អានតួអត្ថបទ
អាមេរិក-ចិន

ចិនតវ៉ាខ្លាំងៗ ក្រោយ​អាមេរិកបាញ់ទម្លាក់បាឡុង «ចារកម្ម»

អាមេរិក​បាន​បាញ់ទម្លាក់​បាឡុង​របស់​ចិន កាល​ពីថ្ងៃ​សៅរ៍។ បាឡុង​ដែល​ចិន​ទទួលស្គាល់ថា​ជា​របស់ខ្លួន តែ​ជា​បាឡុង​ស៊ីវិល ដើម្បី​សិក្សា​អាកាសធាតុ ក៏ប៉ុន្តែ អាមេរិក​អះអាង​ថា ជា​បាឡុង​ចារកម្ម។ ភ្លាមៗក្រោយ​ការ​បាញ់ទម្លាក់​បាឡុងនេះ រដ្ឋាភិបាល​ក្រុងប៉េកាំង​បាន​ចេញ​មុខតវ៉ាខ្លាំងៗ ដែល​ធ្វើ​ឲ្យ​ភាពតានតឹង​ រវាង​ប្រទេស​ទាំងពីរ​កើនឡើង​កាន់តែខ្លាំងថែមទៀត។

បាឡុងរបស់ចិន ក្រោយ​រងមីស៊ីល​របស់​អាមេរិក ហើយ​កំពុងធ្លាក់ចុះ​សំដៅទៅ​លើផ្ទៃសមុទ្រអាត្លង់ទិក
បាឡុងរបស់ចិន ក្រោយ​រងមីស៊ីល​របស់​អាមេរិក ហើយ​កំពុងធ្លាក់ចុះ​សំដៅទៅ​លើផ្ទៃសមុទ្រអាត្លង់ទិក AP - Chad Fish
ផ្សាយពាណិជ្ជកម្ម

ការបាញ់ទម្លាក់​បាឡុងរបស់​ចិន​ កាល​ពីថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​ប្រើ​ ​មីស៊ីល​បាញ់ចេញ​ពី​យន្តហោះ​ចម្បាំង​ទំនើប​ធុន F-22 ហើយ​យោងតា​ម​ការអះអាង​របស់​អាជ្ញាធរ​អាមេរិក បាឡុង​នេះ​ត្រូវ​បាន​​បាញ់ទម្លាក់​ នៅ​ក្រោយ​ពេល​ដែលវា​​បាន​ហោះចេញ​ពី​ផុត​ពី​ដីគោក​ ចូល​ទៅ​ដល់​មហាសមុទ្រ​អាត្លង់ទិក ក៏ប៉ុន្តែ ស្ថិត​នៅ​ក្នុង​រង្វង់ ១២ម៉ៃល៍​ពីឆ្នេរ ពោលគឺ ស្ថិត​នៅ​ក្នុង​រង្វង់​ដែន​ទឹក​របស់​អាមេរិក។

លោក​ប្រធានាធិបតី ចូ បៃដិន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន កាល​ពីថ្ងៃ​សៅរ៍​ថា លោក​បាន​ចេញ​បញ្ជា​ តាំង​ពីថ្ងៃ​ពុធម៉្លេះ អនុញ្ញាត​ឲ្យ​កងទ័ព​បាញ់ទម្លាក់​បាឡុង​របស់​ចិន ក៏ប៉ុន្តែ​ លោក​បាន​ឯកភាព​ឲ្យ​រង់ចាំ​រហូត​ដល់​បាឡុង​នេះ​ហោះចេញ​ផុត​ពី​តំបន់​មាន​មនុស្ស​រស់នៅ​សិន ដើម្បី​ចៀសវាង​​គ្រោះថ្នាក់​​ដល់​ប្រជាជន នៅពេល​​​បំណែក​របស់​វា​ធ្លាក់​​ចុះ​មកលើដី។

ចិន​ដែល​បាន​អះអាង​ថា បាឡុងនេះ​ជា​បាឡុង​ស៊ីវិល ប្រើ​សម្រាប់​សិក្សា​ទៅលើ​អាកាសធាតុ ហើយ​ហោះចូល​ទឹកដី​អាមេរិក​ដោយ​អចេតនា​នោះ បាន​តវ៉ាយ៉ាងខ្លាំង​ចំពោះ​ការបាញ់ទម្លាក់​បាឡុងនេះ ដោយ​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ ចិន​បាន​ចាត់ទុក​ការ​ប្រើ​កម្លាំងទ័ព​បាញ់ទម្លាក់​បាឡុង​ដោយ​សហរដ្ឋ​អាមេរិក​នេះ​ថា​ជា​ទង្វើ​ជ្រុលហួសហេតុ ហើយ​ថា ចិន​រក្សា​សិទ្ធិ​ក្នុងការ​ចាត់វិធានការ​តបតវិញចំពោះទង្វើ​នេះ។

អាមេរិក​វិញ​បានច្រានចោល​ការអះអាង​របស់​ចិន ដែល​ថា បាឡុង​នេះ​គឺ​ជា​បាឡុង​ស៊ីវិល ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​បាន​អះអាង​យ៉ាងច្បាស់ៗថា បាឡុងនេះ គឺ​ជា​បាឡុង​ចារកម្ម​ ដែល​ចិន​ប្រើ​ក្នុងគោលដៅ​តាមដាន​យកការណ៍សម្ងាត់​ អំពី​ទីតាំង​យុទ្ធសាស្រ្ត​សំខាន់ៗ នៅ​ក្នុង​ទឹកដី​អាមេរិក។

​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារជាតិ​អាមេរិក​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា បាឡុង​នេះ​បាន​ហោះចូល​ទឹកដី​អាមេរិក តាំង​ពីថ្ងៃ​ទី២៨មករា​កន្លងទៅម៉្លេះ ដោយ​ពីដំបូង​ហោះចូល​តាមរដ្ឋអាឡាស្កា រួចហើយ​ហោះឆ្លង​ទៅ​កាណាដា នៅថ្ងៃទី៣០ មុននឹង​ចូល​មក​ក្នុងទឹកដី​អាមេរិកវិញ នៅថ្ងៃ​អង្គារ ទី៣១មករា ដោយ​ហោះកាត់​ពីលើតំបន់​ដែល​មាន​ទីតាំង​​មីស៊ីល​នុយក្លេអ៊ែរ​អន្តរទ្វីប​របស់​អាមេរិក (​រដ្ឋម៉ុងតាណា)។

ក្រោយ​ពីបាន​ទម្លាក់​បាឡុង​នេះ ក្រុមជំនាញ​មុជទឹក​របស់​អាមេរិក​បាន​បើក​ប្រតិបត្តិការ​ភ្លាមៗ ដើម្បី​​រុករក​បំណែក​របស់​បាឡុង ដោយ​មន្រ្តី​ក្រសួង​ការពារជាតិ​បាន​ប្រាប់​សារព័ត៌មាន​ថា បំណែក​នេះ​ធ្លាក់​ទៅ​ក្នុង​តំបន់​ ដែល​ទឹកសមុទ្រ​មាន​ជម្រៅ​ត្រឹម​ប្រមាណ​ជា ១៤ម៉ែត្រ​តែ​ប៉ុណ្ណោះ​ ដូច្នេះ ការរុករកបំណែក​របស់​វា​ទំនង​ជា​មិន​ចោទជា​បញ្ហា​ស្មុគស្មាញ​នោះទេ។

តាមគម្រោង នៅពេលដែល​រកឃើញ និង​ស្រង់​ចេញ​ពីទឹក បំណែក​បាឡុង​នេះ​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​ទីភ្នាក់ងារ FBI ដែលជា​ទីភ្នាក់ងារ​ជំនាញ​ខាង​ប្រឆាំង​ចារកិច្ច ដើម្បី​សិក្សាលម្អិត​ថា តើ​នៅលើ​បាឡុងនេះ​មាន​ផ្ទុក​ឧបករណ៍​អ្វីខ្លះ ហើយ​អាច​ប្រមូល​បាន​ទិន្នន័យអ្វីខ្លះ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ