អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង ធ្លាក់​ចំណាត់​ថ្នាក់ ក្រោយ​មានភាព​តានតឹង​សង្គម​និង​​បាតុកម្ម​ប្រឆាំងច្បាប់​សោធននិវត្តន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

Fitch ភ្នាក់ងារ​ទទួល​បន្ទុក​វាយតម្លៃហានិភ័យ​បំណុលរបស់​រដ្ឋ​នីមួយៗ ​បាន​ទម្លាក់​ចំណាត់​ថ្នាក់​ប្រទេស​បារាំង មួយ​កំរិត។ ភ្នាក់ងារ​Fitch​ បាន​លើក​ឡើង​អំពី​ភាព​ទ័លច្រក​នយោបាយ​និង​កំណែទម្រង់​ច្បាប់​សោធននិវត្តន៍​របស់​រដ្ឋាភិបាល លោក ម៉ាក្រុង។ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​បារាំង បាន​សេចក្តី​ថ្លែងការណ៍​នៅថ្ងៃ​សៅរ៍​នេះ​ភ្លាមថា ជា​ការ​វាយតម្លៃ​បែប​​​ទុទ្ទិដ្ឋនិយម។

Fitch ទម្លាក់​ចំណាត់ថ្នាក់ បារាំង ក្រោយ​មានភាព​តានតឹង​សង្គម​និង​​បាតុកម្ម​ប្រឆាំងច្បាប់​សោធនិវត្តន៍
Fitch ទម្លាក់​ចំណាត់ថ្នាក់ បារាំង ក្រោយ​មានភាព​តានតឹង​សង្គម​និង​​បាតុកម្ម​ប្រឆាំងច្បាប់​សោធនិវត្តន៍ Krause/File Photo
ផ្សាយពាណិជ្ជកម្ម

Fitch ដែល​ជា​ភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល មួយ​ក្នុង​ចំណោម​ភ្នាក់ងារអន្តរជាតិ​​ដ៏​សំខាន់​ចំនួន​បួន​ បាន​បញ្ចុះ​ចំណាត់​ថ្នាក់​ប្រទេស​មួយ​កំរិត គឺ​ពី​AA ទៅ​AA-​​។

​ភ្នាក់ងារបាន​ពន្យល់​ថា​​ បារាំង​មិនត្រឹម​​តែ​មាន​​​បំណុល​ និង​ឱនភាព​ថវិកា ខ្ពស់​ខ្លាំង​ទេ តែ​ថែម​ទាំង​មាន​ភាព​ទ័លច្រក​នយោបាយ និង​សម្ពាធ​សង្គម​តាម​តឹង​ខ្លាំង ដែល​ស្តែង​​ជា​កូដកម្ម​ បាតុកម្ម​ ពេញ​ផ្ទៃ​ប្រទេស និងជួន​ដោយ​មានអំពើ​ហិង្សា​ទៀត។

បារាំង​ចាប់​ផ្តើម​មាន​កំណើន​សេដ្ឋកិច្ច​មែន ប៉ុន្តែ​ក្នុង​កំរិត​ទាប​ជាង​ការ​រំពឹង​ទុក។ Fitch ព្យាករ​ថា​ឆ្នាំ​នេះ​បារាំង​ត្រូវ​មាន​កំណើន​១,១% តែ​ជាក់​ស្តែង​មាន​ត្រឹម​០,៨% និង​មាន​ត្រឹម​តែ​១,៣%​នៅ​ឆ្នាំ​២០២៤ទល់​នឹង​១,៩%​នៅក្នុង​ការ​ព្យាករណ៍​មុន។ ចំណែក​រដ្ឋាភិបាល​បារាំង​ខ្លួន​ឯង​រំពឹង​លើ​ផែនការ​កំណើន​សេដ្ឋកិច្ច​១%។

សម្រាប់ភ្នាក់ងារ បារាំង​មាន​​ឱន​ភាព​ថវិកា និង​បំណុលសាធារណៈ​ ​ធំណាស់ តែ​មិន​សូវ​​ប្រឹង​ប្រែង​កាត់​បន្ថយទេ។​ បន្ទាប់​ពី​ធ្លាក់​ចុះមក​នៅ​ ៤,៧%​នៅឆ្នាំ​២០២២ ឱនភាព​សាធារណៈ​បារាំង​ចាប់​ស្ទុះ​ឡើង​វិញ​នៅឆ្នាំ​នេះ​ដល់​៤,៩% រួចចូល​ដល់​ឆ្នាំ​២០២៤​ទើប​អាច​ចាប់​ផ្តើម​ធ្លាក់​ចុះ​ជា​សន្សឹមៗ​មក​វិញ​។ ប៉ុន្តែ​ភ្នាក់ងារ​Fitch គិត​ថា​ឱនភាពបារាំងឆ្នាំ​នេះ​មាន​កំរិត​៥% និង​៤,៧%​នៅ​ឆ្នាំក្រោយ។ ចំពោះ​​បំណុលវិញ​ តាម​គម្រោង​ បំណុល​សាធារណៈបារាំង​នឹង​កើន​ឡើង​ដល់​១០៨,៣% នៅឆ្នាំ​២០២៧។ ទាប​ជាង​ការ​ព្យាករណ៍​មុន​មែន ប៉ុន្តែ​ខ្ពស់​ជាង​កម្មវត្ថុ​កំណត់​ដោយ​សហភាព​អឺរ៉ុប​ឆ្ងាយ​ណាស់។ អឺរ៉ុប​អនុញ្ញាត​ឱ្យ​សមាជិក​មាន​បំណុល​ត្រឹម​៣%​នៃ​ផលិតផល​សរុប​របស់​ប្រទេស​តែ​ប៉ុណ្ណោះ។

បាតុកម្មទ្រង់ទ្រាយធំ ថ្ងៃ​​​១ឧសភា

ស្ថានភាព​សេដ្ឋកិច្ច​មិន​សូវ​ល្អ​ហើយ ត្រូវ​ជួប​នឹង​បញ្ហា​សង្គម​ទៀត។ នៅក្នុង​សេចក្តី​ថ្លែងការណ៍ ភ្នាក់ងា​រ​Fitchបាន​លើក​ឡើង​ថា កាលពី​៦​សប្តាហ៍មុន រដ្ឋាភិបាល​បារាំង​របស់​លោក​ម៉ាក្រុង អនុម័ត​គម្រោង​កំណែទម្រង់​ច្បាប់​សោធននិវត្តន៍ ដំឡើង​អាយុចូល​និវត្តន៍​ពី​៦២ទៅ​៦៤​ឆ្នាំ ដោយ​ប្រើ​មាត្រ​៤៩,៣ នៃ​រដ្ឋធម្មនុញ្ញតែ​ម្តង ពោល​គឺ​ដោយ​មិន​ឆ្លង​កាត់​ការបោះឆ្នោត​នៅសភា​ទេ។ ជម្រើស​អនុម័ត​ច្បាប់​បែប​នេះ បាន​ជំរុញ​ឱ្យ​មានឆន្ទៈ​​ប្រឆាំង​កាន់​តែ​ខ្លាំង​ និង​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​កាន់​តែ ហិង្សា។

នៅថ្ងៃ​ចន្ទទី ១ ឧសភា ដែល​ជា​ប្រពៃណី​នៅក្នុង​ប្រទេស​បារាំង​ តែង​តែ​មាន​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ដើម្បី​បុព្វហេតុ​ច្បាស់​លាស់​ណាមួយ​ស្រាប់​ផង នឹង​មាន​ចលនា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​អនេក។ ​ក្រុម​សហជីព​​ទាំងអស់ (៨) របស់​បារាំង​ នឹង​ចាប់​ដៃ​គ្នា​ជា​ធ្លុង​មួយ ដង្ហែ​ក្បួន​ ប្រែក្លាយ​ថ្ងៃទី​១ឧសភា​ទៅ​ជា​ទិវាប្រជាជនគ្នា ចារ​ក្នុង​​ប្រវត្តិសាស្ត្រ​ ប្រឆាំងនិងទាមទារ​ឱ្យ​រំលាយកំណែទម្រង់​ច្បាប់​សោធននិវត្តន៍​វិញ។ ជា​ការ​រួប​រួម​គ្នា​ជា​ធ្លុងធ្វើ​បាតុកម្ម​ដែល​ពុំ​ធ្លាប់​មាន​ទេ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៩- ឆ្នាំមាន​បាតុកម្ម​ប្រឆាំង​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ​មក។

អ៊ីចឹង​ហើយ​បាន​ជា​ភ្នាក់ងារ​Fitch សម្រេច​បញ្ចុះ​ចំណាត់​ថ្នាក់​បារាំង។ សម្រាប់​​ភ្នាក់ងារ ភាព​តាន​តឹង​ក្នុង​សង្គមបារាំង ​មួយ​រយៈ​ចុងក្រោយ​មក​​នេះ បាន​ធ្វើ​ឱ្យ​គម្រោង​ច្បាប់​ធ្វើ​កំណែទម្រង់​មាន​ហានិភ័យ​ខ្ពស់ ហើយ​អាច​បង្កើត​ជា​សម្ពាធ​សង្កត់​លើ​នយោបាយ​ថវិកា​ផង​ ឬ​អាច​នឹងធ្វើ​ឱ្យ​គម្រោង​កំណែទម្រង់​មុន​​ក្រឡាប់​ចាក់​បាន។

​ផលវិបាក​នៃ​ចំណាត់​ថ្នាក់

​​​ការ​បញ្ចុះ​ចំណាត់​ថ្នាក់ របស់​Fitch ជា​ការ​វាយសំពង​លើ ​​សេដ្ឋកិច្ច ហរិញ្ញវត្ថុ​ ​បារាំង​ផង និង ​ជា​ពិសេស​ ​លើ​នយោបាយ​របស់រដ្ឋាភិបាល​​លោក​ម៉ាក្រុង។ តែ​ដោយជាក់ស្តែងនោះ សមត្ថភាព​ហិរញ្ញវត្ថុ​បារាំង​មិន​ចោទ​ជា​បញ្ហា​ទេ​នៅលើ​ទីផ្សារ។ ​បារាំងមិន​ពិបាក​រក​អ្នក​វិនិយោគ​ឡើយ​។ កាលពី​ឆ្នាំ​២០១២-២០១៣ បារាំង ធ្លាប់​ធ្លាក់​ចំណាត់​ថ្នាក់​ម្តង​ពី AAA មក​AA ហើយ​កាលណោះ​បារាំង​ក៏​មិន​បាន​បាត់​បង់​អ្នក​វិនិយោគ​ដែរ។  គ្រាន់​តែ​ថា​ អត្រា​ការប្រាក់​​ត្រូវ​ឡើង​ខ្ពស់​ជាង​មុន។ អត្រាការ​ប្រាក់​បាន​ឡើង​មួយ​ឆ្នាំ​ហើយ​ពី ១ទៅ​៣%​ ព្រោះ​ថា កាលពី​សប្តាហ៍​មុន​ ភ្នាក់ងា​រវាយ​តម្លៃ​ហានិភ័យ​បំណុល​មួយ​ទៀត គឺ Moody’s បាន​រក្សា​ចំណាត់ថ្នាក់​ដដែល តែ​កាលពី​ខែ​ធ្នូ​២០២២ ភ្នាក់ងារ​ Standard and Poor’s បាន​សេចក្តី​សម្គាល់ អំពី​ស្ថានភាព​ធ្លាក់​ចុះនៃ​ហិរញ្ញវត្ថុសាធារណៈ​​បារាំង​ដោយ​ហេតុ​តែ វិបត្តិ​ថាមពល ហើយ​គ្រោង​នឹង​បញ្ចុះ​ចំណាត់​ថ្នាក់​ដែរ​នៅក្នុង​របាយការណ៍​វាយតម្លៃ​របស់​ខ្លួន​ដែល​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២​មិថុនា​ខាង​មុខ។

​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​បារាំង​បាន​បញ្ចេញ​ប្រតិកម្មភ្លាម​​ នៅថ្ងៃ​សៅរ៍​នេះ តាម​រយៈ​សំឡេង​របស់​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ដោយចាត់​ទុក​ការ​វាយ​តម្លៃ​របស់ភ្នាក់ងារ​Fitch ថា​មាន​លក្ខណៈ​ទុទ្ទិដ្ឋនិយម​ មើល​ស្រាល​លទ្ធផល​នៃ​ការ​ប្រឹង​ធ្វើ​កំណែទម្រង់ ជាពិសេស​កំណែទម្រង់​ច្បាប់​សោធននិវត្តន៍។ លោករដ្ឋមន្ត្រី​បាន​ប្រកាស​ថា បារាំង បន្ត​ប្រឹង​ធ្វើ​កំណែ​ទម្រង់ ដែល​នឹង​មក​ប្តូរ​ប្រែ​គំរូ​សេដ្ឋកិច្ច​បារាំង​។

“សូម​កុំ​សង្ស័យ​លើឆន្ទៈ​បារាំង។ បារាំង​នឹង​ស្តារ​ហិរញ្ញវត្ថុ​សាធារណៈ ពន្លឿន​ការ​បញ្ចុះ​បំណុល​ជាតិ​ កាត់​បន្ថយ​ឱនភាព​និង​ពន្លឿន​ការ​បន្ថយ​ចំណាយ​សាធារណៈ។” នេះ​ជា​ពាក្យ​សន្យា​របស់​លោក​រដ្ឋមន្ត្រី​ក្រសួ​ង​ហិរញ្ញវត្ថុ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រីហិរញ្ញវត្ថុ​អឺរ៉ុប​នៅ​ក្រុង​ស្តុកខុល​ប្រទេស​ស៊ុយអែត។

ហើយ​ដើម្បី​សាកល្បង​បន្ធូរ​បន្ថយ​សម្ពាធ​សង្គម និង​ពន្លត់​កំហឹង​ពលរដ្ឋ​ជុំ​វិញ​កំណែទម្រង់​ច្បាប់​សោធននិវត្តន៍​ ប្រមុខ​រដ្ឋាភិបាលបារាំង បាន​​ប្រកាស​ កាលពី​ថ្ងៃពុធ ទិសដៅ​នយោបាយ​មួយ​ខ្សែ​វែង មាន​ជាអាទិ៍​ការ​បញ្ចុះ​ពន្ធដា​រ​ដល់​ពលរដ្ឋ​ស្រទាប់​កណ្តាល ចាប់​ពី​ឆ្នាំ​២០២៣​នេះ​ទៅ​តែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ