អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រឈមនឹងគ្រោះរាំងស្ងួត រលកកំដៅរយៈពេល​យូរ បារាំង​ប្រកាស​ផែនការអាកាសធាតុដ៏មានមហិច្ឆតា

ចុះផ្សាយ​នៅ​ថ្ងៃ៖

រលកកំដៅ ខ្វះទឹក គ្រោះរាំងស្ងួត និង​ទឹកជំនន់​ដែលជាលទ្ធផល​នៃការប្រែប្រួលអាកាសធាតុ។ ប្រឈម​នឹង​គ្រោះធម្មជាតិ កាន់តែគំរាមកំហែង បារាំង​បាន​ដាក់ចេញ​យុទ្ធសាស្រ្ត​ថ្មី ដើម្បីកាត់បន្ថយ​ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងគោលដៅ ប្រយុទ្ធប្រឆាំង​នឹង​ការឡើងកំដៅ​លើ​ផែនដី។ អ្នកជំនាញអាកាសធាតុ និងអង្គការការពារ​បរិស្ថាន​ស្វាគម​ចំណាត់ការ​របស់​រដ្ឋាភិបាលបារាំង ប៉ុន្តែ នៅតែ​មិនទាន់​ជឿជាក់​ថា វិធានការរបស់​រដ្ឋាភិបាល​នឹងអាច​លេចចេញរូបរាង ត្រូវគេ​យកទៅ​អនុវត្ត​ក្នុងការរស់នៅ​ជាក់ស្តែង។ តើផែនការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឧស្ម័នផ្ទះកញ្ចក់ ​របស់​រដ្ឋាភិបាលបារាំង​ផ្តោត​ទៅលើ​ចំណុចអ្វីខ្លះ?

ទឹកទន្លេ Loire ស្រកចុះខ្លាំង មិនធ្លាប់មាន នៅឆ្នាំ ២០២៣កំពុងធ្វើ​ឲ្យបារាំង​បារម្ភពីការខ្វះខាតទឹកប្រើប្រាស់
ទឹកទន្លេ Loire ស្រកចុះខ្លាំង មិនធ្លាប់មាន នៅឆ្នាំ ២០២៣កំពុងធ្វើ​ឲ្យបារាំង​បារម្ភពីការខ្វះខាតទឹកប្រើប្រាស់ REUTERS - STEPHANE MAHE
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ចន្ទ លោកស្រី​នាយករដ្ឋមន្រ្តី​បារាំង អេលីហ្សាបែត ប៊ន បាន​បង្ហាញ​ផែនការ​អាកាសធាតុ​ថ្មី ដែល​នៅក្នុង​នោះ បារាំង​ត្រូវ​បង្កើន​ការប្រឹងប្រែង​ទ្វេដង ដើម្បីកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែលមាន​តាំងពី​ឧស្ម័នកាបូនិក ឧស្ម័ន​មេតាន។ បារាំង​ធ្លាប់បាន​ដាក់គោលដៅរួចហើយ ដើម្បី កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ឲ្យ​បាន​៤០% ពីពេលនេះ ដល់​ឆ្នាំ ២០៣០។

នៅក្រោយបារាំង​ចុះកិច្ចព្រមព្រៀង​អន្តរជាតិក្រុង​ប៉ារីស ស្តីពី​អាកាសធាតុ នៅ​ឆ្នាំ ២០១៥ បារាំង​ធ្លាប់​បាន​ប្រកាស​ផែនការ​អាកាសធាតុ ដែលនៅក្នុង​នោះ បារាំង​សន្យា​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឲ្យ​បាន​៤០% រហូត​ដល់​ឆ្នាំ ២០៣០។

រដ្ឋាភិបាល​បារាំង​ប្រកាស​ផែនការ​អាកាសធាតុ​ថ្មី​​ដើម្បី​សម្រប​តាមគោលដៅ​របស់​សហភាពអឺរ៉ុប ដែលចង់​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ឲ្យបាន​៥០% ពីពេលនេះ ដល់​ឆ្នាំ ២០៣០។ នៅចំពោះមុខ​គ្រោះមហន្តរាយធម្មជាតិ ដែលជាលទ្ធផល​នៃ​ការប្រែប្រួលអាកាសធាតុ សហភាពអឺរ៉ុប​បានដាក់គោលដៅ​ថ្មី​របស់ខ្លួន​មួយទៀត គឺ​អព្យាក្រិត្យ​កាបូន ឲ្យបាន​យ៉ាងយូរបំផុត​ឆ្នាំ ២០៥០។

ដើម្បី​ដើរស្របតាម​គោលដៅ​ថ្មី​របស់​សហភាព​អឺរ៉ុប រដ្ឋាភិបាលបាន​សម្រេច​សើរើ​ផែនការអាកាសធាតុ​របស់ខ្លួន ដើម្បី​កាត់បន្ថយ​ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់​ឲ្យ​បានច្រើនជាង​ការកំណត់​នៅ​ក្នុងផែនការមុន ដោយ​ផ្តោត​សំខាន់​ទៅលើ​វិស័យសំខាន់ៗចំនួន ៤ដូចជា​វិស័យ​ដឹកជញ្ជូន សំណង់ រោងចក្រ​ឧស្សាហកម្ម និង​វិស័យកសិកម្ម។

នៅក្នុង​វិស័យ​ដឹកជញ្ជូន​ដែល​ទទួល​ខុសត្រូវ​ខាង​បញ្ចេញឧស្ម័ន​កាបូនិក​ច្រើនជាងគេ​របស់​បារាំង រដ្ឋាភិបាល​គ្រោង​ចង់​ឲ្យ​វិស័យនេះ បញ្ចេញ​ឧស្ម័នកាបូនិក ត្រឹម ៩២​លានតោន នៅឆ្នាំ ២០៣០។ ពោល​តិចជាងសព្វថ្ងៃ ដែលមានប្រមាណ ១២៩​លានតោន។ ទាំងវិស័យសំណង់ និង​រោងចក្រ​ឧស្សាហកម្ម ក៏ត្រូវ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក​ឲ្យ​ខ្លួន ឲ្យបានពាក់កណ្តាលដែរ តាមរយៈ ការងាកបែរ​ទៅប្រើថាមពលដែលមិនបញ្ចេញ​ឧស្ម័នកាបូនិកក្រាស់ក្រែល ដូចជា ឧស្ម័ន ថាមពលនុយក្លេអ៊ែរ ឬ​ថាមពល​សូឡា ជាដើម។

សម្រាប់វិស័យកសិកម្ម ចំណុច​រសើប ដែលរដ្ឋាភិបាល​មិន​សូវ​ប៉ះពាល់ ដោយសារ ខ្លាច​មានការប្រឆាំង​តវ៉ា​ពីកសិករ​បារាំង ផែនការអាកាសធាតុ​របស់​រដ្ឋាភិបាល​មិនសូវ​ជាមានមហិច្ឆតា ទាមទារ​ឲ្យគេកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ច្រើន​ដូចវិស័យ​បី​ខាងលើ​នោះ​ទេ។ នេះជា​​ចំណុចមួយ​ដែលធ្វើ​ឲ្យអ្នកជំនាញ​អាកាសធាតុមិនសូវយល់ស្របជាមួយរដ្ឋាភិបាល។ ថ្វីត្បិតថា វិស័យកសិកម្ម​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់តិចជាង​វិស័យ​ផ្សេងទៀត ប៉ុន្តែ ឧស្ម័នមេតាន ដែលមានប្រភព​មកពីការចិញ្ចឹមសត្វ ហើយ​និងការប្រើជីគីមី អាហ្សូត គ្រោះថ្នាក់ ធ្វើ​ឲ្យផែនដី ឡើងកំដៅ ខ្លាំង និងមានរយៈពេល​យូរជាង ឧស្ម័នកាបូនិកទៅទៀត។

បារាំង​កំពុង​ប្រឈម​នឹង​គ្រោះរាំងស្ងួត អាកាសធាតុ​ក្តៅខ្លាំង និង​គ្រោះទឹកជំនន់

បារាំង​ទើបឆ្លងកាត់​រដូវក្តៅ ដែល​ក្តៅខ្លាំងបំផុត មិនធ្លាប់មាន រហូតដល់​៤០ដឺក្រេ កាលពីឆ្នាំ២០២២។ ដោយសារ កម្រិត​ទឹក​ក្រោមដី​ធ្លាក់ចុះ​ខ្លាំង តាំង​ពីរដូវរងា​ដើមឆ្នាំ​២០២៣  បារាំង​កំពុង​បារម្ភ​ខ្លាំង​ពី​បញ្ហា​ខ្វះខាត​ទឹកប្រើប្រាស់។ នេះ​គេ​នៅមិនទាន់និយាយ​ពី​គ្រោះរាំងស្ងួត ដែលកំពុងលង គំរាមបារាំង​ពីរឿងភ្លើងឆេះព្រៃ។ តាម​ការព្យាករ ដោយសារ​ការប្រែប្រួលអាកាសធាតុ កាន់តែ​គំរាមកំហែង តំបន់​ភាគខាងត្បូង​របស់​បារាំង​នឹង​ត្រូវ​ប្រឈម​នឹង​គ្រោះរាំងស្ងួត ខ្វះទឹក ចំណែកតំបន់ភាគខាងជើង តំបន់ជាប់មហាសមុទ្រ អាត្លង់ទិក អាច​រងគ្រោះ​ដោយសារ​ទឹកភ្លៀងធ្លាក់ច្រើនជ្រុល រហូត​ដល់អាច​បណ្តាល​ឲ្យមានគ្រោះទឹកជំនន់ ការរលំបាក់ដី បាក់ឆ្នេរ។

កំដៅ​លើផែនដីកើនឡើង​ក្នុងល្បឿនមួយ​ដ៏លឿន ដោយសារ​តែសកម្មភាព​របស់មនុស្ស។ ក្រុមអ្នកជំនាញ អាកាសធាតុ អន្តរជាតិ Giec ​ធ្លាប់បាន​អំពាវនាវ​ឲ្យ​គេកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឲ្យបានអតិបរមា បើសិន​គេ​ចង់​ឲ្យការឡើងកំដៅ​នៅផែនដី មានត្រឹម ១,៥អង្សា នៅឆ្នាំ ២០៥០។ អ្នកជំនាញអាកាសធាតុ​សង្កត់ធ្ងន់​លើ​ពាក្យ ១,៥អង្សា ព្រោះថា ការឡើងកំដៅ​ផែនដី​សព្វថ្ងៃ ប្រមាណ​ត្រឹមតែ ១,២អង្សាប៉ុណ្ណោះ គឺ​ផែនដី​ជួបគ្រោះមហន្តរាយធម្មជាតិកាន់តែ​ច្រើន និងធ្ងន់ធ្ងរ។

ម្យ៉ាង ក្នុងពេល​ប្រកាស​ផែនការអាកាសធាតុថ្មី រដ្ឋាភិបាល​បារាំង កំពុង​ត្រៀម​រៀបចំ របាយការណ៍​ថ្មីមួយ​ដើម្បី​សម្របខ្លួន​នឹង​ការប្រែប្រួល​អាកាសធាតុ នៅបន្ទាប់ពី ក្រុមជំនាញ​អាកាសធាតុ​អន្តរជាតិ Giec ទើប​ចេញ​របាយការណ៍ថ្មី​ដែល​ថា គេ​មិនចាំបាច់​រង់ចាំ​ដល់​ឆ្នាំ២០៥០ទេ ព្រោះថា កំដៅលើ​ផែនដី​នឹង​កើនឡើង ១,៥អង្សា នៅក្នុងរយៈពេល ៧ឆ្នាំទៀត ពោល​គឺ​ចាប់តាំង​​ឆ្នាំង​២០៣០  ឬឆ្នាំ​២០៣៥។ ដល់ពេលនោះ​បារាំង​បានគ្រោង​សេណារីយ៉ូ​ដ៏អាក្រក់បំផុត​ដែលបារាំង​អាច​ជួបប្រទះ ពោល​គឺ​អាកាសធាតុបារាំង​អាច​កើនឡើង​បន្ថែម ៤អង្សា រលកកំដៅអាច​មានរយៈពេល​យូរ ដល់​ទៅ ២ខែក្នុងមួយឆ្នាំ ដែលនេះជាអាច​គ្រោះថ្នាក់ខ្លាំងបំផុត​សម្រាប់ជីវិតមនុស្ស​នៅប្រទេស​បារាំង។

អ្នកជំនាញ៖​គេពិបាកជឿជាក់​លើ​ផែនការ​អាកាសធាតុ​ដ៏មានមហិច្ឆតា​របស់​រដ្ឋាភិបាលបារាំង

បារាំង​ធ្លាប់​បាន​សន្យា ថា រហូត​ដល់​ឆ្នាំ ២០៣០ បារាំង​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក ឲ្យបាន​៤០% ក្នុងមួយឆ្នាំៗ។ ប៉ុន្តែ​ក្នុងការពិតជាក់ស្តែង ឧទាហរណ៍ នៅ​ឆ្នាំ ២០២២ បារាំង​អាច​កាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចក់​បានតែ ២៥%ប៉ុណ្ណោះ ដែលជិតពាក់កណ្តាល​នៃ​ការសន្យា​របស់ខ្លួន។ ចុះ​ទម្រាំ​ដល់កាត់បន្ថយដល់ ៥០%? អ្នកជំនាញ​ខាងអាកាសធាតុ មិនសូវជាជឿជាក់ប៉ុន្មានទេ ថា​បារាំង​នឹង​អាច​ធ្វើបានតាមការសន្យា​របស់ខ្លួន។

មានហេតុផលមួយចំនួន​ដែលធ្វើ​ឲ្យគេ​ថា រដ្ឋាភិបាលបារាំង​ពិបាក​នឹង​អាច​សម្រេច​គោលដៅ​របស់ខ្លួន។

ទី១ ផែនការអាកាសធាតុ​របស់​បារាំង​មាន​មហិច្ឆតា​ខ្លាំង​ណាស់។ ជាក់ស្តែង នៅឆ្នាំ ២០២២ បារាំង​បញ្ចេញ​ឧស្ម័នកាបូនិក ៤០៨លានតោន ប៉ុន្តែ ទៅតាម​ផែនការអាកាសធាតុថ្មី បារាំង​ត្រូវ​តែ​បញ្ចេញ​ឧស្ម័នកាបូនិក ត្រឹម ២៧០លានតោនក្នុងមួយឆ្នាំ។ មានន័យថា ក្នុង​រយៈពេល​តែ ៨ឆ្នាំ ពីឆ្នាំនេះ រហូត​ដល់​ឆ្នាំ ២០៣០ បារាំង​ចង់​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ របស់ខ្លួន ក្នុងបរិមាណមួយ ដែល​បារាំង គួរ​ធ្វើ សម្រាប់​រយៈពេល​៣០ឆ្នាំ។ ផែនការ​ដ៏មហិច្ឆតា​របស់​រដ្ឋាភិបាល​បារាំង​ពិបាក​នឹងអាច​សម្រេចទៅបាន ដោយសារ​បញ្ហា​ពេលវេលាខ្លី។

ទី២ គឺ​បញ្ហា​ហិរញ្ញវត្ថុ។ ដើម្បី​អាចសម្រេច​ផែនការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ នៅក្នុងគ្រប់វិស័យ គេចាំបាច់​ត្រូវការ​ថវិកា ដើម្បី​ជំរុញ​លើកទឹកចិត្ត​ឲ្យ​គ្រប់ភាគីពាក់ព័ន្ធ​មិនថា ក្រុមហ៊ុន រោងចក្រ ឬ​ប្រជាជន ឈប់​ប្រើប្រាស់​ថាមពល ដែលជា​ប្រភព​បញ្ចេញ​ឧស្ម័ន​កាបូនិក ឧស្ម័នមេតាន។

តាម​របាយការណ៍ចងក្រង​ដោយ​នាយកដ្ឋាន​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ ដែល​គេ​បាន​ចុះផ្សាយ កាលពីថ្ងៃ​ចន្ទម្សិលមិញ ដើម្បី​លើកទឹកចិត្ត​ឲ្យ​គ្រប់វិស័យ​កាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នមេតាន គេត្រូវការថវិកាវិនិយោគពីរដ្ឋ និង​ពីផ្នែកឯកជន ប្រមាណ ៦៦ពាន់លាន​អឺរ៉ូ ក្នុងមួយឆ្នាំ។ តាម​អ្នកសរសេរ​របាយការណ៍ខាងលើ បើសិន គ្មាន​ការវិនិយោគ ផ្តល់ប្រាក់ជំនួយពីរដ្ឋ នោះប្រជាជន​មិនងាយផ្លាស់ប្តូរទម្លាប់ ទៅ​ប្រើរថយន្ត​អគ្គសនី ឬ​សាងសង់លំនៅឋាន ដែល​ប្រើប្រាស់​ថាមពល​ស្អាតស្អំ​នោះទេ។ បើសិន​គ្មានជំនួយ​ឧបត្ថម្ភ​លើកទឹកចិត្ត​ពីរដ្ឋ រោងចក្រ​ឧស្សាហកម្មបញ្ចេញឧស្ម័នកាបូនិកច្រើនក្រាស់ក្រែល នៅតែបន្ត​ប្រើប្រាស់​ថាមពល​បាន​ពី​ធ្យូងថ្ម ប្រេង។

តាម​អ្នកជំនាញ ផែនការ​អាកាសធាតុ ដែល​ត្រូវការវិយោគសាធារណៈ​ដ៏សម្បើម​នឹង​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បារាំង ប្រឈម​នឹងការកើនឡើង​ប្រាក់បំណុល។ ចំណែក​ផលិតផលក្នុងស្រុកសរុបនឹងអាច​ធ្លាក់ចុះ ក្នុងអំឡុង ប៉ុន្មានឆ្នាំខាងមុខ។ ប៉ុន្តែ ដើម្បីសម្រាលបន្ទុកចំណាយ​រដ្ឋ សេដ្ឋកិច្ចវិទូមួយចំនួន​បាន​ជំរុញ​ឲ្យ​គេ​យកពន្ធ​ពីក្រុមអ្នកមាន ក្រុមហ៊ុនធំៗ​ដែលរកបានប្រាក់ចំណូល​ច្រើន ដើម្បី​យកមក​ឧបត្ថម្ភផែនការអាកាសធាតុ​របស់​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ