អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទោះប្រជាជនប្រឆាំងតវ៉ា រដ្ឋាភិបាលបារាំង​នៅតែ​ជំនះ​អនុម័តកំណែទម្រង់​ច្បាប់ចូលនិវត្តន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាលបារាំង​បាន​ប្រើមាត្រា​ដ៏ចម្រូងចម្រាស​មួយ របស់​រដ្ឋធម្មនុញ្ញ​ដើម្បី​ជំនះ​អនុម័ត​កំណែទម្រង់​ច្បាប់​ចូលនិវត្ត កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដោយ​មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត នៅរដ្ឋសភា។ នៅថ្ងៃសុក្រ គណបក្ស​ប្រឆាំង​នឹង​ដាក់​ញត្តិបន្ទោស ដើម្បី​បោះឆ្នោតដាក់ពិន័យ រំលាយរដ្ឋាភិបាល។ ចំណែក សហជីព​ប្រកាស​រួចហើយ​ពីគម្រោង​កូដកម្ម និង​បាតុកម្ម​នៅទូទាំងប្រទេស ដើម្បី​ប្រឆាំង​នឹង​ការសម្រេច​របស់​រដ្ឋាភិបាល ដែលប្រើកម្លាំង អនុម័ត​កំណែទម្រង់ច្បាប់ចូលនិវត្ត ដោយ​មិន​ខ្វល់​ពី​ការទាមទារ តវ៉ា​របស់​ប្រជាជន។ ប្រជាជន​បារាំង​ប្រឆាំង​កំណែទម្រង់ច្បាប់ចូលនិវត្ត ប៉ុន្តែ ហេតុអ្វីបានជាលោកប្រធានាធិបតី​ម៉ាក្រុង​ជំនះ​ប្រើមាត្រាទី ៤៩ កឋាកណ្ឌទី ៣ នៃ​រដ្ឋធម្មនុញ្ញ​បារាំង ដើម្បី​អនុម័តកំណែទម្រង់​ដ៏ចម្រូងចម្រាស​នេះធ្វើអ្វី?

បាតុកម្ម​នៅ​ប៉ារីស យប់ថ្ងៃទី១៧ មីនា ដើម្បី​ប្រឆាំងនឹង​កំណែទម្រង់​សោធននិវត្តន៍
បាតុកម្ម​នៅ​ប៉ារីស យប់ថ្ងៃទី១៧ មីនា ដើម្បី​ប្រឆាំងនឹង​កំណែទម្រង់​សោធននិវត្តន៍ REUTERS - GONZALO FUENTES
ផ្សាយពាណិជ្ជកម្ម

វិបត្តិនយោបាយ​បារាំង​បានដើរ​មក​ដល់​ចំណុច​ថ្មីមួយ នៅពេល រដ្ឋាភិបាល​បារាំង កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ សម្រេច​ចិត្ត​ប្រើ​មាត្រា ៤៩.៣ ដើម្បី​អនុម័តកំណែទម្រង់​ច្បាប់ចូលនិវត្តន៍​ដ៏ចម្រូងចម្រាស់។ ច្បាប់នេះ​អប្រជាប្រិយ​ខ្លាំងណាស់ នៅក្នុងចំណោម​ប្រជាជន​បារាំង ព្រោះវា​មានគោលដៅ ដំឡើង​អាយុចូលនិវត្ត​របស់​អ្នកធ្វើការ ពី​៦២ ទៅដល់​៦៤ឆ្នាំ។ មានន័យថា ដើម្បី​ទទួល​បាន​ប្រាក់សោធននិវត្តពេញលេញ គ្រប់ចំនួន គេត្រូវធ្វើការ​ដល់​អាយុ ៦៤ឆ្នាំឯណោះ។

ត្រលប់​មក​និយាយ​ពី​មាត្រា​៤៩.៣។ វា​ជា​មាត្រា​ទី ៤៩​កឋាខណ្ឌ​ទី​៣​នៃ​រដ្ឋធម្មនុញ្ញបារាំង​ដែល​អនុញ្ញាតិ​ឲ្យ​នាយករដ្ឋមន្រ្តី​អនុម័តច្បាប់ ដោយ​មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត​របស់អ្នកតំណាងរាស្រ្ត​នៅសភា។ នៅបារាំង ការប្រើ​មាត្រា​ទី ៤៩ កឋាខណ្ឌ មិនមាន​ជា​រឿងល្អដែលគេស្វាគមទេ ព្រោះគេចាត់ទុក​វា​ឧបករណ៍​ប្រឆាំង លទ្ធិប្រជាធិបតេយ្យ បិទសិទ្ធិ​សំឡេង​សភា ដែល​ជា​ស្ថាប័ន​ច្បាប់​កំពូល​របស់​ប្រទេស។ ប៉ុន្តែ នៅក្នុង​ការដឹកនាំ​ប្រទេស ជាង ៦០ឆ្នាំ មកនេះ រដ្ឋាភិបាល​បារាំង គ្រប់និន្នាការ​នយោបាយ ធ្លាប់​បាន​ប្រើ​មាត្រា​ទី ៤៩ កឋាខណ្ឌទី ៣ ដល់ទៅជាង ១០០​ដង​ដើម្បី​អនុម័ត​ច្បាប់ ដោយ​មិនចាំបាច់​ឆ្លងកាត់ការបោះឆ្នោត របស់​សភា។

ជាទូទៅ មាត្រា​ទី​៤៩ កឋាខណ្ឌ​ទី​៣ គឺ​ជា​ជម្រើស មធ្យោបាយ​ចុងក្រោយ នៅពេល​រដ្ឋាភិបាល​សំឡឹង​ឃើញថា ច្បាប់របស់ខ្លួន​គ្មាន​សង្ឃឹម​នឹង​ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន នៅសភា។ ជាក់ស្តែង លោកស្រី​នាយករដ្ឋមន្រ្តីបារាំង បាន​សម្រេច​ប្រើផ្លូវកាត់ ប្រើ​មាត្រា ទី ៤៩ កឋាខណ្ឌ​ទី​៣​នៃរដ្ឋធម្មនុញ្ញ ដើម្បី​អនុម័ត​កំណែទម្រង់ច្បាប់ចូលនិវត្ត ដោយសារ​រដ្ឋាភិបាល​សំឡឹងឃើញថា ខ្លួន​គ្មានសំឡេង​ភាគច្រើន​ក្នុង​សភា ដើម្បីអនុម័តវា។ នៅក្រោយ​ការប្រជុំ​ជាច្រើនដង ជាច្រើនថ្ងៃ​ជាប់ៗគ្នា គណបក្ស​សាធារណរដ្ឋ ដែលជា​គណបក្ស​ដៃគូ ហាក់​ដោះដៃ លែង​ចង់គាំទ្រ​សេចក្តីព្រាង​ច្បាប់​របស់​រដ្ឋាភិបាល តទៅទៀត ដោយសារតែ​ឃើញថា កំណែទម្រង់ច្បាប់ចូលនិវត្តនេះ អប្រជាប្រិយ​ខ្លាំងពេក​ក្នុង​ចំណោមប្រជាជនបារាំង។ ដូច្នេះ ដើម្បី​ជៀសវាង​កុំ​ឲ្យ​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍​ត្រូវ​បរាជ័យ​ធ្លាក់ទឹក នៅក្នុងការបោះឆ្នោត នៅ​រដ្ឋសភា រដ្ឋាភិបាល​របស់​លោកស្រី អេលីហ្សាបែត ប៊ន​បាន​សម្រេច​ប្រើ​មាត្រា ទី៤៩ កឋាខណ្ឌទី ៣ នៃ​រដ្ឋធម្មនុញ្ញ​បារាំង តែម្តង អនុម័ត​កំណែទម្រង់​ច្បាប់ចូលនិវត្ត។

នៅចំពោះមុខ​ការប្រើកម្លាំងបាយ​របស់រដ្ឋាភិបាល ដែល​ប្រើ​មាត្រា ៤៩.៣​ដើម្បី​អនុម័តច្បាប់​ដោយ​កម្រោល គណបក្ស​ប្រឆាំង​បាន​ប្រកាស​គម្រោង​ដាក់​ញត្តិពិន័យ នៅថ្ងៃសុក្រនេះ ដើម្បី​បោះឆ្នោត​ដកទំនុកចិត្ត រំលាយ​រដ្ឋាភិបាល​របស់​លោកស្រីអេលីហ្សាបែត ប៊ន។

ក្នុងករណី​ដែល​សភា​បោះឆ្នោត​រំលាយ​រដ្ឋាភិបាល នោះ កំណែទម្រង់​ច្បាប់​ចូលនិវត្ត​ដែលរដ្ឋាភិបាល​បាន​អនុម័ត ដោយ​ការចាប់បង្ខំ កាលពីថ្ងៃ​ព្រហស្បតិ៍ ក៏​ត្រូវចាត់ទុក​ជា​មោឃៈ ផុតរលត់ទៅវិញ ​ដោយស្វ័យប្រវត្តិ។

រដ្ឋាភិបាល​របស់​លោកស្រី នាយករដ្ឋមន្រ្តី អេលីហ្សាប៊ែត ប៊ន អាច​ត្រូវ​សភា​បោះឆ្នោត រំលាយចោល?

តាមច្បាប់ គណបក្ស​នយោបាយ​មាន​រយៈពេល មួយថ្ងៃ ចាប់ពីនាទីដែល​រដ្ឋាភិបាល​ប្រកាស​ប្រើ​មាត្រា​ទី ៤៩ កឋាខណ្ឌ​ទី ៣ នៃរដ្ឋធម្មនុញ្ញ ពោល​គឺ​នៅ​រសៀល​ថ្ងៃសុក្រនេះ ដើម្បី​ដាក់​ញត្តិពិន័យរដ្ឋាភិបាល។ នៅក្រោយ​ការពិភាក្សា ៤៨ម៉ោង សភា​ត្រូវ​បោះឆ្នោត យ៉ាងយូរបំផុត នៅ​ថ្ងៃចន្ទ ដើម្បី​សម្រេច​ថា តើ​គេត្រូវ​រំលាយ​រដ្ឋាភិបាល​របស់​លោកស្រី អេលីហ្សាបែត ប៊ន​ដែរឬទេ។

គ្រោះថ្នាក់របស់​រដ្ឋាភិបាល​លោកស្រី អេលីហ្សាបែត ប៊ន នៅត្រង់​ថា បើសិន​សមាជិកសភាដែលជំទាស់ ប្រមូលគ្នា​បាន​៥៨​សំឡេង ដើម្បី​ស្នើ​ឲ្យសភា បោះឆ្នោត​ដាក់ពិន័យ នោះ​រដ្ឋាភិបាល​ត្រូវ​ប្រឈម​នឹងសភា​បោះឆ្នោត​រំលាយចោលមួយរំពេច។ ក្នុងករណី​នេះ សភា​ត្រូវការ​សំឡេង​ភាគច្រើន ចំនួន ២៨៧សំឡេង​ដើម្បី​បោះឆ្នោតរំលាយ​រដ្ឋាភិបាល។

រដ្ឋាភិបាល​របស់​លោកស្រី អេលីហ្សាបែត ប៊ន​ទំនង​មិនជួបវាសនា​អាក្រក់ ដោយ​ត្រូវ​សភា​បោះឆ្នោត​រំលាយ​ចោល​នោះទេ ព្រោះថា គណបក្ស​ប្រឆាំង​នៅតែ​បែកបាក់គ្នា ដែលធ្វើឲ្យពួកគេពិបាកនឹង​ប្រមូលបានសំឡេង​ច្រើន​គ្រប់គ្រាន់ ចំនួន ២៨៧ សំឡេង​ដើម្បី​បោះឆ្នោត ដកទំនុកចិត្ត រំលាយ​រដ្ឋាភិបាល។

ហេតុអ្វី​លោកប្រធានាធិបតី​ម៉ាក្រុង​នៅ​តែ​ជំនះ​ប្រើ​មាត្រាទី ៤៩ កឋាខ័ណ្ឌទី៣?

មន្រ្តីក្នុង​រដ្ឋាភិបាល និង​សមាជិក​របស់​គណបក្ស​របស់​លោកប្រធានាធិបតី ម៉ាក្រុង​ធ្លាប់​បានព្រមាន​ពីគ្រោះថ្នាក់ ផលវិបាក បើសិន​រដ្ឋាភិបាល​ជ្រើសរើសផ្លូវកាត់ ដោយ​ការប្រើ​មាត្រា ទី ៤៩ កឋាខណ្ឌ​ទី​៣ ដើម្បី​ អនុម័ត​កំណែទម្រង់ ច្បាប់​ចូលនិវត្ត។ ប៉ុន្តែ នៅតែ ១៥នាទី មុនការបើកសម័យប្រជុំរបស់សភា កាលពីថ្ងៃ​ព្រហស្បតិ៍ លោកម៉ាក្រុង​បានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលនៅក្នុងនោះ លោកបានសម្រេច​ឲ្យ​លោកស្រី នាយករដ្ឋមន្រ្តី ប្រើ​មាត្រាទី ៤៩​កឋាខ័ណ្ឌទី ៣។

ការជំនះប្រើ​មាត្រា​ទី ៤៩ កឋាខណ្ឌទី ៣​នៃ​រដ្ឋធម្មនុញ្ញ សបញ្ជាក់​ពី​ភាពទន់ខ្សោយ និងបរាជ័យ​របស់​ប្រធានាធិបតី​បារាំង ក្នុងការបញ្ចុះបញ្ចូល​សមាជិកសភា ឲ្យគាំទ្រ​សេចក្តីព្រាងកំណែទម្រង់​ច្បាប់ចូលវិវត្ត។ លោកម៉ាក្រុង​ដឹងច្បាស់​ថា កំណែទម្រង់​ច្បាប់ចូលនិវត្ត​លើកនេះ​នឹង​ធ្វើ​កូដប្រជាប្រិយភាព​របស់លោក​ធ្លាក់ចុះខ្លាំង ហើយ​វា​នឹងអាច​រុញច្រាន​បារាំង​ឲ្យធ្លាក់​ក្នុង​វិបត្តិសង្គម ប្រទេសត្រូវជាប់គាំង ដោយសារ​បាតុកម្ម និងកូដកម្ម​ប្រឆាំង តវ៉ានៅទូទាំង នៅក្រោយ​ការអនុម័តច្បាប់​ចូលនិវត្ត។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ប្រធានាធិបតីបារាំង លោក​ម៉ាក្រុង នៅតែជំនះ​ចង់​ឲ្យមាន​កំណែទម្រង់​ច្បាប់ចូលនិវត្ត។

ហេតុផល​របស់​លោកម៉ាក្រុង គឺ​ប្រព័ន្ធចូលនិវត្តន៍សព្វថ្ងៃ កំពុង​ស្ថិតក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់ ព្រោះមានឱនភាពថវិកា ចំណូល និងចំណាយ។ ដោយសារ​មនុស្ស​ចាស់ សុខភាព​នៅតែ​ល្អ អាយុកាន់តែវែង ការចំណាយ​របស់រដ្ឋ​សម្រាប់បើកប្រាក់សោធននិវត្តន៍​បាន​កើនឡើង។ សម្រាប់រដ្ឋាភិបាល​របស់​លោកម៉ាក្រុង បារាំង សព្វថ្ងៃ បាន​រត់ទៅខ្ចីបំណុលគេបន្ថែម សម្រាប់​អាចធានា​ការបើកប្រាក់សោធននិវត្ត។ រដ្ឋាភិបាល​ធ្លាប់​អះអាងថា ការធ្វើកំណែទម្រង់​ច្បាប់ចូលនិវត្ត គឺជារឿងចាំបាច់ និងបន្ទាន់ ព្រោះថា បើសិន​មិនដូច្នេះទេ សេដ្ឋកិច្ច​របស់បារាំង​នឹង​អាច​ត្រូវ​ក្ស័យធន ដួលរលំ ដោយសារ​តែ​ប្រាក់បំណុល ចេះតែ​កើនឡើង។

វិបត្តិកូវីដ និង​ជំនួយអន្តរាគមន៍របស់​រដ្ឋ សម្រាប់ទប់​កុំ​ឲ្យតម្លៃថាមពល​ឡើងថ្លៃខ្ពស់ ដែលបង្ក​ការលំបាកសម្រាប់​ជីវភាព​ប្រជាជនបារាំង រដ្ឋាភិបាល​បារាំង​បាន​ទៅខ្ចីបំណុល ដែលអាច​កើនឡើងច្រើនជាង ៣ ទ្រីលាន​អឺរ៉ូ។ សម្រាប់​រដ្ឋមន្រ្តី​ថវិកាបារាំង ប្រជាជន​បារាំង​ត្រូវជ្រើសរើស​តើ​ពួកគេ​សុខចិត្តទទួល​យក​កំណែទម្រង់​ច្បាប់ចូលវិវត្តន៍ ដោយត្រូវ​ធ្វើការ​រហូតដល់​អាយុ ៦៤ឆ្នាំ ឬ​មួយ​សុខចិត្ត​ឲ្យប្រាក់បំណុល​កើនឡើង ដែលគ្រោះថ្នាក់ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ត្រូវក្ស័យធន។

បារាំង​កំពុង​ស្ថិតនៅ​មាត់ជ្រោះ​នៃវិបត្តិ​ជាប់គាំងប្រទេស?

នៅក្រោយ​ការអនុម័ត​កំណែទម្រង់​ច្បាប់​ចូលវិវត្តន៍ ក្រុមសហជីព​បាន​ប្រកាស​រៀបចំ បាតុកម្ម និង​កូដកម្ម​ទ្រង់ទ្រាយធំ​មួយទៀត នៅសប្តាហ៍ក្រោយ និង​ថា អំណើះតទៅ ចលនា​បាតុកម្ម​ប្រឆាំង​នឹង​កើតមាន​ជាហូរហែ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បោះបង់​ចោល កំណែទម្រង់​ច្បាប់ចូលនិវត្ត៍។

រដ្ឋាភិបាលបារាំង​អាចរួចផុត​ពី​ការបោះឆ្នោត​ដកទំនុកចិត្ត​ពីសភា ចំណែក​កំណែទម្រង់ច្បាប់​ចូលនិវត្តនឹងត្រូវ​ដាក់​ឲ្យអនុវត្ត​ជាផ្លូវការ។ ប៉ុន្តែ ជាមួយគ្នានោះ រដ្ឋាភិបាល​បារាំង​ត្រូវត្រៀមខ្លួន​ឈឺក្បាល​នឹង​បញ្ហាសង្គមគ្រប់ជំពូក។ ក្រុមសហជីព ប្រកាស​រួចហើយ​ថា​នឹង​ធ្វើ​បាតុកម្ម កូដកម្ម ប្រឆាំង​រហូតដល់​ថ្ងៃ​ដែល​រដ្ឋាភិបាលប្តូរចិត្ត ដកចោល​ច្បាប់នេះទៅវិញ។

តាំង​ពី​ខែ​មករា នៅពេល​រដ្ឋាភិបាល​បង្ហាញគម្រោង​ធ្វើកំណែទម្រង់​ច្បាប់ចូលនិវត្តន៍ សហជីពចាប់​ធ្វើ​បាតុកម្ម កូដកម្ម ក្នុងទ្រង់ទ្រាយធំ ដល់ទៅ ៨ដង ដែល​ទៅ​បង្អាក់ គាំង​សកម្ម​សេដ្ឋកិច្ច​នៅទូទាំងប្រទេស។ នៅក្នុងបាតុកម្ម​ម្តង គឺតែងមានការប្រឈមមុខដាក់គ្នា​រវាង​ប៉ូលិស និង​ក្រុមជ្រុលនិយមហិង្សា ដែល​តែង​ឆ្លៀតឱកាស ដើរវាយបំផ្លាញ ហាង ដុតរថយន្ត នៅតាម​ផ្លូវ។

រដ្ឋាភិបាល​បារាំង​សម្រេច​គោលដៅ ចេញ​កំណែទម្រង់ច្បាប់ចូលនិវត្ត ប៉ុន្តែ ត្រូវ​មកឈឺក្បាល ដោយសារ​វិបត្តិ​សង្គមបញ្ហា​ចលាចលពេញប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ