អានតួអត្ថបទ
ព្រៃអាម៉ាហ្សូន

ការសិក្សា​បង្ហាញថា ១ភាគ៣​នៃ​ព្រៃអាម៉ាហ្សូនី​រងការខូចខាត​ដោយស្នាដៃរបស់មនុស្ស

ការកាប់បំផ្លាញព្រៃឈើ​មិនមែន​ជា​មូលហេតុ​តែ​មួយគត់ ដែល​គំរាមកំហែង​ព្រៃអាម៉ាហ្សូន។ ការសិក្សាចំនួន ២ ​ចុះផ្សាយ នៅក្នុង​ទស្សនាវដ្តី Science កាលពី​ថ្ងៃព្រហស្បតិ៍បាន​បង្ហាញថា មួយភាគបី​នៃ​ព្រៃអាម៉ាហ្សូន​រងការខូចខាត ដោយសារ​សកម្មភាព​របស់​មនុស្ស។ តាម​អ្នកស្រាវជ្រាវ​វិទ្យាសាស្រ្ត ប្រេស៊ីល និងអាមេរិក ព្រៃអាម៉ាហ្សូន​ដែលរងការខូចខាត មាន​ទំហំធំធេង ជាងការសង្កេតកន្លងមក។ 

ព្រៃអាម៉ាហ្សូន​ដែលស្ថិតក្នុង​រដ្ឋ​អាម៉ាហ្សូន​របស់ប្រទេស​ប្រេស៊ីល​កំពុងរិចរិល​ដោយសារ​អាជីវកម្មកាប់ព្រៃ​។ រូបភាព នៅឆ្នាំ ២០២២
ព្រៃអាម៉ាហ្សូន​ដែលស្ថិតក្នុង​រដ្ឋ​អាម៉ាហ្សូន​របស់ប្រទេស​ប្រេស៊ីល​កំពុងរិចរិល​ដោយសារ​អាជីវកម្មកាប់ព្រៃ​។ រូបភាព នៅឆ្នាំ ២០២២ AP - Edmar Barros
ផ្សាយពាណិជ្ជកម្ម

នៅពេល​គេ​និយាយ​ពី​ការគំរាមកំហែង​ទៅលើ​ព្រៃអាម៉ាហ្សូន គេ​គិតភ្លាម​ទៅដល់​ការកាប់បំផ្លាញព្រៃឈើ។ ប៉ុន្តែ បើតាមការសិក្សា​ថ្មី​របស់​អ្នកវិទ្យាសាស្រ្ត ការខូចខាត រិចរិលព្រៃឈើ ដោយសារ​សកម្មភាព​របស់​មនុស្ស ក៏ជា​កត្តាសំខាន់ ដែល​គំរាមកំហែង​ព្រៃអាម៉ាហ្សូន។ តាម​ការសិក្សា ពីរចុងក្រោយ ដែលចុះផ្សាយ​នៅក្នុង​ទស្សនាវដ្តី​The Science ៥,៥%​នៃ​តំបន់​ព្រៃអាម៉ាហ្សូន បាន​រងការខូចខាត ដោយស្នាដៃរបស់មនុស្ស ដែល​មានដូចជា ការធ្វើអាជីវកម្ម កាប់ព្រៃឈើ ការកាប់រានទន្រ្ទានព្រៃ សម្រាប់​យកដីធ្វើកសិកម្ម​ចិញ្ចឹមសត្វ និងភ្លើងឆេះព្រៃជាដើម។​

ការសិក្សា​ពីរ​ដែល​ចូលរួម​ចងក្រង​ដោយ​អ្នកវិទ្យាសាស្រ្ត​អាមេរិក និងប្រេស៊ីលជាង៥០នាក់ បាន​បង្ហាញថា នៅ​ចន្លោះ​ឆ្នាំ ២០០១ និង​ឆ្នាំ ២០១៨ កត្តា​ភ្លើងឆេះព្រៃ ការធ្វើអាជីវកម្មព្រៃឈើ ការកាប់រានទន្រ្ទានព្រៃ ដើម្បីយកដី​ធ្វើកសិកម្ម និងគ្រោះរាំងស្ងួត បាន​ទៅ​បំផ្លាញរិចរិល​តំបន់​ព្រៃអាម៉ាហ្សូន ប្រមាណ ៣៨% ដែល​មានទំហំ​២,៥លាន​គីឡូម៉ែត្រការ៉េ ឬស្មើ​ផ្ទៃដី​ប្រទេស​អាល់ហ្សេរី។

តាម​ការវិភាគរបស់អ្នកវិទ្យាសាស្រ្ត ដោយសារ​ការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួត​មានកាន់ញឹកញយៗ នៅ​តំបន់​ព្រៃអាម៉ាហ្សូន ដែល​គ្របដណ្តប់​ប្រទេស​ចំនួន ៨​នៅ​អាមេរិកខាងត្បូង។ ជាលទ្ធផល តំបន់​ព្រៃឈើ​កាន់តែងាប់រិចរិល ភ្លើងឆេះព្រៃ កើតឡើង​កាន់តែញឹកញាប់ ហើយ​និង​បញ្ចេញឧស្ម័ន​កាបូនិកក្រាសក្រែល​ទៅក្នុងបរិយាកាស។ នៅត្រង់ចំណុចនេះ អ្នកវិទ្យាសាស្រ្ត​បាន​ព្រមាន​ពី​គ្រោះថ្នាក់ ភ្លើងឆេះព្រៃ​អាម៉ាហ្សូន កាន់តែធំ​ជាងមុន នៅថ្ងៃ​អនាគត បើសិនជា​គ្រោះរាំងស្ងួត​កើតមាន​ជា​ច្រើនឆ្នាំជាប់គ្នា។

តាមការវាយតម្លៃ​របស់​អ្នកវិទ្យាសាស្រ្ត ព្រៃ​អាម៉ាហ្សូន​ដែល​រង​ការខូចខាត​ដោយសារ​គ្រោរាំងស្ងួត សកម្មភាព​របស់មនុស្ស អាច​បង្កការប៉ះពាល់​ដល់​ប្រព័ន្ធ​ជីវចម្រុះ និង​ជាប្រភព​បញ្ចេញ​ឧស្ម័នកាបូនិក ច្រើន ដូច​សកម្មភាព​កាប់បំផ្លាញព្រៃឈើ។

ការសិក្សា ចុះដោយ​ទស្សនាវដ្តី​The Nature​កាលពី​ខែ​កក្កដា​ឆ្នាំ ២០២១​បាន​បង្ហាញ​ថា នៅ​ប៉ុន្មាន​ទសវត្សរ៍​មកនេះ តំបន់​ភាគខាងត្បូង​របស់​ព្រៃអាម៉ាហ្សូន​បាន​ប្រែក្លាយ​ពី​អណ្តូងស្រូប​យក​ឧស្ម័នកាបូនិក ទៅ​ជា​អ្នកបញ្ចេញ​ឧស្ម័នកាបូនិក ដែលជា​ឧស្ម័នផ្ទះកញ្ចក់ ដើមហេតុ​នៃ​ការឡើងកំដៅ​ផែនដី។

សម្រាប់​អ្នកវិទ្យាសាស្រ្ត ការទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​តែមួយមុខ​មិនគ្រប់គ្រាន់​ដើម្បី​ការពារ​ជីវិត​ព្រៃអាម៉ាហ្សូន។ រដ្ឋាភិបាល របស់​ប្រទេស​ពាក់ព័ន្ធ​ចាំបាច់​ត្រូវ​ប្រញាប់ធ្វើច្បាប់ និង​អនុវត្ត​តឹងរ៉ឹង ព្រមទាំង​ការវិនិយោគ ដើម្បី​ស្រោចស្រង់ សង្រ្គោះព្រៃអាម៉ាហ្សូន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ