អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កំណែទម្រង់តុលាការ៖ អ៊ីស្រាអែលធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ ក្រោយនាយករដ្ឋមន្រ្តីដកតំណែង​រដ្ឋមន្រ្តី​ការពារជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

មហាបាតុកម្ម​ប្រឆាំង​សេចក្តីព្រាងច្បាប់​កំណែទម្រង់​តុលាការ​បាន​រីករាលដាល​កាន់តែធំ កាលពី​យប់​ថ្ងៃអាទិត្យ បន្ទាប់ពី​នាយករដ្ឋមន្រ្តី​ដកហូត​តំណែង​រដ្ឋមន្រ្តីការពារជាតិ។ នៅព្រឹកថ្ងៃចន្ទ ទី ២៧ មីនា ប្រធានាធិបតី​អ៊ីស្រាអែល លោក​Isaac Herzog​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់ជាបន្ទាន់ ដំណើរការពិភាក្សា​ស្តីពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ​នៅ​រដ្ឋសភា។ នៅថ្ងៃចន្ទ ​ក្រុមសហជីពធំៗ បាន​ប្រកាស​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយធំ ដើម្បី​ដាក់សម្ពាធ​ឲ្យរដ្ឋាភិបាលបោះបង់​ចោល​សេចក្តីព្រាងស្តីពីកំណែទម្រង់​ប្រព័ន្ធតុលាការ​អ៊ីស្រាអែល។

មហាបាតុកម្ម​ប្រឆាំង​សេចក្តីព្រាងច្បាប់​កំណែទម្រង់​តុលាការ​បាន​រីករាលដាល​កាន់តែធំ កាលពី​យប់​ថ្ងៃអាទិត្យ បន្ទាប់ពី​នាយករដ្ឋមន្រ្តី​ដកហូត​តំណែង​រដ្ឋមន្រ្តីការពារជាតិ កាលពីយប់ថ្ងៃអាទិត្យទី ២៦មីនា ២០២៣
មហាបាតុកម្ម​ប្រឆាំង​សេចក្តីព្រាងច្បាប់​កំណែទម្រង់​តុលាការ​បាន​រីករាលដាល​កាន់តែធំ កាលពី​យប់​ថ្ងៃអាទិត្យ បន្ទាប់ពី​នាយករដ្ឋមន្រ្តី​ដកហូត​តំណែង​រដ្ឋមន្រ្តីការពារជាតិ កាលពីយប់ថ្ងៃអាទិត្យទី ២៦មីនា ២០២៣ REUTERS - AMMAR AWAD
ផ្សាយពាណិជ្ជកម្ម

អ៊ីស្រាអែល​កំពុង​ធ្លាក់​ចុះ ក្នុង​វិបត្តិ​នយោបាយ​ដ៏ធ្ងន់ធ្ងរ មិនធ្លាប់​មាន នៅក្នុងរយៈពេល ៥០ឆ្នាំ​ចុងក្រោយ​នេះ។ បន្ទាប់ពី​មហាបាតុកម្ម​របស់ប្រជាជនអ៊ីស្រាអែល រាប់ម៉ឺននាក់ កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ប្រឆាំង​គម្រោងច្បាប់​ធ្វើកំណែទម្រង់​ប្រព័ន្ធតុលាការ ដល់​វេន​ក្រុម​សហជីពធំៗ​របស់​អ៊ីស្រាអែល ដែល​បាន​ប្រកាស​ធ្វើកូដកម្ម​ជាបន្ទាន់ នៅទូទាំងប្រទេស។ កូដកម្ម​ដែលនឹងធ្វើ​ឲ្យ​វិស័យ​ជាច្រើន​របស់​អ៊ីស្រាអែល ​ត្រូវជាប់គាំង។

នៅថ្ងៃចន្ទ សហជីព​ក្រុមគ្រូពេទ្យ ប្រកាស​ធ្វើកូដកម្ម សាលារៀន​រដ្ឋ​ជាច្រើន​កន្លែង​បិទទ្វារ ចំណែក ជើងហោះហើរ​ចេញពី ​នៅទីក្រុង​តែលអាវីវ​ត្រូវ​ផ្អាក ដោយសារ​កូដកម្ម​របស់​បុគ្គលិក​នៅ​ព្រលានយន្តហោះអន្តរជាតិ។

នៅអ៊ីស្រាអែល បាតុកម្ម និង​កូដកម្ម ជាបន្តបន្ទាប់​គ្នាធ្វើឡើង​ដើម្បី​ប្រតិកម្ម​តប​ទៅនឹង​ការសម្រេច​របស់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ដែល​បានដកហូតមុខតំណែង​រដ្ឋមន្រ្តីការពារ​ជាតិ កាលពីថ្ងៃអាទិត្យ។ រដ្ឋមន្រ្តីការពារជាតិ​អ៊ីស្រាអែល លោក Yoav Gallant ជា​សមាជិក​បក្ស​កាន់អំណាច ដូច​លោក​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ ដែរ ប៉ុន្តែ លោក​ត្រូវ​នាយករដ្ឋមន្រ្តី​ដកចេញ​ពី​តំណែង។

ខុទ្ទការល័យ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​ប្រកាស​ដក​លោក​Yoav Gallant ពីមុខ​តំណែង​រដ្ឋមន្រ្តី​ការពារ​ជាតិ​អ៊ីស្រាអែល ដោយ​មិន​បាន​លម្អិត​ពី​មូលហេតុ និង​ឈ្មោះ​អ្នកដែលត្រូវ​ចូលកាន់តំណែង​បន្ត។ ប៉ុន្តែ តាម​មន្រ្តីក្នុងជួររដ្ឋាភិបាល លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ​បាន​កោះហៅ លោក​រដ្ឋមន្រ្តីការពារ​ជាតិជាបន្ទាន់កាលពីថ្ងៃអាទិត្យ ដើម្បី​ប្រាប់ថា លោក​លែង​មានជំនឿទុកចិត្ត តទៅទៀត ទៅលើ​លោក​Yoav Gallant ក្នុងនាមជា​រដ្ឋមន្រ្តីការពារ​ជាតិ។

ទោះ​ខុទ្ទការល័យ​រដ្ឋាភិបាល​មិនបាន​បញ្ជាក់​ពីមូលហេតុ​នៃការដកតំណែង​ប្រមុខការពារជាតិអ៊ីស្រាអែល ប៉ុន្តែ គេដឹង​រួចទៅហើយថា លោក Yoav Gallant ត្រូវបណ្តេញចេញពី​មុខតំណែង រដ្ឋមន្រ្តីការពារជាតិ ដោយសារតែ ការបញ្ចេញយោបល់​របស់​លោក កាលពី​ថ្ងៃ​សៅរ៍កន្លងទៅ។ នៅ​ក្នុង​សុន្ទរកថា ខ្លី ផ្សាយ​នៅ​ទូរទស្សន៍អ៊ីស្រាអែល កាលពីថ្ងៃ​សៅរ៍ រដ្ឋមន្រ្តីការពារ​ជាតិ​អ៊ីស្រាអែល​បាន​និយាយ​ថា សមាជិក​មួយចំនួន​របស់​កងទ័ព មិនសប្បាយចិត្ត នឹង​គម្រោងធ្វើកំណែទម្រង់​ប្រព័ន្ធតុលាការ ដែល​រដ្ឋាភិបាល​កំពុង​ដាក់​ស្នើ​ឲ្យ​សភា​បោះឆ្នោតអនុម័ត។ តាម​រដ្ឋមន្រ្តី​ការពារជាតិ​អ៊ីស្រាអែល តាំងពី​លោក​ចូលបម្រើកងទ័ព​អ៊ីស្រាអែល រាប់សិបឆ្នាំមកនេះ លោក​មិនដែល​ឃើញ កងទ័ព​ខឹងសម្បារ ខកចិត្ត ដោយសារ​តែ​ច្បាប់ ស្នើឡើង​ដោយ​រដ្ឋាភិបាល ដូច​សព្វ​ថ្ងៃនេះ​ទេ។

សម្រាប់​រដ្ឋមន្រ្តីការពារ​ជាតិ គម្រោងកំណែទម្រង់ប្រព័ន្ធតុលាការ​ដែលរដ្ឋាភិបាល​ដាក់ស្នើទៅ​សភា មានន័យ​ស្មើ​នឹង​គ្រោះថ្នាក់បន្ទាន់​សម្រាប់សន្តិសុខ​រដ្ឋ។ ដូច្នេះ លោក​ទាមទារចង់​ឲ្យ​រដ្ឋាភិបាល​ផ្អាក ការពិភាក្សា​គម្រោង​ច្បាប់​ដ៏ចម្រូងចម្រាសនេះ មួយរយៈពេល​សិន ទម្រាំ​រកបាន​​ឯកភាពជាតិ ព្រោះថា សព្វថ្ងៃនេះ ផែនការ​ធ្វើកំណែទម្រង់តុលាការកំពុងធ្វើឲ្យប្រជាជន​អ៊ីស្រាអែល​បែកបាក់គ្នា​ខ្លាំង ជាងពេលណាៗទាំងអស់។

នៅថ្ងៃអាទិត្យ នៅតែប៉ុន្មាន​ម៉ោង​ក្រោយ នាយករដ្ឋមន្រ្តី​សម្រេច​ដកតំណែង​រដ្ឋមន្រ្តី ការពារ​ជាតិ ដែលបង្ហាញ​ជំហរ​រិះគន់​គម្រោងធ្វើកំណែទម្រង់ប្រព័ន្ធ​យុត្តិធម៌ ប្រជាជន​អ៊ីស្រាអែល រាប់ម៉ឺននាក់​ដែលធ្វើ​បាតុកម្ម ​៣ខែ​មកហើយ ប្រឆាំង​នឹង​កំណែទម្រង់​តុលាការ បាន​ចុះថ្នល់​ធ្វើ​បាតុកម្មទ្រង់ទ្រាយ ធំ​នៅតាមទីក្រុង​ធំៗ​របស់​អ៊ីស្រាអែល។

វិបត្តិ​នយោបាយ​វិវត្ត ទៅ​ជា​វិបត្តិ​សន្តិសុខ?

នៅ​៣ខែមកនេះ ប្រជាជន​អ៊ីស្រាអែល​រមែងចុះថ្នល់​ធ្វើបាតុកម្ម នៅរៀងរាល់​ចុងសប្តាហ៍​ដើម្បី​បរិហារ ទាមទារ​ឲ្យ​រដ្ឋាភិបាល​បោះបង់ចោល​គម្រោងកំណែទម្រង់ប្រព័ន្ធ​តុលាការ ដែល​ពួកគេ​ចាត់ទុក​ថា ជាគ្រោះថ្នាក់ សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ របស់​អ៊ីស្រាអែល។

សេចក្តីព្រាង​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​មាន​គោលដៅ ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល ដើម្បី​គ្រប់គ្រង​គណៈកម្មាធិការ ដែលមាន​នាទីជ្រើសរើស​ចៅក្រម​អ៊ីស្រាអែល។ គម្រោងកំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ សំដៅ​ផងដែរ ផ្តល់​សិទ្ធិអំណាច​ដល់​សភា ដើម្បី​ទាត់ចោល ការសម្រេចចិត្ត​របស់​តុលាការ​កំពូល ដែលសភា​ចាត់ទុក​ថា អាច​រំខាន ប៉ះពាល់​គោលនយោបាយ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ សម្រាប់​អ្នកប្រឆាំង សេចក្តីព្រាង​កំណែទម្រង់របស់​រដ្ឋាភិបាល នឹងធ្វើ​ឲ្យ​ប្រព័ន្ធតុលាការ​អ៊ីស្រាអែល លែង​ឯករាជ្យ​តទៅទៀត ព្រោះថា ជាមួយ​កំណែទម្រង់​តុលាការលើកនេះ រដ្ឋាភិបាល​នឹង​តែងតាំង​ចៅក្រមណា ដែល​មាននិន្នាការ​ស្និទ្ធិ គាំទ្រ​រដ្ឋាភិបាល។

តាមគណបក្ស​ប្រឆាំង គម្រោង​កំណែទម្រង់​ប្រព័ន្ធតុលាការ​មាន​គោលដៅ បង្ក​ឧបសគ្គ រារាំង​មិន​ឲ្យ​តុលាការ​មានសិទ្ធិ​អំណាច ទៅ​ដក​នាយករដ្ឋមន្រ្តី​ចេញពីអំណាច ដែលកំពុងជាប់សំណាញ់បន្តឹង នៅ​តុលាការ។ សម្រាប់​អ្នកប្រឆាំង ច្បាស់ណាស់​ថា នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បេនចាមីន នេតាន់យ៉ាហ៊ូ ចង់​ឲ្យគេ​កែប្រែ​ប្រព័ន្ធ​តុលាការ ដើម្បី លាង​សម្អាត ឈ្មោះលោក ដែល​កំពុង ជាប់​ក្តីក្តាំ នៅតុលាការ នៅក្នុង​សំណុំរឿង​ចោទប្រកាន់​រំលោភអំណាច ប្រព្រឹត្ត​អំពើពុករលួយ។

គម្រោងកំណែទម្រង់​ប្រព័ន្ធ​តុលាការ គ្មានការគាំទ្រ ​ចំណោម​ប្រជាជនអ៊ីស្រាអែល ជាពិសេស ក្រុមកងទ័ព។ នៅ​ដើម​ខែ​មីនា ពួកកងទ័ព​បម្រុង​បាន​ព្រមានហើយ​ថា ពួកគេ​នឹង​លែងចុះឈ្មោះ ស្ម័គ្រចិត្ត​ចូលបម្រើកងទ័ពតទៅទៀត បើសិន​រដ្ឋាភិបាល​នៅតែ​ជំនះ​ធ្វើកំណែទម្រង់ ដែលធ្វើឲ្យ​ប្រព័ន្ធ​តុលាការអ៊ីស្រាអែល​លែង​ឯករាជ្យតទៅទៀត។

នៅក្រោយ ការដកមុខតំណែង​រដ្ឋមន្រ្តីការពារ​ជាតិ ដែលបាន​បណ្តាល​ឲ្យមាន​មហាបាតុកម្ម​កាលពីថ្ងៃ​អាទិត្យ ប្រធានាធិបតី​អ៊ីស្រាអែល នៅថ្ងៃ​ចន្ទនេះ បាន​ចេញមុខ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​សមាជិក​សភា​បញ្ឈប់ជាបន្ទាន់ ការពិភាក្សាពីគម្រោងកំណែទម្រង់ប្រព័ន្ធតុលាការ។ សម្រាប់​ប្រធានាធិបតី អ៊ីស្រាអែល លោក​Isaac Herzog សន្តិសុខ សេដ្ឋកិច្ច និង​ប្រព័ន្ធ​សង្គមរបស់​អ៊ីស្រាអែល​កំពុង​រងការគំរាមកំហែង​ជាងពេលណាៗទាំងអស់។

បាតុកម្ម និងកូដកម្មភ្លាមៗ នៅថ្ងៃ​ចន្ទនេះ មិនត្រឹម​ទៅប៉ះពាល់ដល់​សេដ្ឋកិច្ចរបស់អ៊ីស្រាអែល ប៉ុន្តែ​វា​កើតឡើង​នៅចំពេល ដែលភ្នាក់ងារសន្តិសុខ​របស់​អ៊ីស្រាអែល​កំពុងត្រៀមប្រឈម​នឹងការផ្ទុះអំពើហិង្សា ជាមួយ​ប៉ាឡេស្ទីន នៅប៉ុន្មាន​សប្តាហ៍ខាងមុខ នៅពេល​ប្រជាជន​ប៉ាឡេស្ទីន ត្រូវ​​ចាប់ផ្តើម​បុណ្យតមអាហារ រ៉ាម៉ាដង់។

នាយក​រដ្ឋមន្រ្តីអ៊ីស្រាអែល​រង​ការដាក់សម្ពាធ​ខ្លាំង ពីគ្រប់ទិស

តាម​កាសែត​អ៊ីស្រាអែល តាំងពីយប់​ថ្ងៃ​អាទិត្យ លោកនាយករដ្ឋមន្រ្តី​បេនចាមីន នេតាន់យ៉ាហ៊ូ បាន​ពិគ្រោះយោបល់​ជាមួយ​សមាជិក​បក្ស​កាន់អំណាច និង​គណបក្ស​ស្តាំនិយមជ្រុល ដែលជា​ដៃគូនៅក្នុង​រដ្ឋាភិបាល​ចម្រុះរបស់លោក។

តាមគម្រោង លោកនាយករដ្ឋមន្រ្តី​នេតាន់យ៉ាហ៊ូ ត្រូវធ្វើសេចក្តីថ្លែងការណ៍​នៅព្រឹកថ្ងៃចន្ទនេះ ដែលនៅក្នុងនោះ លោកទំនង​អាច​ផ្អាក គម្រោង​ធ្វើកំណែទម្រង់​ប្រព័ន្ធ​តុលាការ​មួយរយៈសិន ដើម្បី​បន្ធូរបន្ថយភាពតានតឹង។ ប៉ុន្តែ នៅទីបំផុត ខុទ្ទការល័យ​របស់​លោក​បាន​ប្រកាសថា លោក​បាន​លើកពេល លែង​ធ្វើសេចក្តីថ្លែងការណ៍​ទៅវិញ។

តាម​កាសែត​អ៊ីស្រាអែល ក្នុង​ជួរគណបក្ស​លីឃូដ របស់​លោកនាយករដ្ឋមន្រ្តី សមាជិក​មួយចំនួន ដែលមាននិន្នាការស្និទ្ធនឹង​រដ្ឋមន្រ្តីការពារជាតិ​បាននិយាយ​ថា គេ​គាំទ្រ​ឲ្យ​លោកនាយករដ្ឋមន្រ្តី​ឈប់​ធ្វើកំណែទម្រង់​ប្រព័ន្ធតុលាការ។ ប៉ុន្តែ សមាជិកបក្ស​កាន់អំណាច​មួយចំនួន​ផ្សេងទៀត ព្រមទាំង​គណបក្ស​ស្តាំនិយមជ្រុល ដែលជា​ដៃគូ​របស់​រដ្ឋាភិបាល បាន​ទាមទារ​ឲ្យ​លោកនាយករដ្ឋមន្រ្តី ត្រូវតែបន្ត ធ្វើកំណែទម្រង់តុលាការ ដោយ​មិនត្រូវចុះចាញ់​ការដាក់សម្ពាធ​របស់​ក្រុមបាតុករ ដែលគេចាត់ទុក​ជា​ក្រុមអនាធិបតេយ្យ។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផ្ទាល់ ដែលជា​អ្នកស្នើគម្រោង​ធ្វើ​កំណែទម្រង់ ប្រព័ន្ធតុលាការ បាន​និយាយ​ហើយថា លោក​នឹង​ចុះចេញពីតំណែង បើសិន​នាយករដ្ឋមន្រ្តី​ឈប់​ធ្វើកំណែទម្រង់​តុលាការ​តទៅទៀត។

លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ផ្ទាល់ដែលធ្លាប់​ដកឃ្លា មិន​បញ្ចេញយោបល់​ទៅលើ​គម្រោងធ្វើកំណែទម្រង់​តុលាការ នៅទីបំផុត បាន​និយាយ​កាលពីថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ថា លោកនឹង​ព្យាយាមបិទបញ្ចប់ការបែកបាក់ ជាតិ ប៉ុន្តែ លោកនៅតែ ប្តេជ្ញា​បន្តធ្វើកំណែទម្រង់តុលាការអ៊ីស្រាអែល។ ការលូកមាត់​បញ្ចេញយោបល់​តែ​ប៉ុន្មានម៉ាត់ ទាក់ទង​នឹង​កំណែទម្រង់ប្រព័ន្ធតុលាការ​អ៊ីស្រាអែល បានធ្វើឲ្យ​លោកនាយករដ្ឋមន្រ្តី​នេតាន់យ៉ាហ៊ូ រងការចោទប្រកាន់ ពី​អង្គការតាមដាន​រដ្ឋាភិបាល Movement for Quality Government ដែលជាស្ថាប័ន​ប្រឆាំងអំពើពុករលួយនៅអ៊ីស្រាអែល។ អង្គការមួយនេះ​បាន​ទាមទារ​ឲ្យ​តុលាការ​កំពូល​ដាក់ពិន័យ លោក​នេតាន់យ៉ាហ៊ូ។

តាម​អង្គការ​ខាងលើ ដោយ​ចេញមុខនិយាយ​ជាសាធារណៈ ពី​គម្រោងកំណែទម្រង់​តុលាការ លោក​នេតាន់យ៉ាហ៊ូ ដែលកំពុង​ជាប់ក្តីក្តាំនៅតុលាការ ក្នុងសំណុំរឿងពុករលួយ បាន​រំលោភ​កិច្ចព្រមព្រៀង ជាមួយ​តុលាការ​កំពូល។ តុលាការ​កំពូល​ធ្លាប់​ចេញបម្រាម ហាម មិន​ឲ្យ​លោកនាយករដ្ឋមន្រ្តី (ដែលកំពុងជាប់ក្នុងសំណាញ់ក្តីក្តាំ​នៅតុលាការ) បញ្ចេញយោបល់ ឬ​ចូលរួម​ពាក់ព័ន្ធ​ក្នុង​វិស័យ​តុលាការ ដើម្បី​ជៀសវាង ទំនាស់ផលប្រយោជន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ