម្រាប់រថយន្ត​អគ្គិសនី​។ ការ​ផលិត​រថយន្ត​ដើរ​ដោយ​ប្រព័ន្ធអគ្គិសនី​ គឺជា​គោល​ដៅ​អាទិភាព​មួយ​របស់​អាល្លឺម៉ង់។

បច្ចុប្បន្ន​​នេះ ​ ប្រេស៊ីល​ ក្រោម​ការ​វិល​ត្រឡប់​មកកាន់​អំណាច​វិញ​ជាថ្មី របស់​លោក លូឡា គឺ អាល្លឺម៉ង់ ហាក់​កក់ក្តៅ​ចិត្ត​ និង​ផ្តើម​វិល​ត្រឡប់​ទៅ​សើរើ​ កិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី និង​ផ្តើម​គិត​គូរ​ពី​កិច្ច​គាំពារ​បរិស្ថាន​ផង។​​

​ប្រេស៊ីល​ នៅ​ក្រោម​អាណត្តិ​ដឹកនាំ​របស់​លោក​ ហ្សាអៀរ ​បុលសូណារ៉ូ​ គឺ​បាន​ធ្វើ​​គេ​គ្រប់គ្នា​ព្រួយ​បារម្ភ​ថាពីការ​បំផ្លិច​​បំផ្លាញ​ធនធាន​ធម្មជាតិ​ ព្រៃ​អាម៉ាស្សូន​​។ បន្ទាប់ពី​ន័រវែស   គឺ អាល្លឺម៉ង់ ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំ​ទី២ ដែល​ផ្តល់​កម្ចី​ឥនទាន និង​ផ្តល់ជំនួយ​​មូលនិធិ​ហិរញ្ញវត្ថុ​ ដើម្បី​ការពារ​អភរិក្ស​តំបន់​ព្រៃ​អាម៉ាស្សូន។ អាម៉ាស្សូន ត្រូវគេ​ចាត់ទុកថា​​ជា​សួត​ដកដង្ហើម​របស់​ពិភពលោក។​ ប៉ុន្តែ អាល្លឺម៉ង់ បាន​ផ្អាក​ផ្តល់​ជំនួយ​នេះ​ទៅវិញ នៅឆ្នាំ​២០១៩ ក្រោយ​អាណត្តិ​ដឹកនាំ​របស់​លោក​អតីតប្រធានាធិបតី  បុលសូណារ៉ូ ។​ ប្រេស៊ីល ក្នុង​ដៃ​លោក លូឡា គឺ​អាល្លឺម៉ង់ សម្រេច​ផ្ទេ​រ​លុយ​៣៥ពាន់​លាន​ដុល្លារ​ភ្លាម នៅ​ដើម​ឆ្នាំនេះ ដើម្បី​ជួយ​គាំទ្រ​ដល់​កិច្ចការ​ពារ​បរិស្ថាន​​នៅ​អាម៉ាស្សូន។

សហព័ន្ធពន្ធគយរួម មា​នសារៈ​សំខាន់​ដូចម្តេច​ចំពោះ​អាល្លឺម៉ង់​?​

សហព័ន្ធពន្ធគយរួម ហៅថា Mercosur គឺឋិត​ក្នុងក្របខ័ណ្ឌ​ កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​សេរី​​។​​ សព្វថ្ងៃ​នេះ វា​មាន​បួន​ប្រទេស គឺ ប្រេស៊ីល អាហ្សង់ទីន អ៊ុយរ៉ាហ្កាយ និង បារ៉ាហ្កាយ។ ប្រេស៊ីល ​ជា​ប្រទេសធំ មានប្រជាជនច្រើន និងដែល​មាន​​សេដ្ឋកិច្ច​ជឿន​លឿន​ជាងគេ​នៅ​អាមេរិកឡាទីន ហើយ​អាហ្សង់ទីន គឺជាមូលដ្ឋាន​​ដៃគូ​រកស៊ីធំ​ជាងគេ​របស់​អាល្លឺម៉ង់។​​ អាល្លឺម៉ង់ ជាប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន​លំដាប់លេខ​១ ក្នុង​សមាជិក​សហភាពអឺរ៉ុប។ តាម​រយៈ​ទំនាក់ទំនង​នេះ គឺ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ខាងចង់​តភ្ជាប់​ សហព័ន្ធពន្ធគយរួម របស់​អាមេរិកឡាទីន ទៅនឹង​សហភាព​អឺរ៉ុប​តែម្តង ដើម្បីបាន​ចំណេញផលប្រយោជន៍​​រកស៊ី​ទាំងអស់គ្នា។​

កិច្ចព្រម​ព្រៀង​ពីរ​តំបន់​នេះ​ ​ចុះហត្ថលេខា នៅឆ្នាំ២០១៩ ក៏ប៉ុន្តែ មិនទាន់ត្រូវរដ្ឋសមាជិកផ្តល់សច្ចាប័ន និង​ត្រូវ​អាក់​ខាន​ក្រោម​អាណត្តិ​ដឹកនាំ​របស់​​អតីត​ប្រធានា​ធិបតី​ប្រេស៊ីល​ចាស់​​។

នៅ​អាទិត្យ​​​ ថ្នាក់ដឹកនាំ​អាល្លឺម៉ង់ និង​អាហ្សង់ទីន បាន​ឯកភាព​ព្រម​គ្នា​ថា​នឹង​ពន្លឿន​ ឲ្យ​សម្រេច​បាន​​កិច្ចព្រមព្រៀង​ដោះដូរពាណិច្ជកម្មសេរី ឲ្យ​បាន​ឆាប់ៗ។ ក្នុង​រឿងនេះ ប្រធានាធិបតី​អាហ្សង់ទីន ថាបានទទួល​ភ្លើង​ខៀវ​ពី ​ប្រេស៊ីល ដែរ។ ចំណែក​ នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ ក្នុង​បទ​សម្ភាសមួយ​ បាន​បញ្ជាក់ថា​នឹង​ជួយ​សម្រប​សម្រួល ​បញ្ចុះ​បញ្ជូល​ខាង​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​។​

តំបន់​អាមេរិក​ឡាទីន​គឺ​ជា​ដែន​អាទិភាព​ថ្មីមួយ​ទៀត របស់​អាល្លឺម៉ង់។ អាល្លឺម៉ង់ ដែល​បាត់បង់ដំណើន​សេដ្ឋកិច្ច​ខ្លះ ព្រោះតែប៉ះពាល់​ដល់​វិបត្តិ​កូវីដ​១៩ផង និង​ដោយ​សង្គ្រាម​ឈ្លាន​ពាន​រុស្ស៊ី​នៅអ៊ុយក្រែនផង។ ដើម្បី​បំពេញ​តម្រូវ​ការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​របស់ខ្លួន ​អាល្លឺម៉ង់ បាន​​ចុះ​កិច្ច​សន្យា​ពាណិជ្ជកម្ម​ជាច្រើន​ជាមួយ ប្រទេស​ចិន កាលពីពេ​លថ្មីៗ​។ ហើយ​នៅពេលនេះទៀត អាល្លឺ​ម៉ង់ ក៏​ងាក​ទៅ​តំបន់​អាមេរិក​ឡាទីន​ ថែមទៀត។ ​តំបន់​នេះ ចិន​ ក៏​បា​នទៅវាតទី​រកស៊ី​ជាច្រើន​ដែរ​មកហើយ។ ក៏ប៉ុន្តែ ថ្នាក់​ដឹកនាំ​អាល្លឺម៉ង់ ជឿជាក់​លើ​ប្រទេស​អឺរ៉ុប​និង​ក្រុម​ហ៊ុន​អឺរ៉ុប ដែលអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ ​គូស​បញ្ជាក់ថា​ «យើង​ល្អប្រសើរ​ជាង​ពួក​គេ​»។​

​​​ជំហរ​​សំណុំ​រឿង​សង្គ្រាម​អ៊ុយក្រែន​

ប្រទេស​ទាំង​បី អាហ្សង់ទីន ស៊ីលី និង​ប្រេស៊ីល​ ដែល​ថ្នាក់​ដឹកនាំ​ប្រទេស​អាល្លឺម៉ង់ បំពេញទស្សនកិច្ច​លើកនេះ គឺ​សុទ្ធសឹង​តែ​មាន​ជំហរ​ស្រពិច​ស្រពិល​ចំពោះ​សំណុំ​រឿង​សង្គ្រាម​អ៊ុយក្រែន។

​ពី​​ចំណែក​​ម្ខាង ​ចំពោះ​មុខ​អង្គការ​សហប្រជាជាតិ​​ គឺ​ ប្រទេសទាំងបី បាន​ថ្កោលទោស​ចំពោះ​ការ​ធ្វើ​សង្គ្រាមចម្បាំង​​ឈ្លាន​ពាន​ពីសំណាក់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន។ ក៏ប៉ុន្តែ ចំណែក​ម្ខាង​ទៀត នៅពេល​ដែល​និយាយ​ដល់​ការ​នាំគ្នា​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ប្រទេស​ទាំង​បីនេះ មិន​ព្រម​អនុម័ត​យល់​ស្រប​ដើម្បី​សម្រេច​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋបាល​ក្រុង​ម៉ូស្កូ​នោះទេ។

មិន​តែប៉ុណ្ណោះ ប្រធានាធិបតី​ប្រេស៊ីល លោក​ លូឡា មាន​ម្តង​នោះ ថែមទាំងរិះគន់​​​ប្រធានាធិបតីអ៊ុយក្រែន ផង​ថា​ ​លោក ហ្សេឡេនស្គី ក៏​ជា​មនុស្ស​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ក្នុងសង្គ្រាម​នេះ ដូច​នឹង​លោក ​ពូទីន ​ដែរ។

រីឯ​ ​អាហ្សង់ទីន វិញ​ ប្រធានាធិបតី Alberto Fernández គឺ​សុំ​មិន​អធិប្បាយ​អ្វីទេ ចំពោះ​ការ​បញ្ជូន​រងក្រោះ អាវុធ​ធនធ្ងន់​ ពីសំណាក់​អាល្លឺម៉ង់​ ទៅ​ឲ្យ​ អ៊ុយក្រែន។ ក៏ប៉ុន្តែ​ ​ប្រធានាធិបតីអាហ្សង់​ទីន​ រូបនេះ គូស​បញ្ជាក់​​ថា អាហ្សង់ទីន ក៏​ដូចជា​ប្រទេស​ក្នុង​តំបន់​អាមេរិកឡាទីនដែរ​ នឹង​មិន​សន្យា​ផ្តល់​អាវុធ​ឲ្យ​អ៊ុយក្រេន ឬ​ប្រទេស​ណា​ដើម្បីបង្ក​ជម្លោះ​ នោះឡើយ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ