អានតួអត្ថបទ
ដូណាល់ត្រាំ-តុលាការញូវយ៉ក

តុលាការ​ញូវយ៉ក​សម្រេច​ចោទប្រកាន់​លោកដូណាល់ ត្រាំ​ពី​បទ​ព្រហ្មទណ្ឌ

លោកដូណាល់ ត្រាំ​ត្រូវ​តុលាការ​ចោទប្រកាន់ ក្នុង​បទព្រហ្មទណ្ឌ ដែលជារឿង​មិនធ្លាប់កើតមាន សម្រាប់​អតីត​ប្រធានាធិបតី​អាមេរិក។ តាមការអះអាង​របស់មេធាវី​លោកដូណាល់ ត្រាំ កាលពី​ព្រហស្បតិ៍ ម្សិលមិញ អតីតប្រធានាធិបតីអាមេរិក​ត្រូវ​ចូលខ្លួន​ទៅ​ស្តាប់​ការចោទប្រកាន់ នៅ​តុលាការ​ក្នុង​ទីក្រុង​ញូវយ៉ក នៅថ្ងៃអង្គារ​សប្តាហ៍​ក្រោយ។ តុលាការ​ក្រុង​ញូវញ៉ក​មិនទាន់​ប្រកាស​ផ្លូវការ បទចោទប្រកាន់​ប្រឆាំង​លោកដូណាល់ ត្រាំ ប៉ុន្តែ អតីតប្រធានាធិបតីអាមេរិក​អាច​ត្រូវតុលាការ​ចោទប្រកាន់ ក្នុង​សំណុំរឿង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងអំឡុង​ពេលឃោសនា​បោះឆ្នោត​ប្រធានាធិបតី កាលពីឆ្នាំ ២០១៦។ នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃម្សិលមិញ លោកដូណាល់ ត្រាំដែលសង្ឃឹម​ត្រលប់មកកាន់សេតវិមានសាជាថ្មី នៅ​ឆ្នាំ ២០២៤ បាន​បរិហារ ការធ្វើ​ទុក្ខ​បុកម្នេញ​នយោបាយ។

នាងតារាភាពយន្ត Stephanie Clifford ឈ្មោះក្រៅ Stormy Daniel ទទួលស្គាល់ និងប្រាប់ក្រុមស៊ើបអង្កេត​ថា នាងបានទទួលលុយ​ជាង​១សែនដុល្លារ​ពីមេធាវី​របស់​លោកដូណាល់ ត្រាំ នៅក្នុងអំឡុងពេល​លោក​ដូណាល់ ត្រាំ ធ្វើឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦
នាងតារាភាពយន្ត Stephanie Clifford ឈ្មោះក្រៅ Stormy Daniel ទទួលស្គាល់ និងប្រាប់ក្រុមស៊ើបអង្កេត​ថា នាងបានទទួលលុយ​ជាង​១សែនដុល្លារ​ពីមេធាវី​របស់​លោកដូណាល់ ត្រាំ នៅក្នុងអំឡុងពេល​លោក​ដូណាល់ ត្រាំ ធ្វើឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ REUTERS - REUTERS FILE PHOTO
ផ្សាយពាណិជ្ជកម្ម

ក្រោយជួបប្រជុំជាមួយ​គណៈវិនិច្ឆ័យ និង​រដ្ឋអាជ្ញា​ក្រុងញូវយ៉ក កាលពីថ្ងៃ​ព្រហស្បតិ៍ លោកស្រី Susan Necheles មេធាវី​របស់​លោកដូណាល់ ត្រាំ បាននិយាយ​ថា លោកដូណាល់ ត្រាំ ត្រូវរដ្ឋអាជ្ញា​ចោទប្រកាន់​ជាផ្លូវការ​ពី​បទព្រហ្មទណ្ឌ នៅក្នុង​រឿងប្រព្រឹត្តអំពើពុករលួយ នៅក្នុង​អំឡុងពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី អាមេរិក។

ដំណឹងចោទប្រកាន់អតីតប្រធានាធិបតី ដែល​មិនធ្លាប់​កើតមាន នៅក្នុងប្រវត្តិនយោបាយ​អាមេរិក កើតឡើង នៅក្រោយ រដ្ឋអាជ្ញា​ក្រុង​ញូវយ៉ក ដែលទើបចូលកាន់តំណែង​នៅ​ខែ​មករាដើមឆ្នាំនេះ សម្រេច​សើរើសំណុំរឿងក្តី ដែលនៅក្នុងនោះ លោកដូណាល់ត្រាំ ត្រូវ​សង្ស័យថា បានប្រើប្រាស់ថវិកា ១សែន ៣ម៉ឺនដុល្លារ ដើម្បី​ឲ្យ​ទិញភាពស្ងៀមស្ងាត់​របស់​ស្រ្តីតារាភាពយន្ត​អាសអាភៀស​ម្នាក់ មិន​ឲ្យ​និយាយ​បរិហារលោក នៅក្នុងពេលអំឡុង​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦។

សំណុំរឿងក្តីនេះ​ត្រូវ​តុលាការ​ញូវយ៉ក​បើកការស៊ើបអង្កេត​តាំង​ពីឆ្នាំ ២០១៨ នៅបន្ទាប់ពី អតីត​មេធាវី​ម្នាក់​របស់លោកដូណាល់ ត្រាំ ដែលក្រោយមក​បាន​ក្លាយ​ជា​សត្រូវរបស់​លោកដូណាល់ ត្រាំ និង​ត្រូវ​ផ្តន្ទាទោស​នៅតុលាការ បាន​សារភាពថា លោកដូណាល់ ត្រាំ បានបញ្ជា​ឲ្យ​លោក​យក​លុយ ១សែន ៣ម៉ឺនដុល្លារ ទៅសូក​ប៉ាន់ នាងតារាភាពយន្ត Stormy Daniel ដើម្បីកុំឲ្យ​នាង​លើកយករឿង​ទំនាក់ទំនង​ផ្លូវភេទជាមួយលោក ទៅនិយាយ​នៅក្នុងពេល​ឃោសនា​បោះឆ្នោត។

សម្រាប់​គណៈវិនិច្ឆ័យ​ក្រុង​ញូវយ៉ក លោកដូណាល់ ត្រាំ បាន​រំលោភច្បាប់បោះឆ្នោត ដែលជា​បទល្មើសព្រហ្មទណ្ឌ ពី​ព្រោះលោក​មិនបាន​និយាយពី​ការចាយលុយ ជាង ១សែនដុល្លារ ទៅក្នុង​បញ្ជី​ប្រកាសប្រាក់ចំណាយសម្រាប់ការបោះឆ្នោត។ តាមប្រព័ន្ធចុះផ្សាយ​អាមេរិក លោកដូណាល់ ត្រាំ ត្រូវតុលាការក្រុងញូវយ៉ក​កោះហៅ​ឲ្យ​ទៅបង្ហាញខ្លួន នៅសប្តាហ៍ក្រោយ ដើម្បី​ស្តាប់​បទចោទប្រកាន់​ផ្លូវការ។ ក្នុងករណី​លោកបដិសេធមិនបង្ហាញខ្លួន តុលាការ​ក្រុងញូវយ៉ក​អាច​ទាមទារ​ការធ្វើបត្យប័ន​ពី​រដ្ឋ​Florida ជាទីដែល​មហាសេដ្ឋីអាមេរិក ដូណាល់ ត្រាំ ធ្វើការ និងស្នាក់នៅ ភាគច្រើន​នៅក្រោយ ចប់អាណត្តិប្រធានាធិបតីអាមេរិកនៅ​ឆ្នាំ ២០២១។

នៅក្នុង​សេចក្តីថ្លែងការណ៍​នៅថ្ងៃ​ព្រហស្បតិ៍ អតីត​ប្រធានាធិបតី​ទី​៤៥​របស់អាមេរិក ដែលចាប់ផ្តើម​ឃោសនា​តាំងពីខែ​វិច្ឆិកាឆ្នាំមុន សម្រាប់ត្រៀមការបោះឆ្នោតប្រធានាធិបតី​ឆ្នាំ ២០២៤ បាន​បរិហារ​គូប្រជែង​នយោបាយ​របស់លោក ថា កំពុង​ធ្វើទុក្ខបុកម្នេញ​នយោបាយ ដែលលោកប្រៀបប្រដូចទៅនឹង​ការប្រមាញ់តាមចាប់មេធ្មប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ