អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បាឡុងចិន​ធ្វើឲ្យចំណងទូត​អាមេរិក-ចិនដុនដាប និងចម្រូងចម្រាស​នយោបាយផ្ទៃក្នុង​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

បាឡុងចិន ដែលអាមេរិកចោទថាស៊ើបការចារកម្មនោះ ត្រូវកងទ័ពអាមេរិកបាញ់កម្ទេច ធ្លាក់ក្នុងសមុទ្រ និងកំពុងតែរុករកបំណែក ដើម្បីទៅធ្វើកោសល្យវិនិច្ឆ័យវិទ្យាសាស្ត្រ។ «បាឡុងចារកិច្ចចិន» នេះ ធ្វើឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លុបចោលគម្រោងទស្សនកិច្ចផ្លូវការ នៅក្រុងប៉េកាំង។ មិនតែប៉ុណ្ណោះ វាបានបង្កជម្លោះរិះគន់ផ្ទៃក្នុងប្រទេសអាមេរិក រវាងអ្នកនយោបាយ បក្សសាធារណរដ្ឋនិងបក្សប្រជាធិបតេយ្យផង។

រូបភាពដំណាង ដែល​​​រចនាច្នៃ​ដោយ​ទីភ្នាក់​ Reuters។
រូបភាពដំណាង ដែល​​​រចនាច្នៃ​ដោយ​ទីភ្នាក់​ Reuters។ REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

«បាឡុងស៊ីវិល​ដើម្បីពិនិត្យអាកាសធាតុ »

​សប្តាហ៍មុន កងទ័ពអាមេរិក ​​ឲ្យដឹងបន្ថែម​ថា មានបាឡុងចិនមួយទៀត ហោះហើរលើដែនអាកាសតំបន់អាមេរិកឡាទីន។ ​ក្រសួងការពារជាតិប្រទេសកូឡុំប៊ី ​បញ្ជាក់នៅចុងសប្តាហ៍ថា បាឡុង១របស់ចិន បានហោះហើរលើដែនអាកាសរបស់ខ្លួន នៅថ្ងៃសុក្រ ហើយយោធាកូឡុំប៊ី ​សង្កេតតាមដានយ៉ាងដិតដល់ រហូតទាល់តែបាឡុងហោះ ហោះផុតពីដែនដីរបស់ខ្លួន។ ​

នៅថ្ងៃចន្ទ ​​ចិន ​ប្រកាសទទួលស្គាល់ពីវត្តមានបាឡុងចិន ដែលបានហោះហើរលើដែនអាកាសប្រទេសដទៃពិតមែន តែ រដ្ឋអំណាចចិន ទាត់ចោលការចោទប្រកាន់ថាជា«បាឡុងស៊ើបការណ៍សម្ងាត់» និងថា បាឡុងនោះ ហោះហើរដើម្បី«ពិនិត្យអាកាសធាតុ» និងក្នុង«ហេតុផលស៊ីវិល»សុទ្ធសាធ។

ចិន ទទួលស្គាល់ដូច្នេះ គឺចេញពីសម្តីរបស់ អ្នកនាំពាក្យក្រសួងកិច្ចបរទេសចិន អ្នកស្រី ម៉ៅ នីង។ ។  អ្នកស្រី ក៏អះអាងបញ្ជាក់ទៅលើព័ត៌មានរបស់ទ័ពអាមេរិកដែលថា មានបាឡុងមួយទៀត ហោះហើរលើតំបន់អាមេរិកឡាទីន។ ភាគីមន្ត្រីទូតចិន សង្កត់ធ្ងន់ថា បាឡុងហោះហើរដល់ឆ្ងាយដូច្នេះ ព្រោះតែ«កម្លាំងខ្យល់បកខ្លាំង»តែប៉ុណ្ណោះ។

ចំពោះភាគីតំបន់អាមេរិកឡាទីន គឺ កូឡុំប៊ី ប្រាប់ពលរដ្ឋខ្លួនឲ្យកក់ក្តៅចិត្តថា បាឡុងនេះមិនបង្កគ្រោះថ្នាក់គំរាមកំហែងដល់ការពារជាតិកូឡុំប៊ី ទេ។ ប៉ុន្តែ យោធាកូឡុំប៊ី មិនបានឲ្យដឹងថា បាឡុងនោះ ពេលនេះ វានៅទីណា ឬវាហោះហើយទៅណាទៀតឡើយ។

ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយផ្សាយនៅថ្ងៃច័ន្ទ មន្ត្រីការទូតជាន់ខ្ពស់ចិន បានសម្តែងក្តីខឹងសម្បារចំពោះអាមេរិកដែលបានបាញ់កម្ទេចបាឡុងហើរជ្រុលលើដីអាមេរិកនោះ ថា ជា«ប្រតិកម្មជ្រុលហួសហេតុ»។ ហួសហេតុ ព្រោះវាធ្វើឲ្យប៉ះពាល់ខូចខាតដល់ការខិតខំប្រឹងប្រែងជួសជុលចំណងទូតទ្វេភាគី ដែលប្រធានាធិបតីទាំងពីរ ចូ បៃដិន និងស៊ីជីនពីង បានជួបប្រាស្រ័យគ្នា តាំងពីកិច្ចប្រជុំកំពូលនៅកោះបាលី។ តាមរយៈអនុរដ្ឋមន្ត្រីការបទេសចិន លោក Xie Feng ថា រដ្ឋធានីប៉េកាំង នឹងឆ្លើយតបវិញ ឲ្យសក្តិសម។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក អង់តូនី ប្ល៊ីងកិន  សម្រេចលុបចោលទស្សនកិច្ចផ្លូវការនៅចិន ព្រោះតែយល់ថា បាឡុងស៊ើបការណ៍នេះ វាជាការ«រំលោភបំពាន ដែលមិនអាចទទួលយកបានទាល់តែសោះ»។

ជម្លោះពាក្យសម្តីនៅផ្ទៃក្នុងប្រទេសអាមេរិក

នេះជាសំណុំបញ្ហារស៊ើប ហើយជាញឹកញយនៅសមរភូមិនយោបាយ គណបក្សនយោបាយនាំមុខទាំងពីរ បក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ តែងតែរិះគន់ ជះទឹក សាចទឹកដាក់គ្នា។

សមាជិកព្រឹទ្ធសភាអាមេរិក  មកពីគណបក្សសាធារណរដ្ឋ លោក Mitch McConnell ​ថ្លែងរិះគន់ថា «ដូចតែសព្វដងដូច្នោះដែរ កាលណាមានរឿងធំពាក់ព័ន្ធនឹងសន្តិសុខជាតិនិងនយោបាយការបរទេស គឺ រដ្ឋបាលរបស់លោក ចូ បៃដិន តែងតែសម្រេចចិត្តឆ្លើយតបមិនទាន់សភាពការណ៍ ឬយឺតជ្រុលទាល់តែហួសពេល។» សមាជិកព្រឹទ្ធសភា​ ដ៏ល្បីល្បាញមួយរូបនេះ ថ្កោលទោសទៀតថា «មិនគួរនឹងបណ្តោយឲ្យ ចិន សើចចំហក ហោះហើរលើដែនអាកាសសហរដ្ឋអាមេរិកទាល់តែសោះ»។ លោកក៏បានទម្លាក់កំហុសចំពោះរដ្ឋបាលរបស់លោក ចូ បៃដិន ដែល«មិនបានការពារដែនអធិបតេយ្យជាតិអាមេរិក»។

ចំណែកលោក Chuck Schumer សមាជិកព្រឹទ្ធសភាអាមេរិក  មកពីគណបក្សប្រជាធិបតេយ្យវិញ វាយបកវិញថា ការរិះគន់របស់ក្រុមបក្សសាធារណរដ្ឋ គឺ«គ្មានភាពចាស់ទុំ» និងដើម្បីតែ«កេងចំណេញផលប្រយោជន៍នយោបាយ»។

សាធារណជនបានដឹងបាឡុងចារកិច្ចនោះ នៅថ្ងៃព្រហស្បតិ៍ ទី២កុម្ភៈ។ ​តាមពិត បាឡុងហោះចូលដែនដីអាមេរិក នៅរដ្ឋអាឡាស្កា ថ្ងៃ២៨មករា ហើយហើរទៅដែនដីប្រទេសកាណាដា ថ្ងៃទី៣០មករា មុននឹងហើរចូលដីអាមេរិកជាថ្មី នៅថ្ងៃទី៣១មករា។ លោក ចូ បៃដិន បានចេញបញ្ជាឲ្យបាញ់កម្ទេច តាំងតែពីថ្ងៃពុធ ទី១កុម្ភៈ សប្តាហ៍មុនម្ល៉េះ។ ប៉ុន្តែ មន្ទីរបញ្ចកោណ បានពន្យារពេលបន្តិច ដើម្បីឲ្យបាឡុងនោះ ហោះចេញផុតពីតំបន់កន្លែងមានមនុស្សរស់នៅសិន ទើបបាញ់កម្ទេច។

អាមេរិក​កំពុង​រាវរក​បំណែកបាឡុង ​ ហើយ ព្រឹទ្ធសភា​ប្រជុំគ្នា ស្តាប់ការបកស្រាយរបស់រដ្ឋបាលលោក ចូ បៃដិន

ឧត្តមសេនីយយោធាអាមេរិក លោក Glen VanHerck អគ្គមេបញ្ជាការកងទ័ពអាមេរិកខាងជើង បញ្ជាក់ថា យុទ្ធធានាការរុករក បំណែកបាឡុង គឺបើកធ្វើតាំងពីថ្ងៃសៅរ៍។ បាឡុងដែលទ័ពអាមេរិកបាញ់កម្ទេចនោះ ធ្លាក់ក្នុងសមុទ្រ នៅភាគខាងត្បូងរដ្ឋ Corolina ខាងត្បូង ក្នុងជម្រៅទឹក ១៤ម៉ែត្រ ហើយចម្ងាយ ប្រហែលជាង១០គីឡូម៉ែត្រ ពីឆ្នេរ។

សមាជិកព្រឹទ្ធសភាអាមេរិក  មកពីគណបក្សប្រជាធិបតេយ្យ លោក Chuck Schumer អះអាងថា នៅពេលរកបំណែកឃើញហើយ គឺនឹងអាចពិនិត្យមើលដឹងព័ត៌មានច្បាស់ពីបច្ចេកវិទ្យាដែលចិនប្រើប្រាស់សម្រាប់ស៊ើបការណ៍។ បន្ថែមពីនេះ សមាជិកព្រឹទ្ធសភារូបនេះ អះអាងថា រដ្ឋបាលរបស់លោក ចូ បៃដិន នឹងកោះប្រជុំផ្តល់ព័ត៌មានលម្អិត ដល់សមាជិកព្រឹទ្ធសភា នៅថ្ងៃទី១៥កុម្ភៈ ខាងមុខនោះ។ ការប្រជុំនោះ នឹងត្រូវធ្វើឡើងក្នុងក្របខណ្ឌសម្ងាត់ បិទទ្វារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ