អានតួអត្ថបទ
បារាំង

លោកម៉ាក្រុង៖ កំណែទម្រង់​ប្រព័ន្ធ​ចូលនិវត្តន៍ គឺជារឿង​ចាំបាច់​និង​ដើម្បី​ប្រយោជន៍រួម

វិបត្តិនយោបាយ កំពុងតែរួមរឹតរដ្ឋាភិបាលបារាំង បន្ទាប់ពីរដ្ឋាភិបាលរបស់​លោកស្រី អេលីហ្សាប៊ែត ប៊ន បាន​សម្រេចប្រើមាត្រា ៤៩.៣ ដើម្បីអនុម័តដោយ​បង្ខំ នូវច្បាប់កំណែកម្រង់ប្រព័ន្ធចូលនិវត្តន៍បារាំង។ យោងតាមច្បាប់ថ្មីនេះ អាយុចូលនិវត្តន៍​នៅបារាំង គឺត្រូវដំឡើងថែម​២ឆ្នាំ ពី ៦២ ដល់ ៦៤ឆ្នាំ​។​ យ៉ាងណាក៏ដោយ កំហឹងតវ៉ារបស់ប្រជាជន​មិនបានចុះថយទេ ដោយ​បាតុកម្មហិង្សា បានផ្ទុះឡើងនៅតាមទីក្រុងនានាក្នុងប្រទេសបារាំង។ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមសហជីព​ធំៗរបស់បារាំង បានប្រកាសធ្វើកូដកម្មទូទាំងប្រទេស ដើម្បីសំដែងការប្រឆាំង ចំពោះ​ការធ្វើកំណែទម្រង់នេះ។

បាតុករ និងសមាជិកសហជីពបារាំងដែលធ្វើបាតុកម្ម​ប្រឆាំងច្បាប់​កំណែទម្រង់​ប្រព័ន្ធចូលនិវត្តន៍ កំពុងមើលបទសម្ភាសន៍​របស់​លោកម៉ាក្រុង ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ថ្ងៃទី ២២ មីនា ២០២៣។ ក្រុង​ Issy-les-Moulineaux ជាយក្រុងប៉ារីស ថ្ងៃទី ២២ មីនា ២០២៣
បាតុករ និងសមាជិកសហជីពបារាំងដែលធ្វើបាតុកម្ម​ប្រឆាំងច្បាប់​កំណែទម្រង់​ប្រព័ន្ធចូលនិវត្តន៍ កំពុងមើលបទសម្ភាសន៍​របស់​លោកម៉ាក្រុង ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ថ្ងៃទី ២២ មីនា ២០២៣។ ក្រុង​ Issy-les-Moulineaux ជាយក្រុងប៉ារីស ថ្ងៃទី ២២ មីនា ២០២៣ AP - Christophe Ena
ផ្សាយពាណិជ្ជកម្ម

កាលពីរសៀលថ្ងៃពុធទី២២មីនា លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បាន​ផ្តល់​បទសម្ភាសន៍ឲ្យទូរទស្សន៍ធំៗទាំង២របស់បារាំង​ ដើម្បី​ពន្យល់ប្រាប់ពី​ភាព​ចាំបាច់ នៃកំណែទម្រង់ច្បាប់ចូលនិវត្តន៍។ ឆ្លើយចំពោះសំណួរអ្នកសារព័ត៌មានទាំង២នាក់ ដែលចង់ដឹងថា​ ទោះមានការតវ៉ាខ្លាំងយ៉ាងក៏ដោយ ច្បាប់កំណែទម្រង់ ប្រព័ន្ធចូលនិវត្តន៍នឹងត្រូវតែ​​ចូលជាធរមាន ឬយ៉ាងណានោះ លោក​ម៉ាក្រុង បានអះអាងថា ដូចអ្វីដែល​បានកំណត់ទុក គឺច្បាប់ថ្មីនេះ​ ​ នឹងត្រូវចូលជាធរមានជាផ្លូវការ​ នៅរវាងចុងឆ្នាំ​២០២៣។ ​

លោក​ម៉ាក្រុងអះអា​ងថា ​​​ធ្វើបែបនេះ គឺអនុញ្ញាតឲ្យ​ប្រជាជន​បារាំងប្រមាណជិង២លាននាក់ អាចចាប់ផ្តើមទទួល​បានការដំឡើងប្រាក់សោធនិវត្តន៍​។ តែ​លោក​ម៉ាក្រុងបានបញ្ជាក់ថា សម្រាប់ពេលនេះ ច្បាប់ថ្មីនេះកំពុងស្ថិតនៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដែលកំពុងតែពិនិត្យ​លំអិត។

ទាក់ទិន​នឹង​ចលនាបាតុកម្ម​តវ៉ា ប្រឆាំងនឹងការធ្វើកំណែទម្រង់នេះ លោក​ម៉ាក្រុង បានថ្កោលទោស​ចំពោះ​ អំពើហិង្សាជ្រុលនិយម របស់​ក្រុមមនុស្សមួយចំនួន ដែលធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ ​វាយ​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ ឬគំរាមលើរូបរាងកាយ​របស់​សមាជិកសភាជាដើម។ សម្រាប់​លោក​ម៉ាក្រុង ការចុះផ្លូវសំដែងមតិរបស់ប្រជាជន គឺត្រូវតែធ្វើដោយ​សន្តិវិធី និយាយស្តាប់ហេតុផល​បាន មិនមែនជាការប្រើអំពើហិង្សាគំរាមសំឡុតនោះឡើយ។​

ក្រុមបាតុករប្រឆាំងច្បាប់កំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍​ លើកគ្រវីទង់តំបន់Bretagne នៅទីក្រុងRennes ភាគខាងលិចប្រទេសបារាំង។ រ៉ែន ថ្ងៃទី ២២ មីនា ២០២៣
ក្រុមបាតុករប្រឆាំងច្បាប់កំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍​ លើកគ្រវីទង់តំបន់Bretagne នៅទីក្រុងRennes ភាគខាងលិចប្រទេសបារាំង។ រ៉ែន ថ្ងៃទី ២២ មីនា ២០២៣ AP - Jeremias Gonzalez

ពេល​អ្នកកាសែតជជីកសួរ អំពីការរុះរើរដ្ឋាភិបាល ឬដូរនាយករដ្ឋមន្ត្រី លោក​ម៉ាក្រុងបានបញ្ជាក់ថា លោកនៅតែមានទំនុកចិត្តលើ​ ​លោកស្រីនាយករដ្ឋមន្ត្រី អេលីហ្សាបែត ប៊ន ដើម្បីបន្តការងារដឹកនាំរដ្ឋាភិបាល។ លោកម៉ាក្រុងបញ្ជាក់ថា ​លោកស្រី អេលីហ្សាបែត ប៊ន នឹង​​រៀបចំគោលនយោបាយ​ច្បាប់ ក៏ដូចជារដ្ឋាភិបាល ដោយសហការជាមួយប្រធានសភាទាំង២ ធ្វើយ៉ាងណា តាក់តែងអត្ថបទ បទដ្ឋាន​ច្បាប់ថ្មី ខ្លីៗ មានន័យច្បាស់លាស់ និងដើម្បី​ធ្វើ​ឲ្យប្រជាពលរដ្ឋ មើលឃើញពី​ការផ្លាស់ប្តូរនិងភាពប្រសើរឡើងជាក់ស្តែង។

គួរកត់សំគាល់ថា ក្រោយបទសម្ភាសន៍របស់​លោក​ប្រធានាធិបតីម៉ាក្រុងនេះ មានប្រតិកម្ម​រិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់ក្រុម​អ្នកនយោបាយឆ្វេងនិយម ព្រមទាំងក្រុម​សហជីព ថាលោក​ម៉ាក្រុង មានចិត្តមានះ រឹងរូស មិនស្តាប់​សម្រែក​ប្រឆាំងរបស់​ប្រជាជន ដែលចុះផ្លូវធ្វើបាតុកម្មប្រឆាំងនឹងកំណែទម្រង់។

តែយ៉ាងណា នៅក្នុងបទសម្ភាសន៍ លោក​ម៉ាក្រុងបានលើកឡើងថា លោក​មិនបាន​ផ្តួចផ្តើម​គំនិត​ធ្វើកំណែទម្រង់ប្រព័ន្ធចូលនិវត្តបារាំង​ ដោយ​សេចក្តី​សប្បាយរីករាយនោះទេ។ តែវាគឺជាការធ្វើកំណែទម្រង់ដ៏ចាំបាច់ ដែលត្រូវតែធ្វើ ដើម្បីរក្សាលំនឹកនៃប្រព័ន្ធនេះ។ លោកអះអាងថា លោកសុខចិត្តទទួល ឲ្យ​ប្រជាជនបារាំង​ស្អប់លោកចុះ តែលោក​ធ្វើនេះដើម្បី​ផលប្រយោជន៍រួម។ លោកសង្កត់បន្ថែម​ថា ទោះច្បាប់កំណែទម្រង់ប្រព័ន្ធចូលនិវត្តនេះ​ ត្រូវបានអនុម័តដោយប្រើមាត្រា ៤៩.៣ ពិតមែន តែវាបានឆ្លងកាត់​ដំណើរ​ការប្រជាធិបតេយ្យត្រឹមត្រូវ ដូចដែល​មានចែងក្នុងរដ្ឋធម្មនុញ្ញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ