អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ត្រាំ​ចូលខ្លួនទៅស្តាប់បទចោទប្រកាន់នៅតុលាការ​ញូវយ៉ក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងពិភពលោក កំពុងផ្តោតចាប់អារម្មណ៍​លើអតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែលត្រូវ​ចូលខ្លួន​ទៅកាន់តុលាការ​ក្រុងញូវយ៉ក នៅថ្ងៃអង្គារ​នេះ។ ការបង្ហាញខ្លួន​របស់​ប្រធានាធិបតីទី​៤៥​របស់​អាមេរិក នៅ​តុលាការ​ក្រុងញូវយ៉ក ធ្វើឡើង នៅ៥ថ្ងៃ​ក្រោយ គណៈវិនិច្ឆ័យ​របស់​តុលាការ​ញូវយ៉ក សម្រេច​ចោទប្រកាន់ លោក​ដូណាល់ ត្រាំ នៅក្នុង​សំណុំរឿង​ពុករលួយ សូកប៉ាន់​ដើម្បីបំបិទមាត់​ស្រ្តីតារាភាពយន្ត អាសអាភៀស ម្នាក់ នៅក្នុងអំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ប្រធានាធិបតី​ឆ្នាំ ២០១៦។ នៅថ្ងៃអង្គារនេះ នៅប៉ុន្មាន​ម៉ោង​មុនការចូលខ្លួន​របស់​អតីតប្រធានាធិបតី លោក​ដូណាល់ ត្រាំ ក្នុង​អគារតុលាការ មហាវិថី ជុំវិញ ក្នុង​សង្កាត់ Manhattan ត្រូវ​បិទច្រកចូល។ ក្រៅពី​វត្តមាន​កកកុញ​របស់​អ្នកកាសែតទូរទស្សន៍ជាតិ អន្តរជាតិ រាប់រយនាក់ នៅមុខ​ច្រកចូលតុលាការ ប៉ូលិស​ញូវយ៉ក​តាមដាន​ដោយប្រយ័ត្នប្រយែង​វត្តមានរបស់​អ្នកគាំទ្រ​លោកដូណាល់ ត្រាំ ដែលអាច​បង្ក​ភាពចលាចល ដូច​ការលើកគ្នា​សម្រុកចូល​វិមានកាពីតូល កាលពី​២ឆ្នាំមុន នៅថ្ងសទី ៦​មករា ឆ្នាំ ២០២១។ 

លោក​ដូណាល់ ត្រាំ ដែល​បាន​ជិះយន្តហោះពិសេស​របស់លោក​ពីរដ្ឋ​Florida មក​ស្នាក់​នៅ​អគារក្រុមហ៊ុន Trump របស់​លោក​នៅ​ញូវយ៉ក កាលពីថ្ងៃ​ចន្ទ ត្រូវចូលទៅបង្ហាញខ្លួន នៅចំពោះមុខ​ចៅក្រមរបស់តុលាការញូវយ៉ក នៅ​ថ្ងៃ​អង្គារ ទី ៤​មេសា ម៉ោង ២និង​១៥នាទី រសៀល ម៉ោង​នៅ​ញូវយ៉ក
លោក​ដូណាល់ ត្រាំ ដែល​បាន​ជិះយន្តហោះពិសេស​របស់លោក​ពីរដ្ឋ​Florida មក​ស្នាក់​នៅ​អគារក្រុមហ៊ុន Trump របស់​លោក​នៅ​ញូវយ៉ក កាលពីថ្ងៃ​ចន្ទ ត្រូវចូលទៅបង្ហាញខ្លួន នៅចំពោះមុខ​ចៅក្រមរបស់តុលាការញូវយ៉ក នៅ​ថ្ងៃ​អង្គារ ទី ៤​មេសា ម៉ោង ២និង​១៥នាទី រសៀល ម៉ោង​នៅ​ញូវយ៉ក REUTERS - EDUARDO MUNOZ
ផ្សាយពាណិជ្ជកម្ម

សំណុំរឿង លោក​ដូណាល់ត្រាំ នៅតុលាការញូវយ៉ក បាន​ទាក់ទាញ​ប្រព័ន្ធផ្សព្វផ្សាយអាមេរិក និង​បរទេស​ឲ្យ​ទៅប្រចាំការ តាមដាន ផ្សាយជាប់ៗគ្នា ប៉ុន្មានថ្ងៃ​មកហើយ ពោល​គឺ​ចាប់តាំងពី​គណៈវិនិច្ឆ័យ និង​រដ្ឋអាជ្ញា​តុលាការ​ញូវយ៉កសម្រេច​ចោទប្រកាន់​ជាផ្លូវការ លោកដូណាល់ ត្រាំ។ លោកដូណាល់ ត្រាំ ដែលជា​អតីត​ប្រធានាធិបតី​លើក​ដំបូងគេ នៅក្នុងប្រវត្តិសាស្រ្ត​អាមេរិក ដែលត្រូវ​តុលាការ​ចោទប្រកាន់​ពីបទល្មើសព្រហ្មទណ្ឌ។

តាំង​ពីថ្ងៃចន្ទ​ម្សិលមិញ មហាវិថីមួយចំនួន​ជុំវិញ តុលាការ ក្នុង​សង្កាត់​Manhattan ត្រូវ​បិទបារ៉ាស និង​ស្ថិតក្រោម​ការយាមយ៉ាងតឹងរ៉ឹង​របស់​ប៉ូលិសញូវយ៉ក។ តាម​គម្រោង លោក​ដូណាល់ ត្រាំ ដែល​បាន​ជិះយន្តហោះពិសេស​របស់លោក​ពីរដ្ឋ​Florida មក​ស្នាក់​នៅ​អគារក្រុមហ៊ុន Trump របស់​លោក​នៅ​ញូវយ៉ក កាលពីថ្ងៃ​ចន្ទ ត្រូវចូលទៅបង្ហាញខ្លួន នៅចំពោះមុខ​ចៅក្រមរបស់តុលាការញូវយ៉ក នៅ​ម៉ោង ២និង​១៥នាទី រសៀល ម៉ោង​នៅ​ញូវយ៉ក ដែលត្រូវ​នឹង​ម៉ោង ១ភ្លឺ ម៉ោង​នៅប្រទេស​កម្ពុជា។

នៅ​ចំពោះមុខ​ចៅក្រម លោកដូណាល់ ត្រាំ ត្រូវ​ទទួល​ស្តាប់​បទចោទប្រកាន់​ជាផ្លូវការ​របស់​រដ្ឋអាជ្ញា និង​គណៈវិនិច្ឆ័យ ដែលបាន​បើកការស៊ើបអង្កេត ក្នុង​សំណុំរឿងពុករលួយ ផ្តល់ប្រាក់​ដល់​​ស្ត្រីតារាភាពយន្ត​អាសអាភៀស​អាមេរិក នៅក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ឆ្នាំ ២០១៦។ គណៈវិនិច្ឆ័យ​របស់​តុលាការ​ញូវយ៉ក សម្រេច​ចោទប្រកាន់​លោកដូណាល់ ត្រាំ ដោយផ្អែកលើ​សក្ខីកម្ម​របស់​អតីត​មេធាវី​របស់​លោកដូណាល់ ត្រាំ ដែលថា លោកដូណាល់ ត្រាំ​បាន​បញ្ជា​ឲ្យ​គាត់ផ្តល់​លុយ ១សែន ៣ម៉ឺនដុល្លារ ទៅ​ឲ្យនាងតារាភាពយន្ត Stormy Daniel ដើម្បីកុំឲ្យ​នាង​លើកយករឿង​ទំនាក់ទំនង​ផ្លូវភេទជាមួយលោក ទៅនិយាយ​នៅក្នុងពេល​ឃោសនា​បោះឆ្នោត។

នៅអាមេរិក ការផ្តល់ប្រាក់​ទៅ​ឲ្យបុគ្គលណាម្នាក់ មិនមែនជា​រឿងខុសច្បាប់នោះទេ។ ប៉ុន្តែ ក្នុងករណី​របស់​លោកដូណាល់ ត្រាំ គណៈវិនិច្ឆ័យ​របស់​តុលាការ​រកឃើញ​ថា លោក​បានក្លែងបន្លំឯកសារក្រុមហ៊ុន ដែលជា​បទល្មើសព្រហ្មទណ្ឌ ព្រោះ លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ទឹកប្រាក់​១សែន ៣ម៉ឺនដុល្លារ ក្នុងបញ្ជី​ចំណាយ​សម្រាប់​ដំណើរការផ្លូវច្បាប់​របស់​ក្រុមហ៊ុនរបស់​លោក ប៉ុន្តែ មិនមែនជា​មុខ​ចំណាយ សម្រាប់​ការឃោសនា​បោះឆ្នោត​ប្រធានាធិបតី។

លោកដូណាល់ត្រាំ នឹងត្រូវគេថតរូបវាស់កំពស់​ដូច​អ្នកទោសដទៃទៀត?

នៅតុលាការ​ញូវយ៉ក អតីតប្រធានាធិបតីអាមេរិក​ត្រូវ​ឆ្លងកាត់​នីតិវិធី ដូច​អ្នកដែលត្រូវតុលាការ​ចោទប្រកាន់ជាទូទៅ ដូចជា ត្រូវប្រាប់ឈ្មោះ ត្រកូល មុខរបរ ត្រូវ​ផ្តិត​មេដៃ ត្រូវឆ្លងកាត់​កន្លែង ថតរូប​វាស់កំពស់ រូបថត​ពី​មុខ និង​ពី​ចំហៀង​របស់​ជនជាប់ចោទ ដែល​ប៉ូលិស​អាមេរិក​តែង​បង្ហាញជាសាធារណៈ ទាក់ទង​នឹង​រូបជនជាប់ចោទ។ គេ​មិន​ច្បាស់ថា តើ​លោក​ដូណាល់ ត្រាំ នឹងត្រូវគេថតរូប វាស់កំពស់​ដែរឬយ៉ាងណានោះទេ។ បើមានពិតមែន នោះ​វាជារឿងអាម៉ាស់ខ្លាំងណាស់​សម្រាប់​លោក។ ធ្លាប់ធ្វើជាប្រធានាធិបតី​ដឹកនាំមហាអំនាច​អាមេរិក ប៉ុន្តែលោកដូណាល់ ត្រាំ ត្រូវ​មក​ធ្លាក់ខ្លួន ជាប់​ក្នុងរូបថត​អ្នកប្រព្រឹត្ត​បទល្មើស យ៉ាងដូច្នេះទៅវិញ។

លោកដូណាល់ ត្រាំ អាចត្រូវ​ថតរូបវាស់កំពស់ ប៉ុន្តែ លោកដូណាល់ ត្រាំ នឹង​មិនត្រូវ​ប៉ូលិស​វ៉ៃខ្នោះ នៅពេល​ដើរចូលក្នុងតុលាការ​នោះទេ។ នេះ​បើតាម​មេធាវី​របស់​លោកដូណាល់ ត្រាំ ក្នុងហេតុផលថា លោកដូណាល់ ត្រាំ ស្ថិតក្រោម​ការការពារ​របស់ប៉ូលិស​សហព័ន្ធ។ មិនត្រឹមតែ​មិនជាប់ខ្នោះ លោកដូណាល់ ត្រាំ លោក​ដូណាល់ ត្រាំ នឹង​មិន​ត្រូវ​គេ​បណ្តើរ​នៅតាម​ច្រកផ្លូវអាម៉ាស ដែល​ប៉ូលិស​អាមេរិក​តែងធ្វើទៅលើជនជាប់ចោទ​ជាទូទៅ។

ការកោះហៅ​លោក​ដូណាល់ត្រាំ ឲ្យ​ចូលខ្លួន​ទៅ​ស្តាប់​បទចោទប្រកាន់ នៅតុលាការ​នៅថ្ងៃនេះ​កំពុងធ្វើ​ឲ្យគេ​បារម្ភ​ពីបញ្ហា​អសន្តិសុខ

គិតរហូតមកដល់​ព្រឹក​ថ្ងៃអង្គារ នៅ​មុខ​តុលាការញូវយ៉ក ក្នុង​សង្កាត់​Manhattan មាន​សំបូរទៅ​ដោយ​អ្នកកាសែត និងប៉ូលិស ច្រើនជាង ប្រជាជនធម្មតា។ យ៉ាងណាក៏ដោយ នៅក្រោយ​របាំងរនាំង​ក្នុងបរិវេណ​មុខ​ច្រកចូល​តុលាការ គេ​ឃើញ ក្រុមអ្នកគាំទ្រ​លោកដូណាល់ ត្រាំខ្លះដែរ ប៉ុន្តែ មិនច្រើននោះទេ។ ប៉ូលិស​ញូវយ៉ក​បាន​និយាយប្រាប់ ទីភ្នាក់ងារ​ព័ត៌មាន​Reuters គេ​មិនបាន​ទទួល​សញ្ញា​អាសន្ន​ទាក់ទង​នឹង​ការគំរាមកំហែង របស់​ក្រុមបាតុករដែលគាំទ្រ​លោកដូណាល់ ត្រាំ នៅក្នុង​បរិវេណ​មុខតុលាការ​នៅថ្ងៃនេះទេ។

បើទោះបីមានការអំពាវនាវ​ពី​លោកដូណាល់ ត្រាំ ក៏ដូចជា​សមាជិកព្រឹទ្ធិសភា ដែលគាំទ្រ​លោកដូណាល់ ត្រាំ ឲ្យ​មានការធ្វើបាតុកម្ម​នៅមុខ​តុលាការក្រុងញូវយ៉ក ប៉ុន្តែ អ្នកគាំទ្រ​លោកដូណាល់ ត្រាំ​មួយចំនួន​បាន​សរសេរ​នៅ​បណ្តាញសង្គម​ថា ពួកគេ​មិន​ចង់ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង នៅ​មុខ​តុលាការ ព្រោះពួកគេ​មិន​ចង់ប្រថុយនឹង​ការចាប់ខ្លួន ដូចកាល​ពេលធ្វើបាតុកម្ម​សម្រុកចូល​វិមានកាពីតូលកាលពី​២ឆ្នាំមុន។

លោក​ដូណាល់ ត្រាំ នៅតែអាច​ចូលរួមក្នុងការ​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីអាមេរិក​ឆ្នាំ ២០២៤

លោក​ដូណាល់ ត្រាំធ្លាប់ចាត់ទុក​ការចោទប្រកាន់​ផ្នែកតុលាការ ថា ជា​ការតាមប្រមាញ់​មេធ្មប់ ជាការធ្វើទុក្ខបុកម្នេញ នយោបាយ។

តាម​មេធាវី​របស់​លោកដូណាល់ ត្រាំ លោកស្រី នៅ​ចំពោះមុខ​ការចោទប្រកាន់​ជាផ្លូវការ​របស់​តុលាការ អតីតប្រធានាធិបតីអាមេរិក​នឹង​ប្រកាស ថាខ្លួន​មិនបាន​ប្រព្រឹត្តកំហុស​ដូចការចោទប្រកាន់។ បើសិន​ដូច្នេះមែន ចៅក្រម​នឹង​អាច​សម្រេច​ដាក់​លោកដូណាល់ ត្រាំ នៅក្រៅឃុំ ក្នុងពេល​រង់ចាំ​ការបើកសវនាការ។

ឧបមាថា លោក​ដូណាល់ ត្រាំនៅទីបំផុត ត្រូវ​តុលាការរកឃើញ​បាន​ប្រព្រឹត្ត​កំហុស និង ជាប់ក្នុងបញ្ជីឈ្មោះ​អាក្រក់​របស់​តុលាការ ប៉ុន្តែ វា​នឹងមិនទៅរារាំង មិន​ឲ្យ​លោកដូណាល់ ត្រាំ ឈរឈ្មោះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី​ឆ្នាំ ក្រោយនោះទេ។ តាម​រដ្ឋធម្មនុញ្ញអាមេរិក គឺ​មានតែ​អ្នកដែលចូលរួម​ក្នុងការបះបោរ ធ្វើ​ឧទ្ទាម​ប្រឆាំងរដ្ឋអំនាច​តែប៉ុណ្ណោះ ដែល​គ្មាន​សិទ្ធិ​ឈរឈ្មោះ ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី។

ការចោទប្រកាន់​លើកនេះ មិនត្រឹម​តែ​គ្មាន​ឥទ្ធិពល រារាំង​មិន​ឲ្យ​លោកអាច​ឈរឈ្មោះ នៅក្នុង​ការបោះឆ្នោតប្រធានាធិបតី ប៉ុន្តែ វា​នៅបាន​ជួយ​ទាក់ទាញ​ឲ្យ​មុខមាត់​របស់​លោកដូណាល់ ត្រាំ​កាន់តែ​ឡើងកូដ គឺ​វា​ហាក់ដូចជាការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យលោកយ៉ាងដូច្នេះដែរ។ ជាក់ស្តែង នៅក្នុងរយៈពេលតែ ២៤ម៉ោងក្រោយ រដ្ឋអាជ្ញា​ប្រកាស​ចោទប្រកាន់ ក្រុមឃោសនា​របស់លោកដូណាល់ ត្រាំ​រៃអង្គាស​បាន​ប្រាក់ ៤លាន​ដុល្លារ​សម្រាប់យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោកដូណាល់ត្រាំ។ ទូរទស្សន៍អង់គ្លេស BBC ចុះផ្សាយ​ថា រហូតដល់​ថ្ងៃនេះ ក្រុមលោក​ដូណាល់ ត្រាំ បាន​ទទួលប្រាក់ឧបត្ថម្ភ ពីអ្នកគាំទ្រ ចំនួន​៨លាន​ដុល្លារ។

លោក​ដូណាល់ ត្រាំ​កំពុងជាប់ក្នុងការស៊ើបអង្កេត​ផ្សេងទៀត

ទោះជា​លោកដូណាល់ ត្រាំ អាច​បញ្ចប់​សំណុំរឿង​ក្លែងបន្លំឯកសារ​ក្រុមហ៊ុន ប៉ុន្តែ នៅមាន​សំណុំរឿង​ជាច្រើន​ផ្សេងទៀត ដែលកំពុង​តាមលងរូបលោក​ជានិច្ច ដែលនៅក្នុង​នោះ មាន​សំណុំរឿងមួយ ដែលនឹង​អាច​ទៅរារាំង មិនឲ្យ​លោកដូណាល់ ត្រាំ សម្រេច មហិច្ឆតាដើម្បី​ឈ្នះឆ្នោត ក្លាយជា​ប្រធានាធិបតី​សាជាថ្មី។

ត្រូវដឹងថា លោកដូណាល់ត្រាំ សព្វថ្ងៃ​កំពុង​ជាប់ក្នុងសំណាញ់ស៊ើបអង្កេតទាក់ទង​នឹង​សំណុំរឿងឧក្រិដ្ឋ​មួយចំនួនដូចជា ការសម្រុកចូល​ក្នុងវិមានកាពីតូល។ តុលាការ​សហព័ន្ធ​កំពុង​ស៊ើបអង្កេត​លើ​តួនាទី​របស់​លោក នៅក្នុង​ការលើកគ្នា​សម្រុកចូល​របស់​ក្រុមគាំទ្រ​លោកដូណាល់ត្រាំ នៅក្នុងវិមានកាពីតូល។ លោកដូណាល់ ត្រាំ ត្រូវប៉ូលិស​សហព័ន្ធ​ស៊ើបអង្កេត​ថា បាន​លួចលាក់ទុក​ឯកសារសម្ងាត់ជាតិ។ លោកត្រូវ​ប៉ូលិស​FBI ចោទប្រកាន់ផងដែរ ថា បានប៉ុនប៉ង​រារាំង​មិន​ឲ្យ​គេចូលទៅរឹបអូស​យកឯកសារ​សម្ងាត់​ពីវីឡារបស់​លោក​នៅ​រដ្ឋ​Florida។ មួយវិញទៀត សព្វថ្ងៃ​នេះ តុលាការ​ក្នុង​រដ្ឋ Georgia កំពុង​បើកការស៊ើបអង្កេត ទៅលើ​ករណី​ដែលថា លោកដូណាល់ ត្រាំ អាច​ដាក់សម្ពាធ​ទៅលើ​អាជ្ញាធរ​របស់​រដ្ឋ​នេះ ឲ្យកែប្រែ​លទ្ធផល​ឆ្នោត ក្នុងគោលដៅ ជួយ​ឲ្យ​លោក​អាច​ឈ្នះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ