អានតួអត្ថបទ
បារាំង

បារាំង៖ក្រុមសហជីពរៀបចំបាតុកម្មនិងកូដកម្មទ្រង់ទ្រាយធំប្រឆាំងនឹងកំណែទម្រង់ច្បាប់ចូលនិវត្តន៍

នៅ​ក្នុង​ប្រទេស​បារាំង កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍​របស់​រដ្ឋាភិបាល​កំពុង​បន្ត​ទទួល​ការ​ប្រឆាំង​ពី​ក្រុម​សហជីព។ ក្នុង​ថ្ងៃ​អង្គារ ទី៧ មីនា​នេះ ក្រុម​សហជីព​បាន​រៀបចំ​បាតុកម្ម និង​កូដកម្ម​ជា​ថ្មី​ដោយ​មាន​ទ្រង់ទ្រាយ​ធំ​ជាង​លើក​មុនៗ ពិសេស​ចង់​ដាក់​ប្រទេស​ឲ្យ​ជាប់​គាំង​តែ​ម្តង។ ទន្ទឹម​គ្នា​នេះ និង​ដើម្បី​បង្កើន​គំនាប​លើ​រដ្ឋាភិបាល ក្រុម​សហជីព​បាន​អំពាវនាវ​ឲ្យ​ប្តូរ​យុទ្ធសាស្រ្ត​ពី​ការ​ធ្វើ​បាតុកម្ម និង​កូដកម្ម​តែ​មួយ​ថ្ងៃ​ទៅ​ជា​ការ​ធ្វើ​បាតុកម្ម និង​កូដកម្ម​បន្ត​ថ្ងៃ​ជាប់ៗ​គ្នា។

នៅបារាំង ក្រុមសហជីពរៀបចំបាតុកម្មនិងកូដកម្មទ្រង់ទ្រាយធំប្រឆាំងនឹងកំណែទម្រង់ច្បាប់ចូលនិវត្តន៍។
នៅបារាំង ក្រុមសហជីពរៀបចំបាតុកម្មនិងកូដកម្មទ្រង់ទ្រាយធំប្រឆាំងនឹងកំណែទម្រង់ច្បាប់ចូលនិវត្តន៍។ AP - Daniel Cole
ផ្សាយពាណិជ្ជកម្ម

« ទ្រង់ទ្រាយ​ធំ មិន​ធ្លាប់​មាន និង​មិន​អាច​បំភ្លេច​បាន » នេះ​ជា​ពាក្យ​សម្តី​របស់​ក្រុម​អ្នកដឹកនាំ​សហជីព​សម្រាប់​ចលនា​ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍​ដែល​រៀបចំ​ក្នុង​ថ្ងៃ​អង្គារ ទី៧ មីនា​នេះ។ កម្មវត្ថុ​របស់​ក្រុមសហជីព គឺ​បង្កើន​គំនាប​ដាក់​រដ្ឋាភិបាល​ដែល​កំពុង​បន្ត​ធ្វើ គ ធ្វើ​ថ្លង់​នឹង​ក្តីព្រួយបារម្ភ​របស់​ពលរដ្ឋ​ចំពោះ​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍។ យោង​តាម​លទ្ធផល​ស្ទង់​មតិ​នា​ដើម​ខែ​មីនា​នេះ មាន​ពលរដ្ឋ​បារាំង​ចំនួន ៧២% បាន​ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍ ពោល​ច្រើន​ជាង​ក្នុង​ខែ​មករា​ដែល​មាន​ត្រឹម ៦៦%។

ផ្ទាំងស៊ីប​យុទ្ធសាស្រ្ត​របស់​ក្រុម​សហជីព​នៅ​ក្នុង​ចលនា​ប្រឆាំង​លើក​នេះ​ផ្តោត​សំខាន់​លើ​វិស័យ​ដឹកជញ្ជូន​សាធារណៈ និង​កន្លែង​ស្តុក​ប្រេងឥន្ធនៈ។ ចរាចរណ៍​រថភ្លើង​លើ​ដី និង​ក្រោម​ដី​មួយ​ភាគ​ធំ​ត្រូវ​បាន​កាត់​បន្ថយ ឬ​បិទ​ទាំង​ស្រុង​តែ​ម្តង។ កន្លែង​ស្តុក​ប្រេង​ឥន្ធនៈ​បាន​រង​ការ​បិទខ្ទប់​ដោយ​ក្រុម​បាតុករ កូដករ។ ក្រៅ​ពី​នេះ ភាព​ជាប់គាំង និង​ភាព​រអាក់រអួល​ក៏​កើត​មាន​លើ​ផ្នែក​ជា​ច្រើន​ទៀត​ដូច​ជា​នៅ​តាម​សាលារៀន និង​នៅ​តាម​សាកលវិទ្យាល័យ។ ក្រុម​អ្នក​ទទួល​ខុស​ត្រូវ​សហជីព​បាន​បញ្ជាក់​ថា មាន​មនុស្ស​ជាង ២លាននាក់​នឹង​ចូលរួម​នៅ​ក្នុង​ក្បួនបាតុកម្ម និង​កូដកម្ម​នៅ​ទូទាំង​ប្រទេស​ក្នុង​ថ្ងៃ​អង្គារ ទី៧ មីនា​នេះ។

តាម​សហជីព​មួយ​ឈ្មោះ CFDT មាន​ទីតាំង​ប្រមូលផ្តុំ​បាតុករ​ចំនួន ៣២០កន្លែង​ត្រូវ​បាន​រៀបចំ​នៅ​ទូទាំង​ប្រទេស។ គួរ​បញ្ជាក់​ថា នេះ​ជា​លើកទី៦ ដែល​ក្រុម​សហជីព​បាន​រៀបចំ​ក្បួន​បាតុកម្ម និង​កូដកម្ម​ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍​របស់​រដ្ឋាភិបាល។ តែ​អ្វី​ដែល​ជា​ការ​សន្យា​ថ្មី​របស់​ក្រុម​សហជីព​ពេល​នេះ គឺ​ចង់​ធ្វើ​ឲ្យ​ប្រទេស​ជាប់គាំង និង​រៀបចំ​បាតុកម្ម កូដកម្ម​បន្ត​ថ្ងៃ​ជាប់ៗ​គ្នា ពោល​មិនមែន​ធ្វើ​តែ​មួយ​ថ្ងៃ​ដូច​លើក​មុនៗ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ