អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិនកំពុង​ក្លាយ​ជា​តួអង្គនយោបាយគន្លឹះ​នៅដើម​បូព៌ា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​នេះ មាន​ជំនួបជាន់​ខ្ពស់​​​ដ៏​កម្រ​មួយ​រវាង​រដ្ឋមន្ត្រី​ការបរទេសអ៊ីរ៉ង់ និង​ រដ្ឋមន្ត្រីការបរទេស​​អារ៉ាប៊ីសាអូឌីត នៅទីក្រុង​ប៉េកាំង។ ក្រោមម្លប់​ចិន មហាអំណាច​ប្រចាំ​តំបន់​ដែល​ធ្លាប់​តែ​ប្រជែងឥទ្ធិពល​គ្នា អ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីត បាន​ចាប់​ផ្តើម​​ពិភាក្សានិង​ផ្តោះប្តូរ​យោបល់​គ្នា អំពី​​របៀបវារៈ​នៃ​​ដំណើរការត​ភ្ជាប់​ទំនាក់ទំនង​ជា​ធម្មតា​នឹង​គ្នា​ឡើង​វិញ។ 

រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ Hossein Amir-Abdollahian (ស្តាំ) និង​សមភាគី​អារ៉ាប៊ីសាអូឌីត Faisal bin Farhan al-Saud នៅប៉េកាំង ថ្ងៃទី ៦ មេសា ២០២៣
រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ Hossein Amir-Abdollahian (ស្តាំ) និង​សមភាគី​អារ៉ាប៊ីសាអូឌីត Faisal bin Farhan al-Saud នៅប៉េកាំង ថ្ងៃទី ៦ មេសា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​ជំនួប​ផ្លូវការ​លើក​ទីមួយ​ហើយ​ សម្រាប់​មហាអំណាច​ប្រចាំ​តំបន់ទាំងពីរ​ គិត​ចាប់ពី​ថ្ងៃ ចុះកិច្ចព្រមព្រៀង​ផ្សះផ្សា​គ្នា​មក។

ក្រោមការ​ផ្តួចផ្តើម​របស់​ចិន នៅថ្ងៃ​នេះរដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក ហូសាន់ អាមៀរ អាប់ដូឡាយ៉ាន និង​សមភាគី​អារ៉ាប៊ីសាអូឌីត ហ្វៃសាល់ បេន ហ្វាហាន បាន​ជជែក​ផ្តោះប្តូរ​យោបល់​​ ជា​សំខាន់​ទៅ​លើ​​​របៀបវារៈ​នៃ​ការត​ភ្ជាប់​ទំនាក់ទំនង​​​​ជា​ធម្មតា​នឹង​ឡើង​វិញ​ និង​អំពី​វិធានការ​ដែល​ត្រូវប្រកាន់​យក​ដើម្បី​បើក​ស្ថានទូត និង​ស្ថានកុងស៊ុល​នៅក្នុង​ប្រទេស​ទាំងពីរ។

ប្រមុខ​ការទូត​​ទាំងពីរ បាន​​សេចក្តី​ថ្លែងការណ៍​រួម​ ​ប្តេជ្ញា​បន្តការ​ងារ​ផ្សះផ្សា​ប្រទេស​ទាំងពីរ​ឱ្យ​ខិត​ចូល​ជិត​គ្នា ប្រកប​ដោយ​​​ទំនុក​ចិត្ត​លើ​គ្នា និង​​មាន​កិច្ចសហប្រតិបត្តិការ​ទ្វេ ​ដើម្បី​ សន្តិសុខ​ ស្ថិរភាព​ និ​ងភាពរុងរឿង តំបន់។

ស្តារ​ទំនាក់ទំនង​ជា​ធម្មតា​នឹង​គ្នា​ឡើង​វិញ បាន​សម្រេច​នាំ​ឱ្យអ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីត​អាច​​បើក​ស្ថានទូត​ឡើង​វិញ​ពាក់​កណ្តាល​ខែ​ឧសភា និងដាក់​ឱ្យ​ដំណើរការ​​ឡើង​វិញ​នូវ​កិច្ចសហប្រតិបត្តិការ ​សេដ្ឋកិច្ច​និង​សន្តិសុខ ដែល​ប្រទេស​ទាំងពីរ​ធ្លាប់​បាន​ចុះ​ហត្ថលេខា​កាលពីជាង​ ២០​ឆ្នាំ​មុន​។ ដំណឹង​នេះ​នឹង​ត្រូវ​ប្រកាសជា​ផ្លូវការ​​ នៅ​ចុង​ខែ​មេសា ក្នុង​ពេល​ដែល​ប្រធានាធិបតី​អ៊ីរ៉ង់​អញ្ជើញទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​រីយ៉ាដ ស្រប​តាមការ​អញ្ជើញ​របស់​ស្តេច​អារ៉ាប៊ីសាអូឌីត។

ជំនួប​ថ្ងៃ​នេះ​ភស្តុតាង ថា​ ​អ្វី​ៗ​កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​ប្រទេស​ទាំងពីរ​បាន​ចុះ​ហត្ថលេខា​កាលពី​ដើមខែ​មីនា។ ​ជា​គូប្រជែង​ឥទ្ធិពល​ក្នុង​តំបន់ និងមើល​មុខ​គ្នា​មិន​ចំ​ ​តាំងពី​ឆ្នាំ ២០១៦​មក អ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីត​បាន​ប្រកាសដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយនៅ​ថ្ងៃទី ១០​មីនា​២០២៣ អំពី​​ឆន្ទៈ​ភ្ជាប់ទូត​នឹង​គ្នា​ឡើង​វិញ​ ក្រោយ​ពី​បាន​ជួប​ចរចា​គ្នា​ស្ងាត់ៗ អស់​រយៈ​ពេល​២ឆ្នាំ ដោយ​មាន​ចិន​ជា​អន្តរការី។

ហេតុអ្វី​ចិន​​ចង់​បាន​ការ​ផ្សះផ្សារវាង​អ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត ?

តាំងពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ ដោយ​តាំង​ខ្លួន​ជា​មហាអំណាច​ពិភពលោក​មួយ​ដែរនោះ ចិនបានចេញ​​មុខ​ចូល​​សម្រប​សម្រួល​ជម្លោះ​ច្រើន​ណាស់ សរុប​ប្រមាណ​១៥ជម្លោះ មាន​ជាអាទិ៍​សំណុំ​រឿង​អ៊ុយក្រែន ជម្លោះ​អ៊ីស្រាអែល​ប៉ាឡេស្ទីន ... និង​សំណុំ​រឿង​អ៊ីរ៉ង់​-អារ៉ាប៊ីសាអូឌីត​នេះ​ឯង។ ចិនត្រូវ​តែ​សម្របសម្រួល​ប្រទេស​ទាំងពីរ​នេះ មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ឡើង​វិញ។ ចិន​ពិត​ជា​មិន​អាច​​នៅសុខ​ស្រួល​ក្នុង​អារម្មណ៍​ទេ បើ​​អ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីត​នៅឈ្លោះ ប្រជែង​ឥទ្ធិពល​គ្នា​នោះ ព្រោះ​អ៊ីរ៉ង់ គឺ​សម្ព័ន្ធមិត្ត​ដ៏​យូរលង់របស់​ចិន​ ឯ​អារ៉ាប៊ីសាអូឌីតជា​អ្នក​ផ្គត់ផ្គង់​ប្រេងកាត​ដ៏​សំខាន់ឱ្យ​ប៉េកាំង។

ម្យ៉ាង​ទៀត ​ចិន​ត្រូវ​ការ​មាន​ដៃគូ​ចម្រុះ ​មាន​ទម្ងន់​នយោបាយ​នៅ​តំបន់​ដើមបូព៌ា នៅ​តំបន់​ឈូង​សមុទ្ទពែក្ស ព្រោះប៉េកាំង​ត្រូវ​ការ​បង្ហាញ​ក្រុមបស្ចិមលោក ដែល​រិះគន់​ចិន​ឥតឈប់ ជាពិសេស​​រឿង​សង្គ្រាម​នៅអ៊ុយក្រែន ថា​ចិន​មាន​ជម្រើស​​ផ្សេង​ មាន​មិត្ត​ថ្មី​ ហើយ​អាច​រួម​រស់​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​ នៅ​អាស៊ី នៅ​ដើម​បូព៌ា។

​ចិន​យល់​ច្បាស់​ណាស់​ថា មហិច្ឆតា​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ជុំ​វិញ​គម្រោង​ផ្លូវសូត្រ​ថ្មី​ដ៏មហិមា ត្រូវ​អម​ដោយ​មហិច្ឆតាសន្តិសុខ និង​ត្រូវមាន​ប្រទេស​ជិត​ខាង​ដែល​មិន​ប្រឆាំង​នឹង​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ខ្លួន។ បន្ទាប់​ពី​បាន​ចូល​ទៅ អាហ្វ្រិក​ និង​អាស៊ី អារ៉ាប៊ីសាអូឌីត ជា​រាជាណាចក្រ​ដ៏​សំខាន់ និង​ជា​កូន​សោ​ ​បើកទ្វារ​នាំ​ចិន​​ទៅ​កាន់​រាជាណាចក្រ​ប្រេងកាត​ផ្សេង​ទៀត​នៅ​​តំបន់​ឈូង​សមុទ្ទពែក្ស។ តាំង​ពី​ឆ្នាំ​២០១៦មកចិន​បាន​ចាប់​ផ្តើម​ធ្វើការ​វិនិយោគ​ច្រើន​នៅ​តំបន់ដើម​បូព៌ា​នេះ​ និង​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​​ ជាតួអង្គ​នយោបាយ​ដ៏​សំខាន់​របស់​តំបន់ មិន​មែន​មាន​នាម​ត្រឹម​ជា​អ្នក​​ទិញ​ប្រេង​ធម្មតាទេ។

​​អាមេរិកដក​ដៃ​ ចិនកាន់​តែ​បាន​ឱកាស

ហើយ​ប៉េកាំង​ខុស​ពី​អាមេរិក ! ចិន​អាច​រក្សា​ទំនាក់ទំនង​ល្អ ទាំង​ជាមួយ​អារ៉ាប៊ីសាអូឌីតផង​ជាមួយអ៊ីរ៉ង់ផង និង​ជាមួយអ៊ីស្រាអែល​ទៀត។ ជាមួយ​អ៊ីរ៉ង់​ ចិន​មាន​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​រយៈ​ពេល​២៥​ឆ្នាំ​ចុះ​ហត្ថលេខា​​កាលពី​ឆ្នាំ​២០២១។ ជាមួយ​អារ៉ាប៊ីសាអូឌីត ចិន​មានកិច្ចសហប្រតិបត្តិការ​ផ្លូវសូត្រ​ថ្មី​និង​គម្រោង​​ទំនើបកម្ម​រាជាណាចក្រ“ទស្សនវិស័យ​២០៣០”​ ស្នើ​ឡើង​រាជបុត្រ​ស្នង​រាជ​មូហាមេដ បេន សាល់ម៉ាន។

អារ៉ាប៊ីសាអូឌីត ក៏ដូច​ជា​អ៊ីរ៉ង់ សុទ្ធ​តែ​ចង់​ចូល​ជា​សមាជិកBric (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិក​ខាង​ត្បូង) និង​អង្គការ​សហប្រតិបត្តិការសៀងហៃ ដែល​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​ចិន​និង​រុស្ស៊ី​សម្រាប់​សម្របសម្រួល​សកម្មភាព​នៅអាស៊ីកណ្តាល ប៉ុន្តែក៏​អាច​ពង្រីក​ដល់​ដើមបូព៌ា​បាន​ដែរទេតើ !

ចំណែក​ឥទ្ធិពល​អាមេរិក​ក្នុងតំបន់​កំពុង​​ចុះ​ថយដោយ​ឯងៗ​ សម្រាប់​ពេល​នេះ ដោយ​អាមេរិករវល់​នៅ​​អឺរ៉ុប​ ដើម្បី​ប្រឈម​នឹង​សង្គ្រាម​របស់​លោក​ពូទីន​នៅអ៊ុយក្រែន។ ហើយប្រទេសខ្លាំងៗ​​ក្នុង​តំបន់​ ដូច​យ៉ាង​ ​អារ៉ាប៊ីសាអូឌីត ​តួកគី​ កំពុង​ឆ្លៀត​ឱកាស​ពង្រឹង​ខ្លួន​ជា​មហាអំណាច​ប្រចាំតំបន់​​ តាម​រយៈ​នយោបាយ​ពហុការទូត ដោយ​ទៅ​​ត្រូ​វ​ជាមួយ​ចិន​ និង​រុស្ស៊ី តែ​​មិន​បោះបង់​អាមេរិក​។ ល្បែង​បែប​​នេះចិន​ចូល​ចិត្ត​ណាស់ និង​​ជា​​​ឱកាសសម្រាប់​ចិន​ជ្រៀត​ពង្រីក​ឥទ្ធិពល​និ​ងតួនាទី​នយោបាយក្នុង​តំបន់។

ប៉ុន្តែ​ទោះបី​ជា​អាមេរិកហាក់​ដក​ថយ​បន្តិច​មែន តែ​អាមេរិក នៅ​តែ​ជា​មហាអំណាច​យោធាបរទេស​ប្រចាំ​តំបន់​ដើម​បូព៌ា​នេះ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ