អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិកត្រៀមប្រឈម​ភាពវឹកវរ​អន្តោប្រវេសន៍ ក្រោយ​វិធានការTitle 42 ចប់អស់​សុពលភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅសហរដ្ឋអាមេរិក វិធានការរឹតបន្តឹង​នៅច្រកព្រំដែន ដែល​ដាក់​ចេញ ក្នុង​អំឡុង​វិបត្តិកូវីដ ត្រូវ​ចប់​អស់​សុពលភាព ចាប់ពីយប់​១២យប់ ថ្ងៃព្រហស្បតិ៍​នេះ។ ដោយសារ​តែ វិធានការ​Title 42 ត្រូវ​ចប់អស់សុពលភាព អាជ្ញាធរ​អាមេរិក​កំពុង​ព្រួយបារម្ភ​ពី​ការផ្ទុះ​វិបត្តិ​ជនអន្តោប្រវេសន៍ ជាពិសេស​នៅតាមរដ្ឋជាប់ព្រំដែនជាមួយប្រទេស​ម៉ិចស៊ិក។ នៅទឹកដីម៉ិចស៊ិក ជាប់ព្រំដែន​ខាងត្បូង​របស់អាមេរិក ជនអន្តោប្រវេសន៍​រាប់ពាន់នាក់ បាន​ទៅ​បោះតង់ តាំងពីប៉ុន្មានថ្ងៃ​មកហើយ ក្នុង​ពេល​រង់ចាំ​វិធានការរឹតត្បិតការចេញចូលព្រំដែនអាមេរិក Title 42 ត្រូវអស់សុពលភាព ជាផ្លូវការ នៅយប់​ថ្ងៃ​ព្រហស្បតិ៍ទី ១១ ឧសភា។

ជនអន្តោប្រវេសន៍​រង់ចាំ​នៅ​ច្រកព្រំដែនអាមេរិក ម៉ិកស៊ិក នៅ​San Diego នៅមួយថ្ងៃមុន​វិធានការTitle42​ត្រូវ​បិទបញ្ចប់​នៅថ្ងៃព្រហស្បតិ៍ទី ១១​ឧសភា
ជនអន្តោប្រវេសន៍​រង់ចាំ​នៅ​ច្រកព្រំដែនអាមេរិក ម៉ិកស៊ិក នៅ​San Diego នៅមួយថ្ងៃមុន​វិធានការTitle42​ត្រូវ​បិទបញ្ចប់​នៅថ្ងៃព្រហស្បតិ៍ទី ១១​ឧសភា REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

អាមេរិក​ត្រូវ​បិទបញ្ចប់វិធានការរឹតត្បិត​លើការធ្វើដំណើរ​ចូលអាមេរិក នៅយប់ថ្ងៃព្រហស្បតិ៍។ វិធានការ​Title 42 ដែល​ត្រូវ​បានអនុវត្ត​៣ឆ្នាំ​មក​ហើយ ដើម្បី បិទខ្ទប់ លំហូរ​ជនអន្តោប្រវេសន៍ ក្នុងហេតុផល​ធានាការពារ​សុខភាពសាធារណៈ ក្នុង​សម័យកូវីដ ត្រូវ​បិទបញ្ចប់ ទន្ទឹមគ្នា នឹង​ការចប់អស់​សុពលភាព​វិធានការ​សុខភាព​បន្ទាន់នៅអាមេរិក នៅ​ថ្ងៃទី ១១ ឧសភា។

វិធានការ​Title 42 ជាអ្វី?

ជាផ្នែកមួយ​នៃ​ច្បាប់​សេវាសុខភាព​សាធារណៈ​ឆ្នាំ ១៩៤៤ វិធានការ​ Title 42​អនុញ្ញាត​ឲ្យរដ្ឋាភិបាល​មានសិទ្ធិ​បិទខ្ទប់​លំហូរចូល​របស់​មនុស្ស និង​ទំនិញ ទៅក្នុងទឹកដីអាមេរិក ក្នុងគោលដៅ បង្កា ទប់ស្កាត់ការឆ្លងជំងឺរាតត្បាត ពី​ប្រទេស​ខាងក្រៅ។ នៅ​ខែមីនា ឆ្នាំ ២០២០ នៅក្នុងពេល​ដែល​វិបត្តិជំងឺកូវីដផ្ទុះឡើងខ្លាំង រដ្ឋបាល​លោកដូណាល់ត្រាំ​បានអនុវត្ត​វិធានការ​ Title 42 ក្នុង​ហេតុផល​ទប់ស្កាត់​ការឆ្លងរាលដាលមេរោគកូវីដ។ ប៉ុន្តែ សម្រាប់អង្គការ​ការពារ​សិទ្ធិមនុស្ស រដ្ឋបាល​លោកដូណាល់ត្រាំ បាន​ប្រើ​វិធានការ Title 42 ដើម្បី​ប្រឆាំង រារាំង​មិន​ឲ្យជនអន្តោប្រវេសន៍​ធ្វើដំណើរ​ចូល​ទឹកដីអាមេរិក។

ទៅ​តាម​វិធានការ​ Title ៤២ ជនអន្តោប្រវេសន៍​ដែលធ្វើដំណើរខុសច្បាប់ ចូលទឹកដីអាមេរិក ត្រូវ​គេចាប់បញ្ចេញ​ភ្លាមៗ ពីអាមេរិក។ នៅក្នុងរយៈពេល​៣ឆ្នាំនេះ អាជ្ញាធរអាមេរិក នៅរដ្ឋភាគខាងត្បូង​ជាប់​ព្រំដែនម៉ិកស៊ិក​បាន​ប្រើ​វិធានការ Title 42 ដើម្បី​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍ខុសច្បាប់ ជាង ២លាននាក់ ចេញ​ពី​អាមេរិក ដែល​នៅក្នុង​នោះមាន​ផងដែរ អ្នកដាក់ពាក្យសុំ​សិទ្ធិ​ជ្រកកោន។ នៅព្រំដែន​អាមេរិក ម៉ិកស៊ិក មន្រ្តីអន្តោប្រវេសន៍អាមេរិក​បាន​ប្រើ​វិធានការ Title​42 ដើម្បីកាត់បន្ថយ ពេលវេលា​មកនៅត្រឹមតែ ១០នាទីប៉ុណ្ណោះ ដើម្បី​ពិនិត្យ​មើលសំណុំឯកសារដាក់ពាក្យ​សុំ​សិទ្ធិជ្រកកោន។ ជាញឹកញយ អ្នកដាក់ពាក្យសុំសិទ្ធិជ្រកកោន ត្រូវ​មន្រ្តីអន្តោប្រវេសន៍អាមេរិក​បដិសេធ និង​សម្រេច​ចាប់បញ្ជូនចេញ​ពីអាមេរិក​ដូច​ជនអនោ្តប្រវេសន៍ខុសច្បាប់ផ្សេងទៀត។

សម្រាប់​អង្គការ​ការពារ​សិទ្ធិមនុស្ស ដោយអនុវត្ត​វិធានការ​ Title 42 អាជ្ញាធរព្រំដែន​អាមេរិក​បានបិទភ្នែក មិនខ្វល់​ពី​សន្តិសុខ​របស់​អ្នកសុំជ្រកកោន ដែលតាមពិត​បាន​រត់គេចពីអំពើហិង្សា អសន្តិសុខ និងការធ្វើទុក្ខបុកម្នេញ នៅក្នុងប្រទេស​កំណើត​របស់​ពួកគេ។

រដ្ឋបាល​លោកចូ បៃដិនផ្ទាល់ ធ្លាប់​បាន​ប្រកាស​ចង់បិទបញ្ចប់ វិធានការ Title42​ម្តងជាពីរដង ប៉ុន្តែ​មិនបាន​សម្រេច ដោយសារ​ការប្រឆាំង​របស់​អភិបាលរដ្ឋ​ដែលកំពុង​ប្រឈម​នឹង​វិបត្តិលំហូរជនអន្តោប្រវេសន៍។ នៅ​២ខែមុននេះ ​លោក​ប្រធានាធិបតី​ចូ បៃដិន​បាន​ប្រកាស​បិទបញ្ចប់​វិធានការអាសន្ន​កូវីដ ដែលត្រូវ​អស់សុពលភាព នៅថ្ងៃទី ១១​ឧសភា ថ្ងៃ​ព្រហស្បតិ៍នេះ។ ជាលទ្ធផល វិធានការ​ Title 42 ត្រូវចាប់អនុវត្ត ក៏​ដោយសារ​ហេតុផល​ជំងឺកូវីដ ក៏ត្រូវ​បិទបញ្ចប់​នៅថ្ងៃព្រហស្បតិ៍ទី ១១​ឧសភា។

តើមានរឿងអ្វីកើតឡើង នៅក្រោយ​វិធានការ​Title 42 ត្រូវ​ចប់អស់សុពលភាព

ការផ្ទុះវិបត្តិជនអន្តោប្រវេសន៍សាជាថ្មី ជាពិសេស នៅ​ព្រំដែន​ភាគខាងត្បូងអាមេរិក ដែលជាប់ជាមួយព្រំដែនប្រទេស​ម៉ិកស៊ិក។ ដូច​បានលើកខាងដើម តាំងពី​ដឹងថា វិធានការ​Title 42​ត្រូវ​ចប់អស់សុពលភាព​នៅយប់​ថ្ងៃ​ព្រហស្បតិ៍នេះ ជនអន្តោប្រវេសន៍ដែលភាគច្រើនមកពី​ប្រទេស​នៅភាគខាងត្បូង​ទ្វីបអាមេរិក រាប់ពាន់​នាក់ បាន​មក​កកកុញ បោះជំរំ នៅតំបន់ព្រំដែន ក្នុងបំណង​ចូលទៅដាក់ពាក្យ​សុំសិទ្ធិ​ជ្រកកោន នៅទឹកដីអាមេរិក។

ជនអន្តោប្រវេសន៍ភាគច្រើន​មានក្តីសង្ឃឹមថា ដោយសារ​តែ​ Title 42​ចប់អស់សុពលភាព នោះអាជ្ញាធរអន្តោប្រវេសន៍​នឹង​​មិនចាប់​ចាប់បញ្ជូន​ពួកគេ​ចេញភ្លាមៗ ពីទឹកដីអាមេរិកនោះទេ។ ត្រូវដឹងថា នៅពេល​លែងមាន​វិធានការ​​ Title 42 ឆ្មាំព្រំដែន​អាមេរិកត្រូវ​ត្រលប់​ទៅប្រើនិតិវិធីចាស់ ដើម្បីសម្រេច​លើការដាក់ពាក្យសុំសិទ្ធិជ្រកកោន។ ជា​នីតិវិធីដែលត្រូវប្រើពេលវេលាយូរ ដូច្នេះ​ក្នុងពេល​រង់ចាំ​ការសម្រេច​ផ្តល់សិទ្ធិជ្រកកោន ជនអន្តោប្រវេសន៍​នឹង​ត្រូវ​គេឃុំខ្លួន នៅព្រំដែនអាមេរិក ឬ​ត្រូវ​លែង​ឲ្យមានសេរីភាព ក្នុងពេល​រង់ចាំការសម្រេច​របស់​តុលាការ​ស្តីពីពាក្យសុំសិទ្ធិជ្រកកោន។

ស្ថានភាពនេះ​នឹងទៅបង្ក​បញ្ហា​ឈឺក្បាល​ដល់បណ្តារដ្ឋ​ដែលត្រូវ​ប្រឈមបញ្ហាវិបត្តិជនអន្តោប្រវេសន៍ ជាពិសេស​រដ្ឋ​តិចសាស់ ដែលជាប់ព្រំដែន​ជាមួយ​ម៉ិកស៊ិក។ នៅមួយថ្ងៃ​មុន​ដែល​ជនអន្តោប្រវេសន៍ អាច​ហូរចូលដូចទឹកបាក់ទំនប់ ចូលទឹកដីអាមេរិក អភិបាល​រដ្ឋ​តិចសាស់ បានប្រកាស​ភាពអាសន្នរួចហើយ។ ប្រកាស​អាសន្ន​ព្រោះ វិបត្តិលំហូរជនអន្តោប្រវេសន៍ ​នឹង​ដាក់សម្ពាធផ្នែកហិរញ្ញវត្ថុ និង​ការចំណាយ​កម្លាំងរក្សាសន្តិសុខ របស់រដ្ឋតិចសាស់ ដែលត្រូវ​ប្រឈម​មុនគេ​បញ្ហា​ជនអន្តោប្រវេសន៍។

ដោយពិតទៅ បើ​ទោះជា​វិធានការ នៅ​មាន​ជាធរមាន​នៅ​ឡើយ ក៏​ប៉ូលិស​ព្រំដែន​តែងបាន​ចាប់​ខ្លួន​អន្តោប្រវេសន៍​ខុស​ច្បាប់ ជាមធ្យម​៧៨០០នាក់​ ក្នុង​មួយ​ថ្ងៃ  ពោល​គឺ​ជិត​៥ដង​លើស​ឆ្នាំ ២០១៩ មុនសម័យកូវីដ។ អ្វីដែលអាជ្ញាធរអាមេរិក​ព្រួយបារម្ភខ្លាំងលើកនេះ នៅត្រង់ថា ការចប់អស់សុពលភាព​វិធានការ Title 42នឹង​លើកទឹកចិត្ត​ឲ្យជនអន្តោប្រវេសន៍ ចង់ធ្វើដំណើរ​មកអាមេរិក។ ពួកឈ្មួញជួញដូរមនុស្ស​អាច​ដើរឃោសនា បញ្ចុះបញ្ចូល បោកប្រាស់​យកប្រាក់​ពីជនអន្តោប្រវេសន៍ តាមរយៈ ការសន្យា​ថា ពួកគេនឹង​អាច​ទៅរស់នៅទឹកដីអាមេរិក ដោយ​មិនចាំបាច់​ត្រូវ​ជួបបញ្ហាក្រដាសស្នាមដូចមុន។

ដើម្បី​ទប់លំហូរ​ជនអន្តោប្រវេសន៍ តើ​រដ្ឋាភិបាលអាមេរិក​មានបានប្រុងប្រៀប​ត្រៀម​ចាត់វិធានការ​អ្វីដែរឬទេ?

នៅពីរថ្ងៃមុនដែល​អាមេរិកឈប់​អនុវត្ត​វិធានការTitle 42​ លោកប្រធានាធិបតី​ចូ បៃដិន​ផ្ទាល់ទទួលស្គាល់​ថា អាមេរិក​នឹង​ជួបភាពវឹកវរ មួយរយៈ ប៉ុន្តែ រដ្ឋបាល​របស់​លោកបានត្រៀម​លក្ខណៈរួចហើយ​ដើម្បីទប់ទល់ ដោះស្រាយវិបត្តិលំហូរជនអន្តោប្រវេសន៍។ រដ្ឋាភិបាល​បាន​បញ្ជូនភ្នាក់ងារ និង​កម្លាំងរក្សាសន្តិសុខ ២៤០០០នាក់ បន្ថែមពីលើទាហាន​ជាង ៤ពាន់នាក់ ដែលត្រូវបានបញ្ជូន​រួចហើយ​ទៅព្រំដែន ដើម្បីធានារក្សាសណ្តាប់ធ្នាប់​នៅព្រំដែន។

ក្រៅពីបញ្ជូនទាហាន ទៅជួយ​ឆ្មាំព្រំដែនដែលអាច​ប្រឈមនឹង​វិបត្តិលំហូរជនអន្តោប្រវេសន៍ រដ្ឋបាលអាមេរិក​នៅបាន​បង្កើតវិធានការ​ថ្មីមួយទៀត​ដែលត្រូវ​ចូលជាធរមាន​នៅយប់ថ្ងៃ​ព្រហស្បតិ៍នេះ ទាក់ទង​នឹង​ការដាក់ពាក្យសុំសិទ្ធិជ្រកកោន។ រដ្ឋបាលលោក​ចូ បៃដិន​គ្រោង​បង្កើត​មជ្ឈមណ្ឌល​តំណាងអាមេរិក ជាង​៣ម៉ឺនកន្លែង នៅប្រទេស​ចំនួន ៤ ដើម្បី​ពិនិត្យ​មើលពាក្យសុំសិទ្ធិជ្រកកោន និងបញ្ហាមនុស្សធម៌។

តាម​វិធានការ​ថ្មី រដ្ឋបាលលោក​ចូ បៃដិន​ចង់​លើកទឹកចិត្ត​ឲ្យ​គេធ្វើដំណើរ​ចូលទឹកដីអាមេរិក​ដោយស្របច្បាប់ ដោយលែងប្រថុយធ្វើដំណើរខុសច្បាប់​ចូលអាមេរិក។ មានន័យថា អ្នកដែល​ដាក់ពាក្យសុំសិទ្ធិជ្រកកោន ត្រូវសុំការណាត់ជួបជាមួយមន្រ្តីអាមេរិកជាមុន តាមទូរស័ព្ទ និង​ត្រូវបង្ហាញថា ពួកគេ​ត្រូវបាន​ប្រទេស​មួយ​បដិសេធរួចហើយ មុន​នឹង​មកដាក់ពាក្យសុំសិទ្ធិជ្រកកោន​នៅអាមេរិក។ មានន័យថា បើសិន​គេ​គ្មាន​ឯកសារ​បង្ហាញថា ខ្លួន​ត្រូវ​ប្រទេស​មួយ​ធ្លាប់​បដិសេធការសុំសិទ្ធិជ្រកកោន ហើយ​ពួកគេធ្វើដំណើរ​ចូលខុសច្បាប់​ក្នុងទឹកដីអាមេរិក នោះ ពួកគេ​ត្រូវ​អាមេរិកបដិសេធ ដោយស្វ័យប្រវត្តិមិន​ឲ្យចូលទឹកដីអាមេរិក ៥ឆ្នាំ និងត្រូវ​បញ្ជូន​ចេញ ពីទឹកដីអាមេរិកភ្លាមៗ។

ម្យ៉ាង រដ្ឋបាលអាមេរិក​បានទទួលការសន្យាពីភាគីម៉ិកស៊ិក ដែល​សុខចិត្តយល់ព្រមទទួល​ជនអន្តោប្រវេសន៍ប្រមាណ ៣ម៉ឺននាក់ ដែលអាមេរិកចាប់បញ្ជូន​ចេញពី​អាមេរិក ក្នុងមួយឆ្នាំៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ