អានតួអត្ថបទ
បារាំង-រាំងស្ងួត

អាកាសធាតុ ៖ ២០២៣ នឹង​បំបែក​ឯតទគ្គកម្មនៃ​ភាព​រាំងស្ងួត​នៅបារាំង​ឬ ?

ភាព​រាំង​ស្ងួត​ហួត​ហែង​ខ្លាំង​រោគ​សញ្ញា​មួយ​នៃ​ការ​ប្រែប្រួលអាកាសធាតុ។ តាំងពី​ថ្ងៃទី ២១​មករា​មក ទល់​នឹង​ថ្ងៃអង្គារ​ទី ២១​កុម្ភៈ​២០២៣នេះ គ្មាន​ភ្លៀងមួយ​មេធំ​ណា​ធ្លាក់​ស្រោច​ស្រប់​លើ​ប្រទេស​បារាំង​ទេ។ គឺ​ជា​រយៈ​ពេល​រាំង​ភ្លៀង​​ក្នុង​​រដូវ​រងារ​ដ៏​វែង​ជា​ងគេ​បំផុត ​ ដែល​​ពុំ​ធ្លាប់​មាន​កត់​ក្នុង​​កំណត់​ត្រា​ឯតទគ្គកម្ម​បារាំង​ទេ។ ​កង្វះ​ទឹក​ភ្លៀង​បែប​នេះ នឹង​ធ្វើ​ឱ្យ​ស្រទាប់​ដី​ ដែលជួប​​ភាព​រាំង​ស្ងួត​ជា​ប្រវត្តិសាស្ត្រ​​ស្រាប់កាលពី​ឆ្នាំទៅ​ ​មិន​អាច​ស្តារ​ប្រព័ន្ធ​ទឹក​ក្រោម​ដី​របស់​ខ្លួន​បានឡើយ។

កុម្ភៈ​ ២០២៣ ជា​ខែ​ដែល​រាំង​ភ្លៀង​ខ្លាំង​បំផុត​នៅបារាំង
កុម្ភៈ​ ២០២៣ ជា​ខែ​ដែល​រាំង​ភ្លៀង​ខ្លាំង​បំផុត​នៅបារាំង LUDOVIC MARIN / AFP
ផ្សាយពាណិជ្ជកម្ម

បើ​ទោះបី​ជា​មាន​ភ្លៀង​ធ្លាក់​បន្តិច​បន្តួច​ នៅ​តាម​តំបន់​ខ្លះមែន តែ​តាំងពី​​ថ្ងៃទី ២១​មករា​មក ប្រទេស​បារាំងទាំង​មូល​មាន​កម្ពស់​ទឹក​ភ្លៀង​ក្រោម​មួយ​មីល្លីម៉ែត្រក្នុង​មួយ​ថ្ងៃប៉ុណ្ណោះ ពោល​គឺ​បារាំង​បាន​ជួប​គ្រោះ​​រាំងភ្លៀង​ ដ៏​វែង​បំផុត លើស​​​​​ឆ្នាំ​២០២០ (១៧មីនាដល់​១៦មេសា)​ទៀត។

ជា​មួយ​នឹង​ចំនួនថ្ងៃ​គ្មាន​ភ្លៀង​សោះ​​​៣១​ថ្ងៃ​ជាប់​គ្នា នៅ​រដូវរងារ​​ដែល​ជា​រយៈ​ពេលដ៏​សំខាន់​ ​សម្រាប់​ដី​​​​ស្រូប​ជាតិ​ទឹក​និ​ងសំណើម ទៅ​​​បំពេញប្រព័ន្ធ​​ទឹកក្រោម​ដី រដូវ​រងារ​ឆ្នាំ​២០២៣ បាន​បំបែក​ឯតទគ្គកម្ម​​គ្រោះ​​​អត់​ភ្លៀង​យូរ​បំផុត កាលពី​ឆ្នាំ​​១៩៨៩ ដែល​ កាលណោះ​ រយៈ​ពេល​រាំងភ្លៀង​មាន​២២​ថ្ងៃជាប់​គ្នា​។

ឧតុនិយម​ព្យាករ​ថា​មេឃ​អាច​ចាប់​មាន​​ភ្លៀង​នៅថ្ងៃពុធ​ស្អែក ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ ក៏ ​កុម្ភៈ​២០២៣ ជា​ខែដែល​​មាន​កង្វះ​ទឹក​ភ្លៀង​ដល់​ទៅ​ជាង​៥០% និង​ក្លាយ​ជា​ខែ​ដែល​ស្ងួត​ខ្លាំង​បំផុត គិត​ចាប់​តាំងពី​ឆ្នាំ​១៩៥៩ ឆ្នាំ​ដែល​បារាំង​ចាប់​វាស់​កំរិត​សីតុណ្ហភាព​មក។ តាំងពី​ខែ​សីហា​២០២១​មក បារាំង​ខ្វះ​ទឹក​ភ្លៀង ​ជា​រៀង​រាល់​ខែ លើក​លែង​តែ​ខែ​ធ្នូ​២០២១ ខែ​មិថុនា​និង​កញ្ញា​២០២២ទេ។ ក្រៅ​អំពីជំងឺ​កង្វះ​​ភ្លៀង​រ៉ាំរ៉ៃ​ បារាំងត្រូវ​បន្ថែម​ដោយ​គ្រោះ​អាកាសធាតុ​ក្តៅ​ខ្លាំង​និង​ស្ងួតហួតហែង​​ដី​យ៉ាង​ខ្លាំង​ចម្លែក​នៅ​រដូវ​ក្តៅ​ឆ្នាំ​២០២២ រហូត​អាជ្ញាធរ​ប្រកាស​ដាក់​ខេត្ត​ជា​ច្រើន​ក្នុង​បម្រាម​ប្រើប្រាស់​ទឹក​ដោយ​ប្រុង​ប្រយ័ត្ន។

ភាព​រាំង​ស្ងួត គ្មាន​ភ្លៀង បាន​ក្លាយ​ជា​បាតុភូត​ដែល​មានកើតកាន់​តែ​ញឹកញយ​និង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ ដូច​អ្វី​ដែល​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ធ្លាប់ព្យាករ​ជុំ​វិញ​ផលវិបាក​នៃ​ការ​​ប្រែប្រួល​អាកាសធាតុ ​ដោយ​សារ​ស្នាដៃមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ