អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

តុលាការកំពូលអ៊ីស្រាអែលច្រានចោលច្បាប់ស្តីពីអាណានិគមកិច្ចលើទឹកដីប៉ាឡេស្ទីន

តុលាការ​កំពូល​អ៊ីស្រាអែល បាន​ចេញសេចក្តីសម្រេច​ នៅ​ថ្ងៃ​អង្គារ​ទី ១០ មិថុនា​​ ច្រាន​ចោល​ច្បាប់​ស្តី​ពី​អាណានិគមកិច្ច​អ៊ីស្រាអែលលើ​ទឹកដី​ប៉ាឡេស្ទីន។ ជា​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ដែល​នាំ​អ៊ីស្រាអែល​ឱ្យ​បាន​ក្លាយ​ជា​ម្ចាស់​ដី​រាប់​សិប​ហិចតារ នៅ​តំបន់​ស៊ីហ្សកដានី​ តែ​ក៏​ជា​ច្បាប់​ដែល​ប៉ាឡេស្ទីន​ស្រែក​បរិហារនិង​ប្រឆាំង​យ៉ាង​ខ្លាំង។

តុលាការ​កំពូល​អ៊ីស្រាអែលច្រានចោល​ច្បាប់​អាណានិគមកិច្ច​លើ​ទឹក​ដី​ប៉ាឡេស្ទីន
តុលាការ​កំពូល​អ៊ីស្រាអែលច្រានចោល​ច្បាប់​អាណានិគមកិច្ច​លើ​ទឹក​ដី​ប៉ាឡេស្ទីន © DR
ផ្សាយពាណិជ្ជកម្ម

ច្បាប់ស្តី​ពី​អាណានិគមកិច្ច​អ៊ីស្រាអែលលើ​ទឹក​ដី​ប៉ាឡេស្ទីន ​ដ៏​ចម្រូង​ចម្រាស ត្រូវ​បាន​អនុម័ត​ដោយ​សភា​អ៊ីស្រាអែល​នៅ​ឆ្នាំ​២០១៧ ប៉ុន្តែត្រូវ​បាន​​ក្រុមប្រឹក្សាមូលដ្ឋាន​ប៉ាឡេស្ទីន និងអង្គការ​ក្រៅ​រដ្ឋាភិបាល​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​ តវ៉ា​ប្រឆាំង​និង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការកំពូល​អ៊ីស្រាអែល​ឱ្យ​អារកាត់​សេចក្តី។

បើ​តាម​ខ្លឹម​សារ​​ច្បាប់​ដែល​អនុម័ត​នៅ​ថ្ងៃទី ៦​កុម្ភៈ​ឆ្នាំ​២០១៧ ​អ៊ីស្រាអែលដែល​បាន​ទៅ​សាង​សង់​ផ្ទះ​ធ្វើ​អាណានិគមកិច្ច​នៅ​ស៊ីហ្សកដានី​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​អ៊ីស្រាអែល ​អាច​នឹង​​យក​ដី​​ជា​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន មក​ធ្វើ​ជា​កម្មសិទ្ធិ​ខ្លួន​ តាម​រយៈ​សំណង​ជា​ថវិកា​។ ពោល​គឺ​ជា​ច្បាប់​ដែល​តាក់តែង​ឡើង​ជា​ប្រយោជន៍​ជនជាតិ​ជ្វីហ្វ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​​​ការ​ធ្វើ​អាណានិគម ក្រៅ​ផ្លូវការ​ មិន​ទទួលស្គាល់​ដោយ​អាជ្ញាធរ ក្លាយ​ជា​ទង្វើ​ស្រប​ច្បាប់ ហើយ​ការពារ​មិន​ឱ្យ​តុលាការ​សម្រេចមានការ​វាយ​បំផ្លា​ញ​សំណង់​នោះ​វិញ​។

សូម​បញ្ជាក់​ថា អ៊ីស្រាអែល​បាន​បែងចែក​ការ​ធ្វើ​អាណានិគមកិច្ច​ជា​ពីរ ៖ ​អាណានិគមកិច្ច​​ទទួល​ស្គាល់​ដោយ​ច្បាប់ និងអាណានិគមកិច្ចខុស​ច្បាប់​អ៊ីស្រាអែល។ ប៉ុន្តែ​ស៊ីហ្សកដានី ជា​ដែនដី​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​បាន​ចូល​ធ្វើ​អាណានិគម​តាំង​ពី​ឆ្នាំ​១៩៦៧​មក ហើយ​បើ​យោង​តាម​ច្បាប់​អន្តរជាតិ រាល់​គ្រប់​ការ​ធ្វើ​អាណានិគមកិច្ចសុទ្ធតែ​ខុស​ច្បាប់​ទាំង​អស់។​

ជាង​បី​ឆ្នាំក្រោយ​ តុលាការ​កំពូលបានផ្តល់​សេចក្តី​សម្រេច ​ច្រាន​ច្រោល​ច្បាប់​ដ៏ចម្រូង​ចម្រាស​នេះ។ ភាគី​ប៉ាឡេស្ទីន ព្រមទាំង​អង្គការក្រៅ​រដ្ឋាភិបាលដែល​ជា​អ្នក​ដើមបណ្តឹងបានសម្តែង​ការ​អបអរ និង​ស្វាគមន៍​​​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ដែល​​ជាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទង្វើ​គំរាមកំហែង​ធ្វើ​អាណានិគម​ឥត​ឈប់​របស់​អ៊ីស្រាអែល។ តែ​សម្រាប់​អ៊ីស្រាអែល​វិញ រដ្ឋមន្ត្រី​​ទទួលបន្ទុក​ការ​តាំង​លំនៅ​ បាន​បរិហារ​ថា​​តុលាការ​ប្រកាស​សង្គ្រាមប្រឆាំងនឹង​ពលរដ្ឋ​អ៊ីស្រាអែល​មិន​ឱ្យ​រស់​នៅ​លើ​ទឹក​ដី​អ៊ីស្រាអែល។

ការ​ធ្វើ​អាណានិគមកិច្ច​អ៊ីស្រាអែលជាឧបសគ្គ​មួយ​នៃ​ការ​ចរចាសន្តិភាព​ជាមួយ​ប៉ាឡេស្ទីន។ នៅ​ខែ​កក្កដា​ខាង​មុខ រដ្ឋាភិបាល​រួបរួម​​អ៊ីស្រាអែល​ ត្រូវ​ផ្តើម​​កម្មវិធី​នយោបាយ​របស់​ខ្លួន​​​តាម​ផែនការ​​​ស្នើ​ឡើង​ដោយ​រដ្ឋបាល​លោក​ដូណាល់ ត្រាំ។ ផែនការ ដែលគ្រោង​ឱ្យ​មានការធ្វើ​អាណានិគមកិច្ច​ផ្នែក​មួយ​នៃតំបន់​ស៊ីហ្សកដានី ទន្ទឹម​នឹង​សំណើ​​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ​តែ​មានដី​តូច​ជាង​មុន ដែលប៉ាឡេស្ទីន​បដិសេធ​ដាច់​ខាត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ