អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រោយ​ការអនុម័តច្បាប់​កំណែទម្រង់​សោធននិវត្តន៍ បារាំងធ្វើ​បាតុកម្ម​កាន់​តែខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ព្រហស្បតិ៍​ទី ២៣​មីនា​២០២៣​នេះ ក្រុម​​សហជីព​បារាំងបាន​ប្រកូក​ប្រកាស​ធ្វើ​​បាតុកម្មនិង​កូដកម្ម​​ជា​ថ្មី ​​ទូទាំងប្រទេសជា​លើក​ទី​៩ ដើម្បី​ប្រឆាំងនឹង​កំណែទម្រង់​ច្បាប់​សោធននិវត្តន៍។ ​ ​អនុម័តកាលពី​ថ្ងៃ​ចន្ទទី ២០មីនា ​ដោយ​មិន​ឆ្លង​កាត់​ការបោះឆ្នោត​នៅ​សភា ច្បាប់សោធនិវត្តន៍​នេះ ​​នឹង​ត្រូវដាក់​ឲ្យ​ឆ្លងកាត់​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ ហេតុ​អ្វី​ត្រូវ​ឆ្លង​កាត់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ? តើ​ក្រុមប្រឹក្សា​អាច​នឹង​អារកាត់​សេចក្តីយ៉ាងណា ?

បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​កំណែទម្រង់​សោធនិវត្តន៍​ នៅប៉ារីស ថ្ងៃទី ១៥​មីនា​២០២៣
បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​កំណែទម្រង់​សោធនិវត្តន៍​ នៅប៉ារីស ថ្ងៃទី ១៥​មីនា​២០២៣ © Anne Morzine / RFI
ផ្សាយពាណិជ្ជកម្ម

ក្រោមការ​អំពាវនាវ​របស់​សហជីព និង​បក្ស​ប្រឆាំង ចលនាបាតុកម្ម​​ប្រឆាំង​នឹង​ច្បាប់​កំណែទម្រង់សោធននិវត្តន៍ មិន​ថមថយ​ទេ ! ថ្ងៃ​នេះ​ ចរាចរណ៍​ដឹកជញ្ជូន​សាធារណៈ​ក្នុង​រដ្ឋធានី​ប៉ារីស និ​ងខេត្ត​ក្រុង​ទូទាំង​ប្រទេស មាន​ការ​រអាក់​រអួល​យ៉ាង​ខ្លាំង។ បណ្តាញ​ខ្សែរថភ្លើង​ល្បឿន​លឿន​ ព្រមទាំង​ខ្សែរថភ្លើង​ឆ្លង​ស្រុក​ មាន​ដំណើរការ​ប្រមាណ​តែ​មួយភាគ​បី។ ការហោះហើរ​ក្នុង​តំបន់​ ត្រូវ​លុប​ចោល​ប្រមាណ​៣០%។ ស្ថានីយ៍​រថភ្លើង ចំណត​រថយន្តក្រុង​ អាកាសយានដ្ឋាន ផ្លូវ​ថ្នល់ ផ្លូវ​ដែក ... ​រង​ការ​រារាំង និង​បិទ​ខ្ទប់ ដោយ​អន្លើ ​ពី​សំណាក់​បាតុករ​។ សាលា​រៀន​មួ​យ​ចំនួន​ក៏​ត្រូវ​បិទ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ មាន​ភារៈ​ផ្តល់​ព័ត៌មាន មិន​ធ្វើ​កូដកម្ម​ទេ ប៉ុន្តែ​លើក​នេះ​កាសែត​ធំៗ​បារាំង​មួយ​ចំនួន​ដូច​យ៉ាង​ កាសែត LEMONDE បាន​ប្រកាស​ផ្អាក​ការ​ផ្សាយ​មួយ​ព្រឹក​។ ទាំង​នេះ​ស​ឱ្យ​ឃើញ​អំពី​ទំហំ​នៃ​ចលនា​ប្រឆាំង​។ ​

បន្ទាប់​ពី​​ច្បាប់​ត្រូវ​បាន​អនុម័ត​ដោយ​មិន​ឆ្លង​កាត់​ការ​បោះឆ្នោតនៅសភា​នៅ​ថ្ងៃ​ទី ចន្ទទី ២០​មីនាមក បាតុកម្មរប៉េះរបោះ​​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​ថ្ងៃ​នេះ​ ជា​បាតុកម្ម​ធំ​ខ្លាំង​លើក​ទីមួយ ក្រោយ​ការ​អនុម័ត​ច្បាប់​និង​ បន្ទាប់ពី​ប្រធានាធិបតី ​បាន​ផ្តល់​បទ​សម្ភាស​ន៍​ពន្យល់​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ ​​ចលនាប្រឆាំង​កាន់​តែ​ខឹង​ និង​កំពុង​នាំ​គ្នា​​បាតុកម្មយ៉ាង​ធំ​នេះ ក៏​ព្រោះ​យល់​ថា​រដ្ឋាភិបាល​លោកស្រី​នាយករដ្ឋមន្ត្រី​ អេលីហ្សាប៊ែត ប៊ន ដែល​បាន​រួច​ផុត​ពី​ញាត្តិចាប់​ថ្នាក់​ ប្រើ​មាត្រា​៤៩,៣​ ច្រើន​ជ្រុល ដើម្បី​អនុម័ត​ច្បាប់ចូលនិវត្តន៍​​ ប្រៀប​ដូច​ជា​ការ​បំបិទសិទ្ធិ​​​ប្រជាធិបតេយ្យ។​ ខឹង​​​ប្រធានាធិបតី​ម៉ាក្រុង​ ដែល​នៅក្នុង​បទ​សម្ភាសន៍ លោក​បាន​បង្ហាញ​ភាព​មានៈរបស់​លោក ដោយ​សុខចិត្ត​អាប់​ប្រជាប្រិយភាព​ឱ្យ​តែច្បាប់ដ៏​សំខាន់និង​​ចាំបាច់​​នេះ​បានចូល​​​ជា​ធរមាន​យ៉ាងយូរ​នៅចុងឆ្នាំ។ រដ្ឋាភិបាល​បាន​ថែម​ទាំង​​សម្រេច​បញ្ចូន​ច្បាប់​នេះ​ទៅឱ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​លម្អិត​ទៀត។

តើ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ អាច​នឹង​សម្រេច​យ៉ាងណា ?

វា​ជា​ការ​កម្រ​ណាស់ ​ដែល​នាយករដ្ឋមន្ត្រី​យក​ច្បាប់​អនុម័ត​ហើយ​ទៅ​ឆ្លង​កាត់​យោបល់​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នោះ តែ​ប្រឈម​នឹង​កម្លាំង​ប្រឆាំង​បែប​នេះ រដ្ឋាភិបាល​ចង់​​បញ្ជាក់​អំពី​ភាពត្រឹម​ត្រូវ​​របស់​ខ្លួន ដោយ​បញ្ជូន​ច្បាប់​ទៅ​ឱ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​លម្អិត​​ ដោយ​ផ្ទាល់​​​តែម្តងដូច្នេះ។

មាន​អំណាច​​កំពូល សម្រេច​ហើយ​គ្មាន​អ្វី​តវ៉ា​ទៀត​បាន តាម​ធម្មតា ក្រុមប្រឹក្សា​មាន​ពេល​១​ខែ​ ក្នុង​ការ​ផ្តល់​សេចក្តីសម្រេច​ ថា​ច្បាប់​កំណែទម្រង់សោធននិវត្តន៍​ របស់​រដ្ឋាភិបាល​ពិត​ជា​ត្រឹម​ត្រូវ ឬ​យ៉ាងណា​។ តែក្រុមប្រឹក្សាក៏​អាច​ផ្តល់​ចម្លើយ​ នៅ​ត្រឹម​៨​ថ្ងៃ ប្រសិន​បើ​រដ្ឋាភិបាល​ស្នើ​សុំ​ឱ្យ​ធ្វើ​កា​រត្រួតពិនិត្យ​បន្ទាន់។ យោល​ទៅ​លើ​ភាព​សំខាន់​នៃច្បាប់​ចំពោះ​សង្គម​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​មានសមាជិក៨នាក់​និង ​​ប្រធានម្នាក់​(លោក​ឡូរ៉ង់​ហ្វាប៊ីយូស) ច្បាស់​ជា​បាន​ ​សិក្សា​ និង​មាន​ចម្លើយ​សម្រាប់​​គម្រោង​កំណែទម្រង់​ច្បាប់​នេះ​ខ្លះ​រួចទៅហើយ។ ក្រុមប្រឹក្សា​នឹង​ផ្តល់​ចម្លើយ​នៅរវាង​បី​សប្តាហ៍​ខាង​មុខ។

តាំង​ពី​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥៨ ក្រុមប្រឹក្សា​ធម្មនុញ្ញ​បំពេញ​ការងារ​ប្រកប​សុក្រិត្យភាព​បំផុត ​សម្រេច​ហាមឃាត់តែ​វិធានការថវិកា​​ណាដែល​នៅ​ក្រៅ​រង្វង់​​ច្បាប់តែប៉ុណ្ណោះ។ ក្រុមប្រឹក្សា​​កម្រ​នឹង​ជំទាស់ ឬ​ចេញ​បម្រាម​ប្រឆាំងទាំង​ស្រុង​​នឹង​គម្រោង​ច្បាប់​របស់​រដ្ឋាភិបាល​ណាស់។ ពេញ​មួយ​របប​សាធារណរដ្ឋ​ទី៥នេះ គឺ​មាន​តែម្តង​​គត់​នៅ​ឆ្នាំ​១៩៧៩ប្រឆាំង​នឹង​ច្បាប់​ថវិកា និង​ម្តង​ទៀត​នៅ​ឆ្នាំ​២០២១ ប្រឆាំង​នឹង​ច្បាប់​ទីលំនៅ។ សម្រាប់​ច្បាប់​កំណែទម្រង់សោធននិវត្តន៍​នេះ ដែល​រដ្ឋាភិបាល​បង្ហាញ​ក្នុង​ទម្រង់​ជា​ច្បាប់កំណែទម្រង់​​ថវិកាផ្នែក​ធានារ៉ាប់រង​សង្គម​ឆ្នាំ​២០២៣​ ​មិនផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ឡើយ។ ដូច្នេះ​ក្រុមប្រឹក្សា​ ​ទំនង​ជា​នឹង​មិនបញ្ចេញ​យោបល់​​ប្រឆាំងទេ។ បើ​មាន​គឺ​​​ត្រឹមជំទាស់​លើ​​ផ្នែក​ខ្លះ​នៃវិធានការ​ ទាក់ទង​នឹងសន្ទទស្សន៍​របប​ការងារ​​មនុស្ស​ចាស់​ចាប់ពី​អាយុ​៥៥​ឆ្នាំ​ប៉ុណ្ណោះ។ បើ​មាន​ការ​ជំទាស់​ផ្នែក​ណា​នោះ​គេ​ត្រូវ​ការ​ធ្វើ​ច្បាប់ទីពីរមក​ភ្ជាប់បញ្ចូល។

​ប្រជាមតិ ?

ទន្ទឹម​នឹង​ការ​សិក្សា​សំណើ​របស់​រដ្ឋាភិបាល ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក៏​បាន​ទទួល​បណ្តឹង​ពី​បក្ស​ប្រឆាំង​ដែរ។ សមាជិកសភា​និង​ព្រឹទ្ធ​សភា​ខាង​បក្ស​ប្រឆាំងចំនួន​២៥០​រូប​ បានស្នើ​​​សុំ​ឱ្យ​មាន​ដំណើរ​បែបបទ​ប្រជាមតិ​ជុំ​វិញ​ការកំណត់​អាយុ​​ចូល​និវត្តន៍​ត្រឹម​អាយុ​៦២​ឆ្នាំ។ ក្រុមប្រឹក្សា​ធម្មនុញ្ញ មានពេល​មួយ​ខែ​ដែរ ក្នុង​ការផ្តល់​សេចក្តី​សម្រេច​ថា​សំណើនេះ​សមរម្យ​​គួរ​ទទួល​យក​ឬ​យ៉ាងណា​នោះ។ ប្រសិន​បើ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​យល់​ព្រម នោះ​ក្នុង​រយៈ​ពេល​៩​ខែ គេ​ត្រូវ​ប្រមូល​ហត្ថលេខា​របស់​ប្រជាពលរដ្ឋ​ក្នុង​បញ្ជី​បោះឆ្នោត ឱ្យ​បានយ៉ាង​ហោច​១០% ពោលគឺ​ស្មើ​នឹង​ប្រមាណ​៤,៨​លាន​នាក់។

ប៉ុន្តែ​តាំងពីចូល​ជា​ធរមាន​នៅ​​ឆ្នាំ​២០០៨  ច្បាប់​​ធ្វើ​ប្រជាមតិ​លើ​គម្រោងអ្វី​មួយ មិន​ដែល​ចេញ​រួច​ទេ ព្រោះ​មិន​ដែលប្រមូល​សំឡេង​អប្បបរិមាបាន។ នេះ​បើ​តាម​កំណត់​សម្គាល់​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ