អានតួអត្ថបទ
តំបន់អឺរ៉ូ

ធនាគារ​​កណ្តាល​​អឺរ៉ុប​​ត្រៀម​​លក្ខណៈ​​ជាស្រេច​​នឹងជួយ​​ប្រទេស​​ក្នុង​តំបន់​​អឺរ៉ូ​​ជួប​​នឹង​​ការ​​លំបាក​​

នៅ​ថ្ងៃព្រហស្បតិ៍​ទី៦​កញ្ញា​ម្សិលមិញ​ ធនាគារ​កណ្តាល​អឺរ៉ុប​ BCE ​បាន​ប្រកាស​ប្រាប់​ អ្នកដែល​នៅ​សង្ស័យ​ពី​ “ភាពឋិតថេរ”​ ​នៃ​តំបន៉អឺរ៉ូ​ហើយនិង​រូបិយបណ្ណ​អឺរ៉ូ​ថា​ ​ គេមាន​កម្មវិធី​គ្មាន​កម្រិត​ក្នុងការ​ទិញ​ប្រាក់បំណុល​នៃ​ប្រទេស​ទន់ខ្សោយ​ក្នុង​តំបន់​អឺរ៉ូ​ ​ មាន​ដូចជា​ប្រទេស​អេស្ប៉ាញ​និង​ប្រទេស​អ៊ីតាលី។

លោក​ Mario Draghi​ ​ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប​
លោក​ Mario Draghi​ ​ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប​ REUTERS/Alex Domanski
ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​សម្រេចចិត្ត​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​ក្នុងការ​ជួយទិញ​ ដោយមាន​លក្ខខណ្ឌ​ នូវ​ប្រាក់​បំណុល​សាធារណៈ​នៃ​ប្រទេស​ទន់ខ្សោយ​ក្នុង​តំបន់​អឺរ៉ូ​ ​ មាន​ដូចជា​ប្រទេស​អេស្ប៉ាញ​និង​ប្រទេស​អ៊ីតាលី​ ​ បាន​បណ្តាល​ឲ្យ​ទីផ្សារ​មូលប័ត្រ​ស្ទុះ​ឡើង​យ៉ាងខ្លាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី៦​កញ្ញា​ឆ្នាំ២០១២​ម្សិលមិញ។​ នៅ​ព្រឹក​ថ្ងៃសុក្រ​នេះទៀត​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​អាស៊ី​ក៏​បាន​ស្ទុះ​កើនឡើង​គួរឲ្យ​កត់​សម្គាល់​ដែរ។​ ចំណែកឯ​អត្រា​ការប្រាក់​សម្រាប់​រយៈកាល​១០ឆ្នាំ​របស់​ប្រទេស​អេស្ប៉ាញ​និង​ប្រទេស​អ៊ីតាលី​ ដែលជា​ប្រទេស​ទន់ខ្សោយ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ក៏​បាន​ស្រុតចុះ​ទាប​វិញ​ខ្លាំងណាស់ដែរ។​ រីឯ​មជ្ឈដ្ឋាន​នយោបាយ​ឯណោះ​ក៏​មាន​ប្រតិកម្ម​ខុសប្លែកគ្នា។

នៅទីក្រុង​ឡុងដ្រឹ៍​ លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ David Cameron ​ដែល​ទទួល​លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស្វ័រ​ ហូឡង់​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ បាន​ថ្លែង​សរសើរ​គំនិត​ផ្តួចផ្តើម​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​ថា​ ​ មាន​ទស្សនៈ​ត្រឹមត្រូវ​ប្រហាក់​ប្រហែល​នឹង​ប្រទេស​អង់គ្លេស។​ ទីក្រុង​ឡុងដ្រឹ៍​ចង់ឲ្យ​ធនាគារ​កណ្តាល​អឺរ៉ុប​គាំទ្រ​រូបិយបណ្ណ​អឺរ៉ូ​របស់​ខ្លួន​ឲ្យ​បាន​មុតមាំ។

រីឯ​លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស្វ័រ​ ហូឡង់​វិញ​បាន​​ថ្លែងថា​ ប្រទេស​បារាំង​គោរព​ “ឯករាជ្យ​របស់​ស្ថាប័ន​អឺរ៉ុប​មួយនេះ”​ ដែល​អនុវត្ត​សមស្រប​តាម​សិទ្ធិ​និង​អំណាច​របស់​ខ្លួន​ ​ ហើយនិង​តួនាទី​របស់​ ធនាគារ​កណ្តាល​អឺរ៉ុប​ ដែល​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ​ ​ និង​ធ្វើយ៉ាងណា​ឲ្យ​តំបន់​អឺរ៉ូ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច។

នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​ លោក​ ម៉ារីយោ​ ម៉ុងទី​វិញ​ថ្លែងថា​ ​ “នេះ​ជា​គំនិត​ផ្តួចផ្តើម​និងជា​ជំហាន​មួយ​ដ៏វែង​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​ដើម្បី​ឲ្យ​មាន​អភិបាលកិច្ច​ល្អប្រសើរ​នៅ​ក្នុង​តំបន់​អឺរ៉ូ”។

ខុសពីគេ​ ​ នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ លោកស្រី​ អង់ហ្គេឡា​ មែរគែល​ បាន​ថ្លែង​ប្រកាសថា​ ​ “ធនាគារ​កណ្តាល​អឺរ៉ុប​អនុវត្ត​សមស្រប​តាម​ក្របខណ្ឌ​ឯករាជ្យ​និង​លក្ខន្តិកៈ​របស់ខ្លួន”។​ ក៏ប៉ុន្តែ​ប្រទេស​អាល្លឺម៉ង់​នៅតែ​សម្ដែង​ឲ្យដឹង​ពី​​ការ​ប្រឆាំង​របស់គេ​នៅ​ចំពោះ​មុខ​ការទិញ​ប្រាក់​បំណុល​សាធារណៈ​ដោយ​ធនាគារ​កណ្តាល​អឺរ៉ុប។

លោក​ Jose Manuel Barroso ​ដែលជា​ប្រធាន​នៃ​គណៈកម្មការ​អឺរ៉ុប​បាន​សម្តែង​គាំទ្រ​ផែនការ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​ដែល​បាន​ប្រព្រឹត្ត​សមស្រប​តាម​សិទ្ធិ​និង​អំណាច​របស់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ